ភ្នំពេញ៖ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ថ្ងៃទី ៩ ខែ​ឧសភា​នេះ បាន​ផ្ញើ​លិខិត​អបអរ​សាទរ​ដល់​កម្មវិធី​ចលនា​នៃ​ក្តី​សង្ឃឹម​លើកទី៦ និង​ពិធី​ប្រកាស​គំនិត​ផ្ដួចផ្តើម​បង្កើត «ស្ថាប័ន​ស្រាវជ្រាវ​ឆ្នាំ ២០២២» ដោយ​បាន​គាំទ្រ​ដល់​អង្គការ​សហព័ន្ធ​សន្ដិភាព​សកល​ចំពោះការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​​ក្នុង​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០២១។

នៅ​ក្នុង​សារលិខិត​នោះ លោក ហ៊ុន សែន បាន​អបអរ​សាទរ​ចំពោះ​កម្មវិធី​មហាសន្និបាត​នៃ​ក្តី​សង្ឃឹម​លើក​ទី៦ និង​កម្មវិធី​ប្រកាស «ស្ថាប័ន​ស្រាវជ្រាវ​ឆ្នាំ ២០២២ (THINK TANK 2022)» ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​ស្រលាញ់​សន្តិភាព​នៅ​ជុំវិញ​ពិភព​លោក ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​សន្តិភាព​សកល (Universal Peace Federation–UPF) ដែល​នឹង​ផ្សព្វផ្សាយ​ដល់​អ្នក​ទស្សនា​ជុំវិញ​ពិភព​លោក​ជាង ៤០០ លាន​នាក់។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​កម្ពុជា។

ក្នុង​សារ​លិខិត​អបអរ​សាទរ​របស់​លោក​នាយក​រដ្ឋមន្រ្ដី​បាន​ថ្លែង​ថា៖ «ខ្ញុំ​សូម​សម្តែង​នូវ​ការ​គាំទ្រ និង​អប​អរសាទរ​ដល់​អង្គការ​សហព័ន្ធ​សន្តិភាព​សកល ចំពោះ​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ឆ្នាំ ២០២១ ស្ដីពី​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​ក្នុង​ខែ​វិច្ឆិកា​នា​ឆ្នាំ​នេះ។ ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​អាច​ជួប​គ្នា​ដោយ​ផ្ទាល់​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ»។

លោក​នាយក​រដ្ឋមន្រ្ដី​បាន​គូស​បញ្ជាក់​ថា ការ​ជឿ​ទុក​ចិត្ត​គ្នា គឺ​ជា​ដើម​ទុន​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ដំណើរការ​នៃ​ការ​បង្កើត​សន្តិភាព និង​ការ​ផ្សះផ្សា​ជាតិ។

ដើម្បី​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត​នេះ គឺ​ត្រូវ​ការ​កិច្ច​សន្ទនា​ដ៏​ស្មោះត្រង់​រវាង​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​គ្នា​ទាំង​រដ្ឋ​ទាំង​ស្ថាប័ន​មិន​មែន​រដ្ឋ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​ជឿជាក់​ថា ស្ថាប័ន​ស្រាវជ្រាវ​ឆ្នាំ ២០២២ ដោយ​ផ្អែក​លើ​ប្រាជ្ញា​រួម​គ្នា និង​ជំនាញ​របស់​អ្នក​ជំនាញ​ព្រម​ទាំង​អ្នក​អនុវត្ត​ផ្ទាល់​មក​ពី​តំបន់ និង​ពិភព​លោក​នឹង​ផ្តល់​នូវ​វិធីសាស្ត្រ​រួម​ថ្មី​មួយ ឆ្ពោះ​ទៅ​រក​ការ​សម្រេច​បាន​នូវ​សន្តិភាព និង​ស្ថិរភាព​យូរ​អង្វែង​នៅ​ឧបទ្វីប​កូរ៉េ។ យើង​ចាំបាច់​ត្រូវ​ទទួល​ស្គាល់​ថា ការ​បង្រួបបង្រួម​ឧបទ្វីប​កូរ៉េ​ដោយ​សន្តិវិធី គឺ​ជា​មូលដ្ឋា​នគ្រឹះ​នៃ​សន្តិភាព​នៅ​អាស៊ី​បូព៌ា និង​ពិភព​លោក​ទាំង​មូល»។

លោក​នាយក​រដ្ឋមន្រ្ដី​បាន​ជំរុញ​ឱ្យ​មាន​ការ​លើក​កម្ពស់​វិធីសាស្ត្រ​បែប​ពហុវិស័យ និង​រួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​សម្រេច​បាន​នូវ​ចក្ខុ​វិស័យ​នេះ។

បើ​តាម​រដ្ឋសភា​កម្ពុជា លោក ហ៊ុន សែន ធ្លាប់​បាន​ចូលរួម​ថ្លែង​សុន្ទរកថា​គន្លឹះ​នៅ​ក្នុង​កម្មវិធី​មហាសន្និបាត​នៃ​ក្តី​សង្ឃឹម​លើក​ទី១ កាល​ពី​ឆ្នាំ ២០២០ ម្តង​រួច​មក​ហើយ។

គំនិត​ផ្តួច​ផ្តើម​សន្តិភាព​ដែល​ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​នេះ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​មនុស្ស​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​ដោយ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សន្តិភាព​ពិភព​លោក។

ស្ថាប័ន​ស្រាវជ្រាវ​ឆ្នាំ ២០២២ នឹង​ជួយ​ជំរុញ​គំនិត​ប្រាជ្ញា​ដល់​បណ្តា​មេ​ដឹកនាំ​គំនិត អ្នក​ជំនាញ និង​អ្នក​នយោបាយ​ជាប់​ឆ្នោត​កំពូលៗ ស្រប​ពេល​ជាមួយ​នឹង​ការ​បន្លឺ​ឡើង​នូវ​សំឡេង​របស់​អ្នក​ដែល​យល់​ពី​តម្លៃ​នៃ​សេរីភាព ជំនឿជាក់ សេចក្តី​សុខ សុភមង្គល​គ្រួសារ និង​ការ​រស់នៅ​ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្ស​យើង​ទាំង​អស់​គ្នា៕