ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី ៨ ខែឧសភា​នេះ​បាន​បន្ត​អំពាវនាវ​ និង​សំណូមពរ​ដល់​ម្ចាស់​ផ្ទះជួល​រួមទាំង​អគ្គិសនី​កម្ពុជា​ និង​រដ្ឋាករទឹក​ផង​ឱ្យ​ផ្អាក​យកប្រាក់​ថ្លៃ​ជួល​ជា​បណ្តោះអាសន្ន​ពី​កម្មករ​កម្មការិនី​ដែល​រស់នៅក្នុង​តំបន់​ក្រហម​ ឬ​តំបន់​បិទខ្ទប់។

នេះ​បើតាម​ការថ្លែង​សារ​ពិសេស​របស់​លោកនាយក​រដ្ឋមន្ដ្រី​ទៅ​កាន់​ជនរួមជាតិ​ពាក់ព័ន្ធ​ទៅនឹង​ការផ្អាក​យក​ថ្លៃឈ្នួល​ផ្ទះ​ និង​ថ្លៃ​ទឹក ថ្លៃ​ភ្លើង របស់​កម្មករ កម្មការិនី ដែល​កំពុង​ស្ថិតក្នុង​តំបន់​បិទខ្ទប់​តំបន់​ក្រហម នៅ​ថ្ងៃទី ៨ ខែ​ឧសភា ឆ្នាំ ២០២១ នេះ។

លោក​ ហ៊ុន សែន បាន​ថ្លែងថា ទាក់ទិន​ទៅនឹង​បញ្ហា​ថ្លៃ​ផ្ទះជួល​របស់​កម្មករ កម្មការិនី ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ ជាពិសេស​ម្សិលមិញ​នេះ​គឺមាន​ការទាមទារ​យក​ប្រាក់​ថ្លៃឈ្នួល​ផ្ទះ​ពី​កម្មករ កម្មការិនី ខណៈ​ពួកគាត់​មិនទាន់​បាន​បើកប្រាក់​ខែ ហើយ​កំពុង​ស្ថិត​នៅក្នុង​តំបន់​បិទខ្ទប់ តំបន់​ក្រហម​នៅឡើយ។

លោក​នាយក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់ថា៖ «ក្នុង​ស្ថានភាព​បែបនេះ​ខ្ញុំ​សូម​អង្វរករ​ ចំពោះ​ម្ចាស់​ផ្ទះសំណាក់ ផ្ទះជួល​ទាំងអស់ យោគយល់​ដល់​ការលំបាក​របស់​កម្មករ កម្មការិនី​របស់​យើង ក្នុង​ពេលវេលា​មួយ​ដែល​យើង​ទាំងអស់​គ្នា​សុទ្ធតែ​ជួប​ការលំបាក»។

លោក​បាន​បន្ថែមថា៖ «ក្នុង​រយៈពេល​កន្លងទៅ​នេះ​ក៏មាន​ម្ចាស់ផ្ទះ​មួយ​ចំនួន​បាន​សម្រេច​មិន​យកប្រាក់​ឈ្នួល​របស់​កម្មករ​កម្មការិនី​ក្នុង​ចំនួន​មួយរយៈ​ ឬក៏​បញ្ចុះ​ថ្លៃ​ និង​មាន​មួយចំនួន​ទៀត​គឺ​បាន​ឱ្យ​ប្រើប្រាស់​ក្នុង​រយៈពេល​វែង​ដែល​ខ្ញុំ​បាន​ធ្វើ​លិខិត​ថ្លែងអំណរគុណ​រួចហើយ។ ក៏ប៉ុន្ដែ​ក៏​នៅ​សេសសល់​បងប្អូន​មួយចំនួន​ដោយ​ខ្វះ​ការយោគយល់​បង្កើត​ឱ្យ​មាន​បញ្ហា​ឡើង ដែល​ម្សិលមិញ​នេះ​មាន​ការប្រញាប់ប្រញាល់​ទៅ​ធ្វើការ​ដោះស្រាយ​នៅ​ទីកន្លែង​នោះ»។

