ភ្នំពេញៈ នៅ​ក្នុង​ជំនួប​ជា​មួយ​លោក​ ស ខេង កាល​ពីម្សិល​មិ​ញ លោកស្រី រ៉ូណា ស្មុីត បាន​ស្នើ​ឲ្យ​​មាន​ការ​ពង្រឹងទំនាក់ទំនង ​​និង​កិច្ច​សហ​ប្រតិបត្តិការ​បន្ថែម​ទៀត​រវាង​រដ្ឋាភិបាល និង​​អង្គការ​សង្គមស៊ីវិលតាម​រយៈ​ការ​ធ្វើ​វេទិកា​ ដើម្បី​អាច​ឲ្យ​អង្គការ​សង្គម​ស៊ី​វិល​ចូល​រួម​ផ្តល់​​មតិ​យោ​បល់​ផ្សេង​ៗ​។ នេះ​បើ​តាម​​ការ​បញ្ជាក់​របស់​លោកស្រី​ រ៉ូណា ស្មុីត ដែល​បាន​ប្រាប់​អ្នក​កាសែត​ បន្ទាប់​ពី​ជំនួប​ជាមួយ​លោក ស ខេង។

លោក ផាត សុផានិត អ្នកនាំពាក្យ​ក្រសួង​មហា​ផ្ទៃ បាន​ប្រាប់​អ្នក​កាសែត​ក្រោយ​ជំនួប​ថា លោកស្រី​ រ៉ូណា ស្មុីត អ្នក​រាយការណ៍​ពិសេស​ ទទួល​បន្ទុក​​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ (អសប​) ប្រចាំ​កម្ពុជា បាន​ស្នើ​ឱ្យ​មាន​ការ​ពង្រឹងបន្ថែមទៀត​ នូវវេទិកា​ជួបគ្នា​រវាង​រដ្ឋាភិបាល និង​អង្គការ​សង្គមស៊ីវិល ដើម្បី​ឱ្យ​យន្តការ​នេះ​អនុវត្ត​ឱ្យ​បាន​ទៀងទាត់ ធ្វើ​យ៉ាង​ណា​​ឱ្យ​​អង្គការ​សង្គមស៊ីវិល​​បាន​ចូលរួម​ផ្តល់​មតិ យោបល់​ផ្សេងៗ។

លោក ផាត សុផា​និត បញ្ជាក់​​​ថា​៖ «ជា​រួម លោក​ស្រី​មើល​ឃើញ​ជាក់​ស្តែង ចំពោះ​វឌ្ឍនភា​​ព​ជាមួយ​នឹង​ការ​អនុវត្ត​ភារ​កិច្ច​របស់​រដ្ឋាភិបាល​កន្លង​មក​នេះ ជា​ពិសេស​ពាក់​ព័ន្ធ​នឹង​ការបង្កើត​ឱ្យ​មាន​យន្តការ​ជួប​គ្នា​ច្បាស់​លាស់​មួយ​ជា​ប្រចាំ​ ២ ឆ្នាំ​ម្តង​រវាង​រដ្ឋា​ភិបាល ​និង​អង្គការ​សង្គម​ស៊ីវិល»។

លោកបញ្ជាក់​ថា ចំណុច​ទាំង​អស់​នេះគឺ​ជា​អ្វី​ដែល​លោ​ក​​ស្រី ស្មុីត បាន​លើកឡើង​ ដែល​ជាការ​បន្ត​តាមដាន​របស់​លោកស្រី ដែល​បាន​ជួប​លោក​ ស ខេង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​លើក​មុន។

លោកស្រី​ស្មុីត​បាន​សម្ដែង​ភាព​វិជ្ជមាន​ចំពោះ​វឌ្នភាព​របស់​រាជរដ្ឋាភិបាល​ដែ​ល​បាន​ធ្វើ​កន្លង​មក និង​លើក​ទឹក​ចិត្ត ឱ្យ​បន្ត​អនុវត្ត​នូវអ្វី​ ដែល​មិន​ទាន់​អនុវត្ត​បាន ១០០ ភាគរយ។

លោក ផាត សុផានិត បញ្ជាក់ថា៖ «(លោក​ស្រី ស្មុីត ស្នើ​ឲ្យ​ក្រសួង​មហា​ផ្ទៃ)​ ខិតខំ​ធ្វើយ៉ាង ណា​ឱ្យ​បន្តអនុវត្ត​ការងារ​នោះ​បន្តទៀត​ដូចជាការ​ខិតខំ​ពង្រីក​បន្ថែមនូវ​ច្រក​ចេញ​ចូល​តែមួយ​ ការ​ខិតខំ​កសាង​បន្ថែម​នូវហេដ្ឋា​រចនា​សម្ព័ន្ធ​ពន្ធនាគារ ការ​ដាក់ចេញ​នូវ​កម្មវិធី​ស្តារ​នីតិ​សម្បទា​អ្នកញៀន​គ្រឿង​ញៀន​ជាដើម»។

