The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រ៉ូណា ស្ម៊ីត ​លើក​ឡើង​អនុសាសន៍ ២២ ចំណុច​ដាក់ជូន​ អ.ស.ប រួមទាំង​ទទួល​ស្គាល់​ពី​ភាព​រីកចម្រើន​របស់​កម្ពុជា

រ៉ូណា ស្ម៊ីត ​លើក​ឡើង​អនុសាសន៍ ២២ ចំណុច​ដាក់ជូន​ អ.ស.ប រួមទាំង​ទទួល​ស្គាល់​ពី​ភាព​រីកចម្រើន​របស់​កម្ពុជា

Content image - Phnom Penh Post
លោកស្រី រ៉ូណា ស្ម៊ីត ពេល​មក​កម្ពុជា​នាពេល​កន្លងមក​។ ហុង មិនា

រ៉ូណា ស្ម៊ីត ​លើក​ឡើង​អនុសាសន៍ ២២ ចំណុច​ដាក់ជូន​ អ.ស.ប រួមទាំង​ទទួល​ស្គាល់​ពី​ភាព​រីកចម្រើន​របស់​កម្ពុជា

ភ្នំពេញៈ លោកស្រី រ៉ូណា ស្ម៊ីត បាន​លើក​ឡើង​នូវ​អនុសាសន៍​ចំនួន ២២ ​ចំណុច​ ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​ដាក់​ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ (​អ.ស.ប​) ​ដែល​ក្នុង​នោះ​ការអំពាវនាវ​ឲ្យ​ដោះលែង​លោក កឹម សុខា ស្ថិត​នៅ​អនុសាសន៍​ចំណុច​ទី​ ១ ខណៈ​ដែល​អ្នករាយការណ៍​ពិសេស​រូបនេះ​ទទួល​ស្គាល់​នូវ​ការរីកចម្រើន​មួយ​ចំនួន​លើ​រឿង​សិទ្ធិមនុស្ស ហើយ​ជាការ​ឆ្លើយតប​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ចាត់ទុក​របាយការណ៍​នេះ​ថា​មាន «​តុល្យភាព​ល្អ​»​។

ការដាក់​របាយការណ៍​ចំនួន​ ២០ ទំព័រ​របស់​លោកស្រី រ៉ូណា ស្ម៊ីត អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា​គឺ​សម្រាប់​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​លើក​ទី​ ៤២​។

របាយការណ៍​នេះ​បាន​បរិយាយ​លើ​ទិដ្ឋភាព​សិទ្ធិមនុស្ស​យ៉ាង​ទូលំទូលាយ​រាប់​ចាប់ពី​ស្ថានការណ៍​នយោបាយ សិទ្ធិ​ផ្សេងៗ សេរីភាព និង​បាន​អធិប្បាយ​លើ​ចំណុច​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ចំណុច​វិជ្ជមាន​ទាំងនោះ​រួមមាន​គំនិត​ផ្ដួចផ្ដើម​នានា​ដែល​ធ្វើឲ្យ​ប្រសើរ​ឡើង​ដល់​តម្លាភាព និង​ផ្លែផ្កា​នៅក្នុង​ស្ថាប័ន​សាធារណៈ​ជាច្រើន​។

លោកស្រី​បាន​សរសើរ​ដល់​ច្រក​ចេញ​ចូល​តែមួយ​ដែល​ធ្វើ​ឡើង​ក្នុង​បំណង​ប្រមូលផ្ដុំ​សេវា​នានា​ឲ្យ​កៀក​ទៅ​នឹង​ប្រជាពលរដ្ឋ​ក្នុង​របៀប​មួយ​ដែល​សាមញ្ញ​មាន​តម្លាភាព និង​គណនេយ្យភាព​ដោយ​ច្រក​ចេញ​ចូល​តែមួយ​នេះ​មាន​ដាក់​តម្លៃ​សេវាកម្ម​ភ្ជាប់​ទៅ​នឹង​ក្ដារ​ប្រកាស​ដែល​ការផ្ដល់​សេវា​នេះ​បាន​បំបាត់​ហានិភ័យ​នៃ​ការប្រព្រឹត្ត​អំពើ​ពុករលួយ​។ លោកស្រី​លើក​ទឹកចិត្ត​ឲ្យ​មាន​ការពិនិត្យមើល​សេវា​នេះ​ឡើងវិញ និង​ពង្រីក​ឲ្យ​បាន​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​។

