ភ្នំពេញៈ អតីតឧបនាយករដ្ឋមន្ត្រី លោក លឺ ឡាយស្រេង ដែលត្រូវបង់សំណង ១២ ម៉ឺន ៥ ពាន់ដុល្លារទៅលោក ហ៊ុន សែន ដោយសារចាញ់ក្ដី បានស្នើសុំការអធ្យាស្រ័យពីលោកនាយករដ្ឋមន្ត្រីដោយលោកបានសម្ដែងមនោសញ្ចេតនានឹកស្រុកនិងចង់វិលត្រឡប់មកកម្ពុជាវិញក្រោយពេលគេចខ្លួនរយៈពេល ២ ឆ្នាំ។
លោកបានថ្លែងបែបនេះតាមរយៈគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃព្រហស្បតិ៍ចុងសប្ដាហ៍មុនថា លោកនឹកស្រុក ហើយចង់វិលមកវិញឆាប់ៗនេះ ប្រសិនបើលោកនាយករដ្ឋមន្ត្រីអភ័យទោសឲ្យលោក។
លោកបានថ្លែងថា៖ «គួរឲ្យស្រណោះចាស់ម្នាក់ ធ្វើខុសបន្តិចបន្តួចរត់មកនៅប្រទេសគេ ហើយប្រទេសគេនេះមិនដូចប្រទេសយើង នឹកបងប្អូនណាស់ នឹកប្រទេសជាតិណាស់។ មិនដឹងជាថ្ងៃណានឹងបានចូលទៅវិញឬក៏ចោលឆ្អឹងនៅស្រុកគេក៏មិនដឹង ព្រោះចេះតែមានជំងឺមានអីផង»។
លោកបានបន្តថា៖ «ខ្ញុំបាននិយាយច្រើនដងហើយ សុំឲ្យសម្ដេចនាយកអនុគ្រោះនិយាយខុសត្រូវអី ខុសអីតិចតួចហ្នឹងទុកជាមោឃៈទៅ។ អនុញ្ញាតឲ្យខ្ញុំទៅស្រុកវិញទៅពីព្រោះខ្ញុំបានបម្រើជាមួយសម្ដេចហ្នឹង ៣ អាណត្តិមកហើយ ខ្ញុំបាននិយាយច្រើនដងហើយរឿងហ្នឹង»។
សំណេររបស់លោក លឺ ឡាយស្រេង ដែលមិនបានបញ្ជាក់ថា នៅប្រទេសណាមួយឲ្យច្បាស់ តែទំនងនៅប្រទេសជិតខាងកម្ពុជានោះ លោកបានស្នើថា លោកចង់ត្រឡប់មកស្រុកវិញមុនចូលឆ្នាំខ្មែរ ព្រោះលោកនឹកវត្តនឹកវ៉ានិងខានបានធ្វើពិធីឆេងម៉េង ២ ឆ្នាំមកហើយ។ លោកថា នៅស្រុកគេ លោកជួលផ្ទះ ១ ខែ ២០០ ដុល្លារ ដោយមិនទាន់គិតថ្លៃទឹកភ្លើង និងថាពិបាករស់នៅ។
លោកបានបង្ហាញអារម្មណ៍ថា៖ «មិនគួរណា ធ្លាប់អតីតឧបនាយករដ្ឋមន្ត្រីប៉ុណ្ណឹង មកជួលផ្ទះ ២០០ ដុល្លារបងប្អូន។ ២០០ ដុល្លារ (ស្មើ) ៦ ពាន់បាត ហើយថា និយាយអ៊ីចឹងៗអត់ខ្លាច ហ៊ុន សែន ចាប់ទេ? ទេលោកអើយលោក មនុស្សមិនមែនចេះតែចាប់ៗឯណា? ខ្ញុំមនុស្សមានពិសពីណា? ខ្ញុំមានពិសតែមាត់ទេ។ មាត់ជួនណាឃើញម៉េចនិយាយអ៊ីចឹង ត្រង់នឹងមាត់ ស្លាប់នឹងមាត់ ស្លាប់នឹងសម្ដី។ អត់មានទៅចង់សម្លាប់ពីណា អីពីណាអត់ ចង់បានតែស្រុកហ្នឹងបានល្អស្រុកជឿនលឿនទៅ»។
លោក លឺ ឡាយស្រេង បានជាប់បណ្ដឹងចំនួន ៣ នៅឆ្នាំ ២០១៧ ក្រោយពេលលោកសន្ទនាឯកជនជាមួយ លោកស្រី គី លំអង ដែលបន្ទាប់មកបានបែកធ្លាយសារសន្ទនានោះប្រមាថអង្គព្រះមហាក្សត្រ។
