ស្ទឹងត្រែងៈ យោង​តាម​លទ្ធផល​ពិសោធន៍​ហ្វូស៊ីល​អង្ករ​ខ្មៅ​ដែល​ត្រូវ​បាន​រកឃើញ​នៅក្រោម​ដី​នៃ​តំបន់​ប្រាសាទ​ព្រះគោ​ដែល​ស្ថិតនៅ​ស្រុក​ថា​ឡាបរិវ៉ាត់ កាលពី​ចុង​ឆ្នាំមុន​បាន​បង្ហាញថា ប្រជាជន​កម្ពុជា​ចេះ​ធ្វើ​កសិកម្ម​ដំណាំ​ស្រូវ និង​ផលិត​អង្ករ​តាំងពី​យុគសម័យ​ថ្ម​រំលីង​។

កាលពី​អំឡុង​ខែ​កក្កដា ឆ្នាំ ២០១៩ លោក ធុយ ចាន់ធួន អនុប្រធាន​វិទ្យាស្ថាន​វប្បធម៌ និង​វិចិត្រសិល្បៈ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា និង​ជា​អនុប្រធាន​សមាគម​អ្នកប្រវត្តិសាស្ត្រ​កម្ពុជា​បាន​នាំយក​សំណាក​ហ្វូស៊ីល​អង្ករ​ខ្មៅ​ចេញពី​តំបន់​ប្រាសាទ​ព្រះគោ​ទៅ​កាន់​មន្ទីរពិសោធន៍​នៃ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី ដើម្បី​ធ្វើ​ពិសោធន៍​ស្វែងរក​ការពិត​នៃ​អាយុកាល ហ្វូស៊ីល​គ្រាប់​អង្ករ​ខ្មៅ​នោះ​។ ដោយ​មាន​ការជួយ​ជ្រោមជ្រែង​ផ្នែក​បច្ចេកទេស​ពី​លោកស្រី Rachel Wood អ្នកជំនាញ​ផ្នែក​បុរាណវិទ្យា និង​នរវិទ្យា​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ដ្រ​ដី និង​កាបូន​នៃ​មហាវិទ្យាល័យ​ស្រាវជ្រាវ​វិទ្យាសាស្ដ្រ​ដី ការពិសោធ​គ្រាប់​អង្ករ​ខ្មៅ​បាន​រកឃើញ​ភ័ស្ដុតាង​ដ៏គួរ​ឲ្យ​ជឿជាក់អំពី​ភាពប៉ិនប្រសប់​នៅក្នុង​វិស័យ​ស្រូវ​អង្ករ​របស់​បុព្វបុរស​ខ្មែរ​នាសម័យ​បុព្វកាល​។

លោក ចាន់ធួន បញ្ជាក់ថា​៖ «​យើង​បាន​ធ្វើ​កាលបរិច្ឆេទ​ទៅលើ​សំណាក​គ្រាប់​អង្ករ​ ១ ​គ្រាប់​ ដែល​បាន​សម្អាត​រួចរាល់​ជាមួយ Scalpel និង​ប្រភេទ​អាស៊ីត បាស អាស៊ីត​។ យើង​បាន​រក្សា​វា​ទុក​មួយរយៈ បន្ទាប់មក​យក​វា​ទៅ​វាស់​ជាមួយ​ម៉ាស៊ីន​ AMS»​។

លោក​បន្ថែមថា​៖ «​លទ្ធផល​ពិសោធន៍​បាន​បង្ហាញថា ហ្វូស៊ីល​អង្ករ​ខ្មៅ​នេះ​មាន​កាលបរិច្ឆេទ​ [​អាយុកាល​] ​ប្រមាណ​ជា ៩០០-១០០០ មុន​ឆ្នាំ​បច្ចុប្បន្ន​ត្រូវ​គ្នា​នឹង​ឆ្នាំ ៩១៥ ±២៤ នៃ​គ្រិស្ដសករាជ​អាច​និយាយថា ៩៥% ជា​ចម្លើយ​ភវនីយភាព​។ ដូច្នេះ​លទ្ធផល​នេះ​បញ្ជាក់​ថា ជា​លទ្ធផល​ពិសោធន៍​វិទ្យាសាស្ដ្រ​ទៅលើ​ការផលិត ឬ​ការធ្វើ​កសិកម្ម​ស្រូវ​អង្ករ​ដំបូង​មួយ​នៅ​កម្ពុជា​យើង​»​។

