ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវទៅដល់រថយន្តឈ្នួលគ្រប់ប្រភេទកុំឲ្យដំឡើងថ្លៃក្នុងពេលរដូវបុណ្យទានជាពិសេសក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះនៅខណៈដែលប្រជាពលរដ្ឋជាពិសេសកម្មករកម្មការិនីត្រូវទៅជួបជុំក្រុមគ្រួសារនៅតាមបណ្តាខេត្តនានា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរលើហ្វេសប៊ុកផ្ទាល់ខ្លួនថាពេលនេះជារដូវបុណ្យភ្ជុំដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានចូលរួមកាន់បិណ្ឌតាំងពីថ្ងៃទី ២៨ ខែកញ្ញារហូតមកទល់ថ្ងៃនេះគឺដល់ពិធីកាន់បិណ្ឌទី ៣ ហើយ ហើយទន្ទឹមនឹងប្រជាពលរដ្ឋជាពិសេសកម្មករ កម្មការិនីត្រូវទៅជួបជុំក្រុមគ្រួសារនៅតាមបណ្តាខេត្តនានា។
លោកថា៖ «សូមក្រសួង និង អាជ្ញាធរមានសមត្ថកិច្ចទូទាំងប្រទេសជួយពិនិត្យរៀបចំការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អបំផុត។ ជាមួយគ្នានេះដែរសូមអាជ្ញាធរមានសមត្ថកិច្ចពិនិត្យតម្លៃសំបុត្ររថយន្តឈ្នួលគ្រប់ប្រភេទកុំឲ្យដំឡើងថ្លៃក្នុងពេលរដូវបុណ្យទានជាពិសេសក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះតែម្តង»។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្ថែមថាលោកសុំស្នើដល់បងប្អូនដែលបញ្ជាយានយន្តគ្រប់ប្រភេទមេត្តាប្រុងប្រយ័ត្នក្នុងការបើកបរដោយត្រូវគោរពច្បាប់ចរាចរណ៍ គោរពជីវិតខ្លួនឯងនឹងគោរពជីវិតអ្នកដទៃ។ បងប្អូនដែលធ្វើដំណើរតាមទូក កាណូត សុំមេត្តាកុំដឹកលើសចំណុះ និងកុំធ្វើដំណើរពេលធាតុអាកាសមិនល្អដែលនាំមកនូវគ្រោះថ្នាក់ជាយថាហេតុ។
ជាមួយគ្នានេះដែរលោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុកមួយថាទាក់ទិនទៅនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីរឿងសំបុត្ររថយន្តនោះថា៖ «បញ្ហានេះលំបាកដែរដោយសារតែប្រទេសយើងប្រកាន់យកទីផ្សារសេរីការអំពាវនាវរបស់សម្តេចតេជោគឺពិតជាសមស្របហើយគិតគូរដល់អ្នកធ្វើដំណើរជាពិសេសអ្នកទន់ខ្សោយ។ អ៊ីចឹងហើយខ្ញុំមានតែចូលរួមជាមួយសម្តេចតេជោដើម្បីអំពាវនាវដល់អ្នកធ្វើអាជីវកម្មទាំងឡាយជាម្ចាស់រថយន្ត ម្ចាស់អាជីវកម្មធ្វើដំណើរទាំងឡាយនោះទាំងផ្លូវគោក ផ្លូវទឹកសូមមេត្តាយោគយល់អាធ្យាស្រ័យ។ យើងគិតថាអាចធ្វើបានបើសិនណាគាត់យោគយល់តែបើគាត់មិនយោគយល់ទេយើងក៏គ្មានច្បាប់ណាចែងថាត្រូវកាត់ទោសអូសដំណើរគាត់វាអត់មានយើងមានតែអំពាវនាវឲ្យគាត់យោគយល់នឹងអធ្យាស្រ័យតែប៉ុណ្ណឹង»។
គួរបញ្ជាក់ផងដែរថាសាលារាជធានីភ្នំពេញតែងតែចេញលិខិតជូនដំណឹងទៅដល់ក្រុមហ៊ុនរថយន្តក្រុង និងរថយន្តតាក់ស៊ីទាំងអស់កុំឲ្យដំឡើងថ្លៃនៅពេលរដូវបុណ្យប៉ុន្តែការជូនដំណឹងនោះពុំត្រូវបានម្ចាស់ក្រុមហ៊ុន ឬក៏ម្ចាស់រថយន្តស្តាប់នោះឡើយដោយបានដំឡើងតម្លៃទ្វេដង។
លោក សុខ បូណា ដែលជាអ្នករថតាក់ស៊ីពីភ្នំពេញទៅខេត្តស្វាយរៀងបានថ្លែងឲ្យដឹងថាជាគោលការណ៍គឺពួកលោកមិនចង់ដំឡើងថ្លៃនោះទេប៉ុន្តែដោយសារតែម្ចាស់ចំណតរថយន្តបានដំឡើងថ្លៃបេនដូច្នេះហើយទើបពួកលោកដំឡើងថ្លៃតាមការដំឡើងថ្លៃរបស់អ្នកម៉ៅការបេនវិញ។ លោកថា៖ «បើសិនជាខាងបេនមិនដំឡើងថ្លៃយើងក៏មិនឡើងថ្លៃដែរ»៕