ភ្នំពេញៈ អង្គការលីកាដូរកឃើញថាកំហុសឆ្គងជាច្រើនដែលមានលក្ខណៈជាប្រព័ន្ធរួមមានអំពើពុករលួយ អាកប្បកិរិយារើសអើងលើស្ត្រី និងក្មេងស្រី ការបកស្រាយច្បាប់មិនត្រឹមត្រូវ និងកង្វះធនធាននានាបានធ្វើឲ្យជនលើ្មសនៃអំពើរំលោភសេពសន្ថវៈត្រឹមតែទទួលទោសស្រាលហើយករណីខ្លះអាចនឹងរួចពីការដាក់ទណ្ឌកម្មទាំងស្រុងថែមទៀត។
របាយការណ៍ ៣៦ ទំព័រស្តីពី «ការរួចខ្លួនពីបទល្មើស៖ ការអនុវត្តច្បាប់ចំពោះបទល្មើសរំលោភសេពសន្ថវៈក្នុងប្រព័ន្ធតុលាការ» ចេញផ្សាយកាលពីថ្ងៃម្សិលមិញស្របគ្នានឹងការប្រារព្ធកម្មវិធីយុទ្ធនាការពិភពលោករយៈពេល ១៦ ថ្ងៃទប់ស្កាត់អំពើហិង្សាលើយេនឌ័រដែលចាប់ផ្តើមពីថ្ងៃទី ២៥ វិច្ឆិកាដល់ ១០ ធ្នូ។ របាយការណ៍នេះបានបង្ហាញនូវភ័ស្តុតាងនៃការមិនបានអនុវត្តឲ្យបានត្រឹមត្រូវនៅក្នុងប្រព័ន្ធតុលាការកម្ពុជាក្នុងការស៊ើបអង្កេត និងផ្តន្ទាទោសឲ្យបានត្រឹមត្រូវលើករណីជាច្រើននៃបទល្មើសរំលោភសេពសន្ថវៈដែលពាក់ព័ន្ធនឹងស្ត្រី និងកុមារ។
របាយការណ៍នេះផ្អែកលើករណីរំលោភសេពសន្ថវៈ និងប៉ុនប៉ងរំលោភសេពសន្ថវៈចំនួន ៧៦២ ករណីដែលត្រូវបានស៊ើបអង្កេតដោយអង្គការលីកាដូក្នុងឆ្នាំ ២០១២ ២០១៣ និង ឆ្នាំ ២០១៤។ ករណីទាំងនេះកើតឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន ១២ ដែលលីកាដូកំពុងធ្វើការអំឡុងពេលនោះ។
ក្នុងចំណោមករណីរកឃើញនេះមាន ២២៥ ករណីពាក់ព័ន្ធនឹងស្ត្រីដែលមានអាយុ ១៨ ឆ្នាំ ឬលើសពីនេះចំណែក ៥៣៧ ករណីទៀតពាក់ព័ន្ធនឹងកុមារអាយុក្រោម ១៨ ឆ្នាំ។ ក្នុងចំណោមជនរងគ្រោះអាយុក្រោម ១៨ ឆ្នាំមានករណី ១០ ភាគរយអាយុក្រោម ៦ ឆ្នាំ ៣២ ភាគរយអាយុពី ៦ ដល់ ១១ ឆ្នាំ និង ៥៨ ភាគរយអាយុពី ១២ ដល់ ១៧ ឆ្នាំ។
ក្នុងចំណោម ៧៦២ ករណីនេះមាន ៤២៤ ករណីត្រូវបានបិទនៅពេលកំពុងសរសេររបាយការណ៍។ ក្នុងនោះ ១/៣ គឺបានបិទបញ្ចប់មុនពេលបើកសវនាការដោយការបង់ប្រាក់សំណងបញ្ចប់រឿងក្តីពីជនល្មើសជូនដល់ជនរងគ្រោះជាថ្នូរនឹងការដកពាក្យបណ្តឹងហើយករណីខ្លះបញ្ចប់ដោយការរៀបអាពាហ៍ពិពាហ៍ចំណែក ១/៣ ទៀតបានបិទបញ្ចប់ដោយការផ្តន្ទាទោសមិនត្រឹមត្រូវដែលនាំឲ្យដាក់ទណ្ឌកម្មស្រាលហើយទោសត្រូវបានព្យួរមួយផ្នែកទាំងស្រុងទៅវិញ។
