ភ្នំពេញ៖ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកស្រី ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានផ្ញើអបអរសាទរខួបលើកទី ១៥៨ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២១ នេះថា ថ្ងៃនេះ គឺជាខួបលើកទី ១៥៨ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១ ក្រោមប្រធានបទ " ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងកូវីដ១៩ និងកសាងភាពធន់របស់សង្គមជាតិ"។
លោក នាយករដ្ឋមន្ត្រីបន្តថា ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែរយៈពេល ២ ឆ្នាំចុងក្រោយនេះ គឺឆ្នាំ ២០២០ និង ២០២១ នេះ មិនបានប្រារព្ធពិធីនោះទេ ដោយសារតែការរាតត្បាតជាសកលនៃជំងឺកូវីដ១៩។
តែទោះជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីថាសកម្មភាពមនុស្សធម៌របស់កាកបាទក្រហម នៅតែបន្តគោលដៅរួមចំណែកយ៉ាងសកម្ម លើកទឹកចិត្តខ្ពស់ដល់កិច្ចប្រតិបត្តិការនានា នៅក្នុងបុព្វហេតុ មនុស្សធម៌ ជាពិសេស ការជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាជន ដែលទទួលរងនូវគ្រោះថ្នាក់ដោយសារគ្រោះមហន្តរាយផ្សេងៗ ចាស់ឥតទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃ ហើយកំពុងត្រូវការនូវជំនួយសង្គ្រោះបន្ទាន់ ជាពិសេសគឺយើងកំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ដោយឡែក លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាថ្លែងតាមរយៈសារអប់អរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ នេះ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ១៩ និងកសាងភាពធន់របស់សង្គមជាតិ” ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងនៃការរាតត្បាតជាសកលជំងឺកូវីដ១៩ នៅទូទាំងពិភពលោកផង និងឆ្លើយតបទៅនឹងសភាពការណ៍បច្ចុប្បន្ននៅកម្ពុជាផង។
លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន បន្តថាប្រធានបទខាងលើនេះ គូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កាកបាទក្រហមកម្ពុជាក្នុងការបំផុសកម្លាំងឱ្យចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ អនុវត្តឱ្យបានខ្ជាប់ខ្ជួន វិធានការសុខាភិបាល វិធានរដ្ឋបាលនានា និងជាពិសេសពង្រឹងយុទ្ធនាការ ៣ការពារ ៣កុំ ២ចូលរួម និងបន្ត រួមកម្លាំងគ្នាជាចរន្តជាតិមួយក្នុងការជម្នះគ្រប់ឧបសគ្គ ដើម្បីប្រក្រតីភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាម គន្លងថ្មី និងកសាងភាពធន់របស់សង្គមជាតិ៕