ភ្នំពេញៈ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ឲ្យ​ក្រសួង ស្ថាប័ន​នីមួយៗ​បង្កើត​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ដើម្បី​សម្របសម្រួល និង​ប្រាស្រ័យ​ទាក់ទង​ជាប្រចាំ​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ខណៈ​ស្ថាប័ន​នេះ​ស្នើ​ទាហាន​ ១ ០០០ ​នាក់​ ដើម្បី​ហ្វឹកហ្វឺន​ពី​វិធី​ជួយ​សង្គ្រោះ​នៅពេល​មាន​គ្រោះ​មហន្តរាយ​ជាយថាហេតុ​។

សារាចរ​ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១៤ ខែ​មករា ឆ្នាំនេះ​បាន​ឲ្យ​ដឹងថា​កន្លងមក​រាជរដ្ឋាភិបាល​បាន​សង្កេតឃើញថា ក្រសួង ស្ថាប័ន​មួយចំនួន​បាន​បង្កើត​យន្តការ​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់ខ្លួន​រួចហើយ​។ ​ប៉ុន្តែ​នៅមាន​មួយចំនួន​ទៀត​មិនទាន់​បាន​បង្កើត​យន្តការ​នេះ​ទេ​។

ដូច្នេះ​ដើម្បី​សម្របសម្រួល​ដល់​ការដឹកនាំ​គ្រប់គ្រង​គ្រោះមហន្តរាយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ក្នុង​សារាចរ​នោះ​ថា​៖ «​គ្រប់​ក្រសួង​ស្ថាប័ន​ត្រូវ​បង្កើត​ឱ្យ​មាន​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ដែលជា​យន្តការ​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅក្នុង​ក្រសួង​ស្ថាប័ន​របស់ខ្លួន​»​។

សារាចរ​ដដែល​ក៏បាន​បញ្ជាក់​ដែរថា​​លេខាធិការដ្ឋាន​នេះ​មាន​តួនាទី​ជា​សេនាធិការ​ផ្ទាល់​ដល់​រដ្ឋមន្ត្រី និង​ប្រធាន​ស្ថាប័ន​ដែល​ជា​អនុប្រធាន​ ឬ​ជា​សមាជិក​របស់​គណៈកម្មាធិការ​ជាតិ​​គ្រប់គ្រង​គ្រោះមហន្តរាយ​លើ​ការងារ​ដឹកនាំ​គ្រប់គ្រង​គ្រោះមហន្តរាយ​ក្នុង​វិស័យ​ជំនាញ​របស់ខ្លួន ដោយ​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។

ទាក់ទង​នឹង​បញ្ហា​គ្រោះមហន្តរាយ​នេះ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ជួប​ជាមួយ​អ្នកសារព័ត៌មាន​ថា គ្មាន​ប្រទេស​ណា​ចង់​ឲ្យ​កើត​មាន​គ្រោះមហន្តរាយ​ដូចជា​ករណី​បាក់​រលំ​អគារ​នោះទេ ខណៈ​ប្រទេស​ក្នុង​ពិភពលោក​ក៏បាន​ជួបប្រទះ​នូវ​គ្រោះ​បាក់​រលំ​អគារ​ជា​ញឹកញាប់​ដែរនោះ​។

លោក​បាន​លើក​ជា​ឧទាហរណ៍​ដែល​កម្ពុជា​បាន​ជួបប្រទះ​ករណី​បែប​នេះ​​ដោយ​លោក​ចាត់ទុក​ថា​ជា​បទពិសោធ​របស់​កម្ពុជា​។

