ភ្នំពេញៈ មិន​ខុស​ពី​ការរំពឹងទុក គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត(គ.ជ.ប)កាលពី​យប់​​មិញ ​បាន​ប្រកាស​ជា​សាធា​រណៈ​​នូវ​លទ្ធផល​ផ្លូវការ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី ៦ ដែល​បង្ហាញថា ​គណបក្ស​ប្រជាជន​កម្ពុជា​ កំពុងកាន់​អំណាច​ បាន​ក្រសោប​យក​អាសនៈ​ទាំង​អស់ចំនួន ​១២៥ អាសនៈ ​ដែល​ធ្វើ​ឲ្យ​ស្ថាប័ន​នីតិបញ្ញត្តិ​កំពូល​មួយ​នេះ ក្លាយជា​ស្ថាប័ន​ឯកបក្ស​។

យោង​តាម​លទ្ធផល​ផ្លូវ​ការ​ដែល​ចេញ​ផ្សាយដោយ ​គ.ជ.ប កាល​ពីយប់​​មិញ​ គឺ​ទិន្ន​ន័យ​ស្ដីពី​ចំនួន​សន្លឹក​ឆ្នោត​ដែល​គណ​បក្ស​នយោ​បាយ​នីមួយៗ​ទទួល​បាន​គឺ​មិន​ខុសគ្នា​ពី​លទ្ធ​ផលប​ណ្ណោះ​អាសន្ន​ដែល​គ.ជ.ប បាន​ប្រកាស​កាលពី​ថ្ងៃទី​១១ ​ខែសីហា នោះ​ឡើយ។

ក្នុង​នោះ​គណ​បក្ស​នយោ​បាយ​សំខាន់ៗ ​មាន​ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា (CPP) កំពុង​កាន់​អំណាច​ទទួល​បាន​​សំឡេង​ឆ្នោត​ចំនួន ៤ ៨៨៩ ១១៣ សំឡេង, គណបក្ស​ហ្វុ៊ន​ស៊ិន​ប៉ិច របស់​សម្ដេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី ២ ដោយ​ទទួលបាន​ការគាំទ្រ​ចំនួន ៣៧៤ ៥១០ សំឡេង, គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិប​តេយ្យ​(LDP)​របស់​លោក​ ខឹម ​វាសនា ស្ថិតនៅ​លំដាប់​លំដាប់​ទី ៣ ដោយ​ទទួលបាន​ចំនួន ៣០៩ ៣៦៤ សំឡេង និង​គណបក្ស​ឆន្ទៈ​ខ្មែរ​(KWP)របស់លោក​ គង់ មុនី​កា ស្ថិត​នៅ​លំដាប់​ទី ៤ ដោយ​ទទួល​បាន​ត្រឹម​តែ ២១២ ៨៦៩ សំឡេង ​ប៉ុណ្ណោះ។

ក្រៅ​ពីនេះ​ គណបក្ស​ខ្មែរ​រួបរួម​ជាតិ(KNUP)របស់​លោក​ញឹក ប៊ុន​ឆៃ​ ស្ថិតនៅ​លំដាប់​ទី ៥ ទទួលបាន​សន្លឹក​ឆ្នោត​ចំនួន ៩៩​​​​ ៣៧៧ សំឡេង, ខណៈ​គណបក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋាន(GDP) របស់លោក​ យ៉េ​ង វីរៈ ស្ថិត​នៅ​លំដាប់​ទី ៦ ដោយ​ទទួល​បាន​សន្លឹកឆ្នោត​ត្រឹមតែ ៧០ ៥៦៧​ ប៉ុណ្ណោះ។ បន្ថែម​លើ​នេះ គណបក្សតូចៗចំនួន ១៤ ផ្សេងទៀត​ ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង ទទួលបាន​ការ​គាំទ្រ​តិច​ជាង ​១​ភាគ​រយ​ប៉ុណ្ណោះ។

ក្នុង​ចំណោម​ពលរដ្ឋ​ចំនួន​ ៨ ៣៨០ ២១៧ នាក់ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត មាន​ពលរដ្ឋ​ចំនួន​ ៦ ៩៥៦ ៩០០ នាក់ ឬ​ស្មើរ​នឹង ៨៣,០២ ភាគរយ​ បាន​ទៅ​បោះ​ឆ្នោត​ កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា កន្លង​ទៅ។

