ភ្នំពេញ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ពី​ម្សិលមិញ​ថា វ៉ាក់សាំង​បង្ការ​កូវីដ ១៩ ដែល​ជា​ជំនួយ​របស់​ចិន​នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី ៧ ខែ​កុម្ភៈ ហើយ​រូប​លោក​នឹង​ទៅ​ទទួល​ផ្ទាល់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ប៉ុន្តែ​លោក​បារម្ភ​ពី​ការ​ឆ្លង​ចូល​ពី​វៀតណាម ខណៈ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ជិត​ខាង​នេះ កំពុង​ឆ្លង​ចូល​ក្នុង​សហគមន៍ និង​មាន​ទាំង​វីរុស​បំប្លែង​ថ្មី​ផង។

តាមរយៈ​សារ​ជា​សំឡេង លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «ជូន​ចំពោះ​ក្រុម​ការងារ​វ៉ាក់សាំង ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ពី​បង ម៉ម ប៊ុនហេង ថា វ៉ាក់សាំង​នឹង​មក​ដល់​ថ្ងៃទី ៧ គឺ​ថ្ងៃ​អាទិត្យ​នេះ​ហើយ​ដូច​ការ​ប្រកាស​របស់​ខ្ញុំ​កន្លង​ទៅ​ គឺ​ខ្ញុំ​បាន​បញ្ជាក់​ថា​ ពេល​វ៉ាក់សាំង​មក​ដល់ ខ្ញុំ​នឹង​ទៅ​ទទួល»។

ជាមួយ​គ្នា​នេះ​លោក​ក៏​បាន​បញ្ជា​ឱ្យ​ក្រុម​ការងារ​រៀបចំ​កម្មវិធី​ទទួល​វ៉ាក់សាំង​នេះ​នៅ​ឯ​អាកាសយានដ្ឋាន​ភ្នំពេញ (ពោធិ៍ចិនតុង) ផង​ដែរ។ ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ ធ្វើ​ឡើង ១ ថ្ងៃ​ បន្ទាប់​ពី​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក វ៉ាង វិន​ធាន បាន​ថ្លែង​ពី​ថ្ងៃ ៣ កុម្ភៈ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ១៩ នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ថា វ៉ាក់សាំង​កូវីដ ១៩ ដែល​ចិន​ផ្តល់​ជូន​កម្ពុជា​ដំបូង​មាន​ចំនួន ៦០ ម៉ឺន​ដូស ហើយ​ការ​ដឹក​ជញ្ជូន​ត្រូវ​ធ្វើ​តាម​យន្តហោះ​ពិសេស​របស់​ចិន​មក​ដល់​រាជធានី​ភ្នំពេញ​នៅ​ចុង​សប្តាហ៍​នេះ។

គួរ​បញ្ជាក់​ថា រដ្ឋាភិបាល​ចិន​បាន​សម្រេច​ផ្តល់​ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ឈ្មោះ ស៊ីណូហ្វាម ចំនួន ១ លាន​ដូស ដល់​កម្ពុជា​ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ ក្នុង​នោះ ៦០ ម៉ឺន​ដូស​នឹង​មកដល់​កម្ពុជា​មុន។ ទន្ទឹម​នឹង​នេះ​ដែរ កាល​ពី​រសៀល​ម្សិលមិញ លោក ​ហ៊ុន សែន ក៏​បាន​ថ្លែង​តាមរយៈ​សារ​ជា​សំឡេង​ដែរ​ថា ការ​ព្រួយ​បារម្ភ​ធំ​បំផុត​របស់​កម្ពុជា គឺ​ការ​ផ្ទុះ​ឡើង​នៅ​ក្នុង​សហគមន៍​ប្រទេស​វៀតណាម ដែល​ចាប់​ផ្តើម​នៅ​ភាគ​ខាង​ជើង ភាគ​កណ្តាល ហើយ​ឥឡូវ​នេះ ​គឺ​ឈាន​មក​ភាគខាងត្បូង​ដែល​មេរោគ​នេះ ​គឺ​ជា​ការ​បំប្លែង​ថ្មី។

លោក ហ៊ុន សែន បាន​ប្រកាស​ឱ្យ​បណ្តា​ខេត្ត​នៅ​ជាប់​ព្រំដែន​កម្ពុជា​វៀតណាម​ទាំង​អស់​ចាប់​តាំង​ពី​ខេត្ត​កំពត​រហូត​ដល់​ខេត្ត​រតនគិរី ចាត់​វិធានការ​បន្ទាន់ ទប់ស្កាត់​កុំ​ឱ្យ​មាន​ការ​ឆ្លង​ទៅ​ឆ្លង​មក​របស់​ប្រជាជន​ទាំង ២ ប្រទេស (កម្ពុជា និង​វៀតណាម)។