លោកស្រី​បន្ថែម​ថា​តម្លាភាព​ក្នុង​ការកំណត់​ថវិកា​ក៏​មាន​ភាពប្រសើរ​ឡើង​ដែរ ដោយ​មាន​ការចេញផ្សាយ​របាយការណ៍​សង្ខេបនៃ​ថវិកា​ប្រចាំឆ្នាំ​។ ប៉ុន្តែ​លោកស្រី​ក៏​បាន​លើកឡើង​ពី​បញ្ហា​ដែល​ជា​ក្ដីកង្វល់​ជាច្រើន​ផងដែរ ជាពិសេស​ពាក់ព័ន្ធ​រឿង​នយោបាយ សិទ្ធិមនុស្ស​ និង​សេរីភាព​។

របាយការណ៍​បាន​សរសេរ​ថា​៖ «​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​ចាប់ពី​ការបោះឆ្នោត​ថ្ងៃទី​ ២៩ ​កក្កដា ២០១៨ ​មក​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅតែ​ពោរពេញ​ដោយ​ការ​រឹតត្បិត​លើ​សិទ្ធិ​នយោបាយ​»​។ លោកស្រី​បាន​លើក​ឡើង​ពី​ការហាមឃាត់​ធ្វើ​នយោបាយ​លើ​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ការឃុំ​ខ្លួន​លោក កឹម សុខា​។

លោកស្រី​លើកឡើង​ថា សិទ្ធិ​នយោបាយ​របស់​អ្នកគាំទ្រ អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​របស់​បក្ស​នេះ​មិន​ត្រូវ​បាន​ផ្ដល់​ឲ្យ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រមូលផ្ដុំ​ការគ្រប់គ្រង​ទៅលើ​ស្ថាប័នរដ្ឋ​នានា​។ «​អ្នករាយការណ៍​ពិសេស​បាន​កត់សម្គាល់​នូវ​វោហារស័ព្ទ​ដ៏​គឃ្លើន​ដែល​ធ្វើឡើង​ដោយ​មេដឹកនាំ​គណបក្ស​ទាំង​ ២ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​បាន​ជំរុញ​ឲ្យ​មាន​ការវិវត្ត​មួយ​ដែល​ចេញ​ពី​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន ហើយ​ឈាន​ទៅ​បង្កើត​ស្មារតី​នៃ​ការសន្ទនា និង​ការផ្សះផ្សា​»​។

របាយការណ៍​របស់​លោកស្រី ស្ម៊ីត បាន​លើកឡើង​ថា នៅ​ខណៈ​ដែល​កម្ពុជា​កំពុង​ដើរទៅ​លើ​អាណត្តិ​នយោបាយ​ថ្មី​ជា​រដ្ឋ​ដែល​មាន​បក្ស​តែមួយ​នោះ វប្បធម៌​នយោបាយ​ថ្មី​មួយ​ដែល​ផ្ដោត​ទៅ​លើ​បញ្ហា​ការបើក​ចំហ​ដោយ​ទទួល​យក​យោបល់​ផ្សេងៗ​ និង​ការសម្ដែង​គំនិត​ដោយ​សេរី គួរតែ​ត្រូវបាន​ធ្វើ​ឡើង​ដើម្បី​ជួយ​ធានា​ដល់​ការទទួល​បាន​អនាគត​មួយ​ដែល​ផ្ដល់​ផលប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជា​ទាំងអស់​។

លោកស្រី​បាន​លើក​ឡើង​នូវ​អនុសាសន៍​ ២២ ​ចំណុច​ដែល​ចំណុច​ទី​ ១ ​គឺ​អំពាវនាវ​ឲ្យ​កម្ពុជា​ដោះលែង​លោក កឹម សុខា ពី​ការ​ឃុំឃាំង និង​បិទ​ការ​ស៊ើបសួរ​លើ​បទ​ចោទ​ឲ្យ​បាន​លឿន ឬ​មួយ​ទម្លាក់​បទ​ចោទ​តែម្ដង​។

