ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានសម្រេច​បង្កើត​គណៈកម្មការ ដើម្បី​ត្រួតពិនិត្យ​ការអភិវឌ្ឍ​នៅ​កោះកុង​ក្រៅ​ស្ថិត​ក្នុង​ខេត្ត​កោះកុង ដើម្បី​តាមដាន​សកម្មភាព​ក្រុមហ៊ុន​កោះកុង អេស អ៊ី ហ្សិត ខូអិលធីឌី ដែល​រដ្ឋាភិបាល​ប្រគល់​ឲ្យ​ធ្វើការ​អភិវឌ្ឍ​ផ្តាច់មុខ​កាលពី​ឆ្នាំ​ ២០១៩​។

រាជរដ្ឋាភិបាល​បាន​ប្រគល់​ឲ្យ​ក្រុមហ៊ុន​កោះកុង អេស អ៊ី ហ្សិត ខូអិលធីឌី ធ្វើការ​អភិវឌ្ឍ​តាមរយៈ សជណ ចុះ​ថ្ងៃទី​​ ១៤ ខែ​មិថុនា ឆ្នាំ​ ២០១៩ របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។ នេះ​បើ​តាម​សេចក្តី​សម្រេច​ចុះហត្ថលេខា​ដោយ​លោក​ ហ៊ុន សែន ​កាលពី​ថ្ងៃទី​ ៤ ​មិថុនា ។

សេចក្តី​សម្រេច​ដដែល​ឲ្យ​ដឹងថា គណៈកម្មការ​ត្រួតពិនិត្យ​ការអភិវឌ្ឍ​នៅ​កោះកុង​ក្រៅ​មាន​សមាជិក​ចំនួន ១០ នាក់​ក្នុង​នោះ​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ជា​ប្រធាន​លោក​ សុក ចិន្តាសោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ជា​អនុប្រធាន​។ សេចក្តីសម្រេច​ដដែល​បញ្ជាក់​ថា​៖ «​គណៈកម្មការ​នេះ​មាន​ភារកិច្ច​ត្រួតពិនិត្យ​លើ​គម្រោង​អភិវឌ្ឍន៍​កោះកុង​ក្រៅ​ទាំងមូល​របស់​ក្រុមហ៊ុន​កោះកុង អេស អ៊ី ហ្សិត ខូអិលធីឌី ដែល​រាជរដ្ឋាភិបាល​ប្រគល់​ជូន​ឲ្យ​អភិវឌ្ឍ​...​និង​ធ្វើ​របាយការណ៍​ស្តីពី​លទ្ធផល​ការងារ​ជូន​ប្រមុខ​រដ្ឋាភិបាល​»​។

លោក នេត្រ ភក្ត្រា អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិនមាន​អ្វី​អត្ថាធិប្បាយ​បន្ថែម​នោះទេ ដោយ​លោក​សូម​ឲ្យ​យោង​ទៅលើ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​បរិស្ថាន​កាលពី​ថ្ងៃទី​ ៣ ​ខែមិថុនា​។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី​ ៣ ខែ​មិថុនា ​ឲ្យ​ដឹងថា រដ្ឋាភិបាល​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​ការងារ​ការពារ និង​អភិរក្ស​តំបន់​កោះកុង​ក្រៅ ដោយ​បាន​បញ្ជូន​ក្រុមមន្ត្រី​ជំនាញ​ទៅ​ធ្វើការ​សិក្សា​ស្រាវជ្រាវ រៀបចំ​ឯកសារ​ និង​ទិន្នន័យ​ផ្សេងៗ​ទាក់ទង​នឹង​តំបន់​កោះកុង​ក្រៅ​នេះ​តាំងពី​ឆ្នាំ​ ២០១៦ ​មក​។

លើសពីនេះ​ក្រសួង​បរិស្ថាន​ក៏​គ្រោង​ដាក់​តំបន់​នេះ​ជា​ «​ឧទ្យាន​ជាតិ​សមុទ្រ​» ព្រោះ​តំបន់​នេះ​សម្បូរ​ដោយ​សក្តានុពល​ផ្នែក​ធនធានធម្មជាតិ​ និង​ជីវចម្រុះ និង​មាន​ឆ្នេរ​ខ្សាច់​ល្អ​ស្រស់ស្អាត​ដែល​ត្រូវការពារ​ និង​អភិរក្ស​ក្នុង​ឆ្នាំ​ ២០២១​។