លោក​បាន​បញ្ជាក់​ថា៖ «ប្រជាជន​កម្ពុជា​ដែល​ឆ្លង​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម​ក៏​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ដោយ​អាជ្ញាធរ​វៀតណាម ឯ​ប្រជាជន​វៀតណាម​ដែល​ឆ្លង​ចូល​មក​ក្នុង​កម្ពុជា ក៏​ត្រូវ​ធ្វើ​ចត្តាឡីស័ក​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ផង​ដែរ»។

លោក​ថា ប្រការ​នេះ​ត្រូវ​ពឹងពាក់​ទាំង​ស្រុង​ទៅ​ដល់​អភិបាល​ខេត្ត​សហការ​ជាមួយ​នឹង​កងកម្លាំង​ប្រដាប់​អាវុធ​ឈរ​ជើង​ត្រូវ​បិទ​ខ្ទប់​ឱ្យ​ខាង​តែ​បាន​ការ​ឆ្លង​តាម​ច្រក​របៀង​ទាំង​នៅ​តាម​ព្រំដែន និង​ការ​ត្រួត​ពិនិត្យ​នៅ​ខាង​ក្នុង​ឱ្យ​បាន​ហ្មត់ចត់ និង​តម្រូវ​ឱ្យ​រៀបចំ​កន្លែង​ធ្វើ​ចត្តាឡីស័ក​ឱ្យ​បាន​រឹងមាំ​បំផុត។

លោក ​ហ៊ុន សែន បាន​ថ្លែង​ថា៖ «ខ្ញុំ​សុំ​ដាក់​ចេញ​នូវ​បទបញ្ជា​ជា​បន្ទាន់​ឱ្យ​អាជ្ញាធរ​ខេត្ត​នៅ​តាម​ព្រំដែន​ជាមួយនឹង​ស្ថាប័ន​ដែល​មាន​ការ​ពាក់ព័ន្ធ​ទាំង​អស់​សហការ​គ្នា​ហើយ​ក្រសួង​សុខាភិបាល​ត្រូវ​ផ្គត់ផ្គង់​ទៅ​បណ្តា​ខេត្ត​ដែល​នៅ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម»។

លោក​បាន​សង្កត់ធ្ងន់​ថា អ្វី​ដែល​លោក​បារម្ភ ​គឺ​ការ​ឆ្លង​ទៅ​ឆ្លង​មក​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន និង​វៀតណាម​ដែល​លោក​តម្រូវ​ឱ្យ​អាជ្ញាធរ​ពង្រាយ​កម្លាំង​ជា​បន្ទាន់ ដើម្បី​ទប់ស្កាត់​នៅ​តាម​ច្រក​របៀង​នានា។ ប្រសិន​បើ​មាន​ការ​ធ្វេស​ប្រហែស ប្រទេស​កម្ពុជា ​នឹង​ខ្ទេចខ្ទាំ​ទៅ​ដោយ​កូវីដ ១៩ ដែល​រុញ​ច្រាន​ពី​ប្រទេស​ថៃ​ ផង និង​ប្រទេស​វៀតណាម ​ផង។

ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​បញ្ជា​ទៅ​ក្រសួង​សុខាភិបាល​ពិនិត្យ និង​ពិភាក្សា​ជាមួយ​ខេត្ត​ទាំង​នោះ ដើម្បី​រៀបចំ​កន្លែង​ធ្វើ​ចត្តាឡីស័ក​ឱ្យ​បាន​ត្រឹមត្រូវ និង​ធ្វើ​ការ​ផ្គត់ផ្គង់​ដូច​ដែល​បាន​កំពុង​ធ្វើ​នៅ​ទិស​ខាង​លិច (ព្រំដែន​កម្ពុជា-ថៃ)។

កាល​ពី​ម្សិលមិញ​នេះ​ដែរ លោក ម៉ម ប៊ុនហេង ក៏​បាន​ស្នើ​ឱ្យ​​ថ្នាក់​ដឹកនាំ​រាជធានី-ខេត្ត បង្កើន​ការ​ប្រុងប្រយ័ត្ន ​និង​ចាត់​វិធានការ​ទប់ស្កាត់ និង​បង្ការ​ការ​នាំចូល​វីរុស​កូវីដ ១៩ នៅ​តាម​ច្រក​ព្រំដែន​កម្ពុជា-វៀតណាម ខណៈ​នៅ​វៀតណាម​មាន​ផ្ទុះ​ថ្មី​ចូល​សហគមន៍។