លោកក៏ត្រូវបានប្ដឹងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈមេធាវីតំណាងករណីដែលថាលោកនាយករដ្ឋមន្ត្រីបានសូកប៉ាន់ឲ្យគណបក្សហ៊្វុនស៊ិនប៉ិចទទួលយកកៅអីទំនេរក្រោយគណបក្សសង្គ្រោះជាតិរំលាយ។
ទន្ទឹមនឹងនោះ លោកក៏ត្រូវបានគណបក្សហ៊្វុនស៊ិនប៉ិចចោទប្រកាន់ពីបទបរិហារកេរ្តិ៍ផងដែរ ដោយសារការលើកឡើងថា អ្នកដែលទទួលតំណែងតំណាងរាស្រ្តពីគណបក្សសង្គ្រោះជាតិត្រូវផ្ដល់ប្រាក់ ២ ម៉ឺនដុល្លារម្នាក់ទៅមេដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច។
កាលពីដើមឆ្នាំមុន លោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសឲ្យសងជំងឺចិត្ត ៥០០ លានរៀលឬ ១២ ម៉ឺន ៥ ពាន់ដុល្លារ លើបណ្ដឹងរបស់លោក ហ៊ុន សែន។
ក្នុងឃ្លីបកាលពីថ្ងៃព្រហស្បតិ៍ លោក លឺ ឡាយស្រេង បានអះអាងថា លោកឈប់និយាយរឿងនយោបាយទៀតហើយ ព្រោះលោកនិយាយចង់ឲ្យខ្មែរល្អទាំងអស់គ្នា។ ប៉ុន្តែឥឡូវមកដល់ពេលនេះម្ខាងៗគឺនិយាយគ្នាស្ដាប់លែងបានហើយ។
លោក លឺ ឡាយស្រេង មិនអាចសុំបញ្ជាក់បន្ថែមបានទេកាលពីម្សិលមិញ។ប៉ុន្តែ លោកបានថ្លែងនៅចុងបញ្ចប់នៃវីដេអូឃ្លីបថា៖ «ទីបញ្ចប់ម្ដងទៀត សម្ដេចអើយ ធ្លាប់ធ្វើការជាមួយគ្នាដែរ គួរណាស់អនុគ្រោះឲ្យខ្ញុំទៅស្រុកវិញទៅ បានទៅរួបរួមជាមួយប្រទេសជាតិ ជាមួយបងប្អូនទាំងអស់»។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយបានថ្លែងថា សាររបស់លោក លឺ ឡាយស្រេង មិនបានបដិសេធលើការសម្រេចរបស់តុលាការទេ ប៉ុន្តែលោកគ្រាន់តែសុំការអធ្យាស្រ័យពីលោកនាយករដ្ឋមន្ត្រី ហើយអនុញ្ញាតឲ្យលោកបង់ប្រាក់បន្តិចបន្តួចដើម្បីជានិមិត្តសញ្ញានៃសំណង ជាជាងការបង់ប្រាក់ទាំង ៥០០ លានរៀល។
លោកថ្លែងថា៖ «ខ្ញុំបានត្រឹមតែបន្ថែមការអំពាវនាវសម្រាប់គាត់ដល់លោកនាយករដ្ឋមន្ត្រី ឲ្យគាត់បង្ហាញក្តីអាណិតដល់សហការីដែលមានវ័យចំណាស់ម្នាក់នេះ ដែលមានចិត្តស្មោះត្រង់ ហើយជាមនុស្សដែលប្រាថ្នាចង់រស់នៅជីវិតចុងក្រោយរបស់ខ្លួនលើទឹកដីជាទីស្រឡាញ់របស់លោក»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងកាលពីម្សិលមិញថា លោក លឺ ឡាយស្រេង អាចត្រឡប់មកស្រុកខ្មែរគ្រប់ពេលដែលគាត់ចង់ ដើម្បីចូលរួមនីតិវិធីតុលាការលើសំណុំរឿងដែលនៅដំណើរការនៅតុលាការ។ ប្រសិនបើមានសំណុំរឿងណាដែលចូលស្ថាពរហើយ លោកអាចស្នើសុំលើកលែងទោសពីព្រះមហាក្សត្រតាមរយៈសំណើទៅនាយករដ្ឋមន្ត្រី៕