ភ្នំពេញៈនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានអំពាវនាវដល់អ្នកនយោបាយ និងប្រជាពលរដ្ឋកុំឲ្យភ្ជាប់អំពើឃាតកម្មលើលោក កែម ឡី ទៅបញ្ហានយោបាយដែលអាចនឹងនាំមកនូវភាពចលាចលនៅក្នុងសង្គម ខណៈពេលដែលសំណុំរឿងនេះកំពុងស្ថិតក្នុងដៃតុលាការ។ ការអំពាវនាវនេះបានថ្លែងទៅកាន់មន្ត្រីកងរាជអាវុធហត្ថនៅក្នុងពិធីសម្ពោធអគាររបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសពីថ្ងៃចន្ទមួយថ្ងៃក្រោយខ្មាន់កាំភ្លើងបាញ់សម្លាប់លោក កែម ឡី នៅកណ្ដាលទីក្រុងភ្នំពេញ។ លោក ហ៊ុន សែន បន្តថា៖ «នេះដែលម្ខាងហៅថាអសមត្ថភាពនៃការការពារសន្តិសុខសម្រាប់ប្រជាពលរដ្ឋតែម្ខាងទៀតត្រូវបានគេលាបពណ៌ភ្លាមៗដែលមានចរិតបញ្ហាខាងនយោបាយដូច្នេះសង្ឃឹមថាប្រជាពលរដ្ឋរបស់យើងនឹងទុកលទ្ធភាពឲ្យក្រសួងមានសមត្ថកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើកិច្ចការរបស់គេដោយត្រឹមត្រូវហ្មត់ចត់ហើយចៀសវាងបង្វែរបញ្ហាពីសោកនាដកម្មមួយនេះទៅជាបញ្ហាខាងនយោបាយដែលនាំឲ្យល្អក់កករទៅដល់សភាពការណ៍របស់យើងសង្ឃឹមថារឿងទាំងនេះអ្នកនយោបាយផ្សេងទៀតនឹងមិនប្រើប្រាស់បញ្ហាទាំងនេះធ្វើជាបញ្ហានយោបាយអុជអាលដែលនាំឲ្យជាតិចលាចលនោះទេ»។ លោកថ្លែងទៀតថា៖ «ខ្ញុំសុំយកឱកាសនេះអំពាវនាវចំពោះប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងៀម និងទុកលទ្ធភាពឲ្យស្ថាប័នមានសមត្ថកិច្ចធ្វើការរបស់គេដោយពេញលេញ។ ខ្ញុំគិតថាតើនរណានឹងទទួលផលចំណេញពីសោកនាដកម្មដែលបានកើតឡើងនេះហើយអ្នកណានឹងទទួលផលខាត រាជរដ្ឋាភិបាលពិតជាទទួលនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះមុខមាត់»។ លោកចាត់ទុកអំពើឃាតកម្មនេះគឺជារឿងអកុសលដែលបានកើតឡើងពាក់ព័ន្ធជាមួយនឹងការបាញ់ប្រហារយ៉ាងព្រៃផ្សៃមួយពីឃាតករចំពោះលោកបណ្ឌិត កែម ឡី ហើយនេះគឺជាលើកទីពីរហើយដែលក្រោយពីឃាតកម្មលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ។ បញ្ហានេះរដ្ឋាភិបាលបានថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះអំពើព្រៃផ្សៃនេះហើយអាជ្ញាធរមានសមត្ថកិច្ចស្វែងរកជនដៃដល់ និងជនឃុបឃិតទាំងឡាយដើម្បីផ្ដន្ទាទោសតាមច្បាប់។ លោកបន្តថា៖ «អ្វីទៅដែលគេហៅថាជាការខាតបង់នេះជាការប៉ះពាល់ធ្ងន់ធ្ងរចំពោះមុខមាត់របស់រាជរដ្ឋាភិបាលតែម្ដងតើអ្នកណានឹងទទួលផលចំណេញអំពីរឿងបែបនេះកើតឡើងនៅក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងតែនិយាយអំពីសន្តិភាព និង សុវត្ថិភាពរបស់ប្រជាពលរដ្ឋចំណុចនេះខ្ញុំគិតថាវាហាក់ដូចជាការផ្ចាញ់ផ្ចាលមួយសម្រាប់យើងនេះជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះមុខមាត់របស់រាជរដ្ឋាភិបាលដែលទាមទារឲ្យយើងត្រូវដោះស្រាយបញ្ហាទាំងនេះ»។ លោក ហ៊ុន សែន បានទទួលស្គាល់ផងដែរនៅរយៈពេលចុងក្រោយនេះថាបានកើតឡើងនូវអំពើមួយចំនួនវាបានជះឥទ្ធិពលទៅលើសន្តិសុខសណ្ដាប់ធ្នាប់សង្គមដោយឃាតកម្ម ការប្លន់ប្រដាប់អាវុធបានកើតឡើងបន្តបន្ទាប់ដែលជាបញ្ហាដែលទាមទារឲ្យមានការដោះស្រាយដើម្បីនឹងធ្វើប្រតិបតិ្តការពង្រឹងសន្តិសុខឡើងវិញសម្រាប់ក្របខ័ណ្ឌផ្ទៃប្រទេស។ លោកថ្លែងថា៖ «ប្រទេសរបស់យើងងាយណាស់ពីការប្រែពណ៌ពីឧក្រិដ្ឋកម្មទៅជារឿងនយោបាយយើងសង្ឃឹមថាប្រជាពលរដ្ឋរបស់យើងនឹងមិនប្រែក្លាយបញ្ហាឧក្រិដ្ឋកម្មបែបនេះទៅជារឿងនយោបាយនោះទេ»។ លោក ហ៊ុន សែន បានដាក់បញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធបើកយុទ្ធនាការទ្រង់ទ្រាយធំដើម្បីពង្រឹងសន្តិសុខឡើងវិញដោយចាត់វិធានការប្រឆាំងនឹងឃាតកម្មប្លន់ប្រដាប់អាវុធដើម្បីការពារប្រជាពលរដ្ឋគ្រប់រូប។ ទោះយ៉ាងណាក៏ដោយសង្គមស៊ីវិលប្រមាណ ៧០ អង្គការបានចេញសេចក្តីថ្លែងការណ៍រួមកាលពីម្សិលមិញផងដែរទាមទារឲ្យមានការស៊ើបអង្កេតឲ្យបានឆាប់រហ័ស ឯករាជ្យ និងហ្មត់ចត់ទៅលើការស្លាប់អ្នកវិភាគឯករាជ្យនេះ។
ទស្សនៈសាធារណជន
សាធារណជនជាច្រើនដែលភ្នំពេញប៉ុស្តិ៍បានសម្ភាសដាច់ដោយឡែកពីគ្នាក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញសុទ្ធតែបានសម្តែងនូវភាពតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំងចំពោះការបាញ់សម្លាប់លោក កែម ឡី អ្នកវិភាគឯករាជ្យដោយពួកគេយល់ថាការបាញ់សម្លាប់នេះគឺពាក់ព័ន្ធនឹងរឿងនយោបាយមិនមែនជារឿងជំពាក់ប្រាក់នោះទេ