ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីពិនិត្យសេចក្ដីព្រាងច្បាប់ជាមួយឧបនាយករដ្ឋមន្ត្រី និងអ្នកច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ខណៈដែលចំនួនករណីវិជ្ជមានកូវីដ ១៩ បានកើនឡើងដល់ ១០៧ ពីម្សិលមិញ។ ជាមួយគ្នានេះ កាស៊ីណូទាំងអស់ក៏នឹងត្រូវបិទជាបណ្តោះអាសន្នផងដែរចាប់ពីថ្ងៃទី ១ ខែមេសា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងពីម្សិលមិញថាលោកដឹកនាំកិច្ចប្រជុំអចិន្រៃ្តយ៍គណៈរដ្ឋមន្ត្រី ជាមួយឧបនាយករដ្ឋមន្ត្រី និងអ្នកច្បាប់នៅព្រឹកថ្ងៃអង្គារនេះ ដើម្បីពិនិត្យមើលលើសេចក្ដីព្រាងច្បាប់ស្ដីពីការដាក់ប្រទេសក្នុងគ្រាមានអាសន្នមុននឹងសេចក្ដីព្រាងច្បាប់នេះត្រូវអនុម័តក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ។ លោកថាក្នុងរយៈពេល ២៧ ឆ្នាំកន្លងមកលោកមិនដែលគិតដល់ការធ្វើច្បាប់បែបនេះទេ តែសភាពការណ៍ពេលនេះតម្រូវឲ្យកម្ពុជាមានច្បាប់នេះជាចាំបាច់។
លោកថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរដ្ឋសភាពីម្សិលមិញថា៖ «សុំបញ្ជាក់ឡើងវិញថា ច្បាប់ដើម្បីការគ្រប់គ្រងប្រទេសក្នុងគ្រាមានអាសន្ននឹងចេញពិតប្រាកដ បន្ទាប់ថ្ងៃទី ២៤ កន្លងទៅខ្ញុំបានប្រកាសហើយពេលនោះអ្នកច្បាប់របស់យើងកំពុងរៀបចំ។ ព្រឹកថ្ងៃស្អែក [ថ្ងៃអង្គារ] តាមទម្លាប់គឺដឹកនាំប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្ត្រី ឬថ្នាក់ឧបនាយករដ្ឋមន្ត្រី។ ក៏ប៉ុន្តែច្បាប់មួយនេះដោយសារវាជាករណីច្បាប់ពិសេស ការប្រជុំមុនដាក់ឆ្លងគណៈរដ្ឋមន្ត្រីទាំងមូល នាយករដ្ឋមន្ត្រីដឹកនាំប្រជុំជាមួយឧបនាយករដ្ឋមន្ត្រីទាំងអស់បូកជាមួយនឹងអ្នកច្បាប់មួយចំនួនផ្សេងទៀតដើម្បីចូលរួម»។
លោកបន្តថា ច្បាប់នេះនឹងត្រូវដាក់ឆ្លងកិច្ចប្រជុំពេញអង្គរួចបញ្ជូនទៅកាន់សភា ព្រឹទ្ធសភា និង ទៅក្រុមប្រឹក្សាធម្មនុញ្ញហើយព្រះមហាក្សត្រនឹងឡាយព្រះហស្តលេខាដាក់ឲ្យប្រើច្បាប់នេះទុកជាការប្រញាប់។ លោកឆ្លើយតបទៅនឹងមតិណែនាំឲ្យកម្ពុជាដាក់បម្រាមគោចរដោយចាំបាច់មានច្បាប់នេះ ដោយយោងត្រឹមតែអនុក្រឹត្យរបស់រាជរដ្ឋាភិបាលទេ។ ប៉ុន្តែលោកថាបម្រាមគោចរគ្រាន់តែជាអនុវិស័យមួយនៃច្បាប់គ្រាមានអាសន្នតែប៉ុណ្ណោះ មិនអាចត្រូវបានដាក់ដោយវិធានការចេញដោយនាយករដ្ឋមន្ត្រីទេ។
បើទោះជាបដិសេធបង្ហាញខ្លឹមសារនៃសេចក្ដីព្រាងច្បាប់ក៏ដោយ ប៉ុន្តែលោកបង្ហើបថា ច្បាប់នេះនឹងមានបញ្ចូលវិធានការមួយចំនួនក្នុងចំណោមវិធានការជាច្រើន ឧទាហរណ៍ដូចជាការហាមធ្វើដំណើរពេលយប់ពីម៉ោង ៨ យប់ដល់ម៉ោង ៥ ភ្លឺ។ ច្បាប់នេះនឹងប្រើក្នុងរយៈពេលមួយមានកំណត់។
