ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ឱ្យ​អាជ្ញាធរ​សម្រួល​ដល់​លោក​ កឹម សុខា និង​គណបក្ស​នយោបាយ​នានា​ក្នុង​ការចុះ​ចែក​អំណោយ​ដល់​ជនរងគ្រោះ​ពី​ទឹកជំនន់​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ខណៈ​តាម​ខេត្ត​ជាច្រើន​នៅ​កម្ពុជា​កំពុង​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​បង្ក​ពី​ទឹកភ្លៀង​។

តាមរយៈ​សារ​ជា​សំឡេង​ផ្ញើ​ទៅកាន់​អាជ្ញាធរ​ថ្នាក់​ខេត្ត​ទាំងអស់​លោក​បាន​ប្រាប់​ឱ្យសម្រួល​ដល់​អ្នក​នយោបាយ គណបក្សនយោបាយ និង​សប្បុរសជន​ទាំងអស់​ដែល​ចុះ​ចែក​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ​។ លោក​មានប្រសាសន៍​ថា តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន​អាជ្ញាធរ​មួយចំនួន​បាន​សម្រួល​ដល់​ដំណើរការ​ចែក​អំណោយ​របស់​លោក​ កឹម សុខា​។ ​ប៉ុន្តែ​អាជ្ញាធរ​មួយចំនួន​អាចមាន​ការទើសទាល់​។ លោក​បញ្ជាក់ថា កិច្ចការ​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​នេះ​ជា​កិច្ចការ​មនុស្សធម៌​ដែល​មិន​ប្រកាន់​បក្ខពួក​នយោបាយ​ទេ ប៉ុន្តែ​ដើម្បី​ការរស់រាន​មាន​ជីវិត​ និង​ការគាំពារ​ដល់​ពលរដ្ឋ​ទាំងអស់​។

លោក​បាន​បញ្ជាក់​ដូច្នេះ​ថា​៖ «​នៅពេល​គាត់ ក្រុម​គាត់​ចុះ​ទៅ​ចែក​អំណោយ​នៅ​មូលដ្ឋាន សុំ​បង្កលក្ខណៈ​ឱ្យ​គាត់​បាន​ធ្វើការ​ជាមួយ​និង​ចូលរួម​ជាមួយ​ប្រជាជន​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​យើង​ដើម្បី​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​មិនថា​តែ​ឯកឧត្តម កឹម សុខា ទេ គ្រប់​គណបក្ស​នយោបាយ បើទោះបី​ជា​គណបក្ស​នយោបាយ​យ៉ាងណា​ក៏ដោយ​នៅពេល​ដែល​យក​អំណោយ​ទៅជូន​ប្រជាពលរដ្ឋ​សូម​សម្រួល​ដើម្បីឱ្យ​ពួកគាត់​បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ហើយ​ផ្ដល់ជំនួយ​ឱ្យ​ប្រជាពលរដ្ឋ​។ នេះ​ជា​កិច្ចការ​ដែល​យើង​ធ្វើ​រួម​គ្នា គ្រប់​បណ្ដា​បក្សនយោបាយ គ្រប់​អ្នក​នយោបាយ គ្រប់​សប្បុរសជន​ដែល​ចង់​ចូលរួម​»​។

កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​លោក ហ៊ុន សែន បាន​ចុះ​សួរសុខទុក្ខ​ជនរងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ភ្នំពេញ​។ ក្នុង​ឱកាស​នោះ​លោក​បាន​ថ្លែងថា ទាំង​ព្រះសង្ឃ ពលរដ្ឋ អាជ្ញាធរ និង​កងកម្លាំង​ប្រដាប់អាវុធ​បាន​ធ្វើ​សកម្មភាព​ព្រមៗ​គ្នា​ស្រុះគ្នា ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​។

លោក​ថ្លែងថា​៖ «​នោះ​ហើយ​ជា​ចំណុច​ពិសេស​ចំណុចខ្លាំង​នៃ​រដ្ឋាភិបាល​ហ៊ុនសែន​។ អ្នកឯង​ចង់​និយាយ​ពី​ប្រទេស​អាមេរិក​ពី​ប្រទេស​បារាំង ប្រទេស​កាណាដា ជា​រឿង​របស់​អ្នកឯង​។ ក៏ប៉ុន្តែ​នៅ​ទី​នេះ យើង​បាន​ជួប ហើយ​យើង​បាន​ធ្វើការ​រួមគ្នា ដោយ​មិន​ថា​អ្នកណា​នៅ​និន្នាការ​បក្ស​ណា យើង​អត់​គិត​ទេ យើង​គិត​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាជន​របស់​យើង​បាន​រស់រាន​មាន​ជីវិត​»​។

