ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានប្រកាស​យក​ថ្ងៃ​ ៩ ​វិច្ឆិកា ​រៀបចំ​ពិធី​ទទួលទាន​​អំបុក​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ដើម្បី​ការពារជាតិ សាសនា ព្រះមហាក្សត្រ​ និង​បាន​ព្រមាន​ចាំ​សំពង​ក្បាល​អ្នក​ដែល​មក​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​នៅក្នុង​ថ្ងៃ​នោះ​ដែល​លោក​ សម រង្ស៊ី ធ្លាប់​បាន​កំណត់ពេល​ត្រូវ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ជាមួយ​នឹង​ការបំផុស​ពលរដ្ឋ​ឲ្យ​បះបោរ​។

ការថ្លែង​របស់​លោក ហ៊ុន សែន បែប​នេះ​បាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៃ​សាកលវិទ្យាល័យ​ប៊ែលធី​អន្តរជាតិ​សរុប ១ ១៨៣ ​នាក់​ នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះពេជ្រ រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ពោល​គឺ បន្ទាប់ពី​លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​មានការ​បះបោរ​ក្នុង​គោលដៅ​ផ្ដួលរំលំ​រដ្ឋាភិបាល និង​ជំរុញ​ឲ្យ​ប្រើប្រាស់​ «​អំណាច​ពលរដ្ឋ​» ​ក្នុង​ការចូលរួម​ទទួល​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក​នៅ​ថ្ងៃទី​ ៩ វិច្ឆិកា ខាង​មុខ​នេះ​។

លោក ហ៊ុន សែន បាន​ថ្លែងថា លោក​ត្រៀម​សំពង​ក្បាល​អ្នក​ដែល​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​នៅ​ថ្ងៃទី​ ៩ ​វិច្ឆិកា​ ខាងមុខនេះ និង​ថា​កម្ពុជា​នឹង​រៀបចំ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ​ឆ្នាំ​ ២០១៩ នេះ​ដោយ​មិនមាន​ការលើកលែង​ឡើយ ទោះបី​ជា​ទឹកទន្លេសាប​ស្រក​រាក់​យ៉ាង​ណា​ក្ដី​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​ត្រូវតែ​អុំ ព្រោះ​ខ្ញុំ​ក៏​ចង់​ស្គាល់​រសជាតិ​អា​របស់​ដែល​ហៅថា​មក​ផ្តួលរំលំ ហ៊ុន សែន នៅ​ថ្ងៃ​​ទី​ ៩ ​នេះ ពីព្រោះ​ថ្ងៃទី​ ៩ គឺជា​ថ្ងៃ​បុណ្យជាតិ​ថ្ងៃ​ ១០ ១១ ​និង​ ១២ អុំទូក បើ​យើង​មិន​អុំទូក គេ​ថា​យើង​នឹង​ចាញ់​។ ​ទោះបី​មាន​តែ​ទឹក​តែ​ ១ ​ម៉ែត្រ​ក៏​អុំ​ដែរ​ដើម្បី​សំពង​ក្បាល​អ្ហែង ខ្ញុំ​បន់​ឲ្យ​តែ​ដល់​ថ្ងៃ​នោះ​ទេ​។ ​ឆ្នាំនេះ​បើ​ទោះបី​ទឹក​ធ្លាក់​នៅតែ​ ១ ​ម៉ែត្រ ក៏​អុំ​ដែរ យក​អាទូក​តូចៗ​មក​អុំ អាតូច ក៏​អុំ អា​ធំ​ក៏​អុំ មក​ពេញ​ហ្នឹង មក​សំពង​ក្បាល​អ្ហែង អ្ហែង​មក​»​។

យ៉ាងណា​ក៏ដោយ​លោក​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​នាំគ្នា​ហូប​អំបុក​ចាប់ពី​ថ្ងៃទី​ ៩ ​ដល់​ថ្ងៃ​​ទី​ ១២ ​វិច្ឆិកា ​ដើម្បី​ចូលរួម​ការពារ​​ជាតិ​សាសនា និង​ព្រះមហាក្សត្រ​ និង​បាន​អំពាវនាវ​ដល់​ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្ស​ប្រជាជន​ទាំងអស់​ឲ្យ​រៀបចំ និង​ធានា​ឱ្យ​បាន​ថា មាន​អំបុក​ហូប​គ្រប់គ្នា​ផងដែរ​។

