
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងមក។ រូបថត SPM
ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងថ្លែងសារពិសេសពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ឆ្លងកូវីដចូលក្នុងសហគមន៍ ២៨ វិច្ឆិកា នៅព្រឹកថ្ងៃអង្គារ នេះ ខណៈកម្ពុជាមានអ្នកជំងឺកូវីដ ១៩ កំពុងសម្រាកព្យាបាលនៅសល់តែ ៤ នាក់ទៀតតែប៉ុណ្ណោះ គិតត្រឹមថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២០។
ជាមួយគ្នានេះដែរ ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនសំខាន់ៗនៅក្នុងខេត្តចំនួន ៧ ដែលនៅជាប់នឹងព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីថ្ងៃទី ២០ ខែធ្នូ រហូតមកដល់ថ្ងៃទី ២៨ ខែធ្នូ មានប្រមាណ ៣ ០០០ នាក់ និងត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កតាមវិធានរបស់ក្រសួងសុខាភិបាល។
យោងតាមការប្រកាសរបស់ទូរទស្សន៍ជាតិកម្ពុជាកាលពីម្សិលមិញបានឱ្យដឹងថា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃអង្គារ ទី ២៩ ខែធ្នូ នេះ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានឹងផ្សាយផ្ទាល់ការថ្លែងសារពិសេសរបស់លោកនាយករដ្ឋមន្ត្រីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងចំណុចសំខាន់ៗផ្សេងទៀត ពីក្រុងតាខ្មៅខេត្តកណ្តាល។
នេះជាលើកទី២ ហើយ ដែលលោក ហ៊ុន សែន បានថ្លែងសារពិសេសទាក់ទងនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលលើកទី១ គឺលោកបានថ្លែងរយៈពេលប្រមាណជា ៤ ម៉ោង ទាក់ទងនឹងព្រឹត្តិការណ៍នេះ ការទិញវ៉ាក់សាំង និងការត្រៀមបង្ការជាមុនផងដែរ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលពីម្សិលមិញ មានអ្នកជំងឺកូវីដ ១៩ ចំនួន ៤ នាក់ បានព្យាបាលជាសះស្បើយដោយក្នុងនោះ មានអ្នកជំងឺម្នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២៨ វិច្ឆិកា។ ការណ៍នេះបានធ្វើឱ្យអ្នកជំងឺកូវីដដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួនតែ ៤ នាក់ទៀតប៉ុណ្ណោះ។ គិតត្រឹមថ្ងៃម្សិលមិញកម្ពុជាមានអ្នកមានជំងឺកូវីដចំនួន ៣៦៤ នាក់ ក្នុងនោះត្រូវបានព្យាបាលជាសះស្បើយសរុបចំនួន ៣៦០ នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួន ៤ នាក់ (ស្រីចំនួន ១ នាក់)។
ទាក់ទងនឹងពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ លោក សេក សុខុម អ្នកនាំពាក្យខេត្តបន្ទាយមានជ័យបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ពលករខ្មែរជាង ១ ០០០ នាក់ បានវិលត្រឡប់មកពីប្រទេសថៃ ចូលតាមខេត្តរបស់លោកចាប់តាំងពីថ្ងៃទី ២០ ដល់ ២៨ ខែធ្នូ ឆ្នាំ ២០២០ ដែលគិតជាថ្ងៃ គឺចន្លោះពី ៥០ ទៅ ៦០ នាក់ ក្នុង ១ ថ្ងៃ។