ក្រៅពី​ភ័ស្តុតាង​នៃ​របកគំហើញ​ថ្មី​ដែល​បានបង្ហាញ​តាមរយៈ​ការពិសោធ​វិទ្យាសាស្ដ្រ​នេះ​លោក ចាន់ធួន ក៏បាន​បង្ហាញ​អំពី​ភ័ស្ដុតាង​មួយចំនួន​ផ្សេងទៀត​ដែល​លោក​បាន​សិក្សា​ស្រាវជ្រាវ និង​រកឃើញ​នៅឯ​ស្ថានីយ​បន្ទាយ​គូ​ក្នុង​តំបន់​ខ្ពង់រាប​ដីក្រហម​ខាងកើត​ទន្លេមេគង្គ​ដែល​គ្រាប់ស្រូវ​ត្រូវ​បាន​យក​មក​លាយ​ជាមួយ​ដីឥដ្ឋ​ដុត​ធ្វើ​ជា​ក្អមឆ្នាំង​សម្រាប់​ការប្រើប្រាស់​របស់ខ្លួន​ហើយ​ដែល​កាលបរិច្ឆេទ​ទៅលើ​ស្ថានីយ​នោះ​ត្រូវ​បាន​រកឃើញថា មាន​អាយុកាល ២ ០០០ ​ឆ្នាំមុន​គ្រិស្ដសករាជ​ជា​ភ័ស្ដុតាង​ដែល​បង្ហាញថា បុព្វបុរស​ខ្មែរ​ចេះ​ផលិត​ស្រូវ អង្ករ តាំងពី​ពេលនោះ​មក​។

លោក​បញ្ជាក់​ទៀត​ថា​៖ «​ការសិត​ (​អង្កាម​) ​ស្រូវ និង​ភ័ស្ដុតាង​លើ​ចម្លាក់​ប្រាសាទ​បាន​បង្ហាញថា ស្រុក​ខ្មែរ​យើង​មាន​ការផលិត​ស្រូវ អង្ករ​ច្រើន​នៅក្នុង​សម័យអង្គរ​ក្នុង​សិលាចារឹក​ក៏បាន​និយាយ​ពី​អំណោយ​ស្រូវ​អង្ករ​ផងដែរ​។ ការសិក្សា​ស្រាវជ្រាវ​ថ្មី​របស់ខ្ញុំ​នៅ​អតីត​ទីក្រុង​សម្ភុបុរៈ​ក្នុង​តំបន់​ប្រាសាទ​ព្រះគោ ស្រុក​ធារ៉ាបរិព័ទ្ធ [​ថា​ឡាបរិវ៉ាត់​] ខេត្តស្ទឹងត្រែង​ក្នុង​ចុងឆ្នាំ​ ២០១៩​នេះ​បាន​ឃើញ​ហ្វូស៊ីល​អង្ករ​នៅក្នុង​គ្រឹះ​ប្រាសាទ​ដូច​បាន​អធិប្បាយ​ខាងលើ​»​។

បើ​យោង​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​លោក ចាន់ធួន ស្រូវ អង្ករ​ជា​ធញ្ញជាតិ​ចម្បង​របស់​ប្រជាជន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​តាំងពី​យុគសម័យ​ថ្មរំលីង​។ ពូជស្រូវ​ជាច្រើន​ប្រភេទ​មាន​ប្រភព​ចេញពី​អាស៊ី​ដូចជា​ពូជស្រូវ ឥណ្ឌីកា និង​ជប៉ុនីកា (Indica and Japonica) ដែល​ជា​ពូជ​តែមួយ​មានកំណើត​តាំងពី​ប្រមាណ​ជា ៨ ២០០ ទៅ ១៣ ៥០០ ឆ្នាំ​មកហើយ​នៅក្នុង​តំបន់​ជ្រលង​ទន្លេ​គជ់​របស់​ចិន​ (Pearl River valley region of China)​។

គួរបញ្ជាក់​ផងដែរ​ថា សំណាក​ហ្វូស៊ីល​អង្ករ​ខ្មៅ​ដែល​ត្រូវបាន​នាំ​យក​ទៅ​ពិសោធ​នៅឯ​មន្ទីរពិសោធន៍​នៃ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី​នោះ​មាន​ប្រភព​ចេញ​មកពី​ទួល​អង្គ​ខ្មៅ ឬ​ប្រាសាទ​ព្រះគោ​ដែល​ស្ថិតនៅ​ក្នុង​ភូមិ​កាំងតេជោ ឃុំ​ថាឡាបរិវ៉ាត់ ស្រុក​ថា​ឡាបរិវ៉ាត់​ខេត្តស្ទឹងត្រែង​នៅក្រោយ​សាលាស្រុក​ចាស់​ប្រមាណ​ ៣០០ ​ម៉ែត្រ​។ ភាពអច្ឆរិយ​នៃ​អង្ករ​នេះ​គឺ​មិន​ពុកផុយ និង​រលួយ​ពេល​ត្រូវ​ទឹក និង​កប់​នៅក្នុង​ដី​រាប់រយឆ្នាំ​។ អ្នកស្រុក​ថា​ឡាបរិវ៉ាត់​ខេត្តស្ទឹងត្រែង​បាន​ចាត់​ទុក​គ្រាប់​សំណាក​អង្ករ​ខ្មៅ​នេះ​ជា​សម្បត្តិ​វប្បធម៌​បន្សល់ទុក​ពី​ដូនតា​តាំងពី​សម័យ​កសាង​ប្រាសាទ​ព្រះគោ​៕