កំពង់ឆ្នាំងៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថានឹងឱ្យអាជីវករនៅផ្សារលើខេត្តកំពង់ឆ្នាំងលក់ដូរដោយមិនបង់ថ្លៃជួលតូបចាប់ពីឆ្នាំ ២០២៥ ដល់ ឆ្នាំ ២០៤០ បន្ទាប់ពីបញ្ចប់កិច្ចសន្យាវិនិយោគជាមួយក្រុមហ៊ុនឯកជនជាអ្វីដែលលោកលើកឡើងថាដើម្បីកាត់បន្ថយការចំណាយរបស់អាជីវករ ខណៈដែលអ្នកតាមដាន និងវិភាគសង្គមយល់ឃើញថាជាការស្ដារប្រជាប្រិយភាព។
ការសន្យានេះបានធ្វើឡើងកាលពីម្សិលមិញក្នុងពេលដែលលោកចុះទៅជួបសួរសុខទុក្ខប្រជាពលរដ្ឋជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ឆ្នាំង និងបន្តទៅខេត្តពោធិ៍សាត់ដើម្បីពិនិត្យមើលសមិទ្ធផលជាតិនានា និងដោះស្រាយបញ្ហាប្រឈមមួយចំនួនរបស់ប្រជាពលរដ្ឋ។
ក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា៖ «ក្រោយពីបានពិភាក្សាជាមួយអភិបាលខេត្តកំពង់ឆ្នាំងរួចហើយគឺបានសម្រេចថាក្រោយពេលក្រុមហ៊ុនឯកជនបញ្ចប់កិច្ចសន្យាវិនិយោគនៅឆ្នាំ ២០២៥ រួចហើយគឺនឹងផ្តល់ឱ្យបងប្អូនអាជីវករលក់ដូរនៅផ្សារលើទីរួមខេត្តកំពង់ឆ្នាំងដោយមិនតម្រូវឲ្យបង់ថ្លៃតូបចាប់ពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០៤០»។
កាលពីចុងខែកក្កដាលោក ហ៊ុន សែន បានប្រកាសថានឹងចុះជួបសំណេះសំណាលជាមួយពលរដ្ឋមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ២៥ ខេត្តក្រុងទូទាំងប្រទេស។
លោកបានថ្លែងថា៖ «ខ្ញុំត្រូវពិនិត្យទាំងបញ្ហាជឿនលឿន និងបញ្ហាដែលនៅសេសសល់ដែលត្រូវបន្តដោះស្រាយព្រោះវាជាងពាក់កណ្ដាលអាណត្តិហើយអ៊ីចឹងត្រូវដើរពិនិត្យតាមខេត្តនានាបន្តទៀត»។
ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រចាំខេត្តកំពង់ឆ្នាំងលោក អ៊ូ ជួបកុសល បញ្ជាក់ថានៅពេលបញ្ចប់កុងត្រាអាជីវករអាចបន្តការលក់ដូររបស់ខ្លួនជាធម្មតាតែតម្រូវឱ្យបង់តែថ្លៃភាស៊ីប៉ុណ្ណោះ។
លោកថា៖ «សម្តេចគាត់ចង់និយាយថាពេលចប់ឆ្នាំ ២០២៥ ផ្សារនោះក្លាយជារបស់រដ្ឋជាអ្នកគ្រប់គ្រងវិញហើយការលក់ដូរបន្តធម្មតាតែបង់ភាស៊ីពន្ធអាករជាប់ដដែលដកតែអាណត្តិតូបទេពោលគឺពីមុនគាត់ត្រូវបង់ប្រាក់ប្រចាំខែដល់ក្រុមហ៊ុនតែក្រោយបញ្ចប់កិច្ចសន្យាលែងបង់ថ្លៃជួលតូបហើយ»។
តែលោកបញ្ជាក់ថាបច្ចុប្បន្នរដ្ឋនៅបន្តយកលុយថ្លៃភាស៊ីពីម្ចាស់តូបដដែលអាស្រ័យលើទំហំតូបចាប់ពី ២០០ ទៅ ៣០០ រៀល។