លោក ហ៊ុន សែន ថ្លែងថា ឧបនាយករដ្ឋមន្ត្រីទាំងអស់បានទទួលសេចក្ដីព្រាងច្បាប់ ៣ ដងរួចហើយដែលច្បាប់នេះរៀបចំឡើងដោយលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី។ បើទោះបីជាច្បាប់នេះនឹងត្រូវប្រកាសឲ្យប្រើក្នុងភាពប្រញាប់ក៏ដោយលោកថា មិនប្រាកដថាវានឹងត្រូវប្រើភ្លាមៗនោះដែរ។
លោកថ្លែងថា៖ «ខ្ញុំនៅតែគិតថា នេះគ្រាន់តែជាមធ្យោបាយឲ្យមានក្នុងដៃតែប៉ុណ្ណោះ នៅពេលដែលសភាពការណ៍ត្រួតត្រាមិនបានដោយអំណាចរបស់សមត្ថកិច្ចជាកម្លាំង នគរបាល ឬអាវុធហត្ថនៅក្នុងការត្រួតត្រាសភាពការណ៍»។
លោកបន្តថា៖ «យើងអាចនឹងបញ្ចេញកងទ័ពដើម្បីត្រួតត្រាក្នុងក្របខ័ណ្ឌគ្រាមានអាសន្ន ឬនិយាយមួយបែបក្រោមក្របខ័ណ្ឌនៃច្បាប់អាជ្ញាសឹករបបអាជ្ញាសឹក»។
ទោះជាបែបនេះក្ដីលោកប្រាប់ឲ្យប្រជាពលរដ្ឋនឹងនរចិត្តកុំមានការព្រួយបារម្ភពីការប្រើច្បាប់អាជ្ញាសឹកនេះ ព្រោះពេលនេះរាជរដ្ឋាភិបាលមិនទាន់មានការហាមជួបជុំលើសពី ៥ នាក់ទេ មានតែការហាមមិនឲ្យជួបជុំមនុស្សច្រើនប៉ុណ្ណោះ។ លោកសុំឲ្យពលរដ្ឋយោគយល់អំពីភាពចាំបាច់ក្នុងការគ្រប់គ្រងរដ្ឋក្នុងគ្រាមានអាសន្ននេះ។
ក្រៅពីបញ្ជាក់ពីភាពប្រញាប់ក្នុងការបង្កើតច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសគ្រាមានអាសន្នលោក ហ៊ុន សែន បានដាក់ចេញនូវវិធានការបន្ថែមទៀតដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ សម្រាប់ពេលនេះ និងវិធានការត្រៀមសម្រាប់ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ វិធានការទាំងនេះរួមមានការរក្សាស្បៀង គឺអង្ករដែលចាំបាច់សម្រាប់ការប្រើប្រាស់ក្នុងស្រុកដោយបិទ ការនាំចេញអង្ករប្រភេទខ្លះចាប់ពីថ្ងៃទី ៥ មេសា តទៅ។
វិធានការទប់ស្កាត់ការឆ្លងមួយទៀតគឺលោកបញ្ជាឲ្យបិទជាបណ្ដោះអាសន្នកាស៊ីណូទាំងអស់នៅកម្ពុជាចាប់ពីថ្ងៃទី ១ មេសានេះតទៅ។ លោកថាការបិទនៅថ្ងៃទី ១ មេសា គឺដើម្បីទុកពេលឲ្យថៅកែកាស៊ីណូមានពេលវេលាសម្រាប់ដោះស្រាយជាមួយនឹងកម្មករ។
លោកពន្យល់ថា៖ «ព្រោះបើបិទភ្លាម ថៅកែកាស៊ីណូទៅបាត់ អ៊ីចឹងអ្នកណាទទួលខុសត្រូវទៅលើបុគ្គលិកកម្មករដែលត្រូវព្យួរការងារក្នុងកាលៈទេសៈនេះ។ យើងប្រគល់ភារកិច្ចឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្តធ្វើការងារនេះជាមួយម្ចាស់កាស៊ីណូទាំងអស់។ អាចថាគេយ៉ាងហោចណាស់រួចកាតព្វកិច្ចបង់ចំណូលក្នុងរយៈពេលបិទ ព្រោះបើអត់មានចំណូលពីណា»។
