ភ្នំពេញ៖ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រទេស​មួយ​ចំនួន​មិន​ត្រូវ​ប្រមូល​ទិញ​វ៉ាក់សាំង​សម្រាប់​ការពារ​វីរុស​កូវីដ ១៩ លើស​ពី​តម្រូវការ​នោះ​ទេ ហើយ​លោក​ក៏​បាន​ស្នើសុំ​ឱ្យ​ប្រទេស​មួយ​ចំនួន​នោះ កុំ​ប្រើប្រាស់​វ៉ាក់សាំង​ជា​ឧបករណ៍​នយោបាយ​ផង​ដែរ។

ការ​អំពាវ​នាវ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បែប​នេះ​ ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​វីដេអូ​ក្នុង​សន្និបាត​ប្រចាំ​ឆ្នាំ​លើកទី​៧៧ របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក​នៃ​អង្គការ​សហប្រជាជាតិ (UN-ESCAP) នៅ​ថ្ងៃ​ចន្ទ ទី ២៦ ខែ​មេសា​នេះ។

សន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​៧៧ សម្រាប់​ឆ្នាំ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ប្រធានបទ «ការ​ស្តារ​ឡើង​វិញ​ក្រោយ​វិបត្តិ​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​តំបន់​នៅ​ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក»។

លោក​នាយក​រដ្ឋមន្រ្តី​បាន​បន្ថែម​ថា គម្លាត​នៃ​ការ​ទទួល​បាន​វ៉ាក់សាំង​រវាង​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​ប្រទេស​អភិវឌ្ឍន៍ ក៏​អាច​បង្ក​ជា​ហានិភ័យ និង​រាំង​ស្ទះ​ដល់​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​តំបន់ និង​សកល។ លោក​ថា មាន​ប្រទេស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ដែល​អាច​ងើប​ឡើង​វិញ​បាន​ប្រសើរ ខណៈ​ដែល​ប្រទេស​ភាគ​ច្រើន​ផ្សេង​ទៀត​បន្ត​រង​ផល​ប៉ះពាល់​ទាំង​ក្នុង​ផ្នែក​សុខាភិបាល និង​ផ្នែក​សេដ្ឋកិច្ច។

លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «កម្ពុជា​សូម​អំពាវនាវ​ដល់​ប្រទេស​មួយ​ចំនួន កុំ​ប្រមូល​ទិញ​វ៉ាក់សាំង​លើស​តម្រូវ​ការ​របស់​ខ្លួន (hoarding) និង​សូម​កុំ​ឱ្យ​មាន​ការ​ប្រើប្រាស់​វ៉ាក់សាំង​ជា​ឧបករណ៍​នយោបាយ (vaccine politics)»។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ដូច្នេះ​ថា៖ «ក្នុង​បរិការណ៍​នេះ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ និង​ការ​ពង្រឹង​គុណភាព និង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​សុខាភិបាល គឺ​ជា​ការងារ​អាទិភាព​បំផុត​សម្រាប់​យើង​ទាំង​អស់​គ្នា»។

លោក​បាន​គូស​បញ្ជាក់​ផង​ដែរ​ពី​សារៈសំខាន់ និង​ភាព​បន្ទាន់​នៃ​ការ​បែងចែក និង​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ប្រកប​ដោយ​សមធម៌ និង​តម្លៃ​សមរម្យ ជា​ពិសេស​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍។

លោក​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា សេដ្ឋកិច្ច​សកល​ឆ្នាំ ២០២១ នេះ ទោះបី​ត្រូវ​បាន​រំពឹង​ថា នឹង​ងើប​ឡើង​វិញ ប៉ុន្តែ​នៅ​តែ​ប្រឈម​នឹង​ភាព​មិន​ប្រាកដប្រជា​ខ្ពស់ ដោយសារ​ហានិភ័យ​នៃ​ការ​វិល​ត្រឡប់​មក​វិញ​នូវ​រលក​ថ្មីៗ​នៃ​ជំងឺ​នេះ។ ជា​ពិសេស​តាមរយៈ​ការ​បំប្លែង​ខ្លួន​លឿន​លើស​ពី​ការ​រំពឹង​ទុក​នៃ​វីរុស​កូរ៉ូណា ដែល​បន្ត​រំខាន​ដល់​ជីវភាព​សេដ្ឋកិច្ច។

ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន ក៏​បាន​លើក​ឡើង​ពី​ភាព​ជឿជាក់​របស់​ប្រទេស​កម្ពុជា ផង​ដែរ​ថា ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ និង​ការ​ស្តារ​ឡើង​វិញ​ក្រោយ​វិបត្តិ​នេះ គឺ​ទាមទារ​ឱ្យ​ទាំង​អស់​គ្នា​ត្រូវ​ឆ្លើយ​តប​ជា​បន្ទាន់ និង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​សកល ដោយ​ឈរ​លើ​ស្មារតី​សាមគ្គីភាព រួម​ទាំង​កិច្ច​សហការ និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។

សូម​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ជាង ៣ លាន​ដូស​រួច​មក​ហើយ រួម​មាន៖ ស៊ីណូហ្វាម​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ១,៣ លាន​ដូស, វ៉ាក់សាំង​ស៊ីណូវ៉ាក់ ទិញ​ពី​ចិន​ចំនួន ២ លាន​ដូស និង​វ៉ាក់សាំង​អាស្ត្រាហ្សេនីកា ៣២៤ ០០០ ដូស ជា​ជំនួយ​របស់​កូវ៉ាក់ តាមរយៈ​អង្គការ​សុខភាព​ពិភព​លោក។ តាមរយៈ​វ៉ាក់សាំង​ដែល​កម្ពុជា​ទទួល​បាន​នោះ កម្ពុជា​បាន​ចាក់​ជូន​ពលរដ្ឋ​បាន​ជាង ១,២ លាន​នាក់​ហើយ៕