កំពង់ស្ពឺៈ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ពន្យល់​ពី​ការបន្ត​ឃុំ​ខ្លួន​​អតីត​មេបក្ស​ប្រឆាំង​លោក កឹម សុខា នៅ​ក្នុង​ផ្ទះ​ថា ធ្វើ​ឡើង​ក្នុង​គោលដៅ​ «​មនុស្សធម៌​» ​ដើម្បី​រក្សា​ «​សុវត្ថិភាព​» ​របស់​ពិរុទ្ធជន និង​ច្រានចោល​ការលើក​ឡើង​ដែល​ថា​ការអនុញ្ញាត​នេះ​ ដោយសារ​មាន​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ជា​អ្វី​ដែល​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​យល់​ថា ជា​រឿង​មាន​ «​និន្នាការ​នយោបាយ​»​។

អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​ (CNRP) លោក កឹម សុខា ដែល​កំពុង​ជាប់ចោទ​ពី​បទ​ «​ក្បត់ជាតិ​» ឃុបឃិត​ជាមួយ​បរទេស​ប៉ុនប៉ង​​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ត្រូវ​បាន​គេ​ដោះលែង​ពី​ពន្ធគារ​ត្រពាំងផ្លុង​​ (​ម៣) ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ជិត​ព្រំដែន​ជាមួយ​វៀតណាម​កាលពី​ព្រឹក​ថ្ងៃទី​ ១០ កញ្ញា ២០១៨ ​ប៉ុន្តែ​ឥឡូវ​នេះ​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​។

យ៉ាង​ណា​ក្ដី​ប្រទេស​លោក​ខាង​លិច ពិសេស​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​បាន​ស្នើ​ម្ដង​ហើយ​ម្ដងទៀត​ឲ្យ​ទម្លាក់​រាល់​បទ​ចោទ​ប្រឆាំង​នឹង​លោក​ កឹម សុខា ជា​អ្វី​ដែល​គេ​មើលឃើញ​ថា​ជា​រឿង​នយោបាយ ខណៈ​មន្ត្រី​រដ្ឋាភិបាល​ថា ជា​រឿង​អនុវត្ត​ច្បាប់​។

បើ​ទោះ​ជា​ច្បាប់​កម្ពុជា​មិន​មាន​ចែង​ច្បាស់លាស់​ពី​ការឃុំ​ខ្លួន​ទណ្ឌិត​ ឬ​ពិរុទ្ធជន​ក្នុង​ផ្ទះ​ក៏ដោយ ក៏​លោក​ ហ៊ុន សែន ពន្យល់​ដោយ​មិន​បាន​បញ្ជាក់​ចំឈ្មោះ តែ​សំដៅ​ដល់​លោក​ កឹម សុខា ថា​ដើម្បី​រក្សា​សុវត្ថិភាព​ «​ពិរុទ្ធជន​» ​ប៉ុណ្ណោះ​។

ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ប្រមាណ​ជាង ២៧ ៤០០ ​នាក់​​មកពី​រោងចក្រ​សហគ្រាស​ចំនួន​ ២៤ នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​កាលពី​ម្សិលមិញ​លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​ព្រលយ​ពី​​គំនិត​ចង់​ឲ្យ​មាន​ច្បាប់​ដែល​ចែង​ពាក់ព័ន្ធ​នឹង​ការឃុំ​ខ្លួន​ពិរុទ្ធជន​នៅ​ក្នុង​ផ្ទះ​ផង​ដែរ​។

លោក​ថ្លែង​ថា​៖ «​ជួនកាល​គេ​បន្ធូរបន្ថយ​ខ្លះ សុវត្ថិភាព​របស់​ពិរុទ្ធជន​។ ​យើង​ត្រូវ​យក​ចិត្ត​ទុកដាក់​បែរ​ជា​ចាត់​ទុក​ថា​រឿង​នេះ​ទៅ​ជា​អន្តរជាតិ​គាបសង្កត់​។ ទេ​!...​អាហ្នឹង​វា​នៅ​សិទ្ធិ​របស់​តុលាការ គេ​គ្រាន់តែ​យក​មក​ដាក់​ក្នុង​ដែនដី​មួយ​»​។