លោក​បាន​បន្តថា​៖ «​ឥឡូវ​នេះ ខ្ញុំ​សូម​ប្រកាស​យក​ថ្ងៃទី​ ៩ វិច្ឆិកា​ដែល​ជា​ថ្ងៃបុណ្យ​ឯករាជ​ជាតិ​​របស់​យើង​តភ្ជាប់​ជាមួយ​នឹង​បុណ្យអុំទូក អកអំបុក សំពះ​ព្រះខែ​ធ្វើជា​ថ្ងៃ​រួមគ្នា​ទទួលទាន​អំបុក​ខ្មែរ​ទូទាំង​ប្រទេស​។ អ្ហែង​ធ្វើ​យុទ្ធនាការ​ផ្តួលរំលំ អញ​ធ្វើ​យុទ្ធនាការ​ស៊ី​អំបុក​»​។

ជាមួយ​គ្នា​នេះ​លោក​នាយករដ្ឋមន្ដ្រី​កម្ពុជា​ក៏បាន​ព្រមាន​ទៅ​កាន់​ក្រុម​អតីត​បក្ស​សង្គ្រោះជាតិ​ដែរ​ថា អ្នក​ដែល​ចូលរួម​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ ៩ ​នៅ​ថ្ងៃទី​ ៩ ​វិច្ឆិកា ​នឹង​ជាប់​ពី​បទ​ចោទ​តាម​ច្បាប់​ថ្មី​របស់​កម្ពុជា ដោយ​លោក​អះអាង​ថា​នោះ​មិនមែន​សិទ្ធិ​បញ្ចេញមតិ​ទេ ប៉ុន្តែ​ជា​ការផ្ដួលរំលំ​រាជរដ្ឋាភិបាល​។

លោក​បាន​ព្រមាន​ថា​៖ «​ទង្វើ​ណា​ក៏ដោយ​ដែល​គាំទ្រ​ដល់​រដ្ឋប្រហារ​ ឬ​ផ្តួលរំលំ គឺជា​ទង្វើ​ខុស​ច្បាប់​ដែល​ត្រូវ​ដាក់ទោស​ដោយ​ខាន​មិនបាន​»​។

លោក​ ហ៊ុន សែន បាន​រំឭក​ថា​ការអំពាវនាវ​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ផ្តាច់ខ្លួន និង​ការ​អំពាវនាវ​ឱ្យ​ព្រះមហាក្សត្រ​ដាក់រាជ្យ​ដែល​ធ្វើ​ឡើង​ដោយ​លោក សមរង្ស៊ី គឺជា​ចេតនា​ផ្លាស់ប្តូរ​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​​ដែល​ជា​ទោស​ក្បត់ជាតិ​។

លោក​បាន​បញ្ជាក់​បន្ថែម​ថា​៖ «​គេ​មិនមែន​ត្រឹម​តែ​មក​ចាប់ ហ៊ុន សែន ឬ​ឱ្យ​ ហ៊ុន សែន ចុះចេញ​ពី​តំណែង​ទេ គេ​ថែម​ទាំង​អំពាវនាវ​ឱ្យ​ព្រះមហាក្សត្រ​ដាក់រាជ្យ គេ​ចាត់​ទុក​ព្រះមហាក្សត្រ​​ជា ​"​អាយ៉ង​របស់ ហ៊ុន សែន​" គេ​​ប្រមាថ​ព្រះមហាក្សត្រ ដូច្នេះ​លើក​នេះ​គោលដៅ​របស់​គេ​មិនមែន ទម្លាក់ ហ៊ុន សែន ទេ គេ​ដូរ​​របបរាជានិយម​អាស្រ័យ​ធម្មនុញ្ញ​តែ​ម្តង​»​។

នៅក្នុង​ឱកាស​នោះ​ដែរ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​​បាន​អំពាវនាវ​ឲ្យ​ស្ថានទូត​អាមេរិក និង​សាលា​បណ្ឌិត្យសភា​យោធា West Point បកស្រាយ​ពី​កម្រិត​សញ្ញាបត្រ​ដែល​កូនប្រុស​ច្បង​របស់​លោក​ទទួល​បាន​ពី​សាលា​មួយ​នេះ​ផងដែរ បន្ទាប់ពី​លោក សម រង្ស៊ី បាន​អះអាង​ថា​ជា​សញ្ញាបត្រ​ក្លែងក្លាយ ឬ​សញ្ញាបត្រ​ការទូត​។

