ភ្នំពេញៈ លោកស្រី រ៉ូណា ស្មុីត អ្នក​រាយ​ការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាតិ​ (អសប​) ប្រចាំ​កម្ពុជា ​បាន​មក​​​តាម​​ដាន ​ពាក់​ព័ន្ធ​នឹង​ការអនុវត្ត​មូល​ដ្ឋានីយ​កម្ម ការប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការរាយ​ការណ៍ដោយ​ស្ម័គ្រ​ចិត្ត​នៅ អសប និងការ​ធ្វើ​ជំរឿន​ប្រជា​​ជន ដែល​ក្រសួង​ផែនការ​បាន​ប្រាប់លោកស្រីនៅ​ក្នុង​ជំនួប​កាលពីឆ្នាំមុន និង​បញ្ហា​មួួ​យ​ចំនួ​​ន​ទៀត​។ នេះបើ​តាម​លោក ថេង បញ្ហា​ធន ប្រតិ​ភូរាជ​រដ្ឋាភិបាល ទទួល​បន្ទុកអគ្គ​នាយក​ផែនការ នៃ​ក្រសួង​ផែនការ។

លោក បញ្ហា​ធន បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌​មាន​ ក្រោយ​ជំនួប​រវាង​លោក​ ឆាយ ថន ទេស​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងផែន​ការ ​ជា​មួយ​នឹង​លោក​ស្រី រ៉ូណា ស្មុីត​ កាលពី​ម្សិលមិញ។

លោកបញ្ជាក់​ថា រាជ​រដ្ឋាភិបាល​បាន​អនុម័ត​ក្រប​ខ័ណ្ឌ​ដំណើរការ​ធ្វើ​មូលដ្ឋានីយ​កម្ម គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាពឆ្នាំ ២០១​៦​-​២០៣០ ហើយ​ប្រកាស​ផ្សព្វ​ផ្សាយ​ដល់​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ កាល​ពី​ខែ​មីនា ឆ្នាំ​ ២០១៩។ អ្វី​ដែល​លោក​ស្រី​ស្មុីត​ចាប់​អារម្មណ៍​នោះ គឺ​ការ​ប្រកាស​ផ្សព្វ​ផ្សាយ​ដាក់​ឱ្យ​ប្រើ​​ប្រាស់​នូវឯកសារ​នេះ។ «ដំ​ណើរការ​នៃ​ការ​ធ្វើ​មូល​ដ្ឋានីយកម្ម​នេះ គឺ​យើង​បាន​បើក​ទូលាយ​ឱ្យ​មាន​ការ​ចូល​រួម ពីអ្នក​មាន​ចំណែក​ពាក់​ព័ន្ធ​ទាំង​អស់​ទាំង​ក្នុង​រង្វង់​ក្រសួង ស្ថាប័ន​រាជ​រដ្ឋា​ភិបាល ទាំង​សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ ហើយ​និង​ផ្នែក​ឯកជន​គឺ​បាន​ចូលរួម»។

លោក បញ្ហាធន បញ្ជាក់​ថា ក្រសួង​បាន​ដំណើការ​រៀបចំ​តាម​អ្វី ​ដែល​ជា​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​ទាក់​ទង​នឹ​ង​របាយ​ការណ៍​វាយ​តម្លៃ​ថ្នាក់​ជា​តិ​ដោយ​ស្ម័គ្រ​ចិត្ត​ឆ្នាំ ២០​១​៩​។ នៅ​ក្នុង​ដំណើរ​ការ​រៀបចំ​របាយការណ៍​នេះ​ ក្រសួង​បាន​បើក​ទូលាយឱ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​ក្រសួង ស្ថាប័នរា​ជ​រដ្ឋាភិបាល សង្គម​ស៊ីវិល​ដៃគូ​អភិវឌ្ឍន៍ និង​ផ្នែក​ឯកជន។

របាយការ​ណ៍​នេះ ចុង​ក្រោយ​នឹង​ត្រូវ​អនុម័ត​ដោយ​លោកនាយ​ក​រដ្ឋ​មន្ត្រី ហ៊ុន សែន មុននឹង​រាជរដ្ឋាភិ​បាល​ផ្ញើ​ទៅ​កាន់ អសប ដើម្បី​ធ្វើការ​បង្ហាញ​នៅ​ខែ​កក្កដា​ខាង​មុខ។ លើស​ពីនេះ រាជរដ្ឋាភិបាល​បាន​ធ្វើ​ជំរឿន​ប្រជា​ជន​ឆ្នាំ ២០១៩ ចប់​សព្វ​គ្រប់​ហើយ។ អ្វី​ដែល​ជាចំណុច​លេចធ្លោ​នោះ ​​គឺ​ការ​ចូលរួម​ច្រើន​ក្នុង​ការ​ធ្វើ​ជំរឿន​នេះ។

ក្រៅ​ពី​ជួប​លោក ​ឆាយ ថន​ លោក​ស្រី រ៉ូណា ស្មុីត ក៏​បាន​ជួប​រដ្ឋមន្ត្រី​ចំនួន ​៣ ​​រូប​​ផ្សេង​ទៀត​រួម​មានលោក ម៉ម ប៊ុន​ហេ​​ង រដ្ឋ​មន្រ្តី​ក្រសួង​សុខា​ភិបាល លោក ប្រាក់ សុខុន ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួង​ការបរទេស និង​លោក ជា សុផារ៉ា ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់។

