ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានកោតសរសើរដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានមួយចំនួនធំដែលបានខិតខំទប់ស្កាត់ព័ត៌មានក្លែងក្លាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់ និងពួកឱកាសនិយមក្នុងបំណងបំពុលបរិយាកាសសង្គមប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាស្របពេលដែលក្លិបអ្នកកាសែតស្នើឲ្យសមត្ថកិច្ចសហការ ដើម្បីឲ្យមានប្រសិទ្ធភាពលើការងារ។
ការលើកឡើងរបស់លោក ហ៊ុន សែន ដូចនេះបានធ្វើឡើងតាមរយៈលិខិត ១ ច្បាប់កាលពីថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៩ ដើម្បីចូលរួមអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី ១៦ ១ ថ្ងៃ មុនពេលមានការរៀចំពិធី។
កាលពីថ្ងៃទី ៦ ធ្នូ ក្លិបអ្នកកាសែតកម្ពុជាបានរៀបចំវេទិកានិពន្ធនាយកលើកទី ១៦ ក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកម្ពុជាក្នុងយុគសម័យ ៤.០» នៅភោជនីយដ្ឋានទន្លេបាសាក់ ២ រាជធានីភ្នំពេញដោយមានការចូលរួមពីនិពន្ធនាយក បណ្ណាធិការ ចាងហ្វាង តំណាងសារព័ត៌មានជាច្រើនរូប។
នៅក្នុងលិខិតអបអរសាទរនោះលោក ហ៊ុន សែន បានលើកឡើងថា បញ្ហាប្រឈមនឹងព័ត៌មានក្លែងក្លាយដែលសកលលោកកំពុងបារម្ភនោះ ស្ថាប័នសារព័ត៌មានត្រូវខិតខំប្រឹងអភិវឌ្ឍចំណេះដឹងថែមទៀតទាំងសមត្ថភាពយល់ដឹងនៃការប្រើប្រាស់បច្ចេកទេសឌីជីថល សម្រាប់ផលិតព័ត៌មាន ទាំងការរក្សាទិន្នន័យ និងបញ្ជូនព័ត៌មាន និងការចែករំលែកព័ត៌មានឲ្យបានឆាប់រហ័សទាន់ហេតុការណ៍ប្រកបដោយការទទួលខុសត្រូវ ព្រមទាំងរិះរកវិធានការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ។
លោកបានបញ្ជាក់ថា៖ «បេសកកម្មរបស់បងប្អូនសារព័ត៌មាន និងស្ថាប័នសារព័ត៌មាន ពិតជាមានសារៈសំខាន់ក្នុងការរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព និងការពារការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាព្រមទាំងលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា»។
ទន្ទឹមនឹងនេះលោក ហ៊ុន សែន បានកោតសរសើរដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានមួយចំនួនធំដែលបានខិតខំប្រឹងប្រែងធ្វើការបកស្រាយពន្យល់ឆ្លើយតបនឹងការប្រើប្រាស់ព័ត៌មានក្លែងក្លាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់ និងពួកឱកាសនិយមដែលមានបរទេសនៅពីក្រោយខ្នង តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា និងបណ្តាញទំនាក់ទំនងសង្គមក្នុងបំណងបំពុលបរិយាកាសសង្គមប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាព្រមទាំងទប់ស្កាត់បានទាន់ពេលវេលានូវរាល់ឧបាយកលដ៏ពិសពុលដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងអូសទាញប្រទេសកម្ពុជាឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមសាជាថ្មី ។
