ភ្នំពេញៈ ខណៈ​នៅសល់​ប្រមាណ ២០ ថ្ងៃ​លទ្ធផល​នៃ​ការ​ភ្នាល់​គ្នា​រវាង​លោក​នាយក​រដ្ឋមន្ត្រី និង​លោក សម រង្ស៊ី រឿង​ដោះ​លែង​លោក​ កឹម សុខា ​នឹង​មក​ដល់​នោះ សារ​ចម្រៀង​ដែល​ទំនង​សំដៅ​លើ​លោក សម រង្ស៊ី ​បាន​លេច​ឡើង​ស្រប​ពេល​ដែល​អ្នក​វិភាគ​ខ្លះ​យល់​ថា លោក កឹម សុខា នឹង​មិន​ត្រូវ​បាន​ដោះ​លែង ខណៈ​ខ្លះ​រិះគន់​ចំពោះ​ការ​យក​សេរីភាព​មនុស្ស​ម្នាក់​មក​ធ្វើ​ជា​ល្បែង​ភ្នាល់​គ្នា​នេះ។

ការ​ភ្នាល់​គ្នា​លើ​សេរីភាព​លោក កឹម សុខា នេះ ធ្វើឡើង​កាលពី​ខែវិច្ឆិកា ដោយ​លោក សម រង្ស៊ី បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថា លោក​សុខ​ចិត្ត​ចូល​មក កម្ពុជា​ឲ្យ​គេ​ចាប់​ខ្លួន ប្រសិន​បើ​លោក កឹម សុខា មិន​ទទួល​បាន​ការ​ដោះ​លែង​នៅ​ថ្ងៃទី ២៩ ធ្នូ​ឬ​យ៉ាង​យូរ​ត្រឹម​ថ្ងៃទី ៣ មីនា ២០១៩។លោក សម រង្ស៊ី លើក​ឡើង​ដូច្នេះ​គឺ​សំអាង​លើ​នីតិវិធី​នៃ​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ដែល​ច្បាប់​កំណត់​ត្រឹម ១៨ ខែ។

ក៏ប៉ុន្តែ​លោក កឹម សុខា ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង​កាលពី​ថ្ងៃ ១០ កញ្ញា ២០១៨ តែ​ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​តុលាការ។ ឆ្លើយ​តប​នឹង​ការ​ភ្នាល់​របស់​លោក សម រង្ស៊ី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​យក​លក្ខខណ្ឌ​នោះ​ដោយ​ថ្លែង​ថា លោក​នឹង​ចុះ​ចេញ​ពី​តំណែង បើ​លោក កឹម សុខា ត្រូវ​បាន​ដោះ​លែង​ក្នុង​អំឡុង​ពេល​នៃ​ការ​ភ្នាល់​មែន។

ខណៈ​សារព័ត៌មាន Fresh News បានចាប់ផ្ដើម​រាប់​ថយ​ក្រោយ​ទៅរក​ថ្ងៃ​កំណត់​នៃ​ការ​ភ្នាល់​នោះ លោក ហ៊ុន សែន ក៏បាន​តែង​ចម្រៀង ១ បទ​ដែរ​ដែល​អ្នក​វិភាគ​យល់​ថា​ធ្វើ​ឡើង​ដើម្បី​ឌឺដង​លោក សម រង្ស៊ី។ ដោយ​ហៅ​ខ្លួន​ឯង​ថា​ជា​កវី​ពី​ឆ្នេរ​សមុទ្រ​នោះ លោក ហ៊ុន សែន សរសេរ​ថា៖ «ទទា​យំ​ឆ្លង​ត្រយង​បង​អើយ​អត់​ឆ្លើយ (២ ដង) សង្សារ​បង​អើយ​ដល់​ពេល​ហើយ​ឬ​នៅ? ចិត្ត​អូន​ចិត្ត​ដាច់​ដោយសារ​ចិត្ត​បង​ចិត្ត​ខ្មៅ (២ ដង) ស្ពាន​ក៏​បាក់​ទឹក​ក៏​ជ្រៅ​ធ្វើ​ម្តេច​បាន​ទៅ​តាម​កិច្ច​សន្យា»។

លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ថា ចម្រៀង​នេះ​គឺជា​ភាសា​ឌឺដង​ទៅ​លោក សម រង្ស៊ី។

លោក​ថ្លែងថា៖ «ចម្រៀង​នេះ​បង្ហាញថា លោក សម រង្ស៊ី នឹងមិន​វិលត្រឡប់​មក​វិញ​ដូច​អ្វី​ដែល​គាត់​សន្យា​ក្នុង​ការ​ភ្នាល់​នោះ​ទេ។ខ្ញុំ​ជឿថា គាត់​នឹង​មិន​មក​ទេ កុំ​ថា​ឡើយ​ឌឺដង​ដាក់​គាត់​ប៉ុន​ណា​នោះ សូម្បី​តែ​រុញ​គូទ​ក៏​មិន​មក​ដែរ។ គាត់​មិន​មាន​សេចក្ដី​ក្លាហាន​ហ៊ាន​ប្រឈម​នឹង​ការ​ជាប់​គុក​ដូច​លោក កឹម សុខា ទេ។ ជា​ប្រវត្តិសាស្ត្រ​របស់​គាត់ មិន​ដែល​ប្រឈម​មុខ​ច្បាប់​ទេ»។

