ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​ចេញ​នូវ​ផែនការ​ស្តីពី​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី៦ រយៈពេល​ ១ ​ឆ្នាំ​ ចាប់ពី​ថ្ងៃ​ទី​ ១ ​ខែ​មករា ​ដល់​ថ្ងៃទី​ ៣១ ខែ ធ្នូ ឆ្នាំ ២០២១ ​បន្តទៀត​បន្ទាប់ពី​មើលឃើញ​ពី​ស្ថានភាព​នៃ​បទល្មើស​គ្រឿងញៀន​នៅ​មិនទាន់​មាន​សញ្ញា​ណាមួយ​ថមថយ​នៅ​ឡើយ​។

យោងតាម​ផែនការ លេខ ០១ ផក ចុះហត្ថលេខា​ដោយ​លោក​ ហ៊ុន សែន កាលពី​ថ្ងៃទី​ ១៩ ខែ កុម្ភៈ​ ឆ្នាំ​ ២០២១ បាន​បញ្ជាក់ថា ស្ថិតនៅក្នុង​ស្ថានភាព ដែល​ពិភពលោក​ទាំងមូល​ទទួលរង​នូវ​ការវាយប្រហារ​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ការឆ្លង​នៃ​វីរុស​កូវីដ ១៩ ​ដែល​ធ្វើឱ្យ​សកម្មភាព​វិនិយោគ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សេវាកម្ម វប្បធម៌ ។​ល​។ មួយចំនួន​ធំ​ត្រូវ​បាន​ផ្អាក​សកម្មភាព​ ប៉ុន្តែ​ស្ថានភាព​បទល្មើស​គ្រឿងញៀន​នៅ​មិន​មាន​សញ្ញា​ណា​ថមថយ​ឡើយ​។

ពិសេស​កំណើន​នៃ​គ្រឿងញៀន​សំយោគ (ATS) ដូចជា​មេតំហ្វេតាមីន (ICE) អ៊ិចស្តាស៊ី (MDMA) កេតាមីន (Ketamine) ដែល​ប្រភេទ​សារធាតុ​ញៀន​ទាំងនេះ​គឺជា​គោលដៅ​ងាយ​លួចលាក់​ផលិត កែច្នៃ ដោយ​ពួក​ឈ្មួញ​ទុច្ចរិត ក្នុងការ​ជួញដូរ​គ្រឿង​ញៀន​ និង​មាន​ទីផ្សារ​ទូលំទូលាយ​ក្នុង​ពេល​បច្ចុប្បន្ន​។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «​ស្ថានភាព​បែបនេះ​ក៏បាន​ជះ​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា​ផងដែរ ដោយ​ឧក្រិដ្ឋជន​គ្រឿងញៀន​បាន​ឆ្លៀតឱកាស​លបលួច​ធ្វើ​សកម្មភាព​នាំ​សារធាតុញៀន​ដឹកជញ្ជូន​ឆ្លងកាត់​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​នាំចេញ​ទៅកាន់​ប្រទេស​ដទៃ និង​បម្រើឱ្យ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​ ផងដែរ​»​។

បើតាម​លោកនាយក​រដ្ឋមន្ត្រី ការអនុវត្ត​ផែនការ​យុទ្ធនាការ​លើក​ទី៥ ​ឆ្នាំ ២០២០ កន្លង​មក​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​បើក​ប្រតិបត្តិការ​យ៉ាងសកម្ម បង្ក្រាបបាន​ចំនួន ១០ ៤៦១ ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២១ ៥៦៦ នាក់ ចាប់យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប​មាន​ទម្ងន់ ៣ ៨៧៥,៩០ ​គីឡូក្រាម ​និង​សារធាតុ​គីមី​ផ្សំ​ទម្ងន់ ៤ ៤២៥ គីឡូក្រាម រួមទាំង​មធ្យោបាយ សម្ភារ និង​វត្ថុតាង មួយចំនួន​ធំ​ដែល​ក្នុងនោះ​ករណី​ជួញដូ​គ្រឿងញៀន​ធំៗ​មាន​ចំនួន​ ៧៧ ​ករណី​។

នៅក្នុង​ផែនការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី៦ ​នេះ​លោក​ ហ៊ុន សែន​ ជំរុញ​ឱ្យ​សមត្ថកិច្ច​បង្កើន​សកម្មភាព​ស្រាវជ្រាវ ស៊ើបអង្កេត និង​បង្ការ ទប់ស្កាត់​បង្ក្រាប​ឱ្យបាន​នូវ​ការ​នាំចូល​ឆ្លងកាត់ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ជាពិសេស​តាម​គោលដៅ​ងាយ​នឹង​កើត​បទល្មើស​គ្រឿងញៀន​។

ពន្លឿន​នីតិវិធី​ក្នុង​ការចាត់ចែង​វត្ថុតាង និង​ទ្រព្យសម្បត្តិ​នានា​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ដែល​ត្រូវបាន​រឹបអូស និង​បង្កក ដើម្បី​យកមក​គាំទ្រ​ក្នុង​សកម្មភាព​ប្រយុទ្ធប្រឆាំង​បទល្មើស​គ្រឿងញៀន​។ ទន្ទឹមគ្នានេះ ត្រូវ​ខិតខំ​ឱ្យ​អស់ពី​សមត្ថភាព​ក្នុងការស្រាវជ្រាវ​ស៊ើបអង្កេត​រក​ឱ្យឃើញ និង​រឹបអូស​នូវ​ហិរញ្ញប្បទាន​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​សំដៅ​រួមចំណែក​ក្នុង​ការប្រឆាំង​សកម្មភាព​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។

លោក​នាយករដ្ឋមន្ត្រី​ក៏​បានឱ្យ​សមត្ថកិច្ច​បន្ត​ពង្រឹង និង​ជំរុញ​សកម្មភាព អនុវត្ត​វិធានការ​ព្យាបាល​ស្តារនីតិសម្បទា និង​សមាហរណកម្ម ដោយ​ត្រូវមាន​យន្តការ​ដឹកនាំ និង​សម្របសម្រួល​ច្បាស់លាស់​នៅ​ថ្នាក់ឃុំ-សង្កាត់​។

ជាមួយ​គ្នា​នេះ ត្រូវខិតខំ​លើកកម្ពស់​សមត្ថភាព​គុណភាព និង​ពង្រឹង​សេវា​បន្សាប​ព្យាបាល​ដោយ​ផ្អែកលើ​សហគមន៍​នៅ​តាម​ឃុំ-សង្កាត់ ដែលជា​គោលដៅ​អាទិភាព​ឈាន​ទៅ​ពង្រឹង​វិសាលភាព​គ្របដណ្តប់​បាន​ឃុំ-សង្កាត់​នៅ​ទូទាំងប្រទេស និង​ត្រូវ​ជំរុញ​ការងារ​សាងសង់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​សេវា​ព្យាបាល​ដោយ​ស្ម័គ្រចិត្ត និង​ផ្អែកលើ​សហគមន៍​ឱ្យ​បាន​រួចរាល់ ព្រមទាំង​បន្ត​កសាង​មណ្ឌល​បណ្តោះអាសន្ន សម្រាប់​ព្យាបាល និង​ស្តារនីតិសម្បទា​តាម​រាជធានី-ខេត្ត​ដែល​មាន​អំណោយផល ចាំបាច់ និង​ពិនិត្យឡើងវិញ​អំពី​គុណភាព​នៃ​មណ្ឌល​ឯកជន ក៏ដូចជា អង្គការ​ដៃគូ​នានា ដើម្បី​ចូលរួម​ព្យាបាល​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។

លោក ហេង សាយហុង មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ ប្រចាំខេត្ត​បាត់ដំបង​បាន​មើលឃើញ​ថា ក្នុង​រយៈពេល​កន្លងមក​នេះ កម្លាំង​សមត្ថកិច្ច​ខេត្ត​បាន​ខិតខំ​ប្រឹងប្រែង​បង្ក្រាប និង​ដាក់ចេញ​នូវ​វិធានការ​ផ្សេងៗ​ក្នុង​ការឃាត់ខ្លួន និង​ទប់ស្កាត់​ចំពោះ​អ្នកប្រើប្រាស់ និង​អ្នកជួញដូរ​គ្រឿងញៀន​នៅក្នុង​ខេត្ត និង​នៅតាម​តំបន់​ព្រំដែន​ជា​បន្តបន្ទាប់ ដែល​នេះ​គឺជា​សញ្ញា​ល្អ​មួយ​។

លោក​ថ្លែងថា​៖ «​មួយរយៈ​នេះ ខ្ញុំ​មើលឃើញ​ថា​បទល្មើស​គ្រឿងញៀន​ដូចជា​មានការ​ធ្លាក់ចុះ​ច្រើន វា​មិន​ដូច​មុនៗ​នោះទេ​...​ដោយសារ​តែមាន​វិធានការ​របស់​សមត្ថកិច្ច​នៅក្នុង​ខេត្ត​យើង​ឥឡូវ​លែង​សូវ​មាន​ហើយ​»៕