ភ្នំ​ពេញៈ សារព័ត៌​មាន​ហ្វ្រេសញូវ ​​ស្និទ្ធ​នឹង​រដ្ឋាភិបាល​បន្ត​បញ្ចេញ​ឃ្លីប​សំឡេង​​សន្ទនា​រវាង ​លោក ជុន ច័ន្ទ​បុត្រ និង​​ឧត្តម​សេនីយ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ ៧០​ ដោយ​កាត់​សំឡេង​សន្ទនា​ជា​កង់ៗ។ យ៉ាង​ហោច​ណាស់​មាន​ឃ្លីប​មួយ​ប្រហែល​ជា​ត្រូវ​បាន​កាត់​ត។ ​លោក ជុន ច័ន្ទ​បុត្រ​បាន​ថ្លែង​ថា ការ​សន្ទនា​ជាមួយ​ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ គ្រាន់​តែ​ជា​ការងារ​របស់​កាសែត​ក្នុង​ការ​ជួប​ជា​មួយ​ប្រភព​ព័ត៌មាន​ប៉ុណ្ណោះ។

គិត​មក​ត្រឹម​ថ្ងៃ​អាទិត្យ​ទី​ ១ ​ខែ​មេសា​​​នេះ យ៉ាង​ហោច​ណាស់​​ឃ្លីប​សំឡេង​សន្ទនាចំនួន ​៥ ​រវាង​លោក ជុន ច័ន្ទ​បុត្រ និង​ឧត្តម​សេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ ៧០ ត្រូវ​បាន​សារព័ត​មាន ​ហ្វ្រេស​ញូវ​ កាត់​យក​មក​បង្ហោះ​ជា​បន្ត​បន្ទាប់។ ឃ្លីប​សំឡេង​សន្ទនា​លើក​ទី ​១​ត្រូវ​បាន​បង្ហោះ​ កាល​ពី​ថ្ងៃទី​ ២៧ ​មីនា ដែល​នៅ​ក្នុង​ឃ្លីប​នោះ មាន​ការ​និយាយ​អំពី​កម្មវិធី​វិទ្យុ​មួយ​ជាមួយ​លោក​​ កែម ឡី។

នៅ​ក្នុង​ឃ្លីប​នោះ​ លោក​ ជុន ច័ន្ទ​បុត្រ និយាយ​ថា លោក​បាន​​ធ្វើ​​ show មួយ​ជាមួយ​លោក​ កែម ឡី ដែល​ show នោះ​និយាយ​ថា៖ «យើង​សំណាង​ហើយ​ដែល​គណបក្ស​ប្រឆាំង​អត់​ឈ្នះ​ឆ្នោត​ បើ​គណបក្ស​ឈ្នះ​ឆ្នោត​មិន​ដឹង​ថា​ ប្រទេស​ជាតិ​ដល់​ប៉ុណ្ណា​ទេ។ ហើយ​លោក សម រង្ស៊ី អឺ.. គឺ អឺ...​ផ្តាច់​ការ​ជាងលោក ហ៊ុន សែន​ ទៀត​គឺ​ show ខ្ញុំ»។

នៅ​ថ្ងៃទី ​២៨ មីនា ហ្វ្រេសញូវ​ បាន​បញ្ចេញ​ការ​សន្ទនា​អំពី​ការ​ទទួល​លោក ជុន ច័ន្ទ​បុត្រ​ពី​ព្រលាន​យន្ត​ហោះ​ ដោយ​ឲ្យ​កម្លាំង​ស្លៀក​ពាក់​ស៊ីវិល​ក្មេងៗ​ទៅ​ទទួល។ នៅ​ថ្ងៃទី​២៩ មីនា ហ្វ្រេសញូវ​ បាន​បញ្ចេញ​សំឡង​សន្ទានារ​ដែល​ក្នុង​នោះ លោក ច័ន្ទ​បុត្រ​ និយាយថា​ គណបក្ស​ប្រឆាំង​អត់​មាន​គោល​ការណ៍​អ្វី​ក្រៅ​ពី​យក​ពាក្យ​យួន​ទៅ​ប្រើ​នៅក្រៅប្រទេស ដើម្បី​ប្រមូល​លុយ​ពីខ្មែរ​នៅ​ក្រៅ​ប្រទេសតែ​ប៉ុណ្ណោះ។