ការបញ្ជាក់​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ស្រប​គ្នា​នឹង​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដែល​​ធ្លាប់​បាន​ពន្យល់​ម្ដង​រួច​មក​ហើយ​កាលពី​ថ្ងៃទី​ ១៦ ​ខែ​កញ្ញា​ពី​នីតិវិធី​ក្នុង​ការដូរ​ទីតាំង​ឃុំខ្លួន​លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំងផ្លុង​មក​ឃុំ​ក្នុង​ផ្ទះ​វិញ​នេះ​។

លោក​ ហ៊ុន សែន បាន​បញ្ជាក់​​ថា​៖ «​ខ្ញុំ​និយាយ​បន្ដិច​ដើម្បី​ឲ្យ​អ្នក​​ទាំងឡាយ​ភ្លឺភ្នែក ថ្ងៃ​មុន​សម្ដេច​​ក្រឡាហោម ស ខេង បាន​និយាយ​ម្ដង​ហើយ ប៉ុន្តែ​ថ្ងៃ​នេះ ខ្ញុំ​គ្រាន់​តែ​បញ្ជាក់ អត់​ទាន់​រួច​ទោស​ទាំងអស់ គ្រាន់​តែ​ដូរ​ទីតាំង​​ឃុំឃាំង​តែ​ប៉ុណ្ណឹង​ទេ​។ ក្រែង​លោ​វា​ងាប់​ក្នុង​គុក វា​បង្កើត​រឿង​​ដល់​រាជរដ្ឋាភិបាល អ៊ីចឹង​ក្នុង​គោលដៅ​មនុស្សធម៌ និង​រក្សា​សុវត្ថិភាព​ពិរុទ្ធជន យើង​មិន​​អាច​ហៅ​គេ​ទណ្ឌិត​ទេ​។ អ៊ីចឹង​នៅ​ប្រទេស​របស់​យើង អត់​ទាន់​មាន​ច្បាប់​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ទេ វា​នៅ​អា​កន្លែង​ហ្នឹង អ៊ីចឹង​ទេ​តុលាការ​​គេ​កំណត់ តំបន់​មួយ​ឲ្យ​មនុស្ស​ហ្នឹង​ស្នាក់នៅ ហើយ​គេ​អាច​ចង្អុល​ឲ្យ​នៅ​ក្នុង​ផ្ទះ​ហ្នឹង​តែ​ម្ដង​»​។

លោក​បន្ថែម​ថា​៖ «​អ៊ីចឹង​យើង​​ក៏​ត្រូវ​រៀបចំ​ថ្ងៃ​ក្រោយ​ឲ្យ​មាន​ច្បាប់​ដើម្បី​ឃុំខ្លួន​ក្នុង​ផ្ទះ​ដែរ អាច​ជា​ការខ្វះ​ចន្លោះ​ទៅ​លើ​បញ្ហា​ផ្នែក​ច្បាប់ អ៊ីចឹង​ទេ ចាប់​ផ្តើម​ស្រែក​អ៊ីចេះ ស្រែក​អ៊ីចុះ ហើយ​ការធ្វើ​សកម្មភាព​ណា​​មួយ ត្រូវ​តែ​ពាក់ព័ន្ធ​ជាមួយ​នឹង​សាលដីកា​ដែល​គេ​កំណត់ បើ​មិន​ដូច្នេះ​តុលាការ​គេ​នឹង​មាន​សិទ្ធិ​ដើម្បី​យក​ទៅ​ឃុំឃាំង​នៅ​កន្លែង​ណា​ផ្សេង​តាម​ការតម្រូវ​របស់​តុលាការ​តាម​ការតម្រូវ​​ឆន្ទានុសិទ្ធិ​របស់​តុលាការ​»​។