បើតាមលោក អ៊ូ ជួបកុសល ផ្សារលើខេត្តកំពង់ឆ្នាំងមានចំនួន ៦៤៨ តូបដែលបានធ្វើការវិនិយោគជាមួយក្រុមហ៊ុនឯកជនក្នុងស្រុកពីរដំណាក់កាលចាប់ពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០០៦ និងដំណាក់កាលទីពីរចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០២៥។
យុទ្ធនាការរបស់ប្រធានគណបក្សប្រជាជន និងជាថ្នាក់ដឹកនាំរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវបានក្រុមអ្នកតាមដានព្រឹត្តិការណ៍ និងវិភាគសង្គមលោក មាស នី មើលឃើញថាធ្វើឡើងដើម្បីស្តារប្រជាប្រិយភាពឡើងវិញខណៈការបោះឆ្នោតជិតមកដល់បន្ទាប់ពីការបោះឆ្នោតសកលកាលពីឆ្នាំ ២០១៣ គណបក្សកាន់អំណាចមួយនេះបានបាត់សន្លឹកឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅគណបក្សសង្គ្រោះជាតិ។
លោក មាស នី ធ្លាប់បានថ្លែងថា៖ «អ្វីដែលជាកត្តាសំខាន់គឺចង់ស្តារប្រជាប្រិយភាពឡើងវិញគឺការពង្រឹងចាប់ចេញពីមន្ត្រីរាជការសិនព្រោះមន្ត្រីរាជការមានរាប់សែននាក់ហើយមន្ត្រីរាជការមានតួនាទីសំខាន់ក្នុងការផ្តល់ការគាំទ្រក្នុងការបោះឆ្នោតអ៊ីចឹងបើកាលណាមន្ត្រីរាជការគាត់បាត់បង់ទំនុកចិត្តអ៊ីចឹងគេនឹងមិនបោះឆ្នោតឱ្យដែរ»។
ទោះបីយ៉ាងណានាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ បានស្វាគមន៍ចំពោះការសន្យានេះដែលនឹងជួយកាត់បន្ថយការចំណាយខណៈលោកជំរុញឱ្យនាយករដ្ឋមន្ត្រីជួយអន្តរាគមន៍បញ្ហាដីធ្លីក្នុងខេត្តនោះផងដែរ។
លោកបានបន្តថា៖ «អាជីវករលក់ដូរតាមផ្សាររដ្ឋតម្រូវឱ្យបំពេញកាតព្វកិច្ចច្រើនណាស់ទាំងភាស៊ីផ្សារផងថ្លៃតូបផងអ៊ីចឹងទាំងអស់នេះជាមូលហេតុឱ្យទំនិញទីផ្សារឡើងថ្លៃដែរព្រោះអាជីវករចំណាយច្រើនពេកអ៊ីចឹងគាត់ធ្វើម៉េចរកមធ្យោបាយឱ្យបានចំណេញច្រើនយកទៅបំពេញកាតព្វកិច្ចរបស់ខ្លួន»។
លោកបានបន្ថែមថា៖ «ទន្ទឹមនឹងការដោះស្រាយជូនអាជីវករក្នុងផ្សារខ្ញុំចង់ឱ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរពិនិត្យមើលករណីទំនាស់ដីធ្លីនៅឡពាងដែលជាទំនាស់ដ៏រ៉ាំរ៉ៃដ៏ធំមួយនៅក្នុងខេត្តនេះជាមួយអ្នកមានអំណាចដើម្បីឱ្យប្រជាពលរដ្ឋមើលឃើញថានាយករដ្ឋមន្ត្រីពិតជាយកចិត្តទុកដាក់ជាមួយពួកគេពិតមែនមិនត្រឹមតែអាជីវករនោះទេ»៕