ភ្នំពេញៈ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​បាន​ដាក់​ឯកសារ​ចំនួន​ ២ ​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​លើក​ទី​ ៣៩ ​ស្តីអំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​រួម​ទាំង​របាយការណ៍​ចំនួន​ ២៧ ​ទំព័រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ដែរ​។

ឯកសារ​លើក​ទី​ ១ គឺ​មាន​ ១៩ ​ទំព័រ​បាន​ដាក់​ទៅ​កាលពី​ថ្ងៃ​ទី​ ១៥ ខែ​សីហា​ដោយ​គិត​ចាប់ពី​ចន្លោះ​ខែ​មិថុនា​ឆ្នាំ​ ២០១៧ ​រហូត​ដល់​ខែ​មិថុនា​ឆ្នាំ​ ២០១៨​។

នៅក្នុង​របាយការណ៍​នោះ​លោកស្រី រ៉ូណា ស្ម៊ីត បាន​និយាយ​ពី​ការសាទរ​ចំពោះ​ការវិវឌ្ឍ​នៅក្នុង​វិស័យ​សេដ្ឋកិច្ច ​សិទិ្ធសង្គម ការគាំពារ​សង្គម ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា និង​សម្រាប់​ការឈប់​សម្រាក​ពេល​សម្រាល​កូន​។ ប៉ុន្តែ​មាន​ការ​ «​ថយចុះ​នៅ​ក្នុង​វិស័យ​សិទ្ធិ​នយោបាយ និង​ភាព​រីករាយ​នៃ​សេរីភាព​ជា​មូលដ្ឋាន​»​។

របាយការណ៍​ក៏​បាន​លើកឡើង​អំពី​ករណី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការហាមឃាត់​អ្នក​នយោបាយ​មកពី​គណបក្ស​ប្រឆាំង​ចំនួន​ ១១៨ ​រូប​មិន​ឲ្យ​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ដែរ ហើយ​ក៏​លើកឡើង​អំពី​ករណី​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ពន្ធនាគារ ករណី​បែងចែក​អាសនៈ​រដ្ឋសភា​ទៅ​ឲ្យ​គណបក្ស​នយោបាយ​ដទៃ​ក្រោយ​ពី​រំលាយ​គណបក្ស​សង្គ្រោះជាតិ ការអនុម័ត​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ និង​មាន​ករណី​ផ្សេងៗ ជាច្រើន​ទៀត​។ របាយការណ៍​នោះ​បញ្ជាក់​ថា​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​មាន​និរន្តរភាព ការគោរព​សិទ្ធិ​ជនស៊ីវិល និង​សិទ្ធិ​នយោបាយ​គួរតែ​មាន​ការវិវឌ្ឍ​ឲ្យ​ស្រប​ជាមួយ​គ្នា​។

របាយការណ៍​នោះ​ក៏​បាន​បញ្ជាក់​ទៀត​ថា​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ (SDGs) ​របស់​អង្គការ​សហប្រជាជាតិ ការអភិវឌ្ឍ​សេដ្ឋកិច្ច​តែ​មួយ​គឺ​នឹង​មិន​អាច​សម្រេច​បាន​តាម​គោលដៅ​ទាំង​នោះ​ទេ​គឺ​វា​ត្រូវការ​ការការពារ​សិទ្ធិមនុស្ស​ដែល​តម្រូវ​ជា​មុន​ដោយ​គោលដៅ អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ (SDGs) និង​ដើម្បី​រក្សា​សន្តិភាព​។ លោកស្រី​ ស្ម៊ីត បាន​បន្ត​ថា​រដ្ឋាភិបាល​កម្ពុជា​យក​បញ្ហា​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ជា​អាទិភាព​ខ្ពស់​ជាង​បញ្ហា​សិទ្ធិមនុស្ស​។

លោកស្រី​បញ្ជាក់​ក្នុង​របាយការណ៍​នោះ​ថា​៖ «​សន្តិភាព​ដោយ​គ្មាន​យុត្តិធម៌​គឺ​គ្មាន​និរន្តរភាព​ទេ ហើយ​ការអភិវឌ្ឍ​ដោយ​គ្មាន​សេរីភាព គឺ​ប្រជាពលរដ្ឋ​មិន​ទទួល​បាន​ផលប្រយោជន៍​ទេ​»​។

