ភ្នំពេញៈ អង្គការលីកាដូបានធ្វើការអំពាវនាវជាថ្មីម្តងទៀតដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យបង្ហាញឲ្យបានពេញលេញនូវការផ្តល់ដីសម្បទានសេដ្ឋកិច្ចទាំងអស់ដែលបានផ្តល់រួចហើយបន្ទាប់ពីខ្លួនបានធ្វើការប្រមូលទិន្នន័យអស់រយៈពេល ៥ ឆ្នាំបានរកឃើញថា រដ្ឋាភិបាលមិនទាន់បានបង្ហាញឲ្យបានពេញលេញនូវទំហំនៃការផ្តល់ដីសម្បទានសេដ្ឋកិច្ចនៅឡើយ។
នៅក្នុងសេចក្តីផ្តើមដែលនិយាយអំពីដីសម្បទាននៅក្នុងប្រទេសកម្ពុជាបានឲ្យដឹងថា អង្គការ លីកាដូ កំពុងចេញផ្សាយនូវទិន្នន័យរបស់ខ្លួនអំពីដីសម្បទាន និងធ្វើការអំពាវនាវជាថ្មីម្តងទៀតដល់រាជរដ្ឋាភិបាលសូមមេត្តាបង្ហាញឲ្យបានពេញលេញនូវដីសម្បទានទាំងអស់។
លីកាដូ បានលើកឡើងថា៖ «យើងខ្ញុំសង្ឃឹមថាព័ត៌មានទាំងនេះអាចជួយដល់ដំណើរការនៃការពិភាក្សាលើប្រធានបទដីសម្បទាន និងផលប៉ះពាល់របស់វា»។
នៅក្នុងរបាយការណ៍នោះបានលើកឡើងថាមកទល់ពេលនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញផ្សាយនូវបញ្ជីឈ្មោះក្រុមហ៊ុនមួយដែលមានលក្ខណៈមិនពេញលេញ។ រីឯ ក្រសួងបរិស្ថានរឹតតែអនុវត្តតិចជាងក្រសួងកសិកម្មទៅទៀតដោយគ្រាន់តែបង្ហាញចំនួនក្រុមហ៊ុនសរុបដែលពាក់ព័ន្ធ និងចំនួនសរុបដីសម្បទានដែលត្រូវបានផ្តល់។
នៅក្នុងរបាយការណ៍ថា៖ «ក្រសួងទាំងពីរមិនបានបង្ហាញនូវទីតាំងជាក់លាក់នៃដីចំនួន ២ លានហិកតាដែលជាដីសម្បទានសេដ្ឋកិច្ចផងដែរ។ ការពិនិត្យត្រឹមត្រូវមួយអាចនឹងត្រូវបានអនុវត្តប្រសិនបើរាជរដ្ឋាភិបាលបង្ហាញឲ្យបានពេញលេញនូវការផ្តល់ដីសម្បទានរបស់ខ្លួនទាំងអស់ជាសាធារណៈ»។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូបានថ្លែងឲ្យដឹងថាអង្គការលីកាដូបានប្រមូល និងរៀបចំទិន្នន័យអំពីដីសម្បទានអស់រយៈពេល ៥ ឆ្នាំមកហើយប៉ុន្តែដោយសារតែការនៅមិនមានតម្លាភាពរបស់រាជរដ្ឋាភិបាលទិន្នន័យនេះនៅមិនទាន់ពេញលេញ និងអាចមានភាពមិនច្បាស់លាស់មួយចំនួន។
លោកថា៖ «រដ្ឋាភិបាលគួរតែបង្ហាញព័ត៌មានឲ្យបានច្បាស់លាស់ជាពិសេសដាក់នៅតាមគេហទំព័ររបស់ខ្លួនដើម្បីងាយស្រួលស្វែងរកព័ត៌មានពិត។ សព្វថ្ងៃនេះយើងពិបាករកព័ត៌មានបំផុត»។
