ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​លើក​ពី​មូលហេតុ​ ៣ ​ចំណុច​ដែល​ជា​កត្តា​ជំរុញ​ឲ្យ​លោក​សម្រេចចិត្ត​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ចិន​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​ដំបូងបង្អស់​ស្រប​ពេល​ដែល​ប្រទេស​ជាច្រើន ខ្លាច​រអា​ពី​ការរីក​រាលដាល​នៃ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នៅ​ប្រទេស​ ចិន និង​បាន​ជម្លៀស​ពលរដ្ឋ​របស់​ពួកគេ​ចេញពី​ប្រទេស​នេះ​។

កាលពី​ល្ងាច​ថ្ងៃទី​ ៥ កុម្ភៈ​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​រយៈពេល​ខ្លី​នៅ​ទីក្រុង​ប៉េកាំង ដើម្បី​សម្ដែង​ការគួរសម​ជាមួយ​ភាគី​ចិន ដោយ​បាន​ជួបពិភាក្សា​ជាមួយ​លោក ស៊ី ជីនភីង ប្រធានាធិបតី​ចិន និង​លោក​ លី កេឈាង នាយករដ្ឋមន្ត្រី​ចិន​ដើម្បី​ស្វែងយល់​ពី​ការយក​ចិត្ត​ទុកដាក់​លើ​ពលរដ្ឋ​កម្ពុជា​ដែល​កំពុង​រស់នៅ និង​សិក្សា​នៅ​ប្រទេស​ចិន​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដោយ​បាន​ចូលរួម​រំលែក​នូវ​ទុក្ខ​កង្វល់​ទាំងឡាយ​ជាមួយ​ពលរដ្ឋ​រងគ្រោះ​​ដោយ​ជំងឺ​បង្កដោយ​មេរោគ​ «​កូរ៉ូណា​» និង​ប្រកាស​គាំទ្រ​រដ្ឋាភិបាល​ចិន ចំពោះ​វិធានការ​ដែល​បាន​ធ្វើ​នាពេល​កន្លង​មក​នេះ​។

ជាមួយ​គ្នា​នោះ​លោក​ក៏​បាន​បង្ហាញ​ពី​គោលបំណង​ ៣ ចំណុច​ដែល​ជា​មូលហេតុ​នាំឲ្យ​រូបលោក​ត្រូវ​ទៅ​ប្រទេស ​ចិន បើ​ទោះស្ថិត​ក្នុង​ស្ថានភាព​ណាក៏ដោយ​ក្នុងនោះ​មាន​ដូចជា​៖ «​ទី​១ បង្ហាញ​នូវ​សាមគ្គីភាព​ជាមួយ​រដ្ឋាភិបាល​ចិន​ក៏​ដូចជា ប្រជាពលរដ្ឋ​ចិន​នៅក្នុង​គ្រា​លំបាក​នេះ​។ ទី​២ ដើម្បី​ពង្រឹង​នូវ​ស្មារតី និង​ជំនឿចិត្ត​សម្រាប់​ប្រជាពលរដ្ឋ និង​និស្សិត​កម្ពុជា​រស់នៅ និង​សិក្សា​នៅ​ប្រទេស​ចិន​ឱ្យ​បន្ត​ស្នាក់នៅ​ប្រទេស​ចិន​ទៀត តស៊ូ​ជាមួយ​ប្រជាពលរដ្ឋ​ចិន​»​។

លោក​បន្តថា​៖ «​ទី​៣ បញ្ជូនសារ​ទៅ​ប្រជាពលរដ្ឋ​កម្ពុជា ជំងឺ​របស់​ពលរដ្ឋ​កម្ពុជា មិនមែន​ជំងឺ​បង្ក​ឡើង​ដោយ​មេរោគ​ «​កូរ៉ូណា​» នោះ​ទេ​គឺ​ជំងឺ​ភ័យខ្លាច ហើយ​មកដល់​ពេល​នេះ​មិនទាន់​ពលរដ្ឋ​កម្ពុជា​ណា​ម្នាក់​កើត​ជំងឺ​នេះ​ទេ​។ មាន​ប្រទេស​ខ្លះ​ហាក់បី​ដូចជា​ធ្វើ​សង្គ្រាម​ចិត្តសាស្ត្រ​ធ្វើឱ្យ​មាន​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​»​។

ក្រៅពី​មូលហេតុ​ទាំង​ ៣ ​នេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើកឡើង​ដែរ​ថា នៅមុន​នេះ​លោក​បាន​ចាប់ដៃ​លោក លី កេឈាង បើទោះបី​ជា​លោក កេឈាង ទើប​ត្រឡប់​មកពី​ទីក្រុង​វូ​ហាន​ថ្មីៗ​ក៏ដោយ ហើយ​លោក​ក៏​មិន​ពាក់​ម៉ាស់​នោះដែរ ទោះបី​មិត្ត​ចិន​បាន​ត្រៀម​ម៉ាស់​សម្រាប់​លោក​ដោយ​អះអាង​ថា បើ​លោក​ពាក់​ម៉ាស់​នោះ​លោក​​មិន​បាច់​មក​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​នោះ​ទេ​។

តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ដកស្រង់​សម្ដី​លោក ស៊ី ជីនភីង ប្រធានាធិបតី​ចិន​ថា ប្រជាពលរដ្ឋ​ចិន​ក៏ដូចជា​រដ្ឋាភិបាល​ចិន​កំពុង​ប្រឈម​នឹង​ការរីករាលដាល​នៃ​ជំងឺ​ផ្លូវដង្ហើម​បង្ក​ដោយ​មេរោគ «​កូរ៉ូណា​» ​នេះ​ហើយ​ចំពោះ​ពលរដ្ឋ​កម្ពុជា ជាពិសេស​និស្សិត​កម្ពុជា​កំពុង​រស់នៅក្នុង​ប្រទេស​ចិន រដ្ឋាភិបាល​ចិន​កំពុង​យកចិត្ត​ទុកដាក់​។

លោក ស៊ី ជីនភីង បាន​បន្តថា​៖ «​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​ថា គាំទ្រ​ប្រទេស​ចិន ហើយ​កម្ពុជា​បាន​ចូលរួម រួមសុខ រួមទុក្ខ​ជាមួយ​ប្រទេស​ចិន​ (​ចិន​) ​ពិតជា​អរគុណ​ចំពោះ​ទឹកចិត្ត​របស់​កម្ពុជា​។

ចាប់ពី​ឆ្នាំ​កន្លង​ទៅ​នេះ​ទំនាក់ទំនង​កម្ពុជា និង​ចិន​ចាប់ផ្តើម​ក្នុង​ទំព័រ​សករាជ​ថ្មី ដោយ​បាន​អនុវត្ត​នូវ​នយោបាយ​ជោគវាសនា​រួមគ្នា ហើយ​អាច​ដាក់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​នៅក្នុង​កម្រិត​ថ្មី​មួយ​ទៀត​ចាប់ពី​ពេល​នេះ​តទៅ​»​។

លោក មាស នី អ្នក​ស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម​បាន​លើកឡើង​ថា ការ​ទៅ​ប្រទេស​​ចិន​របស់​លោក​នាយក​រដ្ឋមន្ត្រី វា​អាច​ជា​ការបង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​នៅក្នុង​ការពង្រឹង​មិត្តភាព​ជាមួយ​ចិន​តាម​ប្រពៃណី​នៃ​​ការដឹងគុណ​ដែល​ស្គាល់​សុខទុក្ខ​គ្នា​នៅ​គ្រា​មាន​ទុក្ខ​លំបាក​ដែល​នេះ​គឺជា​ទិដ្ឋភាព​ធម្មតា​នៅក្នុង​ទំនាក់ទំនង​ការទូត​។

ប៉ុន្តែ​លោក​ថា សម្រាប់​ការធ្វើដំណើរ​នៅក្នុង​ពេល​នេះ​គឺ​ហាក់បី​ដូចជា​ផ្ទុយ​ពី​លក្ខណៈ​បច្ចេកទេស​នៃ​វិធានការ​ការពារ​ជំងឺឆ្លង​ដែល​ប្រទេស​ដទៃ​ទៀត​គេ​មាន​នៅក្នុង​ពិភពលោក បើទោះ​ជា​មេដឹកនាំ​កម្ពុជា​ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​ដំបូង​បង្អស់​ទៅ​ប្រទេស​ចិន​ក្នុង​អំឡុងពេល​ផ្ទុះ​នៃ​ជំងឺ​នេះ​​ក៏ដោយ​។

លោក​បាន​បន្តថា ការ​ទៅ​បំពេញ​ទស្សនកិច្ច​ពេលនេះ​ក៏​មិន​បាន​បញ្ឈប់​ការរិះគន់​រដ្ឋាភិបាល​ចំពោះ​ការមិន​មាន​ជំហរ​នាំ​ពលរដ្ឋ​ និង​និស្សិត​ខ្មែរ​ត្រឡប់​មក​ប្រទេស​វិញ​ដែរ​។

លោក​បញ្ជាក់ថា​៖ «​ទស្សនកិច្ច​ដ៏ខ្លី​មួយ​នេះ​វា​ហាក់ដូចជា​ភាគី​ទាំងសងខាង​មិន​បាន​ត្រៀម​អ្វី​ឲ្យ​បាន​ធំដុំ​នោះទេ​ដែល​មើល​ទៅ​សម្តេចនាយក​បាន​សម្រេច​ថា ទៅ​ប៉េកាំង​មិន​ដល់​ ២៤ ​ម៉ោង​ផង មុន​ឡើង​យន្តហោះ​។ ប្រសិនបើ​និយាយ​ពី​កិច្ចប្រជុំ​ទ្វេភាគី​រវាង​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ​គឺ​ត្រូវការ​ការរៀបចំ​យូរ​អំពី​របៀបវារៈ​ដែល​អាច​ឈានទៅ​សម្រេច​លើ​កិច្ចព្រមព្រៀង​អ្វី​ផ្សេងៗ​»៕