កំពតៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​បង្កើត​តំបន់​បូកគោ​នៃ​ខេត្តកំពត​ជា​ក្រុង​បូកគោថ្មី​ដោយ​ត្រូវ​កាត់​យក​ឃុំ​ចំនួន​ ៣ ​ចេញ​ពី​ស្រុក​ទឹកឈូ ខេត្តកំពត គឺ​ឃុំ​បឹងទូក ឃុំ​កោះតូច និង​ឃុំ​ព្រែកត្នោត ដើម្បី​ឱ្យមាន​ភាពងាយស្រួល​ក្នុង​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​បន្ថែមទៀត​។

យោងតាម អនុក្រឹត្យ លេខ ៣៨.អនក្រ.បក ចុះហត្ថលេខា​ដោយ លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពីថ្ងៃ​ទី​ ១៦ ខែ មីនា ឆ្នាំ​ ២០២១ ត្រង់​មាត្រា​ ៣ ដែល​ទាក់ទង​នឹង​ការបង្កើត​ក្រុង​នេះ​បាន​ឱ្យ​ដឹងថា ការរៀបចំ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​ក្រុង​បូកគោ​ត្រូវ​អនុលោម​តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។

ចំណែក​មាត្រា​ ៤ ​បាន​ចែងថា ការកំណត់​ចំនួន​សមាជិក​ក្រុមប្រឹក្សា​ក្រុង​បូកគោ និង​ក្រុមប្រឹក្សា​ស្រុក​ទឹកឈូ​ត្រូវ​អនុលោម​តាម​មាត្រា​ ១៨ ​ថ្មី​នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ និង​មាត្រា​ ៣ ​ថ្មី​នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ​។

លោក វិត វឌ្ឍនា អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តកំពត​បាន​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​ការសម្រេច​បង្កើត​ក្រុង​បូកគោ​​ពី​ប្រមុខ​នៃ​រាជរដ្ឋាភិបាល ព្រោះ​វា​គឺជា​ការល្អ​មួយ​សម្រាប់​ខេត្តកំពត និង​បង្ក​ភាពងាយស្រួល​ក្នុង​ការគ្រប់គ្រង​ភូមិសាស្ត្រ និង​ជំរុញ​ល្បឿន​នៃ​ការអភិវឌ្ឍ​។

លោក វិត វឌ្ឍនា បាន​បញ្ជាក់ថា​៖ «​គោលដៅ​ដែល​ថ្នាក់ដឹកនាំ​បង្កើត​ក្រុង​នេះ​ក្នុង​គោលដៅ​អភិវឌ្ឍន៍ ព្រោះ​តំបន់​នេះ​មាន​ការវិនិយោគ​ច្រើន និង​ធ្វើឱ្យ​សេដ្ឋកិច្ច​នៅក្នុង​តំបន់​នេះ​រីកចម្រើន​លឿន​ទៅមុខ​»​។

លោក វិត វឌ្ឍនា បាន​បន្តថា រដ្ឋបាល​​ខេត្ត​ និង​រាជរដ្ឋាភិបាល​ក៏បាន​ត្រៀម​បម្រុង​រួចហើយ​នូវ​កញ្ចប់​ថវិកា​សម្រាប់​យកទៅ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ក្រុង និង​សាលាក្រុង​នៅក្នុង​ក្រុង​ថ្មី​មួយ​នេះ​។ ទោះបីជា​យ៉ាងណា​លោក​មិនបាន​បញ្ជាក់​ពី​ទំហំ​កញ្ចប់​ថវិកា​នោះ​ថា​មាន​​ប៉ុន្មាន​សម្រាប់​អភិវឌ្ឍ​នោះទេ​។

បើតាម​លោក វិត វឌ្ឍនា នៅក្នុង​មូលដ្ឋាន​ខេត្តកំពត​កាលពី​មុននេះ​មាន​ ៨ ក្រុង​ស្រុក​ (​ក្រុង​​ ១ និង​ស្រុក ៧) ប៉ុន្តែ​បច្ចុប្បន្ន ខេត្ត​មាន​ក្រុង​ចំនួន​ ២ និង​ស្រុក​ចំនួន​ ៦៕

វីដេអូ៖