របាយការណ៍​ដែល​មាន​រយៈពេល​ ១ ​ឆ្នាំ​នេះ​បាន​ផ្តល់​នូវ​អនុសាសន៍​ចំនួន ២១ ចំណុច​នៅ​ក្នុង​វិស័យ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ ការដោះលែង​អ្នក​ជាប់ឃុំ​ទាំងអស់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​គ្មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ ឬ​ដោយសារ​តែ​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ ការហាមឃាត់​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១១៨ រូប​មិន​ឲ្យ​ធ្វើ​នយោបាយ​ត្រូវ​ផ្តល់​អាសនៈ​ឲ្យ​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​វិញ និង​ត្រូវ​កាត់បន្ថយ​ការឃុំ​ខ្លួន​បណ្តោះអាសន្ន​ក្នុង​ចំណោម​អ្នក​ដទៃ​ផ្សេង​ទៀត​។

ខណៈ​ដែល​របាយការណ៍​លើក​ទី ២ ដែល​បាន​ដាក់​ជូន​កាលពី​ថ្ងៃ​ទី​​​ ៧ ខែ​កញ្ញា​គឺ​បាន​គ្របដណ្តប់​លើ​ទិដ្ឋភាព​ជាច្រើន​នៃ​សិទ្ធិមនុស្ស ជាពិសេស​បាន​លើក​ឡើង​អំពី​ការបោះឆ្នោត​ឃុំ​សង្កាត់​កាលពី​ឆ្នាំ​ ២០១៧ និង​ការបោះឆ្នោត​ជ្រើស​តាំង​សមាជិក​រដ្ឋសភា​កាលពី​ខែ​កក្កដា​កន្លង​ទៅ​។

របាយការណ៍​ដែល​មាន​ ២២ ​ទំព័រ​នោះ​បាន​បញ្ចប់​ដោយ​ការសន្និដ្ឋាន​ថា​ការបោះឆ្នោត​ពី​មុន​គឺ​ត្រូវ​បាន​កែលម្អ​ដោយ​យោង​ទៅ​លើ​ស្តង់ដារ​សិទ្ធិមនុស្ស​អន្តរជាតិ ប៉ុន្តែ​នៅ​ឆ្នាំ​ ២០១៨ ការកែលម្អ​បែប​នោះ​មិន​មាន​ទៀត​ទេ ហើយ​សំណួរ​នៅ​តែ​មាន​នៅ​ឡើយ​ចំពោះ​ការបោះឆ្នោត​កាលពី​ខែ​កក្កដា​។

របាយការណ៍​នោះ​បាន​លើក​ឡើង​ថា​៖ «​អ្នករាយការណ៍​ពិសេស​សូម​ធ្វើការ​លើក​ទឹកចិត្ត​យ៉ាងខ្លាំង​ឲ្យ​មាន​ការ​ពង្រីក​លទ្ធិប្រជាធិបតេយ្យ​ដើម្បី​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​អ្នក​ការពារ​សិទ្ធិមនុស្ស​ និង​សកម្មជន​នយោបាយ​រួម​ទាំង​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ចូលរួម​បាន​យ៉ាង​សកម្ម​ដោយ​បើកចំហ​ដែល​រាប់​បញ្ជូល​ទាំង​ការជជែក​ពិភាក្សា​រឿង​នយោបាយ​ផង​ដែរ​»​។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​កាលពី​ថ្ងៃទី ១១ ខែ​កញ្ញា​អ្នករាយការណ៍​ពិសេស​បាន​ដាក់​ឯកសារ​ចំនួន ២២ ទំព័រ​ផ្សេង​ទៀត​ដែល​ប្រមូល​បាន​ពី​ការផ្តល់​មតិយោបល់​ពី​រដ្ឋាភិបាល​កម្ពុជា​។

របាយការណ៍​នោះ​បាន​វាយបក​មក​លើ​របាយការណ៍​ចំនួន​ ២ ​កាលពី​លើក​មុន​ថា អ្នក​រាយការណ៍​ពិសេស​រូប​នេះ បាន​មើល​រំលង​ការរីកចម្រើន​នៃ​កំណែទម្រង់​ការបោះឆ្នោត​ហើយ​អះអាងថា លោកស្រី​ផ្អែក​តែ​ទៅ​លើ​របាយការណ៍​យូរ​ឆ្នាំ​មក​តែ​ពី​ភាគី​ម្ខាង​ដែល​ជា​ក្រុម​ប្រឆាំង​»​។

រាជរដ្ឋាភិបាល​បាន​និយាយ​ថា​ការបោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៨ គឺ ​«​បាន​ឆ្លុះបញ្ចាំង​អំពី​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​មាន​ស្ថិរភាព​»​។

