
លោក លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលតែងតាំងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃលើការស្នើសុំបង្កើតភូមិថ្មីនៅទូទាំងប្រទេស។ រូបថត OWSO
ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃលើការស្នើសុំបង្កើតភូមិថ្មីនៅទូទាំងប្រទេសដោយផ្អែកទៅតាមកំណើនពលរដ្ឋក្នុងបំណងធ្វើឱ្យការបម្រើសេវាសាធារណៈកាន់តែមានភាពប្រសើរឡើង។
យោងតាមសេចក្តីសម្រេចលេខ៥២ សសរ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២១ ឱ្យដឹងថា ក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃលើការស្នើសុំបង្កើតភូមិថ្មីនេះ មានសមាជិកចំនួន ៩ រូប ដោយមានលោក លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាន។
នៅក្នុងប្រការ ២ នៃសេចក្តីសម្រេចនេះបញ្ជាក់ថា ក្រុមការងារនេះ មានតួនាទី និងភារកិច្ចចុះសិក្សា និងស្រាវជ្រាវលើសំណើសុំបង្កើតភូមិថ្មីរបស់រដ្ឋបាលរាជធានី-ខេត្ត, រៀបចំរបាយការណ៍ស្តីពីលទ្ធផលសម្រេចបាននិងវឌ្ឍនភាពការងារជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យសម្រេច និងផ្តល់យោបល់ដឹកនាំ, ពិនិត្យវាយតម្លៃនិងលើកយោបល់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យសម្រេច និងបំពេញភារកិច្ចផ្សេងៗទៀតតាមការចាំបាច់។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៩ ខែមេសានេះថា ការបង្កើតក្រុមការងារចុះសិក្សា និងវាយតម្លៃនៃការស្នើសុំបង្កើតភូមិថ្មីនេះ ដោយសារកំណើនរបស់ពលរដ្ឋកម្ពុជា និងងាយស្រួលក្នុងការផ្តល់សេវាចាំបាច់នានាជូនដល់ពលរដ្ឋ។
បើតាមលោក ផៃ ស៊ីផាន មានភូមិមួយចំនួននៅឆ្ងាយ ដូច្នេះនៅពេលបង្កើតភូមិថ្មីដែលមានលាយលក្ខណ៍អក្សរត្រឹមត្រូវ និងស្របច្បាប់គឺក្នុងទិសដៅផ្តល់សេវាកម្មឱ្យកាន់តែប្រសើរជូនដល់ពលរដ្ឋស្របតាមភូមិសាស្រ្តជាក់ស្តែង និងកំណើនរបស់ពលរដ្ឋ។
លោកបានបញ្ជាក់ថា៖ «តំបន់ខ្លះដែលមានប្រជាពលរដ្ឋរស់នៅ គឺមិនមែនជាភូមិស្របច្បាប់ និងផ្លូវការទេ ប៉ុន្តែពួកគាត់បានទៅរស់នៅទីនោះរួចជាស្រេច។ ឧទាហរណ៍ពលរដ្ឋដែលបានកាប់ឆ្ការនៅក្នុងតំបន់ព្រៃ ហើយបានរស់នៅ ហើយរាជរដ្ឋាភិបាលកាត់ឆ្វៀលដីឱ្យអ៊ីចឹងទៅ»។
ទោះជាយ៉ាងណា លោក ផៃ ស៊ីផាន មិនបានដឹងលម្អិតថា តើត្រូវមានចំនួនពលរដ្ឋប៉ុន្មានគ្រួសារ និងរស់នៅក្នុងតំបន់ណាមួយដែលអាចនឹងស្នើសុំបង្កើតភូមិថ្មីនោះទេ។ ក៏ប៉ុន្តែលោកថា ទាំងអស់នេះស្ថិតនៅក្នុងលក្ខខណ្ឌរបស់ក្រសួងមហាផ្ទៃ ដូច្នេះបានជាប្រមុខរាជរដ្ឋាភិបាលសម្រេចបង្កើតក្រុមការងារចុះស្រាវជ្រាវជាក់ស្តែង បន្ទាប់ពីមានការស្នើសុំពីពលរដ្ឋនៅ ឃុំ ស្រុក និងខេត្តណាមួយ។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបានបង្ហាញការយល់ឃើញថា ការបង្កើតក្រុមការងារចុះសិក្សាស្រាវជ្រាវលើសំណើបង្កើតភូមិថ្មី គឺអាស្រ័យលើកំណើនប្រជាជននៅតាមភូមិហើយប្រើរចនាសម្ព័ន្ធចាស់។ នៅក្នុងភូមិឃុំដែលមានចំនួនប្រជាជនកើនឡើងច្រើនធ្វើឱ្យកំណើនតម្រូវសេវាសាធារណៈក្នុងមូលដ្ឋាននោះក៏កើនឡើងដូចគ្នា។
បើតាមលោក ប៉ិច ពិសី នៅពេលមានការបង្កើតភូមិថ្មី គឺងាយស្រួលដល់អាជ្ញាធរក្នុងមូលដ្ឋានក្នុងការអភិវឌ្ឍ និងគ្រប់គ្រងជាពិសេសការផ្តល់សេវាសាធារណៈចាំបាច់បានប្រសើរជាងមុន។
យ៉ាងណាក្ដី លោកបានបញ្ជាក់ថា ការបង្កើតភូមិថ្មីដែលមានរចនាសម្ព័ន្ធដឹកនាំច្រើនពេកក៏នឹងធ្វើឱ្យមានឧបសគ្គលើផ្នែករដ្ឋបាលដែរ។
លោកបានថ្លែងថា៖"ជាការសំខាន់ជាងគេ គឺយើង (រដ្ឋាភិបាល) គួរបង្កើននូវផលិតផលនៃការផ្តល់សេវាសាធារណៈជូនពលរដ្ឋ និងការវិនិយោគទៅលើផ្នែកសមត្ថភាពដល់មន្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យបានច្រើន វានឹងទទួលបានផលផ្ទាល់ដល់ប្រជាពលរដ្ឋនៅតាមភូមិឃុំ ព្រោះសិទ្ធិអំណាចមិនទាន់មានគ្រប់គ្រាន់សម្រាប់ពួកគេ»៕