ទន្ទឹម​នឹង​នេះ​ដែរ​លោក ហ៊ុន សែន ក៏​បញ្ជាក់​ជាថ្មី​ថា លោក​នឹង​មិន​ឱនក្បាល​ចំពោះ​មុខ​​បរទេស​ណា​ទាំងអស់​ដោយ​ឈរ​លើ​ការរក្សា​ឯករាជ្យ និង​អធិបតេយ្យ​ជាតិ​។

លោក​ថា​៖ «​ទោះ​យ៉ាង​ណា​ក៏ដោយ​យើង​ត្រូវ​រក្សា​ឯករាជ្យ អធិបតេយ្យ​ជាតិ​របស់​យើង គ្មាន​អ្នក​ណា​មក​បញ្ជា​យើង​បាន​ទេ​...​ខ្ញុំ​មិន​ឱន​ក្បាល​ដាក់​អ្នក​ណា​ទាំងអស់​និយាយ​ត្រូវ​ធ្វើការ​ជាមួយ​គ្នា​និយាយ​មិន​ត្រូវ​ទៅ​។ ​ផ្អាក​សិន​ទៅ​ទុក​ទៅ​បើ​និយាយ​មិន​ត្រូវ​គ្នា​ហើយ ចាំបាច់​ទៅ​និយាយ​អី​ទៀត អ្នកឯង​ពន្យល់​ខ្ញុំ ខ្ញុំ​ពន្យល់​អ្នកឯង វា​មាន​ទៅ វា​មាន​មក​...»​។

លោក​ថា​៖ «​អត់​មាន​នរណា​ត្រូវ​គាប​នរណា​ទេ លើ​លោក​នេះ​»​។

ប៉ុន្តែ​លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​​សង្គ្រោះ​ជាតិ​ថ្លែង​ថា ជា​ការ​ពិត​ក្រុម​មេធាវី​លោក​ កឹម សុខា បាន​ធ្វើ​សំណើ​ច្រើន​ដង​សុំ​ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​។ លោក​នៅ​តែ​យល់​ថា ករណី​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា ក្នុង​ផ្ទះ​គឺជា​រឿង​ «​នយោបាយ​»​។

លោក​ថា​៖ «​ខ្ញុំ​នៅ​តែ​ជឿ​ថា​វា​ជា​រឿង​ដែល​មាន​សម្ពាធ ទើប​មាន​ការ​បន្ធូរបន្ថយ​ឲ្យ​នៅ​ក្រៅ​ឃុំ​បាន​មក​នៅ​ក្នុង​ផ្ទះ​នេះ​»​។

លោក​បន្ត​ថា​៖ «​យ៉ាង​ណា​វា​ប្រសើរ​ជាង​មុន​ដែល​បាន​មក​​នៅក្នុង​ផ្ទះ​ទទួល​ការព្យាបាល ឬ​ក៏​នៅ​ជាមួយ​ប្រពន្ធ​កូន​បាន​ជួបជុំ​ម្ដាយ​ជាដើម​។ វា​គ្រាន់​បើ​ជាង​មុន​បន្ដិច​។ បញ្ហា​សុវត្ថិភាព វា​ជា​រឿង​មួយ​សំខាន់​ណាស់​ដែរ ប៉ុន្តែ​វា​គ្រាន់​តែ​លេស​ទេ បើ​សិន​ជា​នៅ​ក្នុង​ពន្ធនាគារ​មិន​មាន​សុវត្ថិភាព​មាន​ន័យ​ថា ពន្ធនាគារ អសមត្ថភាព​ក្នុង​ការ​ការពារ​ជន​ត្រូវ​ចោទ​»​។

ប៉ុន្តែ​លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​កាន់អំណាច​យល់​ថា​ការ​ឲ្យ​លោក​ កឹម សុខា នៅ​ឃុំ​ក្នុង​ផ្ទះ​គឺ​ស្រប​នឹង​សំណូមពរ​ជន​ជាប់ចោទ និង​​មេធាវី​របស់​លោក​ផ្ទាល់​ប៉ុណ្ណោះ​។