បន្ទាប់​ពី គជប បាន​ប្រកាស​លទ្ធផល​ផ្លូវការ​កាល​ពី​យប់​មិញ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សរសេរ​សារ​បង្ហោះនៅ​លើ​ហ្វេស​ប៊ុក​របស់​លោក ដោយ​បាន​ថ្លែង​អំណរគុណ ដល់​​សមា​ជិក​សមា​ជិកា​រគណ​បក្ស​ប្រជា​ជន​ទូទាំង​ប្រទេស ​ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​ ទាំង​នៅ​ក្នុង​ពេល​យុទ្ឋនាការ​ឃោស​នាបោះ​ឆ្នោត និង​បាន​ទៅ​បោះឆ្នោត​គាំទ្រ​គណ​បក្ស​ប្រជាជន​លេខ​​រៀង​ទី​ ២០ ធ្វើ​ឲ្យ​គណ​បក្ស​កាន់អំណាច​យូ​rអង្វែង​មួយ​នេះ ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី។

លោក​សរសេរ​ទៀត​ថា​៖«នេះ​ស​បញ្ជាក់ឲ្យ​​ឃើញ​ច្បាស់​ថា បង​ប្អូន​ជន​រួម​ជាតិ​ មាន​ជំនឿ​ទុក​ចិត្ត​ឥត​ងាក​រេ​ លើ​ការ​ដឹក​នាំ​ដ៏ត្រឹម​ត្រូវ​របស់​គណ​បក្ស​ប្រជា​ជន ដែល​មាន សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏ខ្ពង់​ខ្ពស់​បំផុត ហើយ​ប​ងប្អូន​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​សន្តិភាព ការ​អភិវឌ្ឍ និង​បន្ត​ចាក់​ឫសប្រជាធិប​តេយ្យ​ជា​សំខាន់​បំផុត​ សម្រាប់​ប្រទេស​ជាតិ​យើង​ទាំង​មូល»។

ទន្ទឹម​នឹង​នេះដែរ លោក ហ៊ុន សែន ក៏​បាន​​អរគុណ​​ដល់​គណ​បក្ស​នយោ​បាយ​ទាំង ១៩​ ផ្សេង​ទៀត ដែល​បាន​ចូល​រួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ «តាម​បែប​លទ្ឋិ​ប្រជា​ធិប​តេយ្យ ដោយ​ស្មើ​ភាព សេរី ត្រឹម​ត្រូវ និង​យុត្តិ​ធម៌។ រាជ​រដ្ឋាភិបាល​អាណត្តិ​ទី ​៦ ថ្មី​នឹង​ត្រូវ​បាន​រៀប​ចំ​បង្កើត​នៅ​សប្តាហ៍ទី​ ១​ នៃខែកញ្ញា ខាង​មុខ​នេះ»។

អ្នកវិភាគ​នយោ​បាយ ​លោក​ ឡៅ ម៉ុងហៃ ​បាន​ចោទ​សួរ ​​ចំពោះ​​លទ្ធផល​បោះឆ្នោត ថា​ តើ​វា​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ​យ៉ាង​ដូច​ម្ដេច តាមរយៈ​ការ​លើក​ឡើង​ ពី​អវត្តមាន​គណបក្សប្រឆាំង​ដ៏​ធំ និង​ការ​រឹត​ត្បិត​នានា​ មុន​ការបោះឆ្នោត​មកដល់។

លោក​ថ្លែងថា៖«ខ្ញុំ​សង្ស័យ​ខ្លាំងណាស់ ពួកគេ​បាន​ឆ្លុះបញ្ចាំង​អំពី​សេរីភាព​នៃ​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​ ដោយ​គិត​តាមរបៀប​ដែល​ការបោះឆ្នោត​ត្រូវបាន​រៀបចំ ដែល​អវត្តមាន​គណបក្ស​ប្រឆាំង​ ការហាមឃាត់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ មិន​ឲ្យ​ធ្វើ​នយោបាយ ការឃ្លាំ​មើល​ក្រុម​មន្ត្រី​ប្រឹក្សា​ឃុំ​ សង្កាត់ អវត្ត​មាន​សារព័ត៌​មាន​សេរី និង​ឯក​រាជ្យ នៅ​ក្នុង​ប្រទេស និង​ទម្រង់​ដាក់​សម្ពាធ​ផ្សេងៗ​ទៀត​ ទៅលើ​អ្នកមាន​សិទ្ធិ​បោះឆ្នោត​ ឲ្យ​ទៅ​បោះឆ្នោត រួមមាន​ទាំង​កា​រគំរាម​កំហែង និង​ការបំភិត​បំភ័យ​នានា»។ (ព័ត៌មានពិស្ដារសូមអាន​កាសែត​ភ្នំពេញប៉ុស្ដិ៍នៅ​ថ្ងៃស្អែក)​