លោក​បាន​ថ្លែងថា​៖ «​ឥឡូវហ្នឹង ខ្ញុំ​អំពាវនាវ​ដល់​ស្ថានទូត​អាមេរិក​មាន​តែ​អាមេរិក​ទេ​ដែល​ដឹង​ពី​សញ្ញាបត្រ West Point ឬ​ខាង​សាលា West Point អាច​បញ្ជាក់​រឿង​សញ្ញាបត្រ​ហ្នឹង​មាន​មនុស្ស​ម្នាក់​ចេញ​មក​អះអាង​ថា គេ​រៀន​សាលា​ហ្នឹង​ប្រឡង​អត់​ជាប់​។ អា​រឿង​ហ្នឹង​ទៅ​សួរ​សាលា West Point ទៅ​!​ ទៅ​សួរ​រដ្ឋាភិបាល​អាមេរិក​ទៅ បើសិន​រដ្ឋាភិបាល​អាមេរិក​ទទួល​យក ហ៊ុន ម៉ាណែត ដោយ​មិនចាំបាច់​ប្រឡង គឺ​រដ្ឋាភិបាល​អាមេរិក​ក៏​ជា​រដ្ឋាភិបាល​ពុករលួយ​មួយ​ដែរ​។ អ៊ីចឹង​អ្នក​ដែល​បកស្រាយ​បញ្ហា​នេះ​មិនមែន ហ៊ុន ម៉ាណែត ហើយ​ក៏​មិនមែន​កម្ពុជា​នោះ​ទេ​គឺ​មាន​តែ​ស្ថានទូត​អាមេរិក និង​សាលា West Point របស់​អាមេរិក​នោះ​ទេ ដែល​អាច​បកស្រាយ​បាន​ទៅលើ​កម្រិត​​នូវ​ការសិក្សា និង​ការប្រឡង​» ។

លោក​បាន​បន្ថែម​ថា​កូនសិស្ស​ម្នាក់​ត្រូវ​ចំណាយ​ប្រាក់​រហូត​​ដល់​ទៅ​ ២២ ​ម៉ឺន​ដុល្លារ​ ក្នុង​ការសិក្សា​រយៈពេល​ ៤ ​ឆ្នាំ និង​ថា​សាលា​បណ្ឌិត្យសភា​យោធា​ West Point របស់​អាមេរិក​ផ្តល់​អាហារូបករណ៍​តែ​ ១០ ​កន្លែង​ប៉ុណ្ណោះ ​សម្រាប់​និស្សិត​បរទេស​កាលពី​ឆ្នាំ​ ១៩៩៩ ដែល​លោក ហ៊ុន ម៉ាណែត បាន​ប្រឡង​ជាប់​ហើយ​ពេលនោះ​មាន​តែ​និស្សិត​បរទេស​ ៨ ​នាក់​ប៉ុណ្ណោះ​ ដែល​បាន​ប្រឡង​ជាប់​។ រីឯ​កៅអី​ ២ ​កន្លែង​ ត្រូវ​បាន​សាលា​រក្សាទុក​ដោយសារ​តែ​ពិន្ទុ​មិន​គ្រប់​។

លោក ហ៊ុន សែន បាន​សម្តែង​​ការហួសចិត្ត​ចំពោះ​សម្តី​របស់​លោក សម រង្ស៊ី ដែល​បាន​​វាយប្រហារ​ដល់​កូនចៅ​របស់​លោក​បែបនេះ និង​ថាសកម្មភាព​នេះ​ប្រៀបបី​ដូចជា​ឆ្កែឆ្កួត​ ១ ​ក្បាល​។

លោក​ថា​៖ «​ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​ខ្ញុំ​អត់​នឹក​ដល់​ទេ​ថា​យើង​មកលេង​គ្នា​អី​យើង​លេង​គ្នា​ជាមួយ​ចាស់ៗ​ទៅ​ហេតុអ្វី​បាន​ជា​ចាំបាច់​អ្វី​ទៅ​វាយ​កូន និង​ចៅ យើង​វា​មិន​យល់​អាកន្លែង​ហ្នឹង ប៉ុន្តែ​ឆ្កែ​ដែល​វា​ឆ្កួត​គឺ​វា​អត់​ដឹង​វា​ខាំ​...​ហើយ​អានេះ​វា​ប៉ះ​អី វា​ខាំ​ហ្នឹង​»​។