លោកថ្លែងថា អាជ្ញាធរខេត្តមានការរៀបចំកន្លែងចត្តាឡីស័កបានគ្រប់គ្រាន់ជូនដល់ពួកគាត់ រួមទាំងផ្តល់នូវអាហារ ៣ ពេលផងដែរ។ ដូចនេះពលករមិនមានចេតនាក្នុងការរត់ចោលកន្លែងធ្វើចត្តាឡីស័កនោះទេ ដោយសារពួកគាត់យល់ពីផលប៉ះពាល់នៃការរីករាលដាលនៃវីរុសកូវីដ ១៩។
លោកថា៖ «មន្រ្តីរាជការនៅទូទាំងខេត្ត គ្រប់មន្ទីរ មន្រ្តីមានសមត្ថកិច្ច និងពេទ្យបានចែកវេនគ្នាក្នុងការប្រចាំការនៅតាមគ្រប់កន្លែងធ្វើចត្តាឡីស័កក្នុង ២៤ ម៉ោង លើ ២៤ ម៉ោង ដើម្បីជួយពួកគាត់នៅពេលដែលពួកគាត់មានបញ្ហាសុខភាពណាមួយកើតឡើង»។
ចំណែកលោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យបានឱ្យដឹងផងដែរថា គិតពីថ្ងៃទី ២០ ដល់ ថ្ងៃទី ២៨ ខែធ្នូ ពលករខ្មែរដែលធ្វើដំណើរពីប្រទេសថៃ ចូលក្នុងប្រទេសកម្ពុជា តាមខេត្តនេះមានប្រមាណជា ១ ៣០០ នាក់ ហើយអាជ្ញាធរបានបញ្ជូនពួកគាត់ទៅកាន់កន្លែងធ្វើចត្តាឡីស័កដែលអាជ្ញាធរខេត្ត-ស្រុកបានរៀបចំ ចំណែកពលករណាដែលមានស្រុកកំណើតនៅខេត្តផ្សេង គឺពួកគាត់ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កក្នុងខេត្តនោះ។
លោកថា៖ «ជាទូទៅ ពលករដែលចូលមក គឺមានចន្លោះពី ១០០ ទៅ ២០០ នាក់ ក្នុង ១ ថ្ងៃ បើទោះជាមិនទាន់មានការផ្ទុះការរីករាលដាលវីរុសកូវីដ ១៩ នៅខេត្តសមុទ្រសាខនក៏ដោយ ប៉ុន្តែពលករខ្មែរក៏មិនមានត្រឡប់ចូលក្នុងទឹកដីថៃដែរ តាំងពីខែមីនា មក ចាប់តាំងពីមានការរីករាលដាលកូវីដដំបូង ដោយប្រទេសទាំង ២ បានព្រមព្រៀងបិទព្រំដែនបណ្តោះអាសន្នរហូតមានការជូនដំណឹងជាថ្មី។ ភាគីទាំង ២ បានអនុញ្ញាតការចេញចូលព្រំដែនបានតែឡានដឹកទំនិញតែប៉ុណ្ណោះ»។ លោក ឌី រ៉ាដូ បានបន្តថា ការធ្វើចត្តាឡីស័កនេះ ជាការចំាបាច់ដែលគ្រប់ពលករត្រូវតែធ្វើ។
លោក មុំ ម៉ាលីកា អ្នកនាំពាក្យខេត្តកោះកុងក៏បានឱ្យដឹងផងដែរថា ក្នុងរយៈពេល ១ សប្តាហ៍កន្លងមកនេះ ពលករខ្មែរចំនួន ២៣ នាក់ បានវិលត្រឡប់មកពីប្រទេសថៃ និងបានដាក់ឱ្យធ្វើចត្តាឡីស័ក។
លោកថ្លែងថា៖ «សុខភាពរបស់ពួកគាត់ គឺល្អធម្មតា ហើយពួកគាត់ជាពលករមកពីខាងខេត្តត្រាត មិនមែនមកពីខេត្តសមុទ្រសាខនទេ។ ពួកគាត់មានការសហការនៅពេលមកធ្វើចត្តាឡីស័ក ប៉ុន្តែមុនពេលយកពួកគាត់មកកន្លែងចត្តាឡីស័ក អាជ្ញាធរ និងសមត្ថកិច្ចមានការពិបាកផងដែរ ដោយសារខេត្តកោះកុងមានច្រកច្រើន»។
កាលពីសប្តាហ៍មុនការិយាល័យចក្ខុវិស័យសេដ្ឋកិច្ចនៃប្រទេសសេណេហ្កាល់ បានចេញរបាយការណ៍មួយដោយធ្វើការវាយតម្លៃស្ដីពីសន្ទស្សន៍ស្ថានភាពធ្ងន់ធ្ងរនៃជំងឺ COVID-19 ដោយបានបង្ហាញថា ប្រទេសកម្ពុជា ជាប់ចំណាត់លេខ ១ កម្រិតពិភពលោក ជាប្រទេសដែលគ្រប់គ្រងការឆ្លងរាតត្បាតនៃវីរុសកូវីដ ១៩ បានល្អជាងគេ៕