ភ្នំពេញៈ ក្រុមគ្រូបង្រៀនមកពីតាមបណ្តាខេត្ត និងប្រជាពលរដ្ឋជាង ៣០០ នាក់កាលពីថ្ងៃអាទិត្យម្សិលមិញ បានប្រមូលផ្តុំគ្នានៅលើទីលានប្រជាធិបតេយ្យរាជធានីភ្នំពេញដើម្បីប្រារព្ធទិវា «គ្រូបង្រៀនពិភពលោក» ដោយដង្ហែញត្តិទៅកាន់ក្រសួងអប់រំ និងខុទ្ទកាល័យនាយករដ្ឋមន្រ្តី ទាមទារការដំឡើងប្រាក់បៀវត្សរ៍គ្រូបង្រៀនអប្បបរមា ១ លានរៀលនិងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។
ក្បួនដង្ហែរបស់ក្រុមគ្រូបង្រៀនពីម្សិលមិញនោះ ត្រូវបានសមត្ថកិច្ចរារាំងនៅចំណុចកែងផ្លូវបត់នៃក្រសួងអប់រំ ដោយកងកម្លាំងប្រដាប់អាវុធជាង ៣០០ នាក់ ត្រូវបានដាក់ពង្រាយរារាំង នៅបណ្តោយមហាវិថីព្រះនរោត្តម ជិតផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប៉ុន្តែមិនបានបង្កឲ្យមានហិង្សាកើតឡើងនោះទេ បន្ទាប់ពីតំណាងគ្រូបង្រៀនត្រូវបានអនុវត្តឲ្យចូលដាក់ញត្តិដោយសន្តិវិធីរួចរាល់នោះ។ ក្រោយមកក្រុមគ្រូបង្រៀនក៏បានបន្តដំណើរទៅកាន់សួនច្បារវត្តបុទុម ដើម្បីដាក់ញត្តិទៅកាន់ខុទ្ទកាល័យនាយករដ្ឋមន្រ្តីដោយសុវត្ថិភាព នៅម៉ោងជិត ១២ ថ្ងៃត្រង់។
ក្នុងញត្តិនោះ ការទាមទារមួយចំនួនមានដូចជា ការដំឡើងប្រាក់ខែអប្បបរមាចំនួន ១ លានរៀលក្នុង ១ ខែជូនគ្រូបង្រៀន ស៊ើបអង្កេតអំពើពុករលួយនៅក្នុងក្រសួង បង្កើនថវិកាជាតិលើវិស័យអប់រំ ដំឡើងប្រាក់ខែបន្ថែមសម្រាប់ម៉ោងថែម និងថ្ងៃបុណ្យ និងផ្តល់សិទ្ធិសេរីភាពដល់គ្រូបង្រៀនក្នុងការបង្កើតសហជីពជាដើម។
ក្រោយបញ្ចប់ការដាក់ញត្តិប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បានថ្លែងថា ប្រាក់ខែគ្រូបង្រៀន គឺជាបញ្ហាសំខាន់ដែលរាជរដ្ឋាភិបាលត្រូវតែដោះស្រាយជាបន្ទាន់ដើម្បីធានាលើកកម្ពស់ជីវភាពគ្រូបង្រៀន និងគុណភាពអប់រំ ស្របតាមការប្រកួតប្រជែងសមាហរណកម្មអាស៊ាន ឆ្នាំ២០១៥ ខាងមុខនេះ។ លោកថា រដ្ឋាភិបាលកម្ពុជា មិនគួរបណ្តែតបណ្តោយបញ្ហានេះ ឲ្យក្លាយជាឧបសគ្គក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងសមត្ថភាពរបស់យុវជនកម្ពុជាទៀតនោះទេ។
