The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លីកាដូ រក​ឃើញ​ផល​ប៉ះពាល់​លើ​កុមារ​ក្នុង​ពន្ធនាគារ

លីកាដូ រក​ឃើញ​ផល​ប៉ះពាល់​លើ​កុមារ​ក្នុង​ពន្ធនាគារ

លីកាដូ រក​ឃើញ​ផល​ប៉ះពាល់​លើ​កុមារ​ក្នុង​ពន្ធនាគារ

ភ្នំពេញៈ សុគន្ធ អាយុ ៨ឆ្នាំ បាន​ចំណាយ​ពេល​សើ្ទរ ៧ឆ្នាំ ដំបូង​នៃ​ជីវិត​ក្នុង​ពន្ធនាគារ។

មិន​ដូច​ក្មេង​ដទៃ​ដែល​មាន​សេរីភាព​រត់​លេង​តាម​ចិត្ត សុគន្ធ បាន​ចំណាយ​ពេល​ជាច្រើន​នៃ​ជីវិត​ដំបូង​នៅ​ក្នុង​បន្ទប់​ពន្ធនាគារ​ដែល​ក្តៅ កខ្វក់ គ្មាន​អនាម័យ និង​ចង្អៀត ជា​កន្លែង​ដែល​ម្តាយ​ខ្លួន​បាន​ជាប់​ពន្ធនាគារ ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន។

ក្នុង​គុក​នា​ឆ្នាំ​ដំបូងៗ សុគន្ធ បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​រឿងរ៉ាវ​ជាច្រើន​និង​ដិត​ជាប់​នៅ​ក្នុង​អារម្មណ៍ រួម​ទាំង​រឿង​ដែល​ម្តាយ​គេ​បាន​កាត់​ខ្សែ​ទម្លាក់​សព​ស្រ្តី​ជាប់​ឃុំ​ម្នាក់​ដែល​ចង​ក​សម្លាប់​ខ្លួន។

អង្គការ​សិទ្ធិ​មនុស្ស លីកាដូ បាន​បង្ហាញ​អំពី​សាច់​រឿង​របស់ សុគន្ធ ពី​ម្សិលមិញ នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ទាញ​ចំណាប់​អារម្មណ៍​ទៅ​លើ​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​លើ​កុមារ​នៅ​ក្នុង​ពន្ធនាគារ​ដោយ​កត់​សម្គាល់​ថា នៅ​ត្រឹម​ខែ កក្កដា ឆ្នាំ​នេះ​កុមារ​ចំនួន ៥១ នាក់​កំពុង​រស់នៅ​ជាមួយ​ម្តាយ​ក្នុង​ពន្ធនាគារ​នានា។

បើ​ទោះ​ជា​ច្បាប់​ពន្ធនាគារ ខែ ធ្នូ ឆ្នាំ ២០១១ បាន​បន្ថយ​អាយុ​កុមារ​ដែល​អនុញ្ញាត​ឲ្យ​ស្នាក់នៅ​ក្នុង​ពន្ធនាគារ​ពី​អាយុ ៦ឆ្នាំ ទៅ ៣ឆ្នាំ ក្តី ក៏​មាន​ក្មេងៗ​ជាច្រើន​ដែល​មាន​អាយុ​ច្រើន​ជាង​នោះ​នៅ​តែ​ដាក់​ក្នុង​ពន្ធនាគារ។ នេះ​បើ​តាម លីកាដូ បាន​រាយការណ៍។

