
ភ្នំពេញៈ បើទោះជា លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា កំពុងជាប់ពាក់ព័ន្ធនឹងរឿងបណ្តឹងនៅតុលាការជាមួយរោងចក្រ តៃយ៉ាង នៅក្នុងខេត្តកណ្តាលនោះក៏ដោយ ក៏កាលពីម្សិលមិញ លោកបានធ្វើអន្តរាគមន៍នៅក្នុងវិវាទរបស់កម្មករជាមួយរោងចក្រ មួយផ្សេងទៀតក្នុងខេត្តកំពង់ស្ពឺ។
កម្មកររោងចក្រកាត់ដេរ ចំនួនប្រហែល១០០០នាក់ម្សិលមិញបានបន្តធ្វើកូដកម្ម ចូលដល់ថ្ងៃទី៥នៅរោងចក្រ អាន់ហ្វល ហ្គាមិន នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលផ្គត់ផ្គង់ផលិតផលសម្លៀកបំពាក់ទៅក្រុមហ៊ុនបញ្ជាទិញ ម៉ាក H &M ដើម្បីបន្តទាមទារឲ្យមានលក្ខខណ្ឌការងារបានប្រសើរជាងមុន។
លោក រ៉ុង ឈុន ដែលចូលទៅអន្តរាគមន៍ជាមួយនឹងកូដករ គឺ បានឆ្លើយតបនឹងលិខិតមួយរបស់កម្មករ ដើម្បីជួយសម្របសម្រួលនូវការទាមទាររបស់ក្រុម កម្មករ ហើយដែលកាលពីម្សិលមិញនេះ លោកបានចុះទៅដល់រោងចក្រនេះផ្ទាល់ ដើម្បីជួបពិភាក្សាជាមួយពួកគេ។
លោកបានថ្លែងថា៖ «កម្មករបានទាមទារប្រាក់ឈ្នួលចំនួន៧០ដុល្លារអាមេរិក ក្នុងមួយខែ ប្រាក់អាហារថ្ងៃត្រង់ចំនួន១៥ដុល្លារក្នុងមួយខែ និងប្រាក់ឈ្នួលទ្វេដង សម្រាប់ការធ្វើការងារនៅថ្ងៃបុណ្យ និងសុំឲ្យមានសេវាគាំពារសុខភាពនៅក្នុងរោងចក្រថែមទៀត»។
លោកបន្តថា៖ «ពួកគេក៏ចង់ឲ្យរោងចក្របើកប្រាក់ឲ្យពួកគេពេញផងដែរ សម្រាប់ការធ្វើការងារបន្ថែមម៉ោង»។
សាលាដំបូងខេត្តកណ្តាលបានចេញដីកាកោះលើកទីពីរដើម្បីកោះហៅ លោក រ៉ុង ឈុន ឲ្យចូលបង្ហាញខ្លួននៅតុលាការដើម្បីធ្វើការបំភ្លឺពាក់ព័ន្ធ ទៅនឹងបណ្តឹងមួយរបស់រោងចក្រ តៃ យ៉ាង ដែលប្តឹងចោទប្រកាន់ថា លោកបានបរិហារកេរ្តិ៍ថ្នាក់ដឹកនាំក្រុមហ៊ុន និងធ្វើការញុះញង់កម្មករឲ្យធ្វើកូដកម្មខុសច្បាប់នៅរោងចក្រ។
លោក រ៉ុង ឈុន ដែលមុននេះ បានស្នើឲ្យមានការពន្យារពេលការហោះហៅ បានបញ្ជាក់ថា លោកនឹងចូលទៅតុលាការតាមការកោះហៅ។
លោក អ៊ូ តា មន្រ្តីរដ្ឋបាលនៅរោងចក្រ អាន់ហ្វលហ្គាមិន បានថ្លែងថា កម្មករនៅរោងចក្ររបស់លោកត្រូវបានបោកបញ្ឆោតឲ្យចូលរួម ធ្វើកូដកម្មនេះ។
លោក អ៊ូ តា បានអះអាងដែរថា៖ « មានក្រុមកម្មករមួយចំនួន ថែមទាំងមិនដឹងអំពីមូលហេតុអ្វីដែលខ្លួនកំពុងចូលរួមធ្វើ កូដកម្មនេះផងទេ»។ លោកបានបន្តថា៖ «កូដកម្មនេះខុសច្បាប់។ ពួកគេមិនបានដាក់លិខិតមកក្រុមហ៊ុន ដើម្បីជូនដំណឹងអំពីគោលបំណងដែលគេចង់នោះមកអ្នកគ្រប់គ្រងឡើយ»៕ PS