នៅ​​ថ្ងៃទី​៣០ មីនា នៅ​​ក្នុង​ឃ្លីប​ទី​៤ ដែល​បង្ហោះនោះ​​ លោក ជុន ច័ន្ទ​បុត្រ​និយាយ​ថា គោល​ការណ៍​របស់​អាស៊ី​សេរី​មិន​រាយការណ៍​ពី​អាមេរិកាំង​ទេ ប៉ុន្តែ​មាន​កាសែត​ផ្សេង​ទៀត​ដែល​រាយការណ៍​រិះ​គន់​អាមេរិកាំង។ ចំណែក​ឃ្លីប​វីដេអូ​ចុង​ក្រោយ ដែល​ទម្លាយ​នៅ​ថ្ងៃទី​ ១ ​មេសានេះ ហ្វ្រេស​ញូវ​បញ្ចេញ​សំឡេង​មួយ​ទៀត​ដែល​ទំនង​ជា​មាន​ការ​កាត់​ត។ ក្នុងឃ្លីប​នេះ​ លោក​ជុន ច័ន្ទបុត្រ​និយាយ​ថា លោក​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បីប្រយោជន៍​ជាតិ​ទាំង​មូល មិន​មែន​ដើម្បី​គណបក្ស​ប្រឆាំង​ឡើយ។

លោក​​និយាយ​ថា៖«ស្បថ​ចំពោះ​មុខ​បង​ឲ្យ​ស្លាប់​ អត់​មាន​ទេ។ អត់​ត្រូវ​ការ​អ្វី​ពី​អ្នក​ឯង អត់​ត្រូវ​ការ​ផល​ប្រយោជន៍​ពី​អ្នក​ឯង ឃើញ​ពួក​ខ្ញុំ​ជិត​ស្និទ្ធ​ជាង​អាស៊ីសេរី​ជិត​ស្និទ្ធ​ជាង ធ្វើ​ម៉េច​គេ​ត្រូវ​ការយើង គេ​រត់​មក​រក​យើង​បង។ គេ​រត់​មក​រក​យើង​គេ​ចេះ​ប្រើ​យើង។ ពួក​គណបក្ស​​ប្រឆាំង​គេ​ចេះ​ប្រើ​កាសែតណាស់។ យើង​ណាត់​សុំ​ជួប​គេ​បាន។ យើង​ណាត់​សុំ​ជួប​រដ្ឋាភិបាល​អត់​បាន​ទេ គេ​មើល​មក​យើង​ដូច​គណបក្ស​ប្រឆាំង​បាត់ហើយ​ហ្នឹង»។

នៅ​​ចុង​​បញ្ចប់នៃ​ឃ្លីប​ចុង​​ក្រោយ​នេះ ​ទំនង​ជា​មានការ​កាត់​ត​​​សំឡេង​លោក ជុន ច័ន្ទ​បុត្រ ដោយ​ឃ្លីប​នេះ​បាន​យក​សម្តី​របស់​លោកច័ន្ទ​បុត្រ ​​ដែល​ថ្លែង​ក្នុង​ឃ្លីប​ទី ​១ ដែល​លោក​និយាយ​ថា៖«យើង​សំណាង​ហើយ​ដែល​គណបក្ស​ប្រឆាំង​អត់​ឈ្នះ​ឆ្នោត​ បើ​គណបក្ស​ឈ្នះ​ឆ្នោត​មិន​ដឹង​ថា​ប្រទេស​ជាតិ​ដល់​ប៉ុណ្ណា​ទេ។ ហើយ​លោក សម រង្ស៊ី អឺ.. គឺ អឺ...​ផ្តាច់​ការ​ជាងលោក ហ៊ុន សែន​ ទៀត​គឺ​ show ខ្ញុំ»។

រហូត​មក​ទល់​ពេល​នេះ ភ្នំពេញ ​ប៉ុស្តិ៍​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​​ឧត្តម​សេនីយ៍​ឯក ម៉ៅ សុផាន់ បាន​នៅ​ឡើយ។