លោកបន្តថា៖ «សុំឲ្យថៅកែកាស៊ីណូទាំងអស់ដោះស្រាយជាមួយកម្មកររបស់ខ្លួនយ៉ាងណានោះនៅក្នុងរយៈពេលនៃការផ្អាកធ្វើអាជីវកម្មនេះ។ នេះគ្រាន់តែជាការបិទបណ្ដោះអាសន្នទេ។ ពេលវេលាណាមួយស្រាកស្រាន្ត យើងនឹងវិលត្រឡប់មកធ្វើអាជីវកម្ម»។
លោកបានបញ្ជាឲ្យបិទជាបណ្ដោះអាសន្នមធ្យោបាយដឹកជញ្ជូនរបស់រដ្ឋ រួមមាន រថយន្តក្រុង និងកាណូតនៅភ្នំពេញ។ លោកប្រាប់ឲ្យអាជ្ញាធរចេញចាប់ និងរឹបអូសថ្នាំ និងឧបករណ៍ធ្វើតេស្តរកមើលជំងឺកូវីដ១៩ និងត្រូវបំផ្លាញចោល។ ចំណែកពលរដ្ឋត្រូវបង្វែរការភ័យខ្លាចទៅជាវិធានការការពារខ្លួន។ លោកប្រាប់ឲ្យពលករដែលត្រឡប់ពីប្រទេសថៃជាង ៥ ម៉ឺននាក់ ឲ្យនៅដាច់ដោយឡែកមួយកន្លែង ហើយអាជ្ញាធរយកចិត្តទុកដាក់បំផុតចំពោះភូមិដែលមានពលរដ្ឋត្រឡប់មកពីក្រៅ។
លោកក៏ស្នើឲ្យវិស័យឯកជនយោគយល់គ្នាចំពោះដៃគូវិនិយោគក្នុងនោះរួមមានទាំងការជួលទីតាំងអាជីវកម្មជាដើម។ ពេលនេះរដ្ឋមិនលូកដៃចូលលើមុខជំនួញរបស់ពួកគេទេ ប៉ុន្តែនៅពេលច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសគ្រាមានអាសន្នចូលជាធរមាន រដ្ឋនឹងកំណត់តម្លៃមុខទំនិញមួយចំនួនដូចជាអង្ករជាដើម។ ក្នុងអំឡុងពេលនេះលោកស្នើឲ្យធនាគារពន្យារពេលការសងប្រាក់ ព្រោះរដ្ឋបានចាត់វិធានការខ្លះហើយសម្រាប់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ។
លោកក៏បានថ្លែងអំណរគុណដល់ព្រះមហាក្សត្រ និងសប្បុរសជនដែលបានចូលរួមវិភាគទានសម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដែលមកដល់ពេលនេះមានទឹកប្រាក់ជាង ១០ លានដុល្លារ។ ថវិកានេះត្រូវបានប្រើប្រាស់ដើម្បីទិញម៉ាស់ចំនួន ៣ លានពីក្រៅប្រទេស និងខោអាវគ្រូពេទ្យ ៥ ពាន់សម្រាប់។
គិតត្រឹមព្រឹកថ្ងៃចន្ទម្សិលមិញក្រសួងសុខាភិបាលបញ្ជាក់ថា ករណីវិជ្ជមានកូវីដ ១៩ សរុបនៅកម្ពុជាមានចំនួន ១០៧ នាក់។ ការឆ្លងថ្មីមានចំនួន ៤ ករណីដែលក្នុងនោះមានជនជាតិខ្មែរ ៣ នាក់ និងជនជាតិបារាំង ១ នាក់។ ជនជាតិខ្មែរទាំង ៣ នាក់ មានម្នាក់ជាបុគ្គលិកកាស៊ីណូ និងខារ៉ាអូខេនៅប៉ោយប៉ែតម្នាក់ទៀតទើបត្រឡប់ពីប្រទេសជប៉ុន និងម្នាក់ទៀតជានិស្សិតត្រឡប់ពីប្រទេសអង់គ្លេសកាលពីថ្ងៃទី ២៨ ខែមីនា។ រីឯជនជាតិបារាំងបានមកដល់កម្ពុជាកាលពីថ្ងៃទី ២២ មីនា ដោយមានប្រវត្តិធ្វើដំណើរទៅប្រទេសហ្គុយយ៉ាណា (Guyana)។
ក្រៅពីការឆ្លងករណីថ្មីក៏មានការជាសះស្បើយចំនួន ២ នាក់ទៀត ដែលធ្វើឲ្យមានអ្នកជាសះស្បើយសរុបចំនួន ២៣ នាក់។ អ្នកដែលជាសះស្បើយគឺបុរសនៅខេត្តសៀមរាបដែលជាបុគ្គលិកសាលាភាសា ធ្វើការជាមួយជនជាតិជប៉ុន។ ចំណែកម្នាក់ទៀតជាបុរសអាយុ ៣៥ ឆ្នាំ នៅខេត្តបន្ទាយមានជ័យ។ អ្នកទាំង ២ បានចាកចេញពីមន្ទីរពេទ្យហើយកាលពីម្សិលមិញ៕