ភ្នំពេញៈ ក្រសួងបរិស្ថាន​លើកទឹកចិត្ត​មន្ត្រី​ជំនាញ​ក្នុង​ស្ថាប័ន​របស់ខ្លួន​ឲ្យ​ចូលរួម​ដាក់​ពាក្យ​ចូលរៀន​វគ្គ​បណ្ដុះបណ្ដាល​លើ​មុខជំនាញ​ចំនួន ​៣ នៅ​សាកលវិទ្យាល័យ Dresden នៃ​ប្រទេស​អាល្លឺម៉ង់ ខណៈ​មានការ​ប្រកាស​បើក​ការបណ្តុះបណ្តាល​ពី​ស្ថាប័ន​អប់រំ​របស់​ប្រទេស​មួយ​នេះ​សម្រាប់​មន្ត្រី​ជំនាញ​គ្រប់គ្រង​ជាន់ខ្ពស់​។

វគ្គ​បណ្តុះបណ្តាល​នេះ សហការ​រៀបចំ​ឡើង​ដោយ​អង្គការ UNEP អង្គការ UNESCO និង​ក្រសួងបរិស្ថាន ការអភិរក្ស​ធម្មជាតិ និង​សុវត្ថិភាព​នុយក្លេអ៊ែរ​នៃ​សហព័ន្ធ​អាល្លឺម៉ង់ (German Federal Ministry for the Environment, Nature Conservation and Nuclear Safety) ។

យោងតាម​សេចក្ដី​ជូនដំណឹង​ស្ដីពី​ «​វគ្គ​សិក្សា​អំពី​ការគ្រប់គ្រង​បរិស្ថាន​សម្រាប់​ឆ្នាំ​ ២០២០-២០២១» ​របស់​ក្រសួងបរិស្ថាន​ចុះ​ថ្ងៃទី​ ២៣ មីនា ឆ្នាំ​ ២០២០ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ថ្ងៃទី​ ៣០ មីនា គឺ​មុខជំនាញ​ទាំង​ ៣ ​ដ៏​មាន​សារៈសំខាន់​នោះ​រួមមាន ការគ្រប់គ្រង​ធនធានទឹក​ចម្រុះ​ (Integrated Water Resources Management) ​ភាព​ចល័ត​ប្រកបដោយ​និរន្តរភាព​ (Sustainable Mobility) ​និង​ការគ្រប់គ្រង​បរិស្ថាន​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ (Environmental Management for developing country)​។

បើ​តាម​សេចក្ដី​ជូនដំណឹង​នោះ​វគ្គសិក្សា​រយៈពេល​ខ្លី​លើ​មុខជំនាញ​ស្ដីពី​ការគ្រប់គ្រង​ធនធាន​ទឹក​ចម្រុះ​នឹង​ត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​ ២៦ ខែ​សីហា ដល់​ថ្ងៃទី​ ២២ ខែកញ្ញា ២០២០​។ មុខជំនាញ​ស្ដីពី​ភាព​ចល័ត​ប្រកប​ដោយ​និរន្តរភាព​នឹង​ត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​ ១៣ ខែ​វិច្ឆិកា​ដល់​ថ្ងៃទី​ ៩ ខែធ្នូ ឆ្នាំ​ ២០២០​។ រីឯ​មុខជំនាញ​ស្ដីពី​ការគ្រប់គ្រង​បរិស្ថាន​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​នឹងត្រូវ​ចាប់ផ្តើម​ធ្វើ​ពី​ថ្ងៃ​ទី​ ១៣ មករា ដល់ ថ្ងៃទី ​១៥ កក្កដា ឆ្នាំ​ ២០២១​។

សេចក្ដី​ជូនដំណឹង​បញ្ជាក់ថា​៖ «​ការចំណាយ​លើ​សំបុត្រ​យន្តហោះ​ទៅមក និង​ការ​ស្នាក់នៅ​រួមទាំង ការចំណាយ​ប្រចាំថ្ងៃ និង​ការធានា​រ៉ាប់រង​សុខភាព​ជា​បន្ទុក​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​»​។

