ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ប៉េកាំង​ដើម្បី​សម្ដែង​ការគួរសម​ជាមួយ​ភាគី​ចិន និង​ស្វែងយល់​ពី​ការយក​ចិត្តទុកដាក់​លើ​ពលរដ្ឋ​កម្ពុជា​ដែល​កំពុង​រស់នៅ និង​សិក្សា​នៅ​ប្រទេស​ចិន បន្ទាប់ពី​រដ្ឋាភិបាល​​ចិន​មិន​អាច​រៀបចំ​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​លោក​​ដែល​ចង់​ទៅ​ទីក្រុង​វូហាន​ជា​ទី​ដែល​មាន​ការផ្ទុះ​ជំងឺ​កូរ៉ូណា​។

កាលពី​ថ្ងៃ​អង្គារ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយតប​ជាមួយ​នឹង​អ្នក​រិះគន់​​ដោយ​បាន​ប្រកាស​ថា លោក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​វូហាន​ដើម្បី​សួរសុខទុក្ខ​ក្រុម​និស្សិត​ខ្មែរ​ចំនួន​ ២៣ ​នាក់​ ដែល​កំពុង​ជាប់គាំង​នៅ​ទីក្រុង​នេះ បន្ទាប់ពី​កម្ពុជា​បាន​ប្រកាស​មិន​នាំ​យក​និស្សិត​ខ្មែរ​ដែល​កំពុង​ស្នាក់នៅ​ទីនោះ មក​ប្រទេស​វិញ​។

ជាថ្មី​ម្តង​ទៀត​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ​ ២០២០ នៅ​ប្រទេស​ កូរ៉េ​ខាងត្បូង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ព្រឹក​ម្សិលមិញ​ថា តាម​គម្រោង​នៅ​ថ្ងៃទី​ ៥ កុម្ភៈ លោក​គ្រោង​នឹង​ចាកចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ឆ្ពោះ​ទៅ​ទីក្រុង ​វូហាន ខេត្ត​ហឺប៉ី ប្រទេស ​ចិន ដើម្បី​ទៅ​សួរសុខទុក្ខ​កូនក្មួយ​និស្សិត​ខ្មែរ ២៣ នាក់ ​ដែល​កំពុង​សិក្សា​នៅ​ទីនោះ​។

លោក​បន្ត​ថា ប៉ុន្តែ​ក្រសួង​ការបរទេស​ចិន​បាន​ឆ្លើយតប​យឺត ហើយ​ថា​ចិន​មិន​អាច​រៀបចំ​ជូន​ដល់​ការធ្វើ​ដំណើរ​របស់​លោក​ទៅកាន់​ទីក្រុង​វូហាន​បាន​ទេ ព្រោះ​ទីក្រុង​នេះ​បាន​ប្រកាស​ភាពអាសន្ន បិទ​មិន​ឲ្យ​មាន​ចរាចរណ៍​ឆ្លងកាត់​នៅក្នុង​តំបន់​នេះ​នៅ​ឡើយ ហើយ​ចំពោះ​និស្សិត​វិញ​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅពី​ទីកន្លែង​រស់នៅ​បាន​ដែរ​។

ជាមួយ​នឹង​ការបញ្ជាក់​ពី​មូលហេតុ​នេះ​លោក​ ហ៊ុន សែន បាន​សរសេរ​បន្តថា​៖ «​ដោយសារ​មិត្ត​ចិន​យល់​អំពី​ការព្រួយបារម្ភ​របស់ខ្ញុំ​ចំពោះ​ពលរដ្ឋ​​ និង​និស្សិត​ខ្មែរ​ដែល​កំពុង​រស់នៅក្នុង​ប្រទេស​ ចិន​ នៅ​ព្រឹកមិញ​ (​ថ្ងៃ​ពុធ​) ​នេះ​ខាង​រដ្ឋាភិបាល​ចិន​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ដើម្បី​បាន​ជួប​សម្តែង​ការគួរសម​ជាមួយ​ភាគី​មិត្ត​ចិន និង​បាន​ស្វែងយល់​អំពី​ការយកចិត្ត​ទុកដាក់​របស់​រដ្ឋាភិបាល​ចិន​ចំពោះ​បងប្អូន​ និង​កូនក្មួយ​សិស្ស​និស្សិត​ខ្មែរ​យើង​ដែល​កំពុង​រស់នៅ​ និង​សិក្សា​នៅក្នុង​ទីក្រុង​វូហាន​ក៏ដូចជា​នៅ​ទូទាំង​ប្រទេស​ចិន​»​។