លោកបានឲ្យដឹងទៀតថានៅក្នុងរបាយការណ៍នោះយើងបានរកឃើញថារដ្ឋាភិបាលបានផ្តល់ដីសម្បទានសរុបចំនួន ២០៩៩ ៣៤៦ ហិកតា ទៅឲ្យក្រុមហ៊ុនឯកជនចំនួន ២៧០ ហើយក្នុងចំណោមក្រុមហ៊ុនសរុបទាំងនោះក្រុមហ៊ុនខ្មែរទទួលបានចំនួន ១១២ ក្រុមហ៊ុនលើផ្ទៃដី ៩០៦ ១៦១ ហិកតា។ ចំណែកឯ ក្រុមហ៊ុនបរទេសចំនួន ១៥៨ លើផ្ទៃដីសរុប ១ ១៩៣ ១៨៥ ហិកតាក្រុមហ៊ុនវៀតណាម និងចិនទទួលបានច្រើនជាងគេ។ គឺក្រុមហ៊ុនវៀតណាមមានចំនួន ៥៦ ក្រុមហ៊ុនលើផ្ទៃដីសរុប ៣៦៣ ៥៦០ ហិកតា។ ចំណែកឯ ក្រុមហ៊ុនចិនមានចំនួន ៤០ លើផ្ទៃដីសរុប ៣៥៥ ៥០៧ ហិកតា។
លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន និងលោក ឡោ រស្មី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទពុំអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានទេ។
លោក ស្រ៊ុន ដារិទ្ធិ នាយ ខុទ្ទកាល័យក្រសួងបរិស្ថានបានថ្លែងថា លោកពុំមានអ្វីដែលត្រូវលាក់បាំងនោះទេនៅពេលដែលមានព័ត៌មានទាក់ទងទៅនឹងដីសម្បទានសេដ្ឋកិច្ចគឺតែងតែអញ្ចើញសារព័ត៌មាន និងចេញសេចក្តីប្រកាសព័ត៌មានរាល់លើកគឺមិនដែលមានលាក់ព័ត៌មានអ្វីនោះទេប៉ុន្តែនោះគឺជាសិទ្ធិរបស់គាត់ក្នុងការនិយាយ។
លោកថា៖ «នៅពេលណាដែលមានព័ត៌មានអ្វីថ្មីគឺយើងតែងតែ Update រហូតយើងមិនដែលលាក់លៀមទេ។ តម្លាភាពនោះយើងមិនដឹងថាគាត់ចង់និយាយថាម៉េចទេ? តើយើងត្រូវតែឲ្យមនុស្សគ្រប់រូបដឹងព័ត៌មានលម្អិតដល់សាធារណជនទាំងអស់ឬ? តើអង្គការរបស់គាត់មានដែលធ្វើឲ្យមានតម្លាភាព និងប្រាប់សាធារណជនលម្អិតដែរឬទេ?»។
យោងទៅតាមរបាយការណ៍វិភាគរបស់អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាដែលបានចេញផ្សាយថ្ងៃទី ២២ កញ្ញា បានឲ្យដឹងថា នៅឆ្នាំ ២០១៤ វិវាទដីធ្លីមានចំនួន ៣៥២ ករណីក្នុងនោះ ៦៨ ករណីត្រូវបានដោះស្រាយទាំងស្រុងហើយរាជធានីភ្នំពេញនៅតែជាកន្លែងដែលមានអត្រាវិវាទដីធ្លីកើតឡើងខ្ពស់បំផុតបើធៀបនឹងបណ្តារាជធានីខេត្តទាំង ២៥ ដែលមានបញ្ហាជម្លោះដីធ្លី។
របាយការណ៍ថា៖ «សម្បទានដីសេដ្ឋកិច្ចគឺជាមូលហេតុចម្បងនៃវិវាទដីធ្លីដែលគិតមកដល់ខែកញ្ញានេះវិវាទដីធ្លីមានចំនួនខ្ពស់រហូតដល់ ៨៦ ករណីដែលបណ្តាលមកពីដីសម្បទានសេដ្ឋកិច្ចហើយតាមរយៈវិវាទនេះមានចំនួន ១៧ ១៥០ គ្រួសារស្មើនឹងចំនួន ៧៨ ៨៩០ នាក់ដែលរងផលប៉ះពាល់»៕