របាយ​ការណ៍​អង្គការ​នេះ​បាន​បង្ហាញ​ទៀត​ដែរ​ថា ខណៈ​មាន «អត្ថ​ប្រយោជន៍​មិន​អាច​បដិសេធ​បាន» អំពី​ការ​ទុក​កុមារ​ឲ្យ​នៅ​ជាមួយ ម្តាយ​របស់​ខ្លួន​នៅ​ពេល​ម្តាយ​ជាប់​ឃុំ ពន្ធនាគារ នានា​មិន​បាន​ផ្តល់​បរិយាកាស​សម​ស្រប​សម្រាប់​កុមារ និង​មិន​អាច​មាន​សមត្ថភាព​បំពេញ​បាន​នូវ​តម្រូវការ​ជា​មូលដ្ឋាន​របស់​កុមារ​ឡើយ​។ មក​ដល់​ពេល​នេះ មិន​មាន​ការ​វាយតម្លៃ​ពី​គ្រួសារ​អ្នក​ទោស ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​ដើម្បី​កំណត់​ថា កុមារ​គួរ​អនុញ្ញាត​ឲ្យ​រស់​នៅ​ជាមួយ​ម្តាយ​ក្នុង​ពន្ធនាគារ​ឬ​ក៏​បើ​អាច​ឲ្យ​នៅ​ជាមួយ​គ្រួសារ​ឬ​មាន​ជម្រើស​ផ្សេង។

លោក ង៉ែត សុគន្ធ អ្នក​គ្រប់គ្រង​ផ្នែក​ពន្ធនាគារ​របស់​អង្គការ លីកាដូ បាន​ថ្លែង​ថា៖ «ការ​ពិត​នៅ​ក្នុង​ពន្ធនាគារ​កម្ពុជា គឺ​មាន​ភាព​ពិបាក​ណាស់​សម្រាប់​អ្នក​ទោស ហើយ​សម្រាប់​កុមារ វា​អាច​បង្ក​ផល​ប៉ះពាល់​ច្រើន»។ លោក​បន្ត​ថា៖ «កុមារ​ទាំង​នេះ​ជា​ញឹក​ញាប់​ត្រូវ​បំផ្លាញ​ដោយ​សង្គម ប៉ុន្តែ បញ្ហា​អាក្រក់​ជាង​នេះ​នៅ​តែ​មាន។ ពួក​គេ​ជា​ញឹក​ញាប់​មិន​ត្រូវ​បាន​អើពើ​ដោយ​អាជ្ញាធរ​ដែល​ទទួល​ខុស​ត្រូវ»។

លោក បេ ទាឡេង នាយក​ប្រតិបត្តិ​នៅ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​ក្រសួង មហាផ្ទៃ​ថ្លែង​ថា អាជ្ញាធរ​ដឹង​ថា មាន​កុមារ​លើស​អាយុ​បន្ត​នៅ​ក្នុង​ពន្ធនាគារ។

លោក​ថ្លែង​ថា៖ «យើង​ពិត​ជា​ចង់​ឲ្យ​ក្មេង​ទាំង​នោះ​នៅ​ក្រៅ​ពន្ធនាគារ ប៉ុន្តែ​នៅ​ខាង​ក្រៅ​មិន​មាន​នរណា​ទទួល​ខុស​ត្រូវ​មើល​ថែ​ពួកគេ​ដោយ​មនោសញ្ចេតនា​យើង​អនុញ្ញាត​តាម​ការ​សុំ​ពី​ម្តាយ»។

លោក បន្ថែម​ថា កុមារ​លើស​អាយុ​ត្រូវ​បាន​ឲ្យ​ទៅ​រៀន​នៅ​សាលា​ខាង​ក្រៅ​ពន្ធនាគារ ហើយ​អាជ្ញាធរ​កំពុង​ពិភាក្សា​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដើម្បី ជួយ​កុមារ​ក្នុង​ពន្ធនាគារ​បន្ថែម​ទៀត។

រដ្ឋ​ផ្តល់​ថវិកា​ឲ្យ​អ្នក​ទោស​ម្នាក់ៗ​គឺ ២ ៨០០ រៀល ក្នុង ១ ថ្ងៃ​ខណៈ​កុមារ​មក​នៅ​នឹង​ម្តាយ​ឲ្យ ១ ៤០០ រៀល៕ PS

អត្ថបទគួរចាប់អារម្មណ៍