ចំណែក​អ្នកវិភាគ​នយោបាយ លោក ឡៅ ម៉ុងហៃ បាន​ថ្កោល​ទោស​ការ​ភ្នាល់​គ្នា​ដោយ​យក​សេរីភាព​លោក កឹម សុខា ជា​ប្រធាន​បទ​នៃ​ការ​ភ្នាល់។

លោក​ថា៖ «វា​ជា​រឿង​អ​សីលធម៌​ហើយ​សូម្បី​តែ​លោក​នាយក​រដ្ឋមន្ត្រី​ដែល​ជា​ភាគី​នៅ​ក្នុង​ការ​ភ្នាល់​នេះ​ក៏បាន​ហៅ​ការ​ភ្នាល់​នេះ​ថា អគុណ​ធម៌»។

លោក​បន្ថែមថា គ្មាន​លទ្ធភាព​ដែល​លោក កឹម សុខា ត្រូវបាន​ដោះលែង​ទេពី​ព្រោះ​បើ​មាន​ការ​ដោះ​លែង​ក្នុង​ចន្លោះ​ពេល​នោះ លោក សម រង្ស៊ី និង​លោក កឹម​ សុខា នឹង​អស់​សំណើច។

លោក គិ​ន ភា យល់ថា លោក សម រង្ស៊ី មិន​ចង់ឃើញ​មានការ​ដោះ​លែង​លោក កឹម សុខា ទេ។ ស្រដៀង​គ្នា​នេះ​ដែរ អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម មាស នី ក៏​យល់​ដែរ​ថា លោក សម រង្ស៊ី ធ្វើ​នេះ​ដើម្បី​ឲ្យ​លោក កឹម សុខា បន្ត​នៅ​ក្នុង​ឃុំ​ដើម្បី​ឲ្យ​មាន​សម្ពាធ​ពី​អន្តរជាតិ ។

ប៉ុន្តែ​លោក​ថា៖ «អ្នក​ដែល​រងគ្រោះ​គឺ​លោក កឹម សុខា ហើយ​គ្រោះថ្នាក់​មួយ​ទៀត​គឺ EBA ត្រូវ​បាន​គេ​ដក។ បញ្ហា​នេះ​នឹង​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដូចជា​ពលរដ្ឋ​កម្ពុជា​ទាំង​មូល។ សង្គ្រោះ​ជាតិ​ប្រឈម​នឹង​ការ​បែក​បាក់​ទាំង​ស្រុង​ដោយសារ​ការ​ភ្នាល់​គ្នា​នេះ។ យើង​ក៏​ឃើញ​មាន​ការ​ឌឺដង​ដាក់​គ្នា​ក្នុង​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ​រវាង​អ្នក​គាំទ្រ​ទាំង​សង​ខាង ហើយ (លោក ហ៊ុន សែន) មិន​មាន​ជម្រើស​អ្វី​ទេ​ក្រៅ​ពី​ឃុំ​លោក កឹម សុខា ដើម្បី​ឈ្នះ​ការ​ភ្នាល់​នេះ»។

ប៉ុន្តែ​លោក ឡៅ ម៉ុងហៃ ថ្លែងថា វា​មិន​ធ្វើ​ឲ្យ​ភាគី​ទាំង ២ បាក់មុខ​មាត់ បាត់បង់​កិត្តិយស ទេ​មាន​ភាព​ក្លាហាន​វិល​ត្រឡប់​ទៅ​រក​វប្បធម៌​នៃ​ការ​សន្ទនា​ដែល​ធ្លាប់​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ ២០១៤ ហើយ​បញ្ចប់​ជម្លោះដែល​កំពុង​កើត​មាន។

លោក​ថា៖ «ពួកគេ​អាចធ្វើ​បែបនេះ​ដោយ​បំណង​គឺ​ដើម្បី​ប្រយោជន៍​ជាតិ​សាសន៍ និង​ដើម្បី​បង្ហាញ​ការ​លះបង់​ដើម្បី​ជាតិ​និង​ជា​កាយ​វិការ​គោរព​ដល់​ព្រះពុទ្ធ​សម្រាប់​ថ្ងៃ​មាឃ​បូជា​នៅ​ថ្ងៃទី ១៩ កុម្ភៈ​នេះ។ អង្គ​ព្រះមហា​ក្សត្រ​អាច​ប្រើ​បុព្វ​សិទ្ធិ​ព្រះអង្គ​ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ដើម្បី​ចាប់​ផ្ដើម​ដំណើរ​ការ​នេះ»។

លោក ​គិ​ន ភា យល់ថា លោក កឹម សុខា នឹង​ត្រូវបាន​ដោះ​លែង​នៅ​ថ្ងៃ​ណាមួយ អាស្រ័យ​លើ​ពេល​វេលា។ លោក​យល់​ថា ពេល​មានការ​ដោះលែង​ជម្រើស​លោក កឹម សុខា មិន​នៅ​ជាមួយ​លោក សម រង្ស៊ី ទៀត​ទេ​គឺ​លោក​អាច​មាន​បក្ស​ថ្មី​មួយ​ជាមួយ​អ្នក​ដែល​ស្មោះ​ស្ម័គ្រ​ជាមួយ​លោក ខណៈ​ដែល​លោក សម រង្ស៊ី បន្ត​នៅ​ក្រៅ​ស្រុក៕