ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​ជនរួមជាតិ​ទាំងអស់​បន្ត​ការប្រុងប្រយ័ត្ន និង​យកចិត្ត​ទុកដាក់​ខ្ពស់បំផុត​ចំពោះ​សុខភាព​ដែល​ជា​អាយុជីវិត​ផ្ទាល់​ខ្លួន​ម្នាក់ៗ​ក្នុង​ស្ថានភាព​ដែល​ប្រទេស​ កម្ពុជា ​កំពុង​ប្រយុទ្ធប្រឆាំង​កម្ចាត់​ជំងឺ​ឆ្លង​កូវីដ ​១៩ បើទោះ​ជា​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​មក​នេះ​កម្ពុជា​មិនបាន​រកឃើញ​ករណី​ថ្មី​។

លោក ហ៊ុន សែន បាន​សរសេរ​នៅលើ​ទំព័រ Facebook របស់​លោក​កាលពី​ថ្ងៃ​អង្គារ​ថា​៖ «​រាល់​វិនាទី និង​ជា​រៀងរាល់​ថ្ងៃ​សូម​បងប្អូន​ជនរួមជាតិ​ចងចាំ និង​យកចិត្ត​ទុកដាក់​ខ្ពស់​​បំផុត​ចំពោះ​សុខភាព​ដែល​ជា​អាយុជីវិត​ផ្ទាល់​របស់​បងប្អូន ប្តី​ប្រពន្ធ កូនចៅ និង​ក្រុមគ្រួសារ​ក្នុង​ស្ថានភាព​ដែល​ប្រទេស​ជាតិ​យើង​កំពុង​ប្រយុទ្ធប្រឆាំង​កម្ចាត់​ជំងឺ​ឆ្លង​កូវីដ ​១៩»​។

លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​យក​ជាប់​តាម​ខ្លួន​រាល់ពេល​ធ្វើដំណើរ​នូវ​ម៉ាស់ ទឹក​អាល់កុល និង​ជែល​សម្លាប់​មេរោគ និង​បាក់តេរី​ផ្សេងៗ ហើយ​ត្រូវ​ប្រើ​ម៉ាស់​ពាក់​ការពារ​គ្រប់​ទីកន្លែង និង​ត្រូវ​ដុសលាង​សម្អាត​ដៃ​មុនពេល​ប៉ះពាល់ និង​ក្រោយពេល​ប៉ះពាល់​របស់របរ ឬ​វត្ថុ​អ្វីមួយ​នៅតាម​ទីផ្សារ និង​តាម​ទីធ្លា​សាធារណៈ ដើម្បី​ការពារ​ខ្លួន​។

លោក​បាន​ឲ្យ​ដឹងថា​៖ «​យើង​មិនដឹងថា​តើ​របស់របរ និង​សម្ភារ​ទាំងនោះ​ត្រូវបាន​ប៉ះពាល់​ដោយ​អ្នកមាន​មេរោគ​ឆ្លង​កូវីដ​១៩​ឬទេ​? យើង​ការពារ​ខ្លួន​កុំ​នាំយក​មេរោគ​ឆ្លងទៅ​គេ និង​សូមកុំ​នាំ​មេរោគ​ពី​គេ​មក​យើង និង​ទៅកាន់​ក្រុមគ្រួសារ ហើយ​ត្រូវមាន​អនាម័យ​សុខភាព​ខ្ពស់​ជាប្រចាំ ហើយ​ត្រូវ​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ជានិច្ច​»​។

ទោះជា​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​កម្ពុជា​មិន​បាន​បង្ហាញ​ឲ្យ​ឃើញ​មាន​អ្នកមាន​វិជ្ជមាន​កូវីដ​១៩ ក៏ដោយ ក៏​រយៈពេល ២ ​ថ្ងៃ​ចុង​ក្រោយនេះ មាន​កម្មករ​ជិត ១៥០០ ​នាក់​នៅ​រាជធានី​ភ្នំពេញ​បាន​មក​ពិនិត្យ​សុខភាព និង​ធ្វើ​ចត្តាឡី​ស័ក​ ១៤ ថ្ងៃក្រោយ​វិលត្រឡប់​ពី​បុណ្យចូលឆ្នាំ​ខ្មែរ​វិញ​។

ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ម្សិលមិញ​ថា នៅ​ថ្ងៃទី​ ១ នៃ​ការ​ផ្តើមធ្វើ​ចត្តាឡីស័ក​កាលពី​ថ្ងៃ​ចន្ទ​មាន​កម្មករ​រោងចក្រ​ចំនួន ១០១៨ ​នាក់​បានមក​ត្រួតពិនិត្យ​សុខភាព ក្នុង​នោះ​មាន​កម្មករ​ចំនួន ៩៥៩ ​នាក់​បាន​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅផ្ទះ ១៤ ​ថ្ងៃ​។

ក្រសួង​ថា ចំណែក ៥៩ ​នាក់​ដាក់​ឲ្យ​ស្នាក់នៅ​មណ្ឌល​ចត្តាឡីស័ក​កម្រិត​ ១ និង​កម្រិត​ ២ (​វិទ្យាល័យ​ជម្ពូវ័ន្ត​) ក្នុងនោះ​មាន​ចំនួន ១៨ ​នាក់​បាន​យក​សំណាក​ទៅ​ពិសោធ​បន្ត​។ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ កាលពី​ថ្ងៃម្សិលមិញ​មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ ចំពោះ​លទ្ធផល​នៃ​ការយក​សំណាក​ទៅ​​ពិសោធ​។

លោក ងារ ចិន្តា ស្វាមី​កម្មករ​រោងចក្រ​ម្នាក់ ដែល​ក្រសួង​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​មណ្ឌល​វិទ្យាល័យ​ជម្ពូវ័ន្ត​បាន​ឲ្យ​ដឹងថា ប្រពន្ធ​របស់​លោក​បាន​ស្នាក់​នៅក្នុង​មណ្ឌល​រយៈពេល ២ ​ថ្ងៃ​ហើយ បន្ទាប់ពី​បាន​ទៅពិនិត្យ​សុខភាព​ជាមួយ​នឹង​កម្មករ​មួយចំនួន​ទៀត​ដែល​មាន​អាការ​សុខភាព​ល្អ​។ លោក​ថា ការធ្វើ​ចត្តាឡីស័ក​នេះ​គឺ​វិធានការ​ល្អ​មួយ ដើម្បី​ការពារ​ការរីក​រាលដាល​ជំងឺឆ្លង​ដែល​គ្រប់​គ្នា​បារម្ភ​៕