​លោក​ ជុន ច័ន្ទបុត្រ​ ដែល​កំពុង​មាន​វត្តមាន​នៅ​ប្រទេស ​អូស្ត្រាលី ​បាន​ថ្លែង​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍ ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ជំនួប​របស់​លោក​ជាមួយ​ឧត្តម​សេនីយ៍ឯក​ ម៉ៅ សុផាន់ គឺ​គ្រាន់​តែ​ជា​ការ​ជួប​ជាមួយ​ប្រភព​ព័ត៌មាន​ដែល​អ្នក​កាសែត​តែង​ធ្វើ​ជា​ធម្មតាប៉ុណ្ណោះ។

លោក​ ជុន ច័ន្ទ​បុត្រ ​ថ្លែង​ថា ឧត្តម​សេនីយ៍ឯក​​ ម៉ៅ សុផាន់ គឺ​ជា​ប្រភព​ព័ត៌មាន​ពី​ខាង​ក្នុង​​រដ្ឋាភិបាល​យ៉ាង​សំខាន់​មួយ​របស់​លោក ​ដោយ​សារ​តែ​​អ្វី​ដែល​ឧត្តម​សេនីយ៍​ ម៉ៅ សុផាន់ បាន​ផ្ញើ​រទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ដូច​ជា​សំឡេង​សន្ទនា​របស់​អ្នក​នយោបាយ​បក្ស​ប្រឆាំង គឺ​លោក ម៉ៅ សុផាន់ ​បាន​ផ្ញើរ​មក​លោក​ដូច​គ្នា តាម​រយៈ​លោក​ រដ្ឋា វិសាល។

លោក ជុន ច័ន្ទ​បុត្រ បន្ត​ថា កាល​ពី​លោក​មក​ស្រុក​ខ្មែរ​ខែ​មីនា ​ឆ្នាំ​មុន លោក​បាន​ជួប​ជាមួយ​ឧត្តម​សេនីយ៍ ម៉ៅ សុផាន់ ដោយ​​មាន​ការអនុញ្ញាត​ពី​ស្នាក់ការ​កណ្ដាល​របស់​អាស៊ី​សេរី ហើយ​​ការ​​សន្ទនា​នោះ​ត្រូវ​បាន​គេ​ថត​សំឡេង​ទុក​ដោយ​ប្រើ​មាន​ទូរស័ព្ទ​ Iphone ចំនួន ​៣​ គ្រឿង​និង​ប្រដាប់​ថត​សំឡេង​មួយ។ លោក​ថា អ្វី​ដែល​ហ្វ្រេសញូវ​បាន​បញ្ចេញ​ត្រូវ​បាន​គេ​កាត់​ត​ជា​ច្រើន​​កន្លែង។

លោក​​​ ច័ន្ទ​បុត្រ និយាយ​ថា៖ «គាត់​ចោទ​អាស៊ីសេរី​ថា ​មិន​ឯករាជ្យ ឬ ​គាំទ្រ​គណបក្ស​ប្រឆាំង ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​គាត់​ថា មិន​មែនទេ។ យើង​បាន​ចាក់​សំឡេង​បទ​សម្ភាស​​ដែល​ខ្ញុំ​បាន​ធ្វើ​​ជាមួយ​លោក​បណ្ឌិត​​ កែម ឡី ដែល​លោក​បាន​រិះ​គន់​ លោក សម រង្ស៊ី»។

ទាក់​ទង​នឹង​ការ​ផ្តល់ការ​ការ​ពារ​សន្តិ​សុខ​វិញ លោក ជុន ច័ន្ទ​បុត្រ​ និយាយ​ថា លោក​មិន​ជឿ​ថា​ វា​ជា​ការ​បារម្ភ​ពិត​ប្រាកដ​ទេ។ លោក​យល់​ថា វា​គ្រាន់​តែ​ជា​ការ​ទិញ​ទឹក​ចិត្ត​ប៉ុណ្ណោះ។

លោក ច័ន្ទ​បុត្រ​ បន្ត​ថា៖«ខ្ញុំ​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា ទេ! អាស៊ី​សេរី​បាន​រៀបចំ​ការ​ពារ​សុវត្ថិភាព​ខ្ញុំហើយ ខ្ញុំ​សូម​អរគុណ​ច្រើន។ខ្ញុំ​គិត​ថា ពួក​គេ​ចង់​ទិញ​ខ្ញុំ គឺ​ទិញ​ទឹក​ចិត្ត​ខ្ញុំ»។ លោក​ច័ន្ទ​បុត្រ​​ បន្ថែម​​ថា ឧត្តម​សេនីយ៍​ ម៉ៅ សុផាន់ បាន​និយាយ​ត្រង់​ជាមួយ​គាត់​ថា «គាត់​ចង់​ឲ្យ​ខ្ញុំ​ធ្វើការ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ប៉ុន្តែ​ខ្ញុំ​និយាយ​ថា​ អត់​ទេ ​ខ្ញុំ​មាន​ការងារ​ហើយ ហើយ​ជា​ការងារ​ប្រពៃ​ ខ្ញុំ​អាច​នៅ​ឯករាជ្យ​បាន»។