លោក​បន្ថែមថា​៖ «​ខ្ញុំ​នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចាកចេញ​ពី​ប្រទេស​ កូរ៉េ​ខាង​ត្បូង ​ឆ្ពោះ​ទៅកាន់​ទីក្រុង​ប៉េកាំង​មុន​នឹង​ធ្វើដំណើរ​វិលត្រឡប់​ទៅកាន់​ប្រទេស​ កម្ពុជា ​វិញ​។ ​ខ្ញុំ​សូម​អរគុណ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ដែល​គោរព​ស្រឡាញ់​ខ្ញុំ និង​ចង់​ឲ្យ​ខ្ញុំ​មាន​សុខភាព​ល្អ​។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​សិស្ស​និស្សិត​ដែល​កំពុង​រស់នៅក្នុង​ទីក្រុង​វូហាន និង​នៅក្នុង​ប្រទេស​ចិន​ទាំងអស់​ជួបតែ​សេចក្តីសុខ សំណាងល្អ និង​ចៀស​ផុត​ពី​ជំងឺ​ទាំងឡាយ​»​។

ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​ទៅ​ទីក្រុង​ប៉េកាំង​នេះ​កាលពី​ម្សិលមិញ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ការអញ្ជើញ​ទៅ​រដ្ឋធានី​ប៉េកាំង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពេលនេះ​គឺ​តប​តាម​ការអញ្ជើញ​របស់​លោក លី កេឈាង នាយករដ្ឋមន្ត្រី​នៃ​ក្រុមប្រឹក្សារដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

ក្រសួង​ការបរទេស​បាន​បញ្ជាក់ថា​៖ «​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ សម្តេច​​តេជោ​នាយករដ្ឋមន្ត្រី​នឹង​មាន​ជំនួប​​ជាមួយ​លោក លី កេឈាង ដើម្បី​​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​​ទ្វេភាគី​លើ​វិស័យ​ផ្សេងៗ និង​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​លើ​ការរីក​រាលដាល​ជំងឺឆ្លង​ផ្លូវដង្ហើម​កូរ៉ូណា​ដែល​កំពុង​កើតមានឡើង​រួមទាំង​បញ្ហា​មួយ​ចំនួន​ដែលជា​ផលប្រយោជន៍​រួម​ និង​ជួបសម្ដែង​ការគួរសម​ជាមួយ​ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតី​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ផង​ដែរ​»​។

សេចក្តី​ប្រកាស​នោះ​បាន​បន្តថា ការអញ្ជើញ​អមដំណើរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​រដ្ឋធានី​​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង​ទៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន រួមមាន លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ មន្ត្រីជាន់ខ្ពស់​មួយចំនួន​នៃ​រដ្ឋាភិបាល​ និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​។

និស្សិត​ខ្មែរ​ម្នាក់​ដែល​កំពុង​រស់នៅ​ទីក្រុង វូហាន លោក ប៉ែន បារាំង បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ក្នុង​ពេលនេះ ប្រសិន​បើ​មាន​និស្សិត​ណា​ម្នាក់​ចេញ​ទៅ​ក្រៅ​អគារ​​នោះ ខាង​រដ្ឋបាល​សាលា​នឹង​មិនអនុញ្ញាត​ឱ្យ​ចូលមក​ក្នុង​អគារ​វិញ​ទេ ដោយ​ត្រូវ​ទុក​អ្នក​ដែល​ចេញ​ក្រៅ​នោះ​ឱ្យ​នៅ​កន្លែង​ដាច់​ដោយឡែក​រយៈពេល​ ១៥ ​ថ្ងៃ​ដើម្បី​តាមដាន​សុខភាព​។

ដូច្នេះ​ការមិន​អញ្ជើញ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​មក​ទីក្រុង​វូហាន​គឺជា​ការប្រសើរ ខណៈ​និស្សិត​រូបនេះ​ក៏​បារម្ភ​ពី​សុវត្ថិភាព និង​សុខភាព​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែរ​នោះ​។

លោក ប៉ែន បារាំង សរសេរ​ថា​៖ «​ជឿ​កូន លោក​ពុក​ (​ហ៊ុន សែន​) ​កុំ​ទាន់​អញ្ជើញ​មក​សួរសុខទុក្ខ​ខ្ញុំ​អី​​ក្នុង​ពេលនេះ ក្រោយ​ចប់​ប្រជុំ​នៅ​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង​លោក​ពុក​អញ្ជើញ​ធ្វើដំណើរ​ត្រឡប់​ទៅផ្ទះ​វិញ​ចុះ​។ ​សូម​គោរព​ជូនពរ​លោក​ពុក​ធ្វើ​​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​យើង​វិញ​ប្រកប​ដោយ​សុខ​សុវត្ថិភាព​»​។

ជំងឺ​រលាក​សួត​ដែល​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ (2019nCoV) ​ត្រូវបាន​រកឃើញ​ជា​លើកដំបូង​កាលពី​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ ២០១៩ ​នៅ​​ទីក្រុង​វូហាន​ (Wuhan) ប្រទេស​​ចិន ហើយ​គិត​ត្រឹម​ថ្ងៃទី​ ៥ ខែ​កុម្ភៈ ឆ្នាំ​ ២០២០ ​បាន​សម្លាប់​មនុស្ស​ចំនួន ៤៩០​ នាក់ និង​មាន​អ្នក​ឆ្លង​ជំងឺ​ចំនួន ​២៤ ៣២៤​ នាក់​។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន Cannel News Asia៕