ភ្នំពេញៈ អង្គការលីកាដូបានប្រកាសលុបចោលនូវការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូនៅតាមពន្ធនាគារចំនួន ១៨ កន្លែងក្នុងប្រទេសកម្ពុជាជាលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំមកនេះដោយថាលក្ខខណ្ឌរឹតត្បិតពេករបស់អគ្គនាយកដ្ឋានពន្ធនាគារបានធ្វើឲ្យការប្រារព្ធពិធីនេះក្លាយជាគ្មានអត្ថន័យ។
សេចក្តីថ្លែងការណ៍របស់អង្គការលីកាដូចេញផ្សាយកាលពីម្សិលមិញបានឲ្យដឹងថាក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះជារៀងរាល់ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូគឺអង្គការលីកាដូតែងតែមានការចែកជូនកញ្ចប់អាហារឧបត្តម្ភតិចតួចទៅដល់ជនជាប់ឃុំទាំងអស់ និងមានកម្មវិធីកម្សាន្តសប្បាយផ្សេងៗដូចជាការលេងល្បែងកម្សាន្ត ការរាំរបាំ និងកម្មវិធីសម្តែងផ្សេងៗប៉ុន្តែសម្រាប់ឆ្នាំនេះដោយមានការដាក់លក្ខខណ្ឌតឹងតែងពេកចំពោះសកម្មភាពទាំងនោះទើបលីកាដូសម្រេចផ្អាកសកម្មភាពរបស់ខ្លួនក្នុងការប្រារព្ធទិវានេះ។
អ្នកសម្របសម្រួលបច្ចេកទេសអង្គការលីកាដូលោក អំ សំអាត បានឲ្យដឹងថាលក្ខខណ្ឌតឹងតែងនោះគឺនាយកដ្ឋានពន្ធនាគារបានសម្រេចឲ្យតំណាងរបស់លីកាដូត្រឹម ១០ នាក់ចូល និងមិនឲ្យចែកអាហារឧបត្ថម្ភដល់អ្នកជាប់ឃុំដោយផ្ទាល់ទេ និងមិនអនុញ្ញាតឲ្យមានកិច្ចសំណេះសំណាល ឬការជជែកគ្នានោះឡើយ។
លោកថា៖ «កន្លងមកគឺមិនធ្លាប់មានបញ្ហានេះទេតែការរឹតត្បិតនេះបានកើតឡើងម្តងហើយកាលពីទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនាហើយលីកាដូគិតថាគ្រាន់តែជាការរឹតត្បិតបណ្តោះអាសន្នប៉ុណ្ណោះព្រោះនៅទិវាកុមារអន្តរជាតិ ១ មិថុនាគឺមិនមានការរឹតត្បិតទេប៉ុន្តែឥឡូវ ១០ ធ្នូបែរជារឹតទៀត»។
សេចក្តីថ្លែងការណ៍នោះបន្តថាការហាមឃាត់គ្រប់ទម្រង់សកម្មភាពនៅក្នុងពន្ធនាគារហាក់ដូចជាគ្មានការធានាឲ្យបានជាក់លាក់ថាជនជាប់ឃុំទាំងនោះអាចមានពេលចេញពីបន្ទប់ឃុំឃាំងឲ្យបានគ្រប់គ្រាន់នោះទេហើយការមិនអនុញ្ញាតឲ្យលីកាដូបានចែកជូនសម្ភារដល់ជនជាប់ឃុំដោយផ្ទាល់គឺមិនអាចធានាថាជនជាប់ឃុំទាំងនោះបានទទួលឬអត់នោះទេ។
ភ្នំពេញប៉ុស្តិ៍មិនអាចសុំការឆ្លើយតបពីអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃលោក គុយ ប៊ុនសន បានទេកាលពីម្សិលមិញប៉ុន្តែលោកស្រី សុខ សម្បត្តិ អគ្គនាយករងបានឲ្យដឹងថាមិនមានដាក់លក្ខខណ្ឌហាមឃាត់ចំពោះការប្រារព្ធពិធីនេះឡើយគ្រាន់តែស្នើសុំកិច្ចសហការ និងរបាយការណ៍ជាក់លាក់តែប៉ុណ្ណោះ។
លោកស្រីថា៖ «លីកាដូបានសហការជាមួយអគ្គនាយកដ្ឋានជាង ២០ ឆ្នាំពិតមែនតែមិនបានចុះកិច្ចព្រមព្រៀងទេចំណែកអង្គការផ្សេងៗគឺមានកិច្ចព្រមព្រៀង។ លីកាដូ មិនមានរបាយការណ៍សកម្មភាពច្បាស់លាស់ហើយការជួយដល់អ្នកទោសគឺពួកគាត់ហាក់រើសមនុស្សមិនជួយទូទៅនោះទេ។ យើងគ្រាន់តែចង់ឲ្យគាត់ធ្វើកិច្ចសន្យាសហការធ្វើលិខិតរាយការណ៍ពីសកម្មភាពតួលេខការចំណាយតែគាត់អត់ព្រម»។
លោកស្រី សុខ សម្បត្តិ បន្ថែមថាបច្ចុប្បន្ននេះអគ្គនាយកដ្ឋានពន្ធនាគារបានកំពុងប្រឹងប្រែងអនុវត្តការងារជួយដល់អ្នកទោសតាមលទ្ធភាពរបស់ខ្លួន និងបានព្រមាននូវរាល់មន្ត្រីដែលអនុវត្តមិនសមរម្យដល់អ្នកទោសទៀតផង។
លោកស្រីថា៖ «យើងសប្បាយចិត្តបើមានការសហការជួយដល់អ្នកទោសតែការចោទប្រកាន់ ឬស្តីបន្ទោសគប្បីមើលពីចំណុចល្អផងពួកយើងបានប្រឹងប្រែងធ្វើការណាស់ទារុណកម្មអីគឺគ្មាននោះទេ»។
តបនឹងការលើកឡើងនេះលោក អំ សំអាត បញ្ជាក់ថាលីកាដូមិនដែលបានរើសអើសទៅលើជនជាប់ឃុំទាំងនោះទេហើយជាគោលការណ៍មនុស្សធម៌របស់លីកាដូគឺជួយដល់អ្នកដែលខ្វះខាតខ្លាំងសកម្មជនសិទ្ធិមនុស្ស និងសកម្មជនរបស់គណបក្សនយោបាយដែលត្រូវបានចាប់ឃុំជាមុន៕