កាលពី​ថ្ងៃទី​ ១ ខែ​មិថុនា​មាន​ក្រុមយុវជន​ដែល​មាន​គ្នា​ជាង ១០ ​នាក់​បានរួម​គ្នា​ជិះ​កង់​ពី​ខេត្ត​កោះកុង​មកកាន់​រាជធានី​ភ្នំពេញ​ ដើម្បី​ដាក់​ញត្តិ​ជូន​លោកនាយក​រដ្ឋមន្ត្រី​ស្នើឲ្យ​ដាក់​កោះកុង​ក្រៅ ទៅ​ជា​តំបន់​ការពារ​ដោយ​ច្បាប់​ និង​រក្សា​សភាព​ដើម​នៃ​កោះ​នេះ​។ ប៉ុន្តែ​ពេលធ្វើ​ដំណើរ​ដល់​ឃុំ​ត្រពាំងរូង​នា​ខេត្ត​កោះកុង​នៅ​ថ្ងៃទី​ ២ ​មិថុនា​ ក៏ត្រូវ​អាជ្ញាធរ​ខេត្ត​នេះ​ធ្វើការ​រារាំង​សកម្មភាព​របស់​ពួកគេ និង​បាន​ដកហូត​កង់​ជាង​ ១០ គ្រឿង​។

លោក សួន ចំរើន ជា យុវជន​ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​ជិះកង់​ក្រោម​ហេតុផល​ «​សង្គ្រោះ​កោះកុង​ក្រៅ​» ថ្លែង​ពី​ម្សិលមិញ​ថា​ការដែល​រដ្ឋាភិបាល​បាន​ប្រគល់​កោះ​នេះ​ឲ្យ​ក្រុមហ៊ុន​ឯកជន ធ្វើការ​អភិវឌ្ឍ​គឺជា​រឿង​មួយ​ដែល​បង្ក​ការព្រួយបារម្ភ និង​ពោរពេញ​ដោយ​មន្ទិលសង្ស័យ​។ លោក​បន្ត​ថា ចំពោះ​យន្តការ​នានា​ដែល​រដ្ឋាភិបាល ជាពិសេស​ក្រសួង​បរិស្ថាន​បាន​ដាក់ចេញ​ដើម្បី​ការពារ​កោះ​នេះ​ក៏​មិនទាន់​មាន​ភាពប្រាកដប្រាជា​នោះដែរ​។

លោក​បញ្ជាក់ថា​៖ «​យើង​នៅតែ​មាន​អារម្មណ៍​មួយ​ដែល​ខ្លាច ព្រោះ​ក្រោម​ការអភិវឌ្ឍ​គឺជា​ពាក្យ​ដែល​នាំមុខ​សម្រាប់​បង្ហាញ​ទៅ​ប្រជាពលរដ្ឋ​ថា តំបន់​នោះ​កំពុង​ត្រូវបាន​អភិវឌ្ឍ ប៉ុន្តែ​ជាក់ស្តែង​វា​គឺជា​ការបំផ្លាញ​ទៅវិញ​ទេ​។ វា​គឺជា​ក្តីបារម្ភ​មួយ​ទៅ​ថ្ងៃ​អនាគត ព្រោះ​តែ​មកដល់​ពេល​នេះ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា គម្រោង​របស់​ក្រុមហ៊ុន​កោះកុង អេស អ៊ីហ្សិត ខូអិលធីឌី អភិវឌ្ឍ របៀប​ម៉េច​នោះទេ​»​។

យុវជន សួន ចំរើន នៅតែ​អះអាង​ថា ក្រុមយុវជន​នឹង​នៅតែ​ប្រកាន់​ជំហរ​ក្នុង​ការបន្ត​យុទ្ធនាការ​ក្នុង​ពេល​ខាងមុខ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​រក្សា​កោះ​នេះ​ឲ្យ​បាន​ ខណៈ​លោក​នៅតែ​បារម្ភ​ចំពោះ​ហានិភ័យ​ដែល​អាច​កើតមាន​ឡើង​គ្រប់ពេល​មកលើ​កោះកុង​ក្រៅ ដែល​ជា​តំបន់​មួយ​ពោរពេញ​ទៅ​ដោយ​សក្តានុពល​ធនធាន​ធម្មជាតិ​៕