ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​​អះអាង​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​កម្ពុជា​មិនបាន​រំលោភបំពាន​សិទ្ធិសេរីភាព​របស់​អ្នក​សារព័ត៌មាន​តាម​ការចោទប្រកាន់​របស់​ក្រុម​អ្នកសារព័ត៌មាន​មួយក្រុម​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​រួមទាំង​មន្ត្រី​ទូត​មួយ​ចំនួន​ផងដែរ​ដែល​តែងតែ​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​បទចោទ​។

លោក​ ហ៊ុន សែន ថ្លែងថា អ្នកសារព័ត៌មាន​រូបនោះ​បាន​យក​​ប្រពន្ធ​ខ្លួនឯង​ទៅ​ឲ្យ​បរទេស​សេពកាម ហើយ​ថត​ខ្លួនឯង​ទៀត​ និង​បាន​ទៅ​មាន​សហាយ​ប្រពន្ធ​គេ​ទៀត​ដែល​មិន​នឹកស្មាន​ដល់ ខណៈ​ពេល​ដែលមាន​ស្ថានទូត​ខ្លះ ស្ថានទូត​មួយ​ចំនួន​បាន​ស្នើឲ្យ​មានការ​ទម្លាក់​ការចោទប្រកាន់​ពួកគេ ដោយ​ចោទថា កម្ពុជា​រំលោភសិទ្ធិ​សេរីភាព​សារព័ត៌មាន​ទៅវិញ​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ទៅកាន់​និស្សិត​ និង​មន្ត្រី​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ CUS ប្រមាណ​ជិត ៧ ​ពាន់​នាក់​កាលពី​​ថ្ងៃ​ពុធ ទី​ ១១ ខែធ្នូ ដោយ​មិន​បញ្ចេញ​ឈ្មោះ​អ្នកសារព័ត៌មាន​រូបនោះ ប៉ុន្តែ​អះអាង​ថា​តុលាការ​ត្រូវធ្វើការ​កាត់ទោស អ្នក​សារព័ត៌មាន​ម្នាក់​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​ផ្លូវភេទ​ដែល​ទង្វើ​នោះ​មិនអាច​អត់ឱន​ឲ្យ​បាន​។ ការកាត់ទោស​នេះ​មិនមែន​កាត់ទោស​អ្នក​សារព័ត៌មាន​ទេ តែ​ជា​ការកាត់ទោស​ទៅលើ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ផ្លូវភេទ​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​អ្នកសារព័ត៌មាន​នេះ វា​លើស​ពី​សត្វ​តិរច្ឆាន​ទៀត​។ ប្រពន្ធ​ខ្លួនឯង​វា​យក​ឲ្យ​បរទេស​សេពកាម​។ រួចហើយ​វា​អ្នក​ថត​ខ្លួនឯង ហើយ​មួយ​ទៀត​បាន​ទៅ​សហាយ​ប្រពន្ធ​គេ​មួយ​ដែល​គេ​មាន​ប្តី​គេ​នៅ​ខេត្ត​កំពត​ហើយ​វា​ថត​ទៀត ខ្ញុំ​មិន​ចង់​បញ្ចេញ​ឈ្មោះ​ទេ​។ ហើយ​វា​ធ្វើ​អ៊ីចឹង​មិន​ឲ្យ​យើង​កាត់ទោស​ម៉េច​។ ពីមុន​ខ្ញុំ​ចោទសួរ​ហេតុអ្វី​មិន​លើកលែង​ការចោទប្រកាន់​ឲ្យ​គ្នា​ទៅ​។ គេ​អត់​កាត់​អារឿង​សារព័ត៌មាន​នោះ​ទេ គេ​កាត់​អារឿង​អ្នកឯង​ថត​នេះ ហើយ​កុំ​ថា អារឿង​ហ្នឹង​ជា​រឿង​ឯកជន​ណា​ចេះ​ចុះ ដោយសារ​រឿងនេះ​គឺជា​ការបំពាន​»​។

លោក អ៊ួន ឈិន អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ដែល​បាននិង​កំពុង​រង់ចាំ​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​ដែល​នឹង​សម្រេច​ថា តើ​គេ​មានទោស​ ឬ​គ្មាន​ទោស​ទាក់ទង​នឹង​បទចោទ​អំពី​អំពើ​ចារកម្ម​ឲ្យ​សហរដ្ឋអាមេរិក និង​បទផលិត​វីដេអូ​អាសអាភាស​។ លោក ឈិន ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​នាពេល​បច្ចុប្បន្ន​។

លោក ​អ៊ី រិន្ទ ​អ្នកនាំពាក្យ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ករណី​លោក អ៊ួន ឈិន ចៅក្រម​ជំនុំជម្រះ​បាន​ចាត់​ឲ្យ​ចៅក្រម​ស៊ើបសួរ​ពិនិត្យ​ឡើង​វិញ ហើយ​ចៅក្រម​ស៊ើបសួរ​បាននិង​កំពុង​តែ​ដំណើរការ​តាម​នីតិវិធី​របស់​តុលាការ ហើយ​សាលាដំបូង​រាជធានី​ភ្នំពេញ មិនអាច​បញ្ជាក់​នីតិវិធី​បាន​ទេ​ដោយសារ​ត្រូវ​រក្សា​ការសម្ងាត់​នៃ​ការ​ស៊ើបសួរ​។

លោក រិន្ទ ថ្លែង​ថា​៖ «​ត្រូវការ​ធ្វើការ​ស៊ើបសួរ​នឹង​រក​ភ័ស្ដុតាង​បន្ថែមទៀត (​ព្រោះ​) ​ករណីនេះ​ធ្លាប់​បាន​បើកសវនាការ​ហើយ​ក៏ប៉ុន្តែ​នៅពេល​នោះ​ចៅក្រម​ជំនុំជម្រះ​បាន​ចាត់​របៀប​ទៅ​ចៅក្រម​ស៊ើបសួរ​វិញ​ឲ្យ​ធ្វើការ​ស៊ើបសួរ​បន្ថែមទៀត ហើយ​ឥឡូវ​​ចៅក្រម​ស៊ើបសួរ​កំពុងតែ​ដំណើរ​តាម​នីតិវិធី​»​។

លោក ហ៊ុន សែន បាន​ថ្លែង​ទៅកាន់​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ឲ្យ​យក​ឃ្លីប​វីដេអូ​ចំនួន​ ២ ​ឃ្លីប​ដែល​លោក អ៊ួន ឈិន បាន​ថត​ទុក​ទៅ​ឲ្យ​ទូត​ណា​ដែល​ចោទ​ថា កម្ពុជា​បំពាន​សិទ្ធិ​សេរីភាព​អ្នកសារព័ត៌មាន ដើម្បី​ឲ្យ​ពួកគេ​បាន​យល់ដឹង​ពី​រឿង​ពិតប្រាកដ​ដើម្បី​កុំ​ឲ្យ​មានការ​សង្ស័យ​តទៅទៀត​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​សួរថា តើ​ករណី​ហ្នឹង តើ​យើង​បំពាន​លើ​សេរីភាព​សារព័ត៌មាន​ទេ​? យើង​កាត់ទោស​រឿងនេះ ដូច្នេះ​ទូត​ណា​និយាយ គួរតែ​យក​អា​វីដេអូ​ហ្នឹង​ទៅ​ឲ្យ​ទូត​ហ្នឹង​មើល​តែម្តង​ទៅ ហើយ​យក​ទាំង​ ២ ​ឃ្លីប​»៕