របាយការណ៍​បាន​លើក​ឡើង​ដោយ​សំអាង​លើ​អ្នក​ចេញ​ទៅ​បោះឆ្នោត​មាន​ចំនួន ៨៣ ភាគរយ​ថា​៖ «​គ្មាន​នរណា​ម្នាក់​អាច​ប្រឆាំង​នឹង​ឆន្ទៈ​របស់​អ្នក​បោះឆ្នោត​ភាគច្រើន​ដែល​បាន​ចេញ​ទៅ​បោះឆ្នោត​ដើម្បី​បង្ហាញ​អំពី​ជម្រើស​របស់​ពួកគេ​ដោយ​សេរី​បាន​ទេ​។ ការជ្រើសរើស​នេះ​គឺ​ហៅថា​ជា​ការ​គោរព​ដល់​មនុស្ស​ទាំងអស់​រួម​ទាំង​ជនបរទេស​ផង​ដែរ​»​។

រដ្ឋាភិបាល​កម្ពុជា​បាន​និយាយ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​គឺជា​គណបក្ស​ដែល​មាន​ប្រជាប្រិយភាព​តាំងពី​ឆ្នាំ ១៩៩៨ មក​ម្ល៉េះ​គឺ​ដូចជា​គណបក្ស PAP របស់​ប្រទេស​សិង្ហបុរី និង​គណបក្ស CDU-CSU របស់​ប្រទេស​អាល្លឺម៉ង់​ដែរ​។

របាយការណ៍​របស់​រដ្ឋាភិបាល​បាន​បញ្ជាក់​ទៀត​ថា​កាលពី​ថ្ងៃទី​ ៣១ សីហា អ្នក​នយោបាយ ក្រុម​អ្នកវិភាគ សកម្មជន​ដីធ្លី​ និង​អ្នក​សារព័ត៌មាន​កម្ពុជា​ចំនួន​ ២៣ ​នាក់​ត្រូវ​បាន​ដោះលែង​ក្នុង​នោះ​រួមមាន អ្នកស្រី ទេព វន្នី លោក​ គឹម សុខ អ្នក​សារព័ត៌មាន FRA ២ ​រូប​លោក​ សួន សេរីរដ្ឋា លោក​ អ៊ុំ សំអាន លោក មាជ សុវណ្ណារ៉ា និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១៣ ​នាក់​ផ្សេង​ទៀត​ហើយ​ការ​ដោះលែង​នោះ​គឺ​យោង​លើ​ទិដ្ឋភាព​ ៣ ​យ៉ាង ទី​ ១ គឺ​រយៈពេល​ជាប់​ឃុំ​ត្រូវ​បាន​បញ្ចប់ ការលើកលែង​ទោស និង​ការសម្រេច​របស់​តុលាការ​។

ឯកសារ​របស់​រដ្ឋាភិបាល​បាន​អះអាង​ថា​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ការបែងចែក​អាសនៈ​ និង​ការហាមឃាត់​អ្នក​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ១១៨ ​រូប​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​តាមច្បាប់​របស់​កម្ពុជា​។

រដ្ឋាភិបាល​កម្ពុជា​បាន​និយាយ​ថា​លោកស្រី​ ស្ម៊ីត ​គួរ​តែ​ជំរុញ​ឱ្យ​គណបក្ស​ប្រឆាំង​គោរព​រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​របស់​កម្ពុជា ហើយ​ត្រូវ​ធ្វើ​ «​ជា​អ្នកប្រឆាំង​ដ៏ស្មោះត្រង់​» ដែល​គោរព​ការអនុវត្ត​បែប​លទ្ធិធិបតេយ្យ​។

របាយការណ៍​ដដែល​នេះ​បាន​លើក​ឡើង​ថា​៖ «​ពួកគេ​មិន​គួរ​ជំរុញ​ការគាំទ្រ​ផ្នែក​នយោបាយ​ដោយ​ការ​ស្អប់ខ្ពើម​ជាតិ​សាសន៍ ការបរិហារកេរ្តិ៍ ការ​ញុះញង់ និង​ទង្វើ​វិទ្ធង្សនា​ទេ ដែល​សកម្មភាព​ទាំង​នោះ​អាច​បណ្តាលឱ្យ​មាន​ការបំផ្លិច​បំផ្លាញ​ដល់​ប្រទេសជាតិ​»៕ NS