ភ្នំពេញៈ លោកស្រី រ៉ូណា ស្ម៊ីត បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការវិវត្តជាវិជ្ជមានទាក់ទងនឹងការងារជំនួយផ្នែកច្បាប់នៅក្នុងជំនួបជាមួយលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីម្សិលមិញ ដើម្បីបន្តតាមដាន នូវអ្វីដែលបានពិភាក្សាគ្នាកាលពីជំនួបលើកមុន ក្នុងខែ វិច្ឆិកា ឆ្នាំ ២០១៨។ នេះបើ តាមលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងយុត្តិធម៌។
លោក អង្គ វង្សវឌ្ឍានា បានថ្លែងនៅក្នុងជំនួបនោះថា ក្រោយពីបានជួបលោកស្រី រ៉ូណា ស្មុីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា កាលពីខែ វិចិ្ឆកា ឆ្នាំ ២០១៨ មក មានការងារមួយចំនួន ដែលបានធ្វើ ហើយការងារមួយចំនួនមិនទាន់បានចេញជាលទ្ធផលនៅឡើយ។
លោកថ្លែងថា៖ «ករណីខ្លះទៀតក៏បានលទ្ធផលខ្លះៗ ដែលយើងអាចជម្រាបជូនជំទាវផងដែរ»។
លោក ជិន ម៉ាលីន បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនោះថា លោក អង្គ វង្សវឌ្ឍានា បានរៀបរាប់អំពីវឌ្ឍនភាពការងារ ក្រោយការជួបគ្នាកាលពីលើកទី៦ ហើយមកដល់ពេលនេះ ការអនុវត្តការងារបានប៉ុនណាហើយ និងអ្វីដែលត្រូវធ្វើទៅមុខទៀត។
លោកថា អនុសាសន៍ដែលលោកស្រី រ៉ូណា ស្មុីត ផ្តល់ឱ្យកាលពីការជួបគ្នាកាលពីលើកទី៦ មាន ៣ ចំណុច ទី១- ការងារជំនួយផ្នែកច្បាប់ រួមមានការផ្តល់មេធាវីការពារក្តីដល់ជនក្រីក្រ ទី២- តម្លាភាព និងគុណភាពសេវាដែលផ្តល់ឱ្យប្រជាពលរដ្ឋនៅតាមតុលាការនីមួយៗ និងទី៣- ការឃុំខ្លួនបណ្តោះអាសន្ន និងភាពចង្អៀតណែន នៅក្នុងពន្ធនាគារ។
ក្រសួងយុត្តិធម៌ និងគណៈមេធារី បានសហការគ្នា ក្នុងការផ្តល់មេធាវីការពារក្តីដល់ជនក្រីក្រនៅតាមសាលាដំបូង នៅតាមរាជធានី-ខេត្ត បង្កើតការិយាល័យនៅគ្រប់រាជធានី-ខេត្ត និងមានមេធាវីយ៉ាងហោចណាស់ក៏ ៥ នាក់ដែរ។ មកដល់ពេលនេះ យើងបានជួយប្រជាពលរដ្ឋដែលក្រីក្របានច្រើន។ នេះបើតាមការបញ្ជាក់របស់លោក ជិន ម៉ាលីន។
លោកបន្ថែមថា៖ «ហើយយន្តការជំនួយផ្នែកច្បាប់មួយ គឺការបង្កើតមណ្ឌលសេវាយុត្តិធម៌នៅតាមស្រុក។ មកដល់ពេលនេះមានមណ្ឌលយុត្តិធម៌របស់យើងបាន ៦៦ មណ្ឌលហើយ ហើយមានមន្ត្រីធ្វើការនៅទីនោះជិត ៣០០ នាក់។ អ៊ីចឹងគាត់ (រ៉ូណា ស្មុីត) បានវាយតម្លៃខ្ពស់ ពីកិច្ចខិតខំប្រឹងប្រែង និងការវិវឌ្ឍជាវិជ្ជមានទាក់ទងនឹងការងារជំនួយផ្នែកច្បាប់។ គាត់ក៏អបអរសាទរ នូវការបង្កើតយន្តការថ្មីមួយទៀត គឺមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ បានបង្កើតឡើងនៅពេលថ្មីៗនេះគឺថា បានជួយដល់ប្រជាពលរដ្ឋជាពិសេសគឺស្ត្រីហ្នឹងច្រើន»។
