ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃចន្ទម្សិលមិញបានអំពាវនាវឲ្យជនរួមជាតិរួមទាំងអង្គការអន្តរជាតិ និងសង្គមស៊ីវិលជាតិទាំងអស់នៅកម្ពុជាប្រកាន់ខ្ជាប់នូវ «វប្បធម៌សន្ទនា» ដោយលោកបានចាត់ទុកថាវប្បធម៌សន្ទនាកំពុងជួយឲ្យកម្ពុជាអភិវឌ្ឍទៅមុខ។
នាយករដ្ឋមន្រ្តីបានលើកឡើងនៅក្នុងសារលិខិតមួយរបស់លោកសម្រាប់ឱកាសទិវាសន្តិភាពអន្តរជាតិលើកទី ១៣ ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៥ ថាក្នុងស្មារតីបង្រួបបង្រួមជាតិរដ្ឋាភិបាលបាននិងកំពុងអនុវត្តវប្បធម៌សន្ទនាដែលជាមូលដ្ឋានមួយក្នុងការពិភាក្សាដោះស្រាយដោយសន្តិវិធីនូវរាល់បញ្ហាជាតិដោយភាពស្មោះត្រង់ជាមួយគ្នាគោរព និងឲ្យតម្លៃទៅវិញទៅមក។ នេះគឺជាបុរេលក្ខខណ្ឌដ៏សំខាន់មួយទៀតដែលផ្តល់នូវភាពជឿជាក់លើការបន្តបោះជំហានទៅមុខរបស់កម្ពុជា។
លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា៖ «ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិព្រមទាំងអង្គការអន្តរជាតិ និងសង្គមស៊ីវិលទាំងអស់នៅកម្ពុជាសូមបន្តពួតដៃគ្នាអនុវត្ត និងគាំទ្រស្មារតីទិវាសន្តិភាពអន្តរជាតិនេះ និងបន្តអនុវត្តវប្បធម៌សន្ទនាឲ្យបានខ្ជាប់ខ្ជួន និងបន្តខិតខំថែបំប៉នពង្រឹង និងផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវការយល់ដឹងអំពីគ្រឹះមូលដ្ឋានទ្រទ្រង់សន្តិភាពដែលមានជាអាទិ៍ការលើកកម្ពស់វប្បធម៌អហិង្សាការអត់ធ្មត់ការយោគយល់ ការអធ្យាស្រ័យ ការសន្តោសប្រណី និងការស្រឡាញ់រាប់អានគ្នាជាភាតរៈនៅក្នុងសង្គមជាតិរបស់យើង»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានថ្លែងថាចំពោះវប្បធម៌សន្ទនានេះគណបក្សទាំងពីរបានធ្វើយូរហើយប៉ុន្តែនៅពេលអនុវត្តន៍វាមានបញ្ហាខ្លះៗគួរណាស់តែមានការយោគយល់ និងបើកសិទ្ធិឲ្យទូលាយដល់អ្នកនយោបាយក្នុងការបញ្ចេញមតិ។
លោកបានថ្លែងបន្តទៀតថា៖ «ចំពោះវប្បធម៌សន្ទនានេះគឺយើងចង់ឲ្យដក់ជាប់នូវផ្នត់គំនិតប្រជាពលរដ្ឋខ្មែរគ្រប់រូបសម្រាប់ថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃអនាគត»។
ចំណែកឯលោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូបានថ្លែងថាក្នុងនាមអង្គការសង្គមស៊ីវិលលោកគាំទ្រចំពោះវប្បធម៌សន្ទនានេះប៉ុន្តែអ្នកនយោបាយគួរតែដើរតួគំរូកុំអីអាងគំរាមអាងផ្តាច់វប្បធម៌សន្ទនាពីព្រោះវប្បធម៌សន្ទនានេះធ្វើឲ្យយើងអាចដោះស្រាយបញ្ហាដោយសន្តិវិធី។
លោកថា៖ «ក្នុងនាមយើងខ្មែរដូចគ្នាត្រូវប្រកាន់ខ្ជាប់នូវវប្បធម៌សន្ទនានេះប៉ុន្តែធ្វើទៅបានលុះត្រាតែមានភាពស្មោះត្រង់ទើបមានតម្លាភាព»។
គួរបញ្ជាក់ផងដែរថា កាលពីខែឧសភាឆ្នាំ ២០១៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិបានឯកភាពគ្នាលើការមិនឲ្យប្រើប្រាស់ពាក្យពេចន៍មួយចំនួនដូចជាពាក្យចាប់ដាក់គុក និងសង្គ្រាមកើតឡើងជាដើមដើម្បីជាប្រយោជន៍នៃវប្បធម៌សន្ទនា។
គណបក្សទាំងពីរបានឯកភាពចៀសវាងឲ្យខាងតែបាននូវការញុះញង់ ការលាបពណ៌ ការប្រើពាក្យអសុរោះ និងការជេរប្រមាថគ្នាដូចជាករណីប្រើពាក្យអាក្បាលយួនខ្លួនខ្មែរ ពួកកុម្មុយនីស្តផ្តាច់ការ អាយ៉ងយួន អាក្បត់ជាតិ អាលក់ជាតិ អាមេចោរ និងអាកូនចោរ ហើយគណបក្សទាំងពីរក៏បានឯកភាពលុបបំបាត់ចោលនូវផ្នត់គំនិតនៃការគុំកួន សងសឹកគ្នាដោយត្រូវបញ្ចប់នយោបាយ «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» និងលុបបំបាត់ចោលនូវនយោបាយប្រកាន់ពូជសាសន៍ និងនយោបាយជ្រុលនិយម៕