លោក​ស្រី រ៉ូណា ស្មុីត បាន​ប្រាប់​ភ្នំ​ពេញប៉ុស្ដិ៍​ថា ក្នុង​ជំនួប​ជា​​មួយ លោក ឆាយ ថន លោ​ក​ស្រី​បាន​ពិភាក្សា​អំពី​វឌ្ឍន​ភាព នៃ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព និង​វឌ្ឍន​ភាព​ នៃ​ការ​ធ្វើ​ជំរឿន​ប្រជាជន​កម្ពុជា។

លោក​ស្រី​បញ្ជាក់​ថា​៖ «វា​មា​ន​​សារៈ​សំខាន់​ណាស់ ស​ម្រា​​ប់​កិច្ចការ​របស់​ក្រសួង​ផែន​ការ​ក្នុង​ការ​ធានា​ថា គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ត្រូវ​បាន​ឆ្លើយ​តប ហើយ​ក៏​ធានា​ថា មិន​ទុក​ឱ្យ​ប្រជាជន​ណា​ម្នា​ក់នៅ​ឯកោ​នៅ​ក្នុង​ការ​អភិវឌ្ឍ​រហ័ស​របស់​ប្រទេស​នេះ»។

លោក​ស្រី​បញ្ជាក់​ទៀត​ថា រដ្ឋ​មន្ត្រី​ក្រសួង​ផែន​ការ​ បាន​​ពន្យល់​លោកស្រី​លម្អិត ​អំពី​ការងារ​ដែល​បាន​អនុវត្ត​ជាមួយ​អ្នក​ពាក់​ព័ន្ធ​របស់​ខ្លួន ដើម្បី​ព្រម​ព្រៀង​ទៅ​លើគោល​ដៅ​អភិវឌ្ឍ​ន៍ប្រកប​ដោយ​ចីរភាព​។ មួយ​វិញ​ទៀត​ លោក​រដ្ឋ​មន្ត្រី ក៏បាន​ប្រាប់ផង​ដែរ​ អំពី​ផែន​ការ​របស់​ក្រសួង​ដែល​រាយការណ៍​អំពី​របាយ​ការណ៍​វាយតម្លៃ​ថ្នាក់​ជាតិ​ នៃ​ការ​អនុវត្ត​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ដោយ​ស្ម័គ្រ​ចិត្ត​នៅ ​អសប នៅ​ខែ​កក្កដា​ខាងមុខ។

ចំណែក​នៅ​ក្នុង​ជំនួប​ជាមួយ​លោក ម៉ម ប៊ុន​ហេង លោ​កស្រី​បាន​ប្រាប់ថា លោក​ស្រីបាន​ស្វែង​យល់​អំពី​វឌ្ឍន​ភាព នៃ​វិស័យ​សុខា​ភិបាល និង​សូចនាករ​សុខ​ភាព​ នៅ​ក្នុង​ប្រទេស​ កម្ពុជា និង​ក៏មាន​ការ​ពិភាក្សា​អំពី​បញ្ហា​ព្យាបាល​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន បញ្ហា​មួយ​ចំនួន​ផ្សេង​ទៀត និង​ការ​ជោគជ័យ​មួយ​ចំនួន​របស់​ក្រសួង​សុខាភិបាល។

លោក​ស្រីបាន​សរសេរ​នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​ ថា​នៅ​ក្នុង​ជំនួប​ជាមួយ ​លោក​ ម៉ម ប៊ុន​ហេង «យើង​បាន​ពិភាក្សាក្នុង​ចំណោម​បញ្ហា​ផ្សេងៗ អំពី​ការ​ចូល​រួម​របស់​ក្រសួង​សុខា​ភិបាលក្នុង​សេវា​ស្តារ​នីតិ​​សម្បទា​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន ការ​ទទួល​បាន​ប្រកប​ដោយ​សម​ភាព នូវ​សេ​វាសុខា​ភិបាលដោយ​គ្មាន​ការ​រើសអើង និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អាជ្ញាធរ​នានា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឱស​ថក្លែង​បន្លំ និង​ឱសថ​ស្ថិត​នៅ​ក្រោម​បទដ្ឋាន​ក្នុង​ប្រទេស ​កម្ពុជា»។

នៅក្នុង​ជំនួប​ជាមួយ​លោក ប្រាក់ សុខុន លោក​ស្រី​ក៏​បាន​ពិភាក្សា​អំពីវឌ្ឍភាព​មួយ​ចំនួន​របស់​ក្រសួង​នេះ​ផង​ដែរ ហើយ​នៅ​ក្នុង​ជំនួប​ជា​មួយ​លោក ជា សុផារ៉ា លោក​ស្រីពិ​ភាក្សា​អំពី​បញ្ហា​ដែល​លោកស្រី​បាន​ចុះ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​មូលដ្ឋាន និង​បញ្ហា​ផ្សេង​ទៀត​ទាក់​ទង​នឹង​ការផ្តល់​បណ្ណ​កម្មសិទ្ធិ​ដីធ្លី។

បើតាមលោក បញ្ហា​ធន នៅ​ជំហាន​បន្ទាប់ លោក​ស្រី រ៉ូណា ស្មុីត ចង់​ឃើញ និងរង់​ចាំមើល​ ថា​តើ​កម្ពុជា​នឹង​យក​អនុសា​ស​ន៍​ដែល​ផ្តល់​ឱ្យ​ដោយ​មន្ត្រី អសប និង​បណ្តា​ប្រទេស​ផ្សេងៗ មក​អនុវត្ត​តាម​របៀប​ណា និង​ផ្សព្វផ្សាយ​ដល់​ប្រជាជន​​ដល់​កម្រិត​ណា បន្ទាប់​ពី​កម្ពុជា​បង្ហាញ​របាយ​ការណ៍​នៅ ​អសប​ នៅ​ក្នុង​ខែ​កក្កដា​ខាងមុខ៕