លោក​បញ្ជាក់ថា អាទិភាព​នៅពេល​នេះ​គឺ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាជន​បាន​រស់សិន គឺ​សិទ្ធិ​រស់រាន​មានជីវិត មុន​នឹង​និយាយ​ដល់​សិទ្ធិមនុស្ស​ផ្សេងទៀត​ ឬ​និយាយ​ពី​ប្រជាធិបតេយ្យ​។ ​ការជួយ​សង្គ្រោះ​នាពេល​នេះ​មិន​ប្រកាន់​អ្នកណា​បោះឆ្នោត​ឱ្យ​អ្នកណា​ទេ គឺ​ធ្វើ​ដោយ​គ្មាន​ការ​រើសអើង​នយោបាយ​អ្វី​ទាំងអស់​។

ចាប់ពី​ចុងខែ​កញ្ញា លោក​ កឹម សុខា ​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​មួយចំនួន​ដូចជា ខេត្តពោធិ៍សាត់​ព្រះសីហនុ បាត់ដំបង និង​ភ្នំពេញ ដើម្បី​ចែក​អំណោយ​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​។ នៅក្នុង​សប្ដាហ៍​នេះ​លោក​នឹង​ចុះទៅ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្តកំពង់ស្ពឺ​បន្តទៀត​។ ​នេះ​បើតាម​លោក មាជ សុវណ្ណារ៉ា អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ចុះទៅ​ជាមួយ​លោក កឹម សុខា ក៏ដូចជា​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ កឹម សុខា​។

កាលពី​ថ្ងៃទី​ ១៦ តុលា លោក កឹមសុខា បាន​ថ្លែង​អំណរគុណ​ដល់​សប្បុរសជន​ខ្មែរ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ដែល​បាន​ចូលរួម​ជា​សម្ភារ​ និង​ថវិកា​តាមរយៈ​លោក​ដើម្បី​ចែកជូន​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​ដោយ​លោក​បានប្រគល់​ថវិកា​សប្បុរស​នេះ​ ៥ ​ពាន់​ដុល្លារ​ដល់​រាជរដ្ឋាភិបាល​។ ​ជា​ការឆ្លើយតប​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​សរសេរ​លិខិត​ថ្លែងអំណរគុណ​ចំពោះ​ការចូលរួម​នេះ​។

លោក មាជ សុវណ្ណារ៉ា ថ្លែង​ថា លោក​មិនដឹង​ពី​ចំនួន​ទឹកប្រាក់​ពិតប្រាកដ​ដែល​ទទួល​បាន​ពី​សប្បុរសជន​តាមរយៈ​លោក​ កឹម សុខា ទេ ប៉ុន្តែ​លោក​ប៉ាន់ប្រមាណ​ថា មាន​រាប់ម៉ឺន​ដុល្លារ​ដែរ​។ ថវិកា​ទាំងនេះ​លោក​ កឹម សុខា បាន​ទិញ​តង់ ត្រីខ មី អង្ករ ចែកជូន​ដល់​គ្រួសារ​រងគ្រោះ​រាប់ពាន់​គ្រួសារ​។

អ្នកវិភាគ​នយោបាយ​លោក ឯក សុវណ្ណារ៉ា បាន​ថ្លែងថា ការចុះ​ចែក​អំណោយ​របស់​អ្នក​នយោបាយ​ពេលនេះ​គឺជា​សកម្មភាព​មនុស្សធម៌​ដែល​មិនគួរ​មាន​ការរារាំង​ទេ ព្រោះ​វា​ជួយ​សម្រាល​បន្ទុក​របស់​រដ្ឋាភិបាល​ក្នុង​ការរែក​អំរែក​នេះ​តែម្នាក់ឯង​។

លោក​ថា​៖ «​ប្រសិន​បើ​ឈរ​នៅលើ​គោលការណ៍​អត្ថប្រយោជន៍​រួម​ជួយ​រំលែក​បន្ទុក​គ្នា​ទៅវិញ​ទៅមក វា​ជា​មធ្យោបាយ​មួយ​ឈរលើ​ស្មារតី​ជាតិ ស្រឡាញ់​ប្រជាពលរដ្ឋ ដែល​ជា​កិច្ចការ​មនុស្សធម៌​។ បើ​មើល​លើ​ទិដ្ឋភាព​នយោបាយ វា​អាច​មាន​ការធូរស្បើយ​ដែរ បើ​អ្នកនយោបាយ​ចេះ​អធ្យាស្រ័យ​គ្នា​ចេះ​យោគយល់​គ្នា ហើយ​ការពារ​អត្ថប្រយោជន៍​រួម​ទាំងអស់​គ្នា​»៕

វីដេអូ៖