ភ្នំពេញ៖ លោក​នា​យក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​បាន​បញ្ជា​ឱ្យ​ថ្នាក់​ដឹក​នាំ​គ្រប់​រាជ​ធានី-ខេត្ត​ទូទាំង​ប្រទេស​ ត្រូវចុះ​​ធ្វើ​ការតាម​ដាន ​ត្រួត​ពិនិត្យ និង​ណែនាំ ទៅ​ដល់​ទីតាំង​លក់ដូរ​ទាំង​អស់ ទាំង​ផ្សារ និង​អគារ ពា​ណិជ្ជ​កម្ម​នានា​ ឱ្យ​អនុវ​ត្ត​ន៍​ឱ្យ​បាន​ត្រឹម​ត្រូវ​នូវ​វិធាន​ការ​នានា​របស់​ក្រសួង​សុខា​ភិបាល បើ​មិន​អនុ​វត្ត​ទេ ត្រូវ​ប្រើ​អំណាច​របស់​រដ្ឋ​ក្នុង​ការបិទ​អាជីវកម្ម​ទាំង​នោះ​បណ្តោះ​អាសន្ន​សិន។

លោក​ ហ៊ុន សែន បាន​ថ្លែង​ដូច​នេះ​ក្នុង​សារ​សំឡេង​​ដែល​ ភ្នំពេញ ​ប៉ុស្តិ៍​ ទទួល​បាន​នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី ​០៦ ខែ ​ធ្នូ ឆ្នាំ​ ២០២០​ ក្នុង​នោះ​លោក​បាន​បញ្ជាក់​ថា កន្លង​មក​នេះ ​ករណី​ដែល​មាន​ការ​ឆ្លង​ក្នុង​ហាងមួយ​ដែល​មាន​មនុស្ស​ឆ្លង​​ច្រើន​ ហើយ​ដែល​លោក​សម្គាល់​ឃើញ​បញ្ហា​សំខាន់​គឺ​ការ​បំពាន​ទៅ​លើ​សុវត្ថិ​ភាព​គម្លាត​បុគ្គល និង​ការ​ខ្វះ​វិធាន​ការ​អនា​ម័យ។

លោក​បាន​មាន​ប្រ​សាសន៍​ថា៖ «ខ្ញុំ​សុំ​រំឭក​ទៅ​ដល់អភិបាល​ខេត្ត​-រាជ​ធានីទាំងអស់​ត្រូវ​ចុះ​ទៅតាម​ត្រួត​ពិនិត្យ​នូវ​ទីតាំង​លក់ដូរ​​ទាំង​អស់ ទាំង​ផ្សារ ទាំង​អគារ​លក់​ដូរ​នានាហើយ​ផ្តល់ការណែនាំ​ឱ្យ​ពួក​គាត់​អនុវត្ត​​ឱ្យ​បាន​ត្រឹមត្រូវ​ ហើយប្រសិន​បើ​ទី​កន្លែង​នោះ​មិន​ព្រម​អនុ​វត្តន៍​ទេ សុំ​ប្រើ​អំណាច​របស់​រដ្ឋ​បាល​ខេត្ត​-រាជ​ធានី​ដើម្បី​បិទ​ហាងនោះ​ជា​បណ្តោះ​អា​សន្ន​សិន»។

ប្រ​មុខ​រាជ​រដ្ឋា​ភិបាល​បន្ត​ថា លោក​គ្មាន​ជម្រើស​ល្អណាផ្សេង​​​ឱ្យ​ល្អជា​ងជម្រើស​ធានា​ក្នុង​គម្លាត​សង្គម​ គម្លាត​បុគ្គល ​ការ​ពាក់​ម៉ាស់ ការ​ធ្វើ​អនា​ម័យ​ ទាំង​អ្នក​ទិញ និង​ទាំង​អ្នក​លក់​ ដែល​លោក​សង្កេត​ឃើញ​តាម​ហាង​មួយ​ចំនួន​គឺពុំបាន​បំពេញ​គ្រប់​គ្រាន់​តាម​លក្ខ​ខណ្ឌ​តម្រូវ​របស់​ក្រ​សួង​សុខា​ភិ​បាល​នោះ​ទេ។