លោក​ថ្លែង​ថា​៖ «​ចំពោះ​មតិ​ផ្សេងៗ​ដែលមាន​និន្នាការ​ប្រឆាំង ខ្ញុំ​យល់​ថា​ធ្វើ​ម៉េច​ក៏​មិន​ត្រូវ​ចិត្ត​គាត់​ដែរ​។ យើង​មិន​ទាន់​មាន​ច្បាប់​ឃុំ​ក្នុង​ផ្ទះ​ទេ ប៉ុន្តែ​អាច​ធ្វើ​បាន​ទៅ​តាម​សំណូមពរ​សាមីជន​ដែល​ជា​ជន​ជាប់ចោទ យើង​ចង់​សម្រួល​បញ្ហា​សុខភាព​គាត់ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​...»​។

អ្នកវិភាគ​នយោបាយ​លោក ហង្ស វិទូ យល់​ឃើញ​ថា​ការបាន​នៅ​ក្រៅ​ពន្ធនាគារ​របស់​លោក កឹម សុខា ជា​រឿង​ល្អ ប៉ុន្តែ​ការឃុំ​គាត់​ក្នុង​ផ្ទះ​បែប​នេះ​គឺ​គ្រាន់​តែ​ល្អមើល​ប៉ុណ្ណោះ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​យល់​ថា​ការឃុំ​ខ្លួន​លោក កឹម សុខា នៅ​​ក្រៅ​ [​ពន្ធនាគារ​] ​នេះ ទី​ ១ ​គឺជា​រឿង​មួយ​ដែល​ល្អ​ហើយ​ដែល​ធ្វើឲ្យ​គាត់​មាន​សេរីភាព​ជាង​មុន គ្រួសារ​របស់​គាត់​អាច​មើល​ថែរក្សា​គាត់​បាន​ទី​ ២ ខ្ញុំ​យល់​​ឃើញ​ថា ក្រោយ​ពី​មាន​ការ​ដោះលែង​លោ កឹម សុខា យើង​ឃើញ​ថា​សុខភាព​របស់​គាត់​អី ចាប់​ផ្តើម​មាន​សភាព​ធូរស្រាល​ជាង​មុន ក៏​ប៉ុន្តែ​អ្វី​ដែល​ធ្វើឲ្យ​មាន​បញ្ហា​នៅ​ត្រង់​ថា ការ​ដោះលែង​គាត់​បែប​នេះ វា​ធ្វើឲ្យ​មាន​​ការ​ទិះតៀន​ពី​ក្រម​សីលធម៌​ និង​​មើល​ទៅ​មិន​សម​ភ្នែក ប្រៀប​​ដូចជា ការដោះលែង​ឲ្យ​តែ​ល្អមើល​។ តាមពិត​គាត់​គ្មាន​សេរីភាព​ពេញលេញ​»​។

លោក​បន្ត​ថា​៖ «​ការដោះលែង​​បែប​នេះ​នឹង​មិន​បាន​បន្ទូរបន្ថយ​​ស្ថានការណ៍​ឲ្យ​ធូរស្បើយ​ជាង​មុន​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ វា​អាច​ធ្វើឲ្យ​សហគមន៍​អន្តរជាតិ​ក៏​ដូចជា​ពលរដ្ឋ​គាត់​អាច​រិះគន់​ក្នុង​​ន័យ​ថា ការធ្វើ​នេះ​គឺ​ធ្វើ​គ្រាន់តែ​ល្អមើល​។ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​គួរតែ​បន្ធូរបន្ថយ​ជាង​នេះ ... មិនមែន​គ្រាន់តែ​ប្ដូរ​ទីតាំង​ទេ​។ មិនមែន​យាមកាម​គាត់​ឲ្យ​គាត់​មាន​អារម្មណ៍​ថា ដូច​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​នោះ​ទេ​»៕