ទាក់ទង​នឹង​បញ្ហា​នេះ លោកនាយក​រដ្ឋមន្ដ្រី​បាន​សូម​អង្វរករ​ចំពោះ​ម្ចាស់ផ្ទះ​សំណាក់​ផ្ទះជួល​ទាំងឡាយ​សូម​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ការយក​ប្រាក់​ឈ្នួល​ពី​កម្មករ​កម្មការិនី ក្នុង​ពេល​ដែល​កម្មករ កម្មការិនី មិនទាន់​បាន​បើកប្រាក់​ឈ្នួល​ពី​ថៅកែ​នៅឡើយ។

លោក​បាន​បន្តថា ប្រសិន​បើ​ម្ចាស់​ផ្ទះជួល​ទាំងឡាយ​អាច​នឹង​ធ្វើ​ទៅបាន​រួមគ្នា​ធ្វើ​ ដើម្បី​ជួយ​ដល់​កម្មករ កម្មការិនី​របស់​យើង ។ ឧទាហរណ៍ ការបញ្ចុះ​ថ្លៃ​ប្រាក់​ឈ្នួល​ផ្ទះ​ដែល​កម្មករ កម្មការិនី​បាននិង​កំពុង​ស្នាក់នៅ​ក្នុង​ចំនួន​ប៉ុន្មាន​ភាគរយ ចំនួន​តិច ឬ​ចំនួន​ច្រើន តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅបាន ហើយ​ប្រសិនបើ​ម្ចាស់​ផ្ទះជួល​ខ្លះ អាច​លើកលែង​ទៅបាន​ក្នុង ១ ខែ ២ ខែ ឬ ៣ ខែ ក៏​សូម​ធ្វើការ​លើកលែង។

លោកនាយក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ពិត​ហើយ​ខ្ញុំ​ដឹងថា ម្ចាស់ផ្ទះ​គឺ​ខ្ចីលុយ​ធនាគារ​យក​មក​សាងសង់​នូវ​ផ្ទះជួល​ទាំងនោះ បងប្អូន​ពិតជា​មាន​ការលំបាក​ដូចគ្នា ដែល​ម្ខាង​ជា​កូនបំណុល ម្ខាង​ទៀត​ជា​ម្ចាស់បំណុល។ ប៉ុន្ដែ​សង្ឃឹមថា ម្ចាស់​ផ្ទះជួល​ទាំងអស់​នឹង​អាច​យោគយល់​បាន​នូវ​ការលំបាក​រួម»។

បើតាម​លោក​នាយក​រដ្ឋមន្ដ្រី ស្ថានភាព​នេះ​មិនមែន​តែ​នៅ​ទីក្រុង​ភ្នំពេញ​ទេ បើ​អាច​ធ្វើបាន​សូម​ធ្វើ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​នៅ​ទូទាំង​ប្រទេស​នៅក្នុង​តំបន់​ដែលមាន​ការបិទ​ខ្ទប់។

លោក​បាន​បញ្ជាក់ថា៖ «ខ្ញុំ​និយាយ​នេះ​គឺ​ក្នុង​តំបន់​បិទខ្ទប់ ហើយ​កម្មករ កម្មការិនី មិនទាន់​បាន​បើកប្រាក់​បៀវត្សរ៍ ប្រាក់ខែ ប្រាក់​ថ្លៃឈ្នួល​របស់ខ្លួន​នៅឡើយ​សូមឱ្យ​មាន​ការយោគយល់»។