ក្រៅពីនោះ​លោកស្រី ក៏បាន​លើក​យក​កិច្ចការ​ការិយា​ល័យ​ច្រក​ចេញ​ចូល​តែមួយ ​ដែល​ជួយ​ពង្រឹង​ការ​ផ្តល់​សេវា​សាធា​​រណៈ​ជូន​ប្រជា​ពលរដ្ឋឱ្យ​កាន់​តែ​មាន​តម្លាភាព និង​ជួយ​ទប់​ស្កាត់ និង​កាត់​បន្ថយ​អំពើ​ពុករ​លួយ និង​ការ​សូក​ប៉ាន់។

លោក​ស្រី​ក៏បាន​ជជែក​អំពី​យុទ្ធនា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន និង​ការ​អនុវត្ត​សិទ្ធិ សេរីភាព​របស់​អង្គការ​មិន​មែន​រដ្ឋាភិ​បាលជាមួយ​លោក ស ខេង ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ស្រី ស្ម៊ីត។

លោក ស ខេង បាន​ស្វាគមន៍​​ចំពោះ​មតិ​​យោបល់​ផ្សេងៗ​របស់លោកស្រី​ ស្មុីត និង​បាន​ប្រាប់​លោកស្រីថា នឹង​ចាត់​ឲ្យ​ផ្នែក​ពាក់​ព័ន្ធ​ដែល​ទទួល​ខុស​ត្រូវ​ការងារទាំង​នេះ ឲ្យ​បន្ត​ធ្វើការ​​ងារ​ជាមួយ​គ្នា​ទៀតទាំង​ការងារ​ជាមួយ​អង្គការ​មិន​មែន​រដ្ឋាភិ​បាល វេទិកា​ ការងារ​ច្រក​ចេញ​ចូល​តែមួយ និង​ការងារ​ស្តារនីតិ​សម្បទា​អ្នក​ញៀន​គ្រឿង​ញៀន​ជាដើម។ នេះ​បើ​តាម​​ការ​បញ្ជាក់​របស់​លោក សុផានិត។

លោក​ស្រី រ៉ូណា ស្មុីត ក៏​បាន​សរសេរ​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​ផង​ដែរ​ថា កាលពីរសៀ​ល​ថ្ងៃ​ម្សិល​មិញ លោក​ស្រី​ក៏បាន​ជួប​ប្រជុំជា​មួយលោក​ មាស វិរិទ្ធ អគ្គលេខា​ធិការអាជ្ញាធរជាតិ ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ផងដែរ។

ក្នុង​ជំនួប​នេះ​ លោកស្រី​បាន​ទទួល​ព័ត៌មាន​សង្ខេប ​អំពី​ការ​អនុវត្ត​យុទ្ធនាការ​ប្រយុ​ទ្ធ​​ប្រឆាំង​គ្រឿង​ញៀន ដែល​បាន​ចាប់​ផ្តើម​ចាប់​តាំង​ពី​ក្នុង​ខែ​ម​ករា ឆ្នាំ ២០១៧ «កិច្ច​ខិតខំ​ប្រឹង​ប្រែង ដើម្បី​គាំទ្រ​អ្នក​ប្រើ​គ្រឿង​ញៀន ដែល​កិច្ច​ខិត​ខំ​​ប្រឹង​ប្រែង​នេះកាន់តែ​មាន​ច្រើន តាម​រយៈ​សេវា​តាម​សហ​​គមន៍ ក៏ដូច​ជាយុទ្ធ​សាស្រ្ត​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោ​យ​​អាជ្ញាធរ​នានា ដែល​ធ្វើជា​ដៃគូ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន»។

កាល​ពី​ថ្ងៃ​អង្គារ​ លោក​ស្រី រ៉ូណា​ ស្មុីត បាន​ជួប​ជា​មួយ​លោ​ក ​ប្រាក់​ សុខុន រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស លោក​ឆាយ​ ថន រដ្ឋ​មន្ត្រី ក្រសួង​ផែន​ការ លោក ​ជា​ សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំដែន​ដី និង​លោក​ ម៉ម ប៊ុន​ហេង រដ្ឋ​មន្ត្រី​ ក្រសួង​សុខា​ភិបាល​ ដើម្បី​ពិភាក្សា​ និង​តាមដាន​​ពី​វឌ្ឍន​ភាព​ការ​ងារ​មួយ​ចំនួន​​ ដែល​ក្រសួង​ទាំង​នេះ​បាន​ធ្វើ​ បន្ទាប់​ពី​ជំនួប​ជាមួយ​លោក ស្រី​កាល​ពី​លើក​មុន។

​តាម​គម្រោង​លោក​ស្រី រ៉ូណា ​ស្មុីត នឹង​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​នេះ ​ដើម្បី​បូក​សរុប​ពី​លទ្ធ​ផល​ ដែល​លោក​ស្រី បាន​មក​​បំពេញ​​ទស្សនកិច្ច​លើក​​នេះ​មុន​នឹង​លោក​ស្រី​ចាក​ចេញ​​ពី​កម្ពុជា៕​