អ្នកស្រី​ EmilyZeeberg ​អ្នកនាំពាក្យ​សា្ថនទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​តាមរយៈ​អ៊ីមែល​ពី​ម្សិលមិញ​ថា និសិត្ស​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ មហាវិទ្យាល័យ​ ឬ​វិទ្យាស្ថាន​សិក្សា​ជាន់ខ្ពស់​នៅ​សហរដ្ឋអាមេរិក​តែង​ទទួល​បាន​បរិញ្ញាបត្រ​ ឬ​សញ្ញាបត្រ ប្រសិន​បើ​ពួកគេ​បំពេញ​តាម​តម្រូវការ​នៃ​ស្ថាប័ន​ទាំងនេះ​ហើយ​ថា ប្រទេស​កំណើត​នៃ​និស្សិត​ទាំងនោះ​មិនមែន​ជា​កត្តា​កំណត់​នោះទេ​។

ទាក់ទង​នឹង​ការព្រមាន​វាយ​សំពង​អ្នក​ប៉ុនប៉ង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទទួលទាន​អំបុក លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​​កម្ពុជា​បាន​ថ្លែងថា លោក​នាយករដ្ឋមន្ត្រី​មាន​សិទ្ធិ​ក្នុង​ការព្រមាន ហើយ​បាន​ចាត់ការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទទួលទាន​អំបុក​ថា​យុទ្ធសាស្ត្រ​នយោបាយ​ដើម្បី​ស្វែងរក​ថា តើ​រវាង​រាជរដ្ឋាភិបាល និង​​អតីត​គណបក្សប្រឆាំង ប្រជាជន​ជ្រើសរើស​មួយណា ហើយ​​ថា នោះ​មិនមែន​បំពាន​សិទ្ធិ​សេរីភាព​ពលរដ្ឋ​នោះ​ទេ​។

លោក​ថា​៖ «​ក្នុង​នាម​នាយករដ្ឋមន្ត្រី​ក្នុង​តំណែង​កើត​ចេញ​ពី​ការបោះឆ្នោត​គាត់​ចាំបាច់​ត្រូវតែ​ត្រៀមខ្លួន មាន​វិធានការ​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ហើយ​ការប្រកាស​ហូប​អំបុក​គឺជា​ការសាកល្បង​ជាមួយ​នឹង​សារ​នយោបាយ​ជាមួយ​លោក សម រង្ស៊ី ថា​តើ​រវាង​អ្នក​ទៅ​ទទួល​លោក សម រង្ស៊ី និង​អ្នក​ទទួលទាន​អំបុក អ្នកណា​មាន​ការគាំទ្រ​ច្រើន​ជាង?»​។

ទោះ​ជា​យ៉ាងណា អ្នក​នាំពាក្យ​សមាគម​អាដហុក​លោក ស៊ឹង សែនករុណា បាន​ថ្លែង​ថា​សារ​ព្រមាន​របស់​លោក ហ៊ុន សែន និង​សារ​អំពាវនាវ​របស់​​លោក សម រង្ស៊ី អាច​ធ្វើឲ្យ​ពលរដ្ឋ​កាន់តែ​បារម្ភ​ពី​ការប្រឈមមុខ​ដាក់​គ្នា​រវាង​អ្នកគាំទ្រ​រាជរដ្ឋាភិបាល និង​អតីត​គណបក្ស​ប្រឆាំង ហើយ​បាន​រំឭក​ពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការអំពាវនាវ​ពី​អ្នកនយោបាយ​។

លោក​ថា​៖ «​អ្វី​ដែល​ខ្ញុំ​មាន​ការព្រួយបារម្ភ​នោះ​គឺ​ដោយសារ​តែ​ម្ខាង​គាត់​អំពាវនាវ​ឲ្យ​ពលរដ្ឋ​​ធ្វើ​សកម្មភាព ខណៈ​ពេល​ដែល​​ម្ខាង​ទៀត​អំពាវនាវ​ឲ្យ​មាន​ការបង្ក្រាប និង​ចាប់ខ្លួន​ដែល​វា​អាច​ធ្វើឲ្យ​មាន​ការប៉ះទង្គិច​គ្នា ចាប់ខ្លួន និង​ឃុំខ្លួន​។ ពលរដ្ឋ​ត្រូវ​មាន​ការគិត​ពិចារណា​នៅ​​ក្នុង​ការ​អូស​ទាយ​របស់​អ្នក​នយោបាយ​ដើម្បី​ចៀសវាង​ការ​ប្រឈម​ផ្សេងៗ​»៕