លោក ហ៊ុន សែន បាន​ថ្លែង​ថា​៖ «​ទាក់ទង​ជាមួយនឹង​ការរលំ​អគារ​នៅតាម​បណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក​ក្នុង​ឆ្នាំ​ ២០១៩ ព្រោះ​អ្វី​គ្រាន់តែ​បាក់​អគារ​ព្រឹប​គឺ​កម្ពុជា​ត្រូវ​ទទួល​ការទម្លាក់​កំហុស​។ ដោយ​មិនទាន់​បាន​ពិចារណា ដក​ដាក់ៗ ប៉ុន្តែ​យើង​ទាំងអស់​គ្នា​បានគិត​ទេ យើង​មិន​ចង់​ឲ្យ​កើត​ព្រឹត្តិការណ៍​ហ្នឹង​ទេ​...​បើ​និយាយ​រឿង​សង្គ្រោះ គឺ​មិនមែន​យើង​រក​អ្នក​ណា​ខុស អ្នកណា​ត្រូវ​ទេ គឺជា​រឿង​ដែល​យើង​ត្រូវ​សង្គ្រោះ​ជីវិត​មនុស្ស ជា​អាទិភាព​ទី​ ១ ​តែម្តង​»​។

ជុំវិញ​ករណី​រលំ​អគារ​កន្លងមក​លោក គន់ គីម ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​ ១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បានចាត់ទុក​ឧបទ្ទវហេតុ​​ទាំងនេះ ជា​បទពិសោធ​ថ្មី​របស់​កម្ពុជា​ដែល​ត្រូវ​ពង្រឹង​យន្តការ​ជួយសង្គ្រោះ​។

លោក គន់ គីម បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ដោយសារ​កន្លងមក​បញ្ញត្តិ​ច្បាប់​ដែលមាន​ស្រាប់ មិន​ទាន់​ត្រូវបាន​អនុវត្ត​ឲ្យ​បាន​ពេញលេញ ដូច្នេះ​ការចេញ​សារាចរ​នេះ​​គឺជា​វិធាន​ថ្មី​មួយ​ក្នុង​ការណែនាំ​ឲ្យ​ស្ថាប័ន​ទាំងអស់​អាច​អនុវត្តបាន​ត្រឹមត្រូវ និង​ទាន់សភាពការណ៍​ក្នុង​ការបង្ការ និង​ជួយសង្គ្រោះ​។

លោក​បញ្ជាក់ថា​៖ «​អាច​និយាយ​បាន​ថា ដោយសារ​តែ​កន្លងទៅ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​យើង​មាន​ភាពលំបាក​នៅពេល​មាន​បាតុភាព​គ្រោះមហន្តរាយ​ផ្សេងៗ​​ដែល​កើតមានឡើង​ព្រោះ​យើង​មាន​​តែ​ច្បាប់ តែ​មិន​មានការ​អនុវត្តបាន​។

នៅពេល​មាន​សារាចរ​បន្ថែម​នេះ​គឺ​នឹង​ធ្វើឲ្យ​ក្រសួង​ស្ថាប័ន​ទាំងនោះ​ខិតខំ​​ទំនាក់ទំនង​សហការ​បន្ថែមទៀត​»​។

បើតាម​លោក គន់ គីម នៅពេល​ខាងមុខ​នេះ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​នឹង​ប្រជុំ​មួយ​ជាមួយ​អគ្គបញ្ជាការ​កងទ័ព​ ដើម្បី​ស្នើសុំ​កងទ័ព​ប្រមាណ​ ១ ០០០ ​នាក់ ដើម្បី​រៀបចំ​ជា​ក្រុម​សង្គ្រោះបន្ទាន់ និង​បំពាក់​សម្ភារ​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ហ្វឹកហ្វឺន​ និង​រៀនសូត្រ​ពី​ជំនាញ​ជួយសង្គ្រោះ​នៅពេល​មាន​គ្រោះមហន្តរាយ​។

លោក​បញ្ជាក់ថា​៖ «​អ្វីដែល​កើតឡើង​​គឺមាន​កម្លាំង​នេះ ចេញ​អន្តរាគមន៍​។ កម្លាំង​នេះ​រួមចំណែក​ជាមួយ​កម្លាំង ៧១១ ដែល​មាន​ស្រាប់ ប៉ុន្តែ​ក្រុម ៧១១ ​នេះ​នៅ​មិនទាន់​គ្រប់គ្រង​ដើម្បី​ជួយ​សង្គ្រោះ​ក្នុង​ហេតុការណ៍​នានា​ដែល​អាច​កើតមាន​ឡើង​ក្នុងពេល​អនាគត​នោះទេ​»៕