លោក ជុន ច័ន្ទ​បុត្រ​ ​ពន្យល់​ថា ចំពោះ​​ការ​មិន​ផ្សាយ​ព័ត៌មាន​អំពី​សហរដ្ឋ​អាមេរិក ជា​គោល​ការណ៍​វិទ្យុ​អាស៊ី​សេរី​មិន​រាយការណ៍​ព័ត៌មាន​នៅ​​ក្រៅ​ប្រទេសទេ គឺ​រាយការណ៍​តែ​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ។

ការ​បន្ត​ទម្លាយ​សំឡេង​សន្ទនា​របស់​លោក ជុន ច័ន្ត​បុត្រ​នេះ​មាន​ឡើង​ក្រោយ​ពេល​ដំណើររបស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ទៅ​ចូលរួម​ជំនួប​កំពូល​ អាស៊ាន-អូស្ត្រាលី កាល​ពី​ខែ​មុន ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ថាលោក ជុន ច័ន្ទ​បុត្រ​ ធ្លាប់​ជាចារកម្ម​របស់​លោក។

លោក Rohit Mahajan ប្រធាន​កិច្ច​ការ​សាធារណៈ​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​​បាន​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍​តាម​អ៊ីម៉ែល​ថា លោក ជុន ច័ន្ទ​បុត្រ​ មិន​បាន​​បំពាន​គោល​ការណ៍​របស់​អាស៊ី​សេរី​ទេ ក្នុង​ការ​ជួប​ជាមួយ​ប្រភព​ព័ត៌មាន។ លោក​ថា ​លោកជុន ច័ន្ទ​បុត្រ ​បាន​រាយការណ៍​គ្រប់​ជំហាន​​ទៅកាន់​អាស៊ីសេរី អំពី​ទំនាក់​ទំនង​​​ជាមួយ​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែត និង​ជា​ជាមួយ​ឧត្តម​សេនីយ៍​ ម៉ៅ សុផាន់។

លោក ហង្ស វិទូ អ្នក​វិភាគ​មួយ​រូប​យល់​ថា ការ​លួច​ថត​សំឡេងហើយ​យក​វា​មក​ទំលាយ​នេះ​គឺ​ជា​ការ​រំលោភ​លើ​សិទ្ធិ​ឯកជន និង​ជា​បទ​បរិហាកេរ្តិ៍។ លោក​ថា នៅ​ការ​ទ​ម្លាយ​នេះ​ហាក់​ដូច​ជា​ការ​រៀបចំ​​ដោយ​សារព័ត៌មាន​ណា​មួយ​​ទម្លាយ​ឯកសារ​ដើម្បី​បរិហាកេរ្តិ៍​ជា​សាធារណៈ។

លោក​ ថ្លែង​​ថា៖«ខ្ញុំ​យល់​ឃើញ​ថា នយោបាយ​នៅ​ស្រុក​ខ្មែរ​យើង​ចូលចិត្ត​តែ​រឿង​លាប​ពណ៌​ដើម្បី​បន្សាបនយោបាយ។ ទាំង​គណបក្ស​ប្រឆាំងទាំង​គណបក្ស​កាន់​អំណាច ចូល​ចិត្ត​លាបពណ៌​គ្នា​ទៅវិញ​ទៅ​ម​ក។ បើ​យើង​ចាក់​គេ​ គេ​ចាក់​យើង​វិញ។ គណបក្ស​ប្រជាជន​កម្ពុជា​ព្យាយាម​បន្សាប​ឥទ្ធិពល​អាស៊ី​សេរី ហើយ​អាស៊ី​សេរី​ក៏​ព្យាយាម​បន្សាប​ឥទ្ធិពល​គណបក្ស​កាន់​អំណាច»៕