ទោះយ៉ាងណា សិក្ខាកាម​ដែល​អាចដាក់​ពាក្យ​ចូលរួម​ក្នុង​វគ្គ​សិក្សា​លើ​មុខជំនាញ​ទាំងនេះ​គឺជា​មន្ត្រី​ជំនាញ​គ្រប់គ្រង​ជាន់ខ្ពស់ ដែល​រៀបចំ និង​អនុវត្ត​សេចក្តី​សម្រេច​នយោបាយ​ក៏ដូចជា​អ្នក​ធ្វើ​សេចក្តី​សម្រេច​នៅក្នុង​ក្រសួង​អាជ្ញាធរ​រដ្ឋាភិបាល​មូលដ្ឋាន​។ ក្រៅពីនេះ​ស្ថាប័ន​មិនមែន​រដ្ឋាភិបាល​នៃ​ប្រទេស​កំពុងអភិវឌ្ឍន៍​ (​រួមទាំង​សេដ្ឋកិច្ច​ឧស្សាហកម្ម​ថ្មីៗ​) ដែល​ធ្វើការ​លើ​ការការពារ​ធនធានទឹក​ ឬ​ជា​អ្នកជំនាញ​គ្រប់គ្រង​ជាន់ខ្ពស់​ដែល​មាន​ប្រវត្តិ​បច្ចេកទេស​ខាង​ចរាចរណ៍ និង​នគរូបនីយកម្ម​។ នេះ​បើ​យោង​តាម​លក្ខខណ្ឌ​របស់​សាកលវិទ្យាល័យ Dresden ដែល​បាន​ចុះផ្សាយ​ជា​សាធារណៈ​នៅ​លើ​គេហទំព័រ www.tu-dresden.de/bu/umwelt/cipsem​។

ជុំវិញ​សេចក្ដី​ជូនដំណឹង​នេះ​លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា វគ្គ​សិក្សា​លើ​មុខជំនាញ​ទាំង​ ៣ ​ខាង​លើ​នេះ​នឹង​ជួយ​ពង្រឹងសមត្ថភាព​របស់​មន្ត្រីរាជការ​។ ជាពិសេស​មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន​ឲ្យ​ស្រប​ទៅ​នឹង​ការវិវឌ្ឍ​ថ្មី​នៃ​បច្ចេកវិទ្យា​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​បរិស្ថាន​ផង និង​ដើម្បី​ធ្វើ​ទំនើបកម្ម​ស្ថាប័ន​នេះ​ផង​។

លោក​ថ្លែងថា ក្រោយពី​មានការ​ផ្សព្វផ្សាយ​នូវ​ដំណឹង​នេះ​មាន​មន្ត្រី​ជាច្រើន​នៃ​ក្រសួងបរិស្ថាន​ចាប់​អារម្មណ៍​លើ​វគ្គសិក្សា​នេះ​។ ប៉ុន្តែ​ពេលនេះ​ក្រសួង​នៅ​មិនទាន់​ដឹង​ពី​ចំនួន​អ្នក​ដែល​បាន​ចូលទៅ​កាន់​គេហទំព័រ​របស់​សាកលវិទ្យាល័យ Dresden នោះ​ដើម្បី​បំពេញ​ពាក្យ​ចូលរួម​វគ្គសិក្សា​នោះ​នៅឡើយ​ទេ​។

លោក ​ភក្ត្រា ​បញ្ជាក់​ថា​៖ «​ការពង្រឹង​សមត្ថភាព​មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន​មិនមែន​ផ្ដោត​សំខាន់​ទៅលើ​ការបញ្ជូន​មន្ត្រី​ឲ្យ​ទៅ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នៅក្រៅ​ប្រទេស ដើម្បី​ដកស្រង់​បទពិសោធ​ពី​ក្រៅប្រទេស​នោះទេ តែ​ក្នុង​ក្របខ័ណ្ឌ​ជាតិ​របស់​យើង​ក៏​ក្រសួងបរិស្ថាន​បាន​សហការ​ជាមួយ​សាលា​ភូមិន្ទ​រដ្ឋបាល​នៃ​ក្រសួង​មុខងារសាធារណៈ បើក​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​របស់​យើង​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ផងដែរ​»​។

បើតាម​លោក​ ភក្ត្រា ក្រសួងបរិស្ថាន​សហការ​ជាមួយ​សាលាភូមិន្ទ​រដ្ឋបាល​នៃ​ក្រសួង​មុខងារសាធារណៈ បើក​វគ្គ​បណ្ដុះបណ្ដាល​មុខជំនាញ​ដល់​មន្ត្រី​សកម្ម​នៃ​បណ្ដា​មន្ទីរ​អង្គភាព​ក្រោម​ចំណុះ​ក្រសួងបរិស្ថាន​តាំងពី​ឆ្នាំ​ ២០១៥ មក​ម្ល៉េះ​៕