លោក ម៉ម ប៊ុនហេង បាន​ឱ្យ​ដឹង​ថា ផ្អែក​តាម​ព័ត៌មាន​ពី​គេហទំព័រ​របស់​វៀតណាម​នៅ​ថ្ងៃទី ៣ ខែកុម្ភៈ ​ថា ប្រទេស​វៀតណាម ថ្មីៗ​នេះ​បាន​និង​កំពុង​ផ្ទុះ​ឡើង​វិញ​នូវ​ការ​ចម្លង​កូវីដ ១៩ ក្នុង​សហគមន៍​ដោយ​មាន​ទាំង​វីរុស​កូវីដ​ ១៩ បំប្លែង​ថ្មី​ពី​ចក្រភព​អង់គ្លេស​ផង។ ពី​ថ្ងៃ​ទី ២៨ មករា ដល់​ថ្ងៃទី ១ ខែ​កុម្ភៈ វៀតណាម​បាន​រក​ឃើញ​ករណី​វិជ្ជមាន​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ហើយ​មាន​ខេត្ត​ខ្លះ​ជាប់​ជាមួយ​កម្ពុជា។

លោក​បាន​ថ្លែង​ថា៖ «ដូច្នេះ​សូម​អភិបាល​រាជធានី-ខេត្ត​ទាំង​អស់ ជាពិសេស​ខេត្ត​ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម ដូចជា ខេត្ត​កំពត តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង​ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និង​រតនគិរី ត្រូវ​តែ​បង្កើន​ការ​ប្រុងប្រយ័ត្ន និង​ចាត់​វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់»។

ចំពោះ​វ៉ាក់សាំង​ពី​ចិន លោក ម៉ម ប៊ុនហេង បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ពេល​លោក​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ទីតាំង​សម្រាប់​ទុក​វ៉ាក់សាំង​កូវីដ ១៩ នៅ​ឃ្លាំង​ឱសថ​កណ្តាល​ចោមចៅ​ថា ការ​ចុះ​ពិនិត្យ​នេះ​ជា​ការ​រៀបចំ​ទុក​ជា​មុន ​ដើម្បី​ទទួល​វ៉ាក់សាំង​កូវីដ ១៩ ពី​ចិន ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​ថា ​ជា​ទំនិញ​យុទ្ធសាស្ត្រ។​ លោក​ថា៖ «យើង​មក​ពិនិត្យ​មើល​ប្រព័ន្ធ​ត្រជាក់​នៅ​បន្ទប់​ដាក់​វ៉ាក់សាំង​នេះ ដែល​នឹង​មក​នៅ​ចុង​អាទិត្យ​នេះ ដើម្បី​ទុក​ដាក់​ឱ្យ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស ហើយ​នឹង​ត្រៀម​មធ្យោបាយ​ដឹក​ជញ្ជូន​ទៅ​តាម​ខេត្ត ឬ​កន្លែង​ដែល​ត្រូវ​ការ​ចាក់​វ៉ាក់សាំង​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង»។

លោក ម៉ម ប៊ុនហេង បន្ថែម​ថា ឃ្លាំង​ឱសថ​កណ្តាល​ចោមចៅ​នេះ អាច​ផ្ទុក​វ៉ាក់សាំង​បាន ៣ លាន​ដូស ដែល​ជា​ទីតាំង​របស់​ក្រសួង និង​កន្លែង​ស្តុក​ទុក​នៅ​មន្ទីរពេទ្យ​ព្រះកេតុមាលា​រៀបចំ​ដោយ​ក្រសួងការពារជាតិ។

ទន្ទឹម​គ្នា​នេះ​ដែ​រ លោក ម៉ម ប៊ុនហេង ក៏​បាន​ចេញ​លិខិត​ប្រកាស​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​នូវ​វ៉ាក់សាំង Sinopharm Covid-19 ដែល​ផលិត​ដោយ​វិទ្យាស្ថាន Beijing Institute of Biological Products Co.,Ltd នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុង​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​ជា​បន្ទាន់ (Emergency Use Authorization) ដោយ​អនុវត្តតាម​ពិធីសារ​ស្តីពី​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ របស់​រាជរដ្ឋាភិបាល។

ជុំវិញ​ការ​ចាក់​វ៉ាក់សាំង​នេះ កាល​ពី ថ្ងៃទី ៣ កុម្ភៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​អន្តរ​ក្រសួង​គ្រប់គ្រង​ការ​អនុវត្ត​យុទ្ធសាស្ត្រ និង​កិច្ច​ប្រតិបត្តិការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ ១៩ ក្នុង​នោះ​មាន​សមាសភាព​ពី​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សំខាន់ៗ​មួយ​ចំនួន រួមមាន លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ជា​ប្រធាន ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ បណ្ឌិត្យសភា​នគរបាល​កម្ពុជា អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក។

គិត​ត្រឹម​ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០២១ កម្ពុជា​មាន​អ្នក​មាន​វីរុស​កូវីដ ១៩ ចំនួន ៤៦៧ នាក់ ក្នុង​នោះ​អ្នក​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន ៤៥១ នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ១៦ នាក់៕

វីដេអូ៖