ភ្នំពេញ: លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​មីន​​ពិគ្រោះ​យោបល់​ ដើម្បី​ឲ្យ​កងយោធពល​ខេមរភូមិន្ទ​ចំនួន​ ២ ​ពាន់​នាក់ ​អាច​ចូលរួម​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​មីន​មនុស្សធម៌​ចាប់ពី​ឆ្នាំ​ ២០២០ ​ដល់​​ឆ្នាំ​ ២០២៥ ខណៈ​ដែល​ថវិកា​ត្រូវ​ប្រើ​​មាន​ប្រមាណ​ ៣៧៧ ​លាន​ដុល្លារ​ សម្រាប់​​ធ្វើ​សកម្មភាព​លើ​ផ្ទៃដី​ប្រមាណ ៨០៦ ​គីឡូម៉ែត្រ​ក្រឡា​។

តាម​សារលិខិត​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចុះ​ថ្ងៃទី​ ១២ ខែ​កុម្ភៈ ស្ដីពី​ការប្រារព្ធ​ខួប​លើក​ទី​ ២១ ​នៃ​ទិវា​ជាតិ​យល់ដឹង​អំពី​មីន ដែល​នឹង​មក​​ដល់​នៅ​ថ្ងៃ​ ២៤ ​កុម្ភៈ ឆ្នាំ​ ២០២០ ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ពី​ម្សិលមិញ​ឲ្យ​ដឹងថា គ្រាប់មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម មិន​ត្រឹមតែ​បង្ក​ឲ្យ​ពលរដ្ឋ​ធ្លាក់ខ្លួន​ពិការ ស្លាប់បាត់​បង់ជីវិត​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​ឧបសគ្គ​សម្រាប់​ការស្ដារ និង​អភិវឌ្ឍន៍​ជីវភាព​គ្រួសារ សេដ្ឋកិច្ចជាតិ​ទៀតផង​។

សារលិខិត​បន្តថា ដើម្បី​បង្កើន​កិច្ចប្រតិបត្តិការ​បោសសម្អាត​មីន​ឲ្យ​សម្រេច​បាន​តាម​ផែនការ​យុទ្ធសាស្ត្រ «​កម្ពុជា​គ្មាន​មីន​ឆ្នាំ​ ២០២៥» រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ចូលរួម​ជា​ថវិកា​បដិភាគ​ ១០ ​ភាគរយ​ទៅ​គ្រប់​គម្រោង​ថ្មីៗ​សម្រាប់​ការបោសសម្អាត​មីន​ដើម្បី​មនុស្សធម៌​ជា​លក្ខណៈ​ទ្វេភាគី ឬ​ពហុភាគី និង​បាន​ដាក់ចេញ​ផែនការ​ជាក់លាក់​ក្នុង​ការបញ្ចប់​ការស្រាវជ្រាវ​ទិន្នន័យ​ជា​មូលដ្ឋានចំនួន ៧៣ ​ស្រុក​ក្នុង​ខេត្ត​មួយ​ចំនួន​នៅ​ភាគ​ខាងកើត​ប្រទេស​ក្នុង​ឆ្នាំ​ ២០២០ នេះ​។

សារលិខិត​បញ្ជាក់​ថា​៖ «​ក្នុងនាម​ខ្ញុំ​រាជរដ្ឋាភិបាល ខ្ញុំ​បាន​ផ្តល់​ការអនុញ្ញាត​ឲ្យ​អាជ្ញាធរ​មីន​បន្ត​ប្រជុំ​ពិគ្រោះ​យោបល់ ពិចារណា និង​សិក្សា​ជាមួយ​កងយោធពលខេមរភូមិន្ទ​ពី​លទ្ធភាព​នៃ​ការចូលរួម​របស់​កង​យោធពល​ខេមរភូមិន្ទ​ចំនួន​ ២ ​ពាន់​នាក់​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​មីន​មនុស្សធម៌​។ ចាប់ពី​ឆ្នាំ​ ២០២០ ដល់​ឆ្នាំ​ ២០២៥ កម្ពុជា​នៅ​ត្រូវការ​ថវិកា​ប្រមាណ ៣៧៧ លាន​ដុល្លារ​បន្ថែមទៀត ដើម្បី​ធ្វើការ​បោសសម្អាត​ផ្ទៃដី​ដែល​មាន​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ប្រមាណ ៨០៦ ​គីឡូម៉ែត្រ​ក្រឡា​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែល​បាន​ជួបប្រទះ​មីន គ្រាប់បែក​ចង្កោម ឬ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម សូមកុំ​ប៉ះពាល់​គ្រាប់​ទាំងនោះ​ជា​ដាច់ខាត ហើយ​ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន ឬ​ប្រតិបត្តិករ​បោសសម្អាត​ដែល​នៅ​ជិត​បំផុត​។ ហាម​ទិញ លក់ រក្សា កែច្នៃ​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ ដែល​ជា​អំពើ​ល្មើសច្បាប់ ហើយ​ត្រូវ​សាកសួរ​អាជ្ញាធរ ឬ​អ្នក​ដែល​ដឹង​ច្បាស់​អំពី​ព័ត៌មាន​ក្នុង​តំបន់​ដែល​បងប្អូន​មានបំណង​ប្រើប្រាស់​ដី​ទាំងនោះ ធ្វើ​ដំណើរ​ឆ្លងកាត់ ឬ​រុករក​អនុផល​ព្រៃឈើ​។

មន្ត្រី​ CMAC ពេល​កំពុង​ជីក​យក​គ្រាប់​មិនទាន់​ផ្ទុះ​ពី​ក្នុង​ដី​កន្លង​មក​។ រូបថត CMAC

លោក លី ធុជ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អគ្គលេខាធិការ​អាជ្ញាធរ​មីន​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​គាំទ្រ​ចំពោះ​ការលើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ជាមួយ​នេះ​លោក​បាន​ជំរុញ​ឲ្យ​មាន​ការចូលរួម​បន្ថែម​ពី​ប្រទេស​ជា​មិត្ត ដៃគូ​អភិវឌ្ឍន៍ និង​ប្រតិបត្តិករ​ជាតិ និង​អន្តរជាតិ​ក្នុង​ការពន្លឿន​ការរំដោះ​ផ្ទៃដី​ជូន​ពលរដ្ឋ​ ដើម្បី​ប្រើប្រាស់​បង្កបង្កើនផល កសាង​ភូមិ និង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​។

ទោះជា​យ៉ាងណា​លោក លី ធុជ បាន​លើកឡើង​ថា មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​នៅ​តែ​គំរាមកំហែង​ដល់​ពលរដ្ឋ​ និង​ជា​ឧបសគ្គ​ដល់​ការអភិវឌ្ឍ​ជាតិ​។ ជាក់ស្ដែង​ឆ្នាំ​ ២០១៩ ​កន្លង​ទៅ​អត្រា​ជនរងគ្រោះ​មាន​ការកើនឡើង​ចំនួន​ ៣៣ ​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១៨​។

លោក​បញ្ជាក់ថា​៖ «​ថ្វីបើ​ការបោសសម្អាត​មីន​បាននិង​កំពុង​ទទួល​លទ្ធផល​ល្អ​យ៉ាងណាក្ដី ក៏​យើង​នៅតែ​បន្ត​អប់រំ ផ្សព្វផ្សាយ​ទូលាយ​តាមរយៈ​វិទ្យុ ទូរទស្សន៍ បណ្ដាញ​សង្គម ផ្ទាំង​ប៉ាណូ ខិត្តប័ណ្ណ និង​រហូត​ដល់​ការបញ្ចូល​អប់រំ​អំពី​មីន​នៅក្នុង​កម្មវិធីសិក្សា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ព្រមទាំង​ការអនុវត្ត​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​គ្រាប់រំសេវ និង​វិធានការ​រដ្ឋបាល​នានា​ថែមទៀត​»​។

លោក ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ពី​ម្សិលមិញ​មិន​អាចទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​សារលិខិត​នេះ​បាន​ទេ​ដោយ​ទូរស័ព្ទ​លោក​គ្មាន​អ្នកទទួល​។

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា អនុសាសន៍​នេះ​ជា​ការល្អ ដើម្បី​ជំរុញ​ការរុក​រក និង​រំដោះ​ផ្ទៃដី​ឲ្យ​បាន​ទៅ​តាម​ផែនការ​ ឬ​អាច​សម្រេចបាន​មុន​ផែនការ​ដែល​បាន​កំណត់​។

លោក​បន្តថា មន្ត្រី​ទាហាន​ប្រមាណ​ជាង​ ៣០០ ​នាក់ ​ត្រូវ​បាន​គ្រូ​បង្គោល​របស់​ CMAC បណ្ដុះបណ្ដាល​ឲ្យ​មាន​ជំនាញ និង​យល់ដឹង​ពី​វិធានការ​រំដោះមីន ការរុករក ការពារ​សុវត្ថិភាព និង​ការ​បំផ្លាញចោល​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ក្រុម​ទាហាន​ទាំង​ជាង​ ៣០០ ​នាក់​នេះ គាត់​បាន​យល់ដឹង​ច្រើន​​គឺ​អាច​និយាយ​បាន​ថា គាត់​មាន​សមត្ថភាព​ក្នុង​ការចូលរួម​រំដោះ​មីន​ជាមួយ​យើង ប៉ុន្ដែ​យើង​នៅ​កង្វះ​សម្ភារ​បំពាក់​លើ​ខ្លួន​គាត់​ក្នុង​អំឡុងពេល​ចុះ​ប្រតិបត្តិការ​។ CMAC ​នឹង​បន្ត​បណ្ដុះបណ្ដាល​កងកម្លាំង​ទាហាន​យើង​បន្ថែមទៀត​ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ចាំបាច់​»​។

គួររំឭកថា សកម្មភាព​បោសសម្អាត​មីន គ្រាប់បែក​ចង្កោម​ និង​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​នៅ​កម្ពុជា​មាន​រយៈពេល ២៨ ​ឆ្នាំ​ហើយ​ (១៩៩២-២០១៩) ​បើ​គិត​ត្រឹម​ខែធ្នូ​ឆ្នាំ​ ២០១៩​។ ក្នុង​រយៈពេល​នេះ​បាន​រំដោះ​ផ្ទៃដី​មាន​មីន​ប្រមាណ ១ ៩៧៩ ៤៧៦ ៦២៣ ម៉ែត្រ​ក្រឡា រកឃើញ​ និង​កម្ទេចចោល​គ្រាប់មីន​ប្រឆាំង​មនុស្ស​ចំនួន ១ ០៨០ ៨១៤ គ្រាប់មីន​ប្រឆាំង​រថក្រោះ​ចំនួន​២៥ ១៨៦ គ្រាប់ គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ២ ៨៣២ ៦២៦ ​គ្រាប់​។ ក្នុងនោះ​បាន​ធ្វើឲ្យ​ចំនួន​ជនរងគ្រោះ​ថយចុះ​ពី​ចំនួន ៤ ៣២០ ​នាក់​ ក្នុង​ឆ្នាំ​ ១៩៩៦ មក​ត្រឹម​ចំនួន​ ៧៧ ​នាក់​ ក្នុង​ឆ្នាំ ២០១៩ កន្លង​ទៅ​៕