ជា​មួយ​គ្នា​នេះ​ដែរ លោក​នា​យក​រដ្ឋ​មន្រ្តី​បាន​បង្ហើប​ផង​ដែរថា លោក​បាន​ត្រៀម​រួច​រាល់អស់ហើយ​នូវព្រះរាជ​ក្រឹត្យ​ដើម្បី​ថ្វាយ​ព្រះ​មហាក្សត្រ​ និង​សារ​លិខិត​ដើម្បី​ថ្វាយ​ព្រះ​មហា​ក្សត្រ​ដាក់​ប្រ​ទេស​ក្នុង​គ្រា​មាន​អាសន្ន​ ហើយ​លោក​ក៏​បាន​ព្រាង​នូវ​អនុ​ក្រឹត្យ ព្រាង​នូវ​លិខិត​សម្រាប់​ជូន​ដល់​ប្រធាន​រដ្ឋ​សភា ប្រធាន​ព្រឹទ្ធ​សភា រួច​ជា​ស្រេច​ហើយ​ដែរ។

លោក​បាន​ថ្លែងថា ៖ «​ប៉ុន្តែ​ខ្ញុំមិនចង់ដើរ​ទៅ​ដល់​ជំហាន​បែប​នោះទេ ព្រោះ​វានឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​គាំង​ទាំងស្រុងតែម្តង ប្រសិន​បើ​បិទ​ប្រទេស​ឬបិទ​ផ្នែកណាមួយ​របស់​ប្រទេស​ដូចជា​រាជ​ធានី​ភ្នំពេញ​ឬខេត្ត​ណាមួយ​នោះ ​វា​នឹង​ធ្វើ​ឱ្យ​គាំង​សេដ្ឋ​កិច្ច​ ជា​ពិ​សេស​ការ​រក​ស៊ី​របស់​ប្រជា​ព​ល​រដ្ឋ​យើង​ប៉ុន្តែ​អ្វី​ដែល​ជាកា​រ​ជំនួស​បាន​យើង​អាច​ យើង​ខិតខំ​ជំនួស​តាម​រយៈ​ការ​ប្រឹង​ប្រែង​របស់​អាជ្ញា​ធរ​គ្រប់​លំ​ដាប់​ថ្នាក់។ ជា​ពិ​សេស​ការ​ចូល​រួម​របស់​ប្រជា​ពល​រដ្ឋ​របស់​យើង​តែ​ម្តង»។

យោង​តាម​ក្រសួង​សុខា​ភិបាល គិត​ចាប់​ពី​ថ្ងៃទី ​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​ ០៥ ខែ ធ្នូ ឆ្នាំ​២០២០ ក្រ​សួង​បាន​ធ្វើ​តេស្ត​អ្នក​ប៉ះពាល់​សរុប​ទាំងអស់​ចំនួន​ ១០ ៧៧២​ សំណាក ​ដែល​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិ​ការណ៍​សហ​គមន៍​ ២៨ ​វិច្ឆិកា ដែល​នៅក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជ​មាន​វីរុស​កូវីដ ១៩ ថ្មី សរុប​ចំនួន​ ៣០ នាក់ ​ដែល​កំពុង​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត​ និង​មណ្ឌល​សុខ​ភាព​ចាក់​អង្រែ។

ក្រសួង​ក៏​បាន​ឱ្យ​អ្នក​ដែល​មាន​ការ​ប៉ះពាល់​នឹង​ព្រឹត្តិការណ៍​នេះ​ទាំងអស់ ត្រូវ​ទៅ​ធ្វើ​តេស្ត​ជាលើក​ទី​២​នៅ​ថ្ងៃទី​ ០៨ ខែ​ ធ្នូ​ ឆ្នាំ​ ២០២០​ ខាង​មុខ​នេះ ដែល​ក្រសួង​នឹង​រៀប​ចំ​ទីតាំង​នៅ​បរិ​វេណ​ក្រសួង​មហាផ្ទៃ ពហុ​កីឡ​ដ្ឋាន​ជាតិ​

អូឡាំ​ពិក​ រាជ​ធានី​ភ្នំពេញ និង​នៅ​តាម​មន្ទីរ​សុខា​ភិបាល​រាជ​ធានី-ខេត្ត​៕