ជាមួយ​គ្នានេះ​លោកនាយក​រដ្ឋមន្ដ្រី​ក៏បាន​បញ្ជាក់ដែរថា សម្រាប់​ការបង់ថ្លៃ​ទឹក ថ្លៃ​ភ្លើង ក៏​សូមឱ្យ​អាជ្ញាធរ​អគ្គិសនី ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា ក៏ដូចជា​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ ផ្ដោត​ការយក​ចិត្ដ​ទុកដាក់​ទៅលើ​បញ្ហា​ផ្ទះជួល​របស់​កម្មករ​ជាមុន​ ដែល​អាច​រក​ដំណោះស្រាយ​ណាមួយ ដើម្បី​ឱ្យ​កម្មករ កម្មការិនី​ដែល​រស់នៅ​តាម​ផ្ទះជួល​នេះ​ទទួល​បាន​ការអនុគ្រោះ​នៅក្នុង​ការយកថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ដែល​ជា​ការរួមចំណែក​ជាមួយ​ម្ចាស់​ផ្ទះជួល​ដោះស្រាយ​បញ្ហា​រួម​របស់​កម្មករ​កម្មការិនី។

លោកនាយក​រដ្ឋមន្ដ្រី​បាន​បន្ថែម​ថា សកម្មភាព​នេះ​មិន​រីករាលដាល​ទៅដល់​អ្នក​ដែលមាន​ផ្ទះ​ហើយ​ប្រើ​ម៉ាស៊ីនត្រជាក់​យ៉ាងច្រើន​នោះទេ។ សូម​ម្ចាស់ផ្ទះ អ្នក​ដែល​មាន​បង្ហោះ​តាម​ហ្វេសប៊ុក​ទាក់ទង​នឹង​ការទាមទារ​ទៅលើ​ការអនុគ្រោះ​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង រាជរដ្ឋាភិបាល​បាន​សិក្សា​ហើយ អ្នក​ដែល​បាន​បង្ហោះ​លើ​ហ្វេសប៊ុក​ ដើម្បី​កាត់បន្ថយ​នេះ មិនមែន​កម្មករ កម្មការិនី​នោះទេ ក៏ប៉ុន្ដែ​បែរ​ជា​អ្នក​ដែល​ប្រើ​ម៉ាស៊ីនត្រជាក់​យ៉ាងច្រើន មាន​ស៊ី​មាន​ចុក សម្បូរហូរហៀរ​ទៅវិញ​ទេ។

លោក​បាន​បញ្ជាក់ទៀត​ថា៖ «ប៉ុន្ដែ​អ្វីដែល​ខ្ញុំ​ចង់​និយាយ​នេះ គឺ​កុំឱ្យ​បែក​វាល​បែក​កាល គឺ​សំដៅ​ឆ្ពោះ​ទៅ​រកតែ​ផ្ទះជួល កម្មករ កម្មការិនី តែ​ប៉ុណ្ណោះ សម្រាប់​ទាំង​ម្ចាស់​ផ្ទះ សម្រាប់​ទាំង​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​ និង​រដ្ឋាករទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ។ នេះ​ជា​សំណូមពរ​ទី ១ ដែល​ខ្ញុំ​សង្ឃឹមថា ម្ចាស់​ផ្ទះជួល​ទាំងអស់​នឹង​ធ្វើការ​ពិនិត្យ ហើយ​សូម​មេត្ដា​ចូលរួម​ចំណែក​នូវ​ការលំបាក​នេះ​ជាមួយ​កម្មករ កម្មការិនី របស់​យើង​ដែល​កំពុង​ជួប​ការលំបាក​នៅក្នុង​តំបន់​បិទខ្ទប់ តំបន់​ក្រហម ហើយ​នៅក្នុង​តំបន់​ផ្សេងទៀត ដែល​គាត់​មិនទាន់​ទទួល​បៀវត្សរ៍​ណាមួយ​ពី​ការងារ​របស់​កម្មករ កម្មការិនី នៅឡើយ​ទេ»។

ជុំវិញ​បញ្ហា​នេះ​រាជរដ្ឋាភិបាល​ក៏​កំពុងតែ​ប្រមូលផ្ដុំ​ ដើម្បី​ជួយ​ដឹក​ស្បៀងអាហារ​ទៅ​ផ្គត់ផ្គង់​ដល់​កម្មករ កម្មការិនី ដែល​រស់នៅ​តាម​ផ្ទះជួល​ទាំងនោះ​បន្ថែមទៀត​ផងដែរ៕