របាយការណ៍នេះក៏បានរកឃើញផងដែរនូវករណីជាច្រើនត្រូវបានបិទដោយកំហុសឆ្គងជាច្រើនខុសៗគ្នាកើតចេញពីអំពើពុករលួយផងដែររាប់តាំងពីការបញ្ចប់ដោយប្រាក់សំណងចរចានៅប៉ុស្តិ៍នគរបាលរហូតដល់នីតិវិធីបើកសវនាការ។
នាយិកាអង្គការលីកាដូលោកស្រី ណាលី ពីឡូក បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថាគ្រប់ពេលដែលជនរងគ្រោះមកទាក់ទងមន្ត្រីសាធារណៈអ្នកទាំងនោះហាក់ដូចជាត្រូវតែបង់ប្រាក់ក្រៅច្បាប់ហើយប្រសិនបើជនសង្ស័យមានប្រាក់ជននោះអាចនឹងទិញនូវសេរីភាពរបស់ខ្លួនមកវិញបាន។
លោកស្រីថា៖ «ពេលខ្លះហាក់ដូចជាអាជ្ញាធរមិនបានយកចិត្តទុកដាក់លើភាពយុត្តិធម៌នោះទេផ្ទុយទៅវិញករណីរំលោភសេពសន្ថវៈត្រឹមតែអាចជាមធ្យោបាយសម្រាប់អ្នកទាំងនោះក្នុងការរកប្រាក់តែប៉ុណ្ណោះ»។
ដោយបដិសេធឆ្លើយតបនឹងការចោទប្រកាន់របស់លីកាដូអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានអះអាងថារបាយការណ៍នោះហាក់មិនមានទិន្នន័យ និងមូលដ្ឋានស្រាវជ្រាវនោះទេ។
ត្រង់ចំណុចនេះ លោក គូសបញ្ជាក់ថា៖ «យើងទទួលស្គាល់ថាធ្លាប់មានការចោទប្រកាន់ក្នុងប្រព័ន្ធតុលាការតាមបណ្តឹងពាក់ព័ន្ធនឹងអំពើពុករលួយហើយក៏មានព្រះរាជអាជ្ញា និងចៅក្រមមួយចំនួនធ្លាប់បានទទួលទោសកំហុសរបស់ខ្លួន និងរងទោសទណ្ឌផងដែរ។ អ៊ីចឹងហើយបើលីកាដូមានមូលដ្ឋានទិន្នន័យច្បាស់លាស់ និងភ័ស្តុតាងជាក់លាក់ចោទឲ្យចំ និងច្បាស់លាស់ហើយស្នើមកយើងគឺក្រសួងនឹងពិចារណាហើយចាត់វិធានការ»។
លោក ជិន ម៉ាលីន បញ្ជាក់ថាការអនុវត្តច្បាប់ និងនីតិវិធីរបស់តុលាការក្នុងការដោះលែង ឬផ្តន្ទាទោសជនល្មើសក្នុងករណីរំលោភសេពសន្ថវៈគឺជាឆន្ទានុសិទ្ធិរបស់តុលាការហើយភាគីពាក់ព័ន្ធគឺមានសិទ្ធិប្តឹងទៅតុលាការជាន់ខ្ពស់ក្នុងករណីមិនយល់ព្រម។
អ្នកនាំពាក្យ និងជាព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាន់ណា បានបដិសេធឆ្លើយតបតាមទូរស័ព្ទកាលពីម្សិលមិញដោយទាមទារឲ្យដាក់លិខិតរដ្ឋបាលជាផ្លូវការទើបលោកអាចផ្តល់សម្ភាសន៍បាន។
របាយការណ៍របស់លីកាដូក៏បានដាក់ការព្រួយបារម្ភចំពោះការមិនដាក់ទណ្ឌកម្មដល់ជនល្មើសដែលរឹតតែធ្វើឲ្យសាធារណជនមិនទុកចិត្តទៅលើប្រព័ន្ធយុត្តិធម៌កាន់តែខ្លាំងឡើង និងអាចបង្ហាញថាអំពើរំលោភសេពសន្ថវៈមិនមែនជាអំពើល្មើសថែមទាំងធ្វើឲ្យជនរងគ្រោះមិនហ៊ានរាយការណ៍ពីបទល្មើសទៀតផង៕