លោក រ៉ុង ឈុន បានរិះគន់ថា៖ «រដ្ឋាភិបាលបច្ចុប្បន្ន បានបណ្តោយឲ្យអំពើពុករលួយមួយឆ្នាំៗ បាត់បង់ថវិកាជាតិជាង ៥០០ លានដុល្លារ ហើយចាត់ទុកនេះជាមូលហេតុមិនអាចដំឡើងបៀវត្សរ៍មន្រ្តីរាជការ និងគ្រូបង្រៀន។ ដូចគ្នាជាមួយនឹងលទ្ធផលប្រឡងក្រោមកំណែទម្រង់ប្រព័ន្ធអប់រំ យើងឃើញហើយគុណភាពនោះ គឺវាអន់ណាស់ នោះដោយសារតែគ្រូបង្រៀនគាត់ខ្វះខាត មិនបានចំណាយពេលច្រើនបង្រៀន ចឹងហើយសិស្សក៏មិនសូវចេះ»។
ឆ្លើយតបនឹងរឿងនេះ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានចោទសួរសំណួរត្រលប់មកទៅអ្នកទាមទារវិញថា៖ «តើអ្នកទាមទារប៉ុន្មាននាក់បានបំពេញកាតព្វកិច្ចរបស់ខ្លួនហើយឬនៅ? បើពួកគាត់ជាមន្រ្តីសាធារណៈ មិនសូវមកបំពេញការងារផង ខ្លះមិនមានពុទ្ធិពេញលេញ មិនបានប្រតិបត្តិខ្លួនជាគ្រូឲ្យបានត្រឹមត្រូវផង តើយើងគិតយ៉ាងម៉េចទៅវិញ»។
ទោះជាយ៉ាងណាក៏ដោយ លោក ហង់ ជួនណារ៉ុន មានប្រសាសន៍ថា ការដំឡើងប្រាក់បៀវត្សរ៍គ្រូបង្រៀន និងការលើកកម្ពស់គុណភាពអប់រំ គឺត្រូវបានកំណត់ក្នុងកម្មវិធីកំណែទម្រង់របស់ក្រសួង និងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិ ទី៥ នេះ រួចទៅហើយ តែយន្តការនេះ អាចអនុវត្តទៅបាន គឺអាស្រ័យទៅលើប្រភពចំណូលនៃថវិកាជាតិ។
លោកបាននិយាយថា៖ «បើអាចទៅរួច យើងចង់ឲ្យបានលើសពី ១ លានរៀលទៅទៀត ប៉ុន្តែចំណូលជាតិ ដែលអាស្រ័យលើសេដ្ឋកិច្ច ក្រោមការវិនិយោគពីបរទេសនោះ ក៏ទាមទារឲ្យកម្ពុជា មានស្ថិរភាពសង្គមត្រឹមត្រូវ មានធនធានច្រើនឆ្លើយតបនឹងតម្រូវការគេផងដែរ។ បើយើងគិតតែពីធ្វើបាតុកម្មអ៊ីចឹង តវ៉ាទាមទារអ៊ីចឹង អ្នកវិនិយោគច្បាស់ជាស្ទាក់ស្ទើរមិនខាន សំខាន់គឺយើងត្រូវអភិវឌ្ឍន៍ខ្លួនយើងជាមុនសិន»។
ចំណែកឯលោក ឌួង សុចិត្រា គ្រូបង្រៀនអនុវិទ្យាល័យ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលបានធ្វើដំណើរមកចូលរួមក្នុងទិវាគ្រូបង្រៀនពិភពលោកនៅទីក្រុងភ្នំពេញ នេះ បានឲ្យដឹងថា លោកបានក្លាយជាគ្រូបង្រៀន ២៤ ឆ្នាំមកហើយ បច្ចុប្បន្ននេះ ទទួលបានបៀវត្សរ៍ ៥០ ម៉ឺនរៀលប៉ុណ្ណោះ។ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ លោកបានបង្ខំចិត្តឆ្លៀតពេលទំនេរពីការងាររត់ម៉ូតូឌុប។