លោក ម៉ាលីន បញ្ជាក់ថា ក្នុងជំនួបនោះក៏មានការបង្ហាញព័ត៌មានផ្សេងៗនៅតាមតុលាការជាសាធារណៈផងដែរហើយតម្លៃសេវានីមួយៗត្រូវបានបិទផ្សាយនៅតាមតុលាការ និងនៅក្នុងកម្មវិធីសវនាការផងដែរ និងផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់តុលាការនីមួយៗផងដែរ។ លោកថា គុណភាពសេវាត្រូវបានធ្វើការកែលម្អច្រើនតាមរយៈការធ្វើទំនើបកម្មរដ្ឋបាលតុលាការ។ ការគ្រប់គ្រងសំណុំរឿងគឺធ្វើតាមប្រព័ន្ធកុំព្យូទ័រទាំងអស់ (ឌីជីថល) លែងប្រើដៃហើយ។
លោកបញ្ជាក់ថា៖ «អ៊ីចឹងគាត់ (រ៉ូណា ស្មុីត) វាយតម្លៃខ្ពស់ ពីការរីកចម្រើនទាក់ទងដល់ការធ្វើទំនើបកម្មគុណភាពនៃសេវា ការផ្សព្វផ្សាយតម្លៃនៃសេវាយុត្តិធម៌នេះតាមតុលាការ»។
ចំពោះភាពចង្អៀតណែននៅក្នុងពន្ធនាគារ ត្រូវបានដោះស្រាយបានមួយចំនួន ហើយមួយចំនួនមិនទាន់បានដោះស្រាយ។ លោកស្រី ស្មុីត សង្កេតឃើញថា បញ្ហានេះហាក់ដូចជាមិនទាន់ធូរស្បើយនៅឡើយ។ បញ្ហានេះក្រសួងទទួលស្គាល់ ហើយវាត្រូវការរយៈវែងទៅមុខទៀត ដើម្បីដោះស្រាយ ពីព្រោះក្រុមការងារមួយត្រូវបានបង្កើតឡើង ដែលដឹកនាំដោយក្រសួងមហាផ្ទៃ ក្នុងការដោះស្រាយភាពចង្អៀតណែននេះ ដោយមានការចូលរួមដោយក្រសួងយុត្តិធម៌ដែរ។ ក្រសួងយុត្តិធម៌ បានបង្ហាញទិសដៅវែងឆ្ងាយ ដើម្បីដោះស្រាយបញ្ហាភាពចង្អៀតណែននេះ។ នេះបើតាមលោក ម៉ាលីន។
លោក បន្តថា ទិសដៅវែងឆ្ងាយទៅមុខ គឺការបង្កើតឧទ្ធរណ៍តំបន់ ដើម្បីដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការ និងអាចកាត់បន្ថយភាពកកស្ទះណែននៅពន្ធនាគារដែរ។
លោក ជិន ម៉ាលីន បញ្ជាក់ថា៖ «អ៊ីចឹងយើងបានជម្រាបគាត់ (រ៉ូណា ស្មុីត) ។គាត់បានជ្រាប។ គាត់បានវាយ តម្លៃខ្ពស់ពីវឌ្ឍនភាពនៃការដាក់អនុវត្តនូវឧទ្ធរណ៍តំបន់ដែលមកដល់ពេលនេះគឺឧទ្ធរណ៍តំបន់ ២ គឺកំពុងស្ថិតក្នុងការសាងសង់ ទី១ គឺនៅខេត្តត្បូងឃ្មុំ ១ ទៀត គឺនៅខេត្តបាត់ដំបង ហើយដំណើរការនៃការសាងសង់អាចត្រូវបញ្ចប់នៅក្នុងឆ្នាំនេះ។ អ៊ីចឹងគាត់ ស្វាគមន៍រីករាយនូវការវិវឌ្ឍនៃដំណើរការនៃការដាក់ឱ្យដំណើរការឧទ្ធរណ៍តំបន់នេះ»។
នៅក្រោយជំនួប លោកស្រី រ៉ូណា ស្មុីត ក៏បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោក អង្គ វង្សវឌ្ឍានា បានធ្វើបច្ចុប្បន្នភាពការងារ និងបានផ្តល់ព័ត៌មានជាច្រើនដល់លោកស្រីអំពីការងារមួយចំនួនដែលបានធ្វើចាប់តាំងពីការជួបគ្នាចុងក្រោយកាលពីខែ វិច្ឆិកា ឆ្នាំ ២០១៨ និងបញ្ហាដែលបានពិភាក្សាគ្នានៅក្នុងឱកាសផ្សេងៗជាច្រើនទៀត។
លោកស្រី បានឆ្លើយទៅនឹងសំណួរអ្នកសារព័ត៌មានថា ចំណាប់អារម្មណ៍របស់លោកស្រី គឺដើម្បីធានាថា ប្រទេស កម្ពុជា ឆ្លើយតប និងឆ្លុះបញ្ចាំងនូវកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួន ដែលទាក់ទងនឹងការទទួលយកច្បាប់ស្តីពីសិទ្ធិមនុស្សអន្តរជាតិ។
