ភ្នំពេញៈ ​មន្ត្រី​ក្រសួង​អប់រំ​បាន​ឱ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ក្រសួង​នឹង​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ (​បាក់ឌុប​) ​មុន​ការគ្រោង​ទុក​ ១ ​ថ្ងៃ​ សម្រាប់​មណ្ឌល​ប្រឡង​នៅ​ភ្នំពេញ និង​ខេត្ត​កណ្ដាល ប៉ុន្តែ​នៅ​ខេត្ត​ផ្សេងៗ​នឹង​ប្រកាស​នៅ​ថ្ងៃស្អែក ហើយ​ក៏​ត្រូវ​ប្រកាស​តាម Facebook របស់​ក្រសួង​អប់រំ​ផងដែរ​។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ក្រសួង​មិន​ទាន់​អាច​បង្ហាញ​តួលេខ​លម្អិត​នៃ​លទ្ធផល​ប្រឡង​ពេលនេះ​ [​ថ្ងៃ​អាទិត្យ​] ​បាន​ទេ​។ លោក​បញ្ជាក់​ថា​៖ «​ក្រសួង​នឹង​ប្រកាសជូន​នាពេល​ក្រោយ​»​។

លោក រស់ សុវាចា បាន​បញ្ជាក់​ថា​៖ «​ដំណើរការ​ស្រង់​បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ការពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម្រេច​បាន​ ១០០ ​ភាគរយ​ ដោយសារ​ល្បឿន ការងារ​របស់​ក្រុមការងារ​ពាក់ព័ន្ធ​មាន​ភាព​លឿន​ជាង​ការគ្រោងទុក​ប្រកប​ដោយ​ប្រសិទ្ធភាព និង​សុក្រឹតភាព​»​។

លោក រស់ សុវាចា បន្ត​ថា​គ្រប់ភាគី​ពាក់ព័ន្ធ​មាន​កិច្ចសហការ​វិជ្ជមាន​នៅ​គ្រប់​ដំណាក់កាល​ប្រឡង​ដោយ​មាន​ការបន្ត​គោរព​គោលការណ៍​ច្បាប់​យុត្តិធម៌​តម្លាភាព និង​លទ្ធផល​អាច​ទទួល​យក​បាន​ក៏ដូចជា​ការចូលរួម​គោរព​បទប្បញ្ញត្តិ​។

បើ​តាម​អ្នកនាំពាក្យ​រូបនេះ បន្ទាប់ពី​ប្រកាស​លទ្ធផល​បាក់ឌុប​ជា​រៀងរាល់​ឆ្នាំ​ក៏​ដូច​ឆ្នាំ​នេះ​ក្រសួង​អប់រំ​ត្រូវ​រៀបចំ​ជ្រើសរើស និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ឲ្យ​ចូលរៀន​​នៅ​តាម​គ្រឹះស្ថាន​ឧត្តមសិក្សា​រដ្ឋ និង​ឯកជន​នៅ​ទូទាំង​ប្រទេស​។ រីឯ​ការប្រកាស​លទ្ធផល​អាហារូបករណ៍​ត្រូវ​ធ្វើ​ឡើង​ ៣ ​ថ្ងៃក្រោយ​ការប្រកាស​លទ្ធផល​ការប្រឡង​បាក់ឌុប​។

លោក​បន្តថា​ចំនួន​និស្សិត​អាហារូបករណ៍​ក្នុង​ឆ្នាំ​ ២០១៩ នេះ​មាន ៨ ៩៩៥ នាក់​ ដែល​ត្រូវ​ជ្រើសរើស​ចេញ​ពី​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​​ចំនួន ៥១ ៦៩៤ នាក់​។

លោក រស់ សុវាចា បញ្ជាក់​ថា​និស្សិត​អាហារូបករណ៍​ទាំងនោះ​ត្រូវ​បែងចែក​លើ​គោលការណ៍​សិស្ស​ពូកែ​ទូទៅ​,​ សិស្ស​​នារី​,​ សិស្ស​ក្រីក្រ​,​ សិស្ស​មកពី​តំបន់​ដាច់ស្រយាល សិស្ស​ពូកែ​ទូទាំង​ប្រទេស​ផ្នែក​គណិតវិទ្យា រូបវិទ្យា និង​ភាសា​ខ្មែរ និង​សិស្ស​មាន​ពិការភាព​។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា លោក​មិន​ឮ​ថា​មាន​ភាព​មិន​ប្រក្រតី​កើតឡើង​ទេ ក្រៅពី​ករណី​ថ្លោះធ្លោយ​វិញ្ញាសា​រូបវិទ្យា​។

លោក​ថា​៖ «​មកទល់​ពេល​នេះ​ក៏​មិនទាន់​ដឹងថា តើ​ការប្រកាស​លទ្ធផល​ដើម​សប្តាហ៍​ក្រោយ តើ​វា​នឹង​មាន​បញ្ហា​ការបូក​ពិន្ទុ​ត្រូវ​ពិន្ទុ ដូច​លើក​មុន​ដែរ​ ឬ​យ៉ាងណា​។ ​យើង​មិនទាន់​ដឹង​ទេ​ ឬ​ប្រតិកម្ម​ពី​សិស្ស​អ៊ីចឹង​ណា​»​។

យ៉ាងណា​ក្ដី​លោក​សង្ឃឹមថា​ «​អ្វីៗ​គ្រប់​យ៉ាង​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ទៅ​ចុះ​» ព្រោះ​ឃើញ​រដ្ឋមន្ត្រី​អប់រំ​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឱ្យ​ការប្រឡង​នេះ​មាន​ភាពល្អ​៕