ភ្នំពេញ៖ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បានស្នើ​ឱ្យ​ក្រុម​ការងារ​សុខាភិបាល​ រៀបចំ​ក្រម​ប្រតិបត្តិព្យាបាល​អ្នកជំងឺ​កូវីដ ១៩ ​នៅ​តាម​ផ្ទះ​ឱ្យ​រួច​រាល់ជាមុន​ ​ក្នុង​ករណី​ដែលមាន​ការកើនឡើង​ថែម​ទៀត​នូវ​​អ្នក​ជំងឺ ហើយ​​នៅ​តាម​មន្ទីរពេទ្យ​ពេញ​ដោយ​អ្នក​ជំងឺទាំង​ស្រាល និងធ្ងន់​ ដែល​មិន​អាច​ដាក់​អ្នក​ជំងឺ​បន្ថែម​ទៀត​បាន។

យោង​តាម​សារ​ជា​សំឡេង​របស់​​លោក​ ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​ទី​ ៦ ​ខែ​មេសា​នេះ បាន​លើកឡើង​ថា កម្ពុជា​គួរ​តែ​យក​ការ​រៀបចំ​មួយ​ ដែ​លយក​វិធីសាស្រ្ត​តាម​បណ្តាប្រទេស​ដែល​មាន​អ្នក​ជំងឺច្រើន ដូច​ជានៅ​អាមេរិក បារាំង អឺរ៉ុប និង​ប្រទេសមួយ​ចំនួន​ទៀត ដែល​មាន​អ្នក​ជំងឺ​ច្រើន​លើ​សពី​ចំនួន​​ពេទ្យ​ដែល​អាច​ទទួល​បាន។

លោក​បាន​មាន​ប្រសាសន៍ថា៖ «ត្រូវ​ពិនិត្យ​ពី​លទ្ធភាពរបស់​គ្រូពេទ្យ​​ ដែ​លត្រូវ​ទទួលយក​មក​ព្យាបាលនៅក្នុង​មន្ទីរពេទ្យ និង​ទុក​សម្រាប់​ការ​ព្យាបាល​នៅ​តាម​ផ្ទះ។ ​យើង​មិន​អាចទទួល​អស់​​បាន​ទេ ក្នុង​ករណី​ដែល​មាន​ការកើនឡើង​ថែម​ទៀតនូវ​អ្នក​ជំងឺ។ អ្នកជាតិច អ្នក​ឈឺ​ច្រើន ទោះ​បី​ជា​យើង​រៀបចំ​មន្ទីរ​ពេទ្យ​ប៉ុន្មាន​ទៀត ​ក៏​មិន​គ្រប់​ដែរ»។

លោក​ ហ៊ុន សែន បាន​បញ្ជាក់​បន្ថែម​ទៀត​ថា វិធីដោះ​ស្រាយ​ គឺ​មាន​តែទុក​អ្នក​ដែល​វិជ្ជមាន​កូវីដ​ ១៩ ​ដែល​មាន​ស្ថានភាព​ស្រាល ​នៅ​សម្រាក​ព្យា​បាល​នៅ​ផ្ទះ ប៉ុន្តែ​ត្រូវ​មាន​ការ​វិនិច្ឆ័យ​ឱ្យ​បាន​ច្បាស់​។

លោកថា អ្នកជំងឺ​​អាចសម្រាក​ព្យាបាល​នៅ​ផ្ទះ គឺអ្នក​នោះ​ ត្រូវ​តែជាអ្នក​ដែល​មាន​ជំងឺស្រាល​ ហើយ​មានផ្ទះ​សមរម្យ​ដែល​អាច​ព្យាបាល​បាន ប៉ុន្តែ​ប្រសិន​បើ​អ្នក​នោះ​មាន​ជំងឺ​ធ្ងន់​ គឺ​ត្រូវ​យក​មក​មន្ទីរ​ពេទ្យ៕

វីដេអូ៖