លោកបាននិយាយថា៖ «ខ្ញុំមានកូនដល់ទៅ ៤នាក់ បើខ្ញុំរំពឹងតែបៀវត្សរ៍គ្រូនោះ គឺមិនអាចរស់បានទេ។ ខ្ញុំខកខានការបង្រៀនជាញឹកញាប់ ដើម្បីរកលុយខាងចំណូលបន្ថែម ខ្ញុំដឹងថា ធ្វើបែបនេះ ប៉ះពាល់ខ្លាំងដល់ការបង្រៀន និងសិស្សានុសិស្ស តែធ្វើម៉េច ខ្ញុំមិនមានជម្រើសនោះទេ អ៊ីចឹងហើយ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាល នឹងពិចារណា ផ្តល់ប្រាក់ខែសមរម្យដល់គ្រូបង្រៀន ទើបពួកយើង អាចមានលំនឹងពិតប្រាកដ និងប្រឹងប្រែងក្នុងការបង្រៀនតទៀត»។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌល ខេត្តកំពង់ឆ្នាំង លោក គី វណ្ណដារ៉ា ដែលមានវត្តមាននៅទីលានប្រជាធិបតេយ្យ កាលពីម្សិលមិញបានពិនិត្យឃើញថា ការទាមទាររបស់ក្រុមគ្រូបង្រៀនទាំងនោះ គឺស្របទៅនឹងគោលការណ៍របស់គណបក្សនេះផងដែរ ដើម្បីជីវភាពរស់នៅសមរម្យរបស់គ្រូបង្រៀន។
លោកថា៖ «យើងនឹងលើកបញ្ហានេះ ជជែកក្នុងសភា ហើយពិនិត្យមើលលើលទ្ធភាពនៃកញ្ចប់ថវិកាអនុម័តប្រចាំឆ្នាំ ដើម្បីដំឡើងបៀវត្សរ៍ដល់គ្រូបង្រៀន»។
លោកបានបញ្ជាក់ថា៖ «ថ្វីបើយើង មានតែ ៥៥ រូប ហើយសម្រេចទាមទារ ៥០% បូក ១ ក្តី តែខ្ញុំសង្ឃឹមថា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា នឹងចូលរួមចំណែកលើបញ្ហានេះ ព្រោះយើងទាំងអស់គ្នាសុទ្ធតែធ្លាប់ឆ្លងកាត់ការរៀនសូត្រពីគ្រូ យើងមិនចង់ឃើញជីវភាពគ្រូបង្រៀនពិបាកនោះទេ»។
សូមរំឭកផងដែរថា កាលពី ខែសីហា កន្លងទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា មន្រ្តីអប់រំ និងគ្រូបង្រៀន ដែលមានប្រមាណ ១១ ម៉ឺននាក់ នឹងត្រូវទទួលបានប្រាក់ខែថ្មី ដែលដំឡើងក្នុង ខែកញ្ញា ហើយប្រាក់ខែសម្រាប់មន្រ្តីអប់រំកម្រិតទាបជាងគេ នឹងទទួលបាន ៥០ ម៉ឺនរៀលរហូតដល់ ៥៥ ម៉ឺនរៀលនៅត្រឹម ខែមេសា ឆ្នាំ២០១៥។ ចំពោះគ្រូបង្រៀនបឋមសិក្សាសព្វថ្ងៃ មានជាង ៥ ម៉ឺននាក់ ដែលទទួលបានប្រាក់ខែជាង ៤៨ ម៉ឺនរៀលអាចនឹងទទួលបាន ៥៥ ម៉ឺនរៀល ចាប់ពី ខែកញ្ញា រហូតដល់ចុងឆ្នាំនេះ ហើយនៅត្រឹម ខែមេសា ឆ្នាំក្រោយ នឹងទទួលបានប្រាក់ខែចំនួនជាង ៦៤ ម៉ឺនរៀល៕