ភ្នំពេញៈ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ថវិកានិងសម្ភារបន្ថែមទៅដល់បណ្តាខេត្តចំនួន ៤ ជាប់ព្រំដែនប្រទេសកម្ពុជា-ថៃ ក្នុងការរៀបចំ និងផ្គត់ផ្គង់ទៅដល់ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ និងកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលនានានក្នុងខេត្តទាំងនោះ។ ថវិកា និងសម្ភារទាំងនេះ គឺសម្រាប់ត្រៀមពីថ្ងៃទី ២ ដល់ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ។
យោងតាមលិខិតរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ២ កុម្ភៈ នេះបានឱ្យដឹងថាថវិកាសរុបចំនួន ២ ៤៧៥ លានរៀល សម្ភារប្រើប្រាស់ (កន្ទេលជ័រ មុង ភួយ ខ្នើយ ស្រោមខ្នើយ សារ៉ុង និងក្រមា) ចំនួន ៨៥០ កញ្ចប់ ទឹកបរិសុទ្ធចំនួន ១១ ៥០០ កេស និងមីកញ្ចប់ចំនួន ៥ ៥០០ កេសត្រូវបានផ្តល់ជូនខេត្តចំនួន ៤ គឺខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន ខណៈដែលខេត្តចំនួន ៣ ផ្សេងទៀតមិនមានការខ្វះខាតថវិកា និងសម្ភារទាំងនេះទេ។
ការជួយបន្ថែមនេះ គឹខេត្តបាត់ដំបងទទួលបានថវិកាបន្ថែមចំនួន ៣៧៥ លានរៀល សម្ភារ ១ ៥០០ កញ្ចប់ ទឹកសុទ្ធចំនួន ២ ០០០ កេស និងមីកញ្ចប់ចំនួន ១ ៥០០ កេស។ ខេត្តបន្ទាយមានជ័យទទួលបានថវិកាន្ថែមចំនួន ១ ១៧០ លានរៀល សម្ភារចំនួន ៤ ០០០ កញ្ចប់ ទឹកសុទ្ធចំនួន ៣ ០០០ កេស និងមីកញ្ចប់ចំនួន ១ ០០០ កេស។ ខេត្តឧត្តរមានជ័យទទួលថវិកាបន្ថែមចំនួន ៧៨០ លានរៀល សម្ភារចំនួន ៣ ០០០ កញ្ចប់ ទឹកសុទ្ធចំនួន ៦ ០០០ កេស និងមីកញ្ចប់ចំនួន ៣ ០០០ កេស។ រីឯខេត្តប៉ៃលិន ទទួលបានថវិកាចបន្ថែមចំនួន ១៥០ លានរៀល និងទឹកសុទ្ធចំនួន ៥០០ កេស។
ចំណែកខេត្តចំនួន ៣ ផ្សេងទៀត ដូចជាខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តព្រះវិហារ មិនមានការផ្តល់ជូននូវថវិកា និងសម្ភារប្រើប្រាស់ទេ ដោយសារខេត្តទាំងនោះនៅសល់ថវិកា សម្ភារ ទឹកបរិសុទ្ធ និងមីសម្រាប់ផ្គត់ផ្គង់ទៅដល់ពលករខ្មែរក្នុងពេលធ្វើចត្តាឡីស័ក។
ដោយឡែកថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាលបានចេញនូវសេចក្តីណែនាំ និងបានអំពាវនាវនិងក្រើនរំឭកដល់ពលរដ្ឋទាំងអស់បន្តអនុវត្តការការពារការចម្លងវីរុសកូវីដ ១៩ ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីសែនព្រេននាពេលខាងមុខនេះ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី ១ ខែកុម្ភៈ បានណែនាំដល់អាជ្ញាធររាជធានី-ខេត្ត គណៈបញ្ជាការឯកភាពឃុំ/សង្កាត់/ខណ្ឌ ជាពិសេសខេត្តជាប់ព្រំប្រទល់ត្រូវយកចិត្តទុកដាក់គ្រប់គ្រងចរាចរណ៍ពលករឬអ្នកដំណើរ និងការធ្វើចត្តាឡីស័ករបស់អ្នកដំណើរឱ្យបានហ្មត់ចត់បំផុតតាមការណែនាំរបស់ក្រសួងសុខាភិបា ដើម្បីទប់ស្កាត់ឱ្យបាននូវការចម្លងវីរុសកូវីដ ១៩ ចូលមកកម្ពុជា។
លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា៖ «ក្រសួងសូមលើកទឹកចិត្តនិងធ្វើការណែនាំឱ្យអនុវត្តន៍ឱ្យបានគ្រប់ៗគ្នានូវវិធានការសំខាន់ៗ ដូចជា ត្រូវពាក់ម៉ាស់ រក្សាអនាម័យដៃ រក្សាគម្លាតសុវត្ថិភាពបុគ្គល ពិសេសត្រូវប្រកាន់ខ្ជាប់នូវវិធានការ ៣ ការពារ និង ៣ កុំជាប្រចាំ»។
លោកបានបន្តថា ការដើរលេងកម្សាន្តត្រូវជ្រើសរើសដំណើរកម្សាន្តដាច់ដោយឡែកជាលក្ខណៈគ្រួសារដែលមិនមានការជួបជុំគ្នាច្រើន ចៀសវាងការប្រើប្រាស់មធ្យោបាយសាធារណៈដែលមានផ្ទុកមនុស្សច្រើន។ ចំពោះការជ្រើសរើសទីកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាពត្រូវជ្រើសរើសផ្ទះសំណាក់ ឬសណ្ឋាគារដែលអនុវត្តវិធានការការពារ និងអនាម័យល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
កាលពីថ្ងៃទី ១ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមនថាលោកមិនមានគម្រោងលុបនូវការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរដូចឆ្នាំមុនទេ។
លោក ហ៊ុន សែន បានបញ្ជាក់ថា ៖«ឆ្នាំនេះ ច្បាស់ណាស់ថា ខ្ញុំគ្មានគម្រោងនឹងលុបចោលនូវបុណ្យចូលឆ្នាំដូចកាលពីឆ្នាំទៅក្នុងសភាពការណ៍មិនច្បាស់លាស់។ ឆ្នាំនេះ គ្មានគម្រោងទេ»។
លោកនាយករដ្ឋមន្ត្រីក៏បានប្រាប់ពលរដ្ឋទាំងអស់ឱ្យមានការស្ងប់ចិត្តចំពោះស្ថានភាពនៃការរីករាលដាលនៃវីរុសកូវីដ ១៩ ប៉ុន្តែលោកនៅតែបន្តឱ្យជនរួមជាតិទាំងអស់បន្តការពារខ្លួនដដែល។
គិតត្រឹមថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ២០២១ កម្ពុជាមានអ្នកមានវីរុសកូវីដ ១៩ ចំនួន ៤៦៦ នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៤៤៤ នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២២ នាក់៕