លោកស្រីបញ្ជាក់ថា៖ «ដូច្នេះពាក់ព័ន្ធនឹងច្បាប់ស្តីពីសិទ្ធិមនុស្សអន្តរជាតិ ប្រទេស កម្ពុជា មានកាតព្វកិច្ចដើម្បីធានាថា ខ្លួនគោរព ការពារ និងបំពេញនូវកាតព្វកិច្ចសិទ្ធិមនុស្សនេះ»។
លោកស្រីក៏បានសរសេរលើទំព័រហ្វេសប៊ុក Special Rapporteur Cambodia ថា ការជួបប្រជុំជាមួយលោក អង្គ វង្សវឌ្ឍានា គឺជាការតាមដានបន្តពីកិច្ចពិភាក្សាលើកមុន របស់លោកស្រីកាលពីខែ វិច្ឆិកា ឆ្នាំ ២០១៨។ ក្រសួងបានធ្វើបច្ចុប្បន្នភាព ដល់លោកស្រីអំពីអំពីវឌ្ឍនភាពដែលក្រសួងសម្រេចបាន។
លោកស្រីសរសេរថា៖ «យើងបានពិភាក្សាផងដែរ អំពីបញ្ហាពាក់ព័ន្ធនឹងការឃុំខ្លួនបណ្តោះ អាសន្ន គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃប្រទេស កម្ពុជា និងគោលដៅទី១៦ ស្តីពីសិទ្ធិទទួលបានយុត្តិធម៌»។
លោកស្រី រ៉ូណា ស្មុីត មកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី ២៩ ខែ មេសា ដល់ ថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០១៩។
លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កាលពីប៉ុន្មានឆ្នាំមុន លោកបានឮពីការរអ៊ូរទាំពីអ្នកប្រើប្រាស់សេវា ផ្នែកច្បាប់ ហើយកន្លងមកនេះ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានរកឃើញថា ការផ្តល់សេវារបស់តុលាការ មានបញ្ហាដែរ ដូចជាការទារលុយលើសតម្លៃសេវា។
លោក សន ជ័យ បញ្ជាក់ថា៖ «សម្រាប់ខ្ញុំ ខ្ញុំយល់ថា យើងមានការសោកស្តាយ នៅពេលដែលឮសូរព័ត៌មានទាំងអស់ហ្នឹង។ អ៊ីចឹងតុលាការនេះតំណាងឱ្យប្រព័ន្ធយុត្តិធម៌មួយរបស់ប្រទេស។ ការអនុវត្តការងារ កុំថាឡើយប្រព័ន្ធយុត្តិធម៌ក្នុងការវិនិច្ឆ័យរឿងក្តី សូម្បីតែ ការផ្តល់សេវាសាធារណៈលើឯកសារ គេហៅថា ជាប្រភេទសេវាតុលាការ គួរតែដើរតួនាទីគំរូគេ ព្រោះយើងឃើញពាក្យយុត្តិធម៌ ពាក្យមិនលម្អៀង ស្មើភាពគ្នាអីហ្នឹងនៅតុលាការហ្នឹងច្រើនណាស់។ អ៊ីចឹងទៅសុំឱ្យតុលាការដើរតួជាគំរូជាងក្រសួងផ្សេង ទើបយើងអាចឆ្ពោះទៅរកសង្គមមួយដែលភ្លឺស្វាង»។
ចំណែក លោក អំ សំអាត អ្នកស៊ើបអង្កេតជាន់ខ្ពស់ អង្គការសិទិ្ធមនុស្សលីកាដូ ក៏បានថ្លែងកាលពីម្សិលមិញដែរថា ការឃុំខ្លួនជនសង្ស័យ ជនជាប់ចោទ ក៏ដូចជាទណ្ឌិតនៅក្នុងពន្ធនាគារបច្ចុប្បន្ននេះ គឺស្ថិតនៅក្នុងស្ថានភាពមួយដែលចង្អៀតណែនខ្លាំង ដែលអាចប៉ះពាល់ដល់សុខភាពរបស់អ្នកជាប់ឃុំ ធ្វើឲ្យពួកគេងាយរងនូវការឆ្លងឬឈឺថ្កាត់ផ្សេងៗ។
លោក អំ សំអាត បញ្ជាក់ថា៖ «ជាពិសេសគេហៅថា ជំងឺស្ត្រេស (Stressed) ជំងឺថប់អារម្មណ៍ ហើយវាធ្វើឱ្យប៉ះពាល់ទៅដល់បេះដូង ហើយមួយទៀត ប៉ះពាល់ទៅដល់មន្រ្តីពន្ធនាគារដែលយើងមានតិចហើយវាក៏ប៉ះពាល់ទៅដល់ការចំណាយថវិការបស់ជាតិក៏ ច្រើនទៅទៀត»៕