លោកបានបញ្ជាក់ថា៖ «រដ្ឋាភិបាលកម្ពុជា ពិតជាត្រូវការស្ថាប័នសារព័ត៌មានដែលមានថាមពលប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈដែលតម្រូវឲ្យអ្នកសារព័ត៌មានរបស់យើងស្តាប់គ្រប់សំឡេងភាគីពាក់ព័ន្ធហ៊ាននិយាយការពិត ហ៊ានរិះគន់ក្នុងន័យស្ថាបនា និងហ៊ានទទួលយកការពិត»។
ទន្ទឹមនឹងនេះនៅក្នុងវេទិកានិពន្ធនាយកលើកនេះ ក្លិបអ្នកកាសែតបានចេញសេចក្តីថ្លែងការណ៍មួយដោយបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចកុំបង្កឧបសគ្គដល់អ្នកសារព័ត៌មាន ប៉ុន្តែក៏បានជំរុញឲ្យអ្នកសារព័ត៌មានសិក្សាស្វែងយល់ពីច្បាប់ ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដើម្បីប្រសិទ្ធភាពការងារអ្នកសារព័ត៌មានផង ដើម្បីលើកកម្ពស់គុណតម្លៃរបស់សារព័ត៌មានអាជីពផង និងកាត់បន្ថយព័ត៌មានបំពុលសង្គមផង។
សេចក្តីថ្លែងការណ៍នោះបញ្ជាក់ថា៖ «អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់សូមកុំបង្កឧបសគ្គណាមួយដល់អ្នកសារព័ត៌មាន ប៉ុន្តែសូមសហការឲ្យបានល្អក្នុងការផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មានដើម្បីឲ្យពួកគេយកទៅផ្សព្វផ្សាយ ជូនដល់ពលរដ្ឋដោយងាយស្រួល និងឲ្យទូលំទូលាយ និងអំពាវនាវដល់តុលាការសូមប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មានដើម្បីដោះស្រាយរឿងក្តីពាក់ព័ន្ធនឹងវិជ្ជាជីវៈសារព័ត៌មាន»។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីវេទិកានោះដែរថា អ្នកសារព័ត៌មានត្រូវលើកកម្ពស់សមត្ថភាពខ្លួនឯងពាក់ព័ន្ធនឹងកម្រិតយល់ដឹងពីបច្ចេកវិទ្យាដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន ហើយត្រូវមានចំណេះដឹងផ្នែកភាសាបរទេសដើម្បីងាយស្រួលទំនាក់ទំនងជាមួយអ្នកសារព័ត៌មានបរទេសហើយត្រូវគោរពក្រមសីលធម៌ និងច្បាប់របបសារព័ត៌មានរបស់កម្ពុជា។
លោកបានបញ្ជាក់ថា៖ «អ្នកព័ត៌មានដែលគេហៅថា ស៊ីអារម្មណ៍នោះគឺជាព័ត៌មានពិតមែន ប៉ុន្តែរឿងពិតវាទៅអ៊ីចុះទេ តែគេបង្វែរទៅរឿងផ្សេងមួយទៀតដែលនេះគេហៅថាព័ត៌មានស៊ីអារម្មណ៍ ដូច្នេះយើងត្រូវឆ្លើយដោយមានទឡ្ហីករណ៍ត្រឹមត្រូវ អត់វែង អត់ស្មុគស្មាញ ដោយមានមូលហេតុច្បាស់លាស់»។
លោក ម៉ៃ ទិត្យថារ៉ា ស្ថាបនិកនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានបង្ហាញក្ដីបារម្ភពាក់ព័ន្ធនឹងព័ត៌មានក្លែងក្លាយ ដោយសារពលរដ្ឋនៅកម្ពុជាមួយចំនួនដែលប្រើប្រាស់ហ្វេសប៊ុកពុំទាន់ចេះផ្ទៀងផ្ទាត់ព័ត៌មានណាក្លែងក្លាយព័ត៌មានណាព័ត៌មានពិតប្រាកដ។
លោកថា៖ «នៅពេលដែលគាត់បង្ហោះព័ត៌មានមិនពិត គាត់នឹងប្រឈមផ្លូវច្បាប់ ហើយកន្លងទៅនេះមានករណីពី ៣ ទៅ ៤ នាក់ដែរ ត្រូវជាប់ពន្ធនាគារទាក់ទងទៅនឹងការបង្ហោះព័ត៌មានមួយចំនួនដោយមិនបានផ្ទៀងផ្ទាត់»។
លោកបានបន្ថែមថា៖ «រាជរដ្ឋាភិបាលបានយកចិត្តទុកខ្លាំងទៅលើអ្នកសារព័ត៌មានដូចដែលយើងបានឃើញក្នុងលិខិតរបស់លោក បានលើកទឹកចិត្តដល់អ្នកសារព័ត៌មានធ្វើការរាយការណ៍ដោយអត់ភ័យខ្លាច និងស្មោះត្រង់ និងមិនលម្អៀងទៅខាងណាមួយ ហើយរាជរដ្ឋាភិបាលបានបង្កើតឲ្យមានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល»៕