លោកស្រី​លើក​អនុសាសន៍​ឲ្យ​បង្កើត​លម្ហ​សម្រាប់​សន្ទនា​នយោបាយ​រវាង​រដ្ឋាភិបាល​ និង​អ្នកនយោបាយ​ប្រឆាំង​រួមបញ្ចូល​ទាំង​សមាជិក​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បង្កើត​ការពិភាក្សា​រួមមាន​ទាំង​ការផ្ដល់​សិទ្ធិ​ដល់​មនុស្ស ១១៨ ​នាក់​ដែល​ត្រូវបាន​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា របាយការណ៍​របស់លោក​ស្រី ស្ម៊ីត មាន​តុល្យ​ភាពល្អ ដោយសារ​តែ​លោកស្រី​បាន​មើលឃើញ​ការខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​លើ​រឿង​សិទ្ធិ​មនុស្ស នីតិរដ្ឋ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ប៉ុន្តែ​លោក​ថា អ្នករាយការណ៍​ពិសេស​ត្រូវ​តែ​លើកឡើង​នូវ​ក្ដីកង្វល់​មួយ​ចំនួន ដោយសារ​តែ​កង្វល់​ទាំងនោះ​ត្រូវ​បាន​អតីត​គណបក្សប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល រាយការណ៍​ជូន​លោកស្រី​។

លោក​ថ្លែងថា​៖ «​អនុសាសន៍​របស់​លោកស្រី​ភាគច្រើន​អាច​ទទួល​យក​បាន​ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព SDGs ដោយ​មិន​ទុក​នរណាម្នាក់​ចោល​។ យើង​បាន​អនុវត្ត SDGs ជាច្រើន​រួចហើយ ប៉ុន្តែ​ចំណុច​ខ្លះ យើង​កំពុង​តែ​ធ្វើ ជាពិសេស​នៅ​លើ​សិទ្ធិ​សេដ្ឋកិច្ច សង្គម វប្បធម៌ និង​ក្រុម​ជាក់លាក់​មួយ​ចំនួន​រួមមាន​កុមារ ស្ត្រី និង LBGT»​។

លោក​បាន​ថ្លែងថា អនុសាសន៍​ពាក់ព័ន្ធ​នឹង​ករណី​មេដឹកនាំ​អតីត CNRP កម្ពុជា​បាន​ពន្យល់​លោកស្រី​ជាច្រើន​លើក​រួចហើយ​ថា វា​ជា​សមត្ថកិច្ច​របស់​តុលាការ​ដែល​រដ្ឋាភិបាល​មិន​អាច​លូកដៃ​ចូល​បាន​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះជាតិ យល់​ឃើញ​ថា ក្ដីបារម្ភ​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ដែល​លោកស្រី​ស្ម៊ីត បាន​លើក​ឡើង​គឺជា​ក្ដីកង្វល់​របស់​សហគមន៍​អន្តរជាតិ​។

លោក​ថ្លែងថា​៖ «​បើសិន​រដ្ឋាភិបាល​ចង់​រុញ​ស្ថានការណ៍​ទៅរក​លទ្ធិប្រជាធិបតេយ្យ​មធ្យោបាយ​តែមួយគត់​គឺ​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​នយោបាយ​មាន​ន័យ​ថា គួរតែ​ឈប់​បៀតបៀន ឬ​ចាប់ខ្លួន​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ឬ​អ្នក​ដែល​មាន​មតិផ្ទុយ​»​។

ដោយឡែក​លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​បាន​ថ្លែង​ថា របាយការណ៍​របស់​លោកស្រី​ ស្ម៊ីត​គឺ​ក្នុងន័យ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ស្ដារ​នូវ​យុត្តិធម៌​ និង​សិទ្ធិ​មនុស្ស​សម្រាប់​លោក កឹម សុខា និង​សហការី​របស់​លោក​ដែល​បាន​ក្លាយ​ជា​ជនរងគ្រោះ​លើ​ «​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​អយុត្តិធម៌ និង​មិន​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ និង​សាលដីកា​តុលាការ​កំពូល​ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​»៕

អត្ថបទគួរចាប់អារម្មណ៍