បន្ទាយមានជ័យៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រកាស​ពី​គម្រោង​ចុះសួរ​សុខទុក្ខ និង​ចែក​ជំនួយ​សង្គ្រោះ​បឋម​ដល់​ពលរដ្ឋ​ ១៥ ០០០ ​គ្រួសារ​បន្ថែមទៀត​ នៅ​ខេត្ត​បន្ទាយមានជ័យ​នា​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ បន្ទាប់ពី​លោក​បញ្ចប់​ការដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ស្ដីពី​ការពិភាក្សា និង​អនុម័ត សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​ ២០២១​។

ការប្រកាស​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​លោក​បាន​ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​រួមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ទាំង​ស៊ីវិល និង​កម្លាំង​ប្រដាប់អាវុធ​ចុះ​សួរ​សុខទុក្ខ​ និង​ផ្តល់​អំណោយ​សង្គ្រោះ​បឋម​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ ១០ ០០០ ​គ្រួសារ​ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នៅក្នុង​ស្រុក​ថ្មពួក និង​ក្រុង​ប៉ោយប៉ែត​។

ជំនួយ​សង្គ្រោះ​បឋម ដែល​លោកនាយក​រដ្ឋមន្ត្រី​បាន​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ដែល​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ពុធ នៅក្នុង​ស្រុក​មង្គលបុរី​ចំនួន​ ១០ ០០០ ​គ្រួសារ​ រហូត​ដល់​ពេលនេះ​គឺ​មាន​ស្ដង់ដា​តែ​ ១ ដែល​ក្នុង​ ១ ​គ្រួសារ​ទទួល​បាន​អង្ករ​ ២៥ ​គីឡូ មី​ ១ ​កេស ទឹកត្រី​ ១ ​យួរ ទឹក​ស៊ីអ៊ីវ​ ១ ​យួរ ទឹកបរិសុទ្ធ​ ១ ​កេស​ធំ សម្ភារ​សម្រាប់ ដេក​ ១ ​ឈុត​ (​មុង​ ១ ភួយ​ ១ ខ្នើយ​ ១ កន្ទេល​ ១) និង​ថវិកា​​ ៥ ​ម៉ឺន​រៀល​។

លោក​ថ្លែងថា​៖ «​ការផ្ដល់​ជំនួយ​សង្គ្រោះ​បឋម​នាពេល​នេះ​គឺជា​ការសម្រួល​ការលំបាក​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​គ្រោះអាសន្ន​ដោយ​ទឹកជំនន់​»​។

ខេត្ត​បន្ទាយមានជ័យ​ជា​ខេត្ត​ ១ ​ក្នុង​ចំណោម​ ១៩ ​រាជធានី-ខេត្ត​ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ធ្ងន់ធ្ងរ និង​យូរ​ជាងគេ​។ នេះ​ជា​មូលហេតុ​ដែល​លោក​នាយករដ្ឋមន្ត្រី​បាន​សម្រេច​ចិត្ត​ចុះ​មក​ជួប​សួរសុខទុក្ខ និង​ផ្ដល់ជំនួយ​សង្គ្រោះ​បឋម​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ និង​ដើម្បី​ពិនិត្យ​ស្ថានភាព​នៃ​ផលប៉ះពាល់​ដោយ​ទឹកជំនន់​សម្រាប់​ត្រៀម​ផែនការ​ស្ដារ​ឡើងវិញ​លើ​គ្រប់​វិស័យ​នៅពេល​ទឹក​ស្រក​។

ជាមួយ​ការផ្ដល់​ជំនួយ​សង្គ្រោះបឋម​ដល់​ពលរដ្ឋ ​១០ ០០០ ​គ្រួសារ​ក្នុង​ស្រុក​ថ្មពួក និង​ក្រុង​ប៉ោយប៉ែត​ក្នុង​ថ្ងៃទី​ ២ ​នៃ​ដំណើរ​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុង​ខេត្ត​បន្ទាយមានជ័យ​នោះ​លោក ហ៊ុន សែន ថ្លែងថា​៖ «​បន្ទាប់ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​រួច ខ្ញុំ​នឹង​ត្រឡប់​មក​ជួប​សួរសុខទុក្ខ និង ផ្ដល់​ជំនួយ​សង្គ្រោះ​បឋម​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ១៥ ០០០ ​គ្រួសារ​ទៀត​ នៅក្នុង​ខេត្ត​បន្ទាយមានជ័យ និង​បន្ត​ទៅតាម​បណ្ដា​ខេត្ត​មួយចំនួនទៀត​»​។

ក្នុង​ខណៈនោះ​លោក ហ៊ុន សែន បាន​រំឭក​ជាថ្មី​ដល់​អាជ្ញាធរ គ្រប់លំដាប់​ថ្នាក់ ចុះ​ពិនិត្យមើល​វឌ្ឍនភាព​ទឹកជំនន់ និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់ និង​ស្នើឱ្យ​ពលរដ្ឋ​ក៏ដូចជា​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ បន្ត​អនុវត្ត​វិធាន​អនាម័យ និង​សេចក្ដីណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ចៀស​ផុតពី​ការឆ្លង​ជំងឺ​ផ្សេងៗ ពិសេស​ជំងឺ​កូវីដ​ ១៩​។

លោក​បញ្ជាក់ថា​៖ «​ពលរដ្ឋ​យើង​មួយចំនួន​បាន​បាត់បង់​ជីវិត​ដោយ​ទឹកជំនន់​ហើយ ដូច្នេះ​យើង​ត្រូវ​បន្ត​អនុវត្ត​វិធាន​អនាម័យ​ស្អាត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​កុំឱ្យ​មាន​ការបាត់បង់​ជីវិត​ដោយសារ​ជំងឺ​ថែមទៀត​»​។

បន្ទាប់ពី​បាន​ជួប​ផ្ទាល់​ជាមួយ​គ្រួសារ​ជនពិការ​ដែល​កំពុង​រស់​ទាំង​លំបាក​នៅលើផ្ទះ​ដែល​រង​ការជន់លិច និង​ហ៊ុមព័ទ្ធ​ដោយ​ទឹកជំនន់​លោក ហ៊ុន សែន បាន​អំពាវនាវ​ដល់​ជនរួមជាតិ​គ្រប់​ស្រទាប់វណ្ណៈ មេត្តា​យោគយល់​ដល់​ជនពិការ និង កុំ​ប្រមាថ​ជនពិការ​តាមរយៈ​ការហៅ​ជនពិការ​ដៃ ជើង និង ភ្នែក ថា «​អាកំបុត អាខ្វាក់​» ដែល​ធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សតិអារម្មណ៍​របស់​ជនពិការ​។

ជាមួយ​គ្នា​នេះ​លោក​បន្ត​លើក​ទឹកចិត្ត​ចំពោះ​សប្បុរសជន​ដែល​បាន​ចូលរួម​ផ្ដល់ជំនួយ​ជា​ថវិកា ជា​ស្បៀង និង​ជា​សម្ភារ​ដល់​រាជរដ្ឋាភិបាល ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ក្នុង​អំឡុងពេល​មាន​គ្រោះទឹកជំនន់​នេះ​ដោយ​លោក​ចាត់ទុក​ថា​ជា​ទង្វើ​ដ៏ប្រសើរ​បំផុត ដែល​បង្ហាញ​ពី​ការសាមគ្គីភាព​របស់​ជាតិខ្មែរ​។

នាឱកាស​នោះ​ដែរ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏បាន​រំឭក​អំពី​ប្រវត្តិ​នៃ​ភូមិសាស្ត្រ​ទឹកដី​ក្រុង​ប៉ោយប៉ែត​ថា ជា​តំបន់​សមរភូមិ​ប្រយុទ្ធ​គ្នា​យ៉ាងខ្លាំងក្លា​បំផុត​ក្នុង​សម័យកាល​ដែល​ប្រទេស​កម្ពុជា​មាន​តំបន់​ត្រួតត្រា​លើសពី​ ២ ​ឡើងទៅ​។ ប៉ុន្តែ​ដោយសារ​តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក​តំបន់​សង្គ្រាម​មួយ​នេះ​ក៏​បាន​ក្លាយ​ជា​តំបន់​ប្រកប​ទៅ​ដោយ​សុខសន្តិភាព និង​មានការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។

លោក​ថ្លែងថា​៖ «​យើង​ត្រូវ​រួបរួម​គ្នា​ជម្នះ​ឧបសគ្គ​ទាំងឡាយ ដើម្បី​កម្ពុជា​កាន់តែ​រឹងមាំ និង​សូម​ចូលរួម​ថែរក្សា​សុខសន្តិភាព​ដែល​យើង​រក​បាន​ដោយ​កម្រ ដើម្បី​ការអភិវឌ្ឍ និង​ភាពរីកចម្រើន​របស់​កម្ពុជា​តទៅ​មុខ​ទៀត​»​។

យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​ ២២ ខែតុលា ជំនន់​ទឹកភ្លៀង​បាន​បង្ក​ឱ្យ​ពលរដ្ឋ​ចំនួន​ ៣៩ ​នាក់​លង់ទឹក​ស្លាប់​ក្នុង​នោះ​ខេត្ត​បន្ទាយមានជ័យ​ស្លាប់​ចំនួន​ ២២ ​នាក់​។

របាយការណ៍​បង្ហាញ​ថា ជំនន់​ទឹកភ្លៀង​ក្នុង​ ១៩ ​រាជធានី-ខេត្ត​នាពេល​កន្លងមក​នេះ​បាន​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​សរុប​ចំនួន​ ៤៨៣ ១៤០ ​នាក់​ ក្នុង​នោះ​ ៤៦ ២១៦ ​នាក់​ ត្រូវ​បាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​។

ក្រៅពីនេះ​បាន​ជន់លិច និង​ប៉ះពាល់ សាលារៀន ៧០៧ ​កន្លែង ស្រូវ​លិច​ទឹក​ប្រមាណ​ ២៣២ ៥៥១ ​ហិកតា និង​ដំណាំ​រួមផ្សំ​លិច​ទឹក​ចំនួន ៨៣ ៩១៨ ​ហិកតា និង​ប៉ះពាល់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិ ផ្លូវខេត្ត និង​ផ្លូវលំ​ជនបទ សរុប​ជាង​ ២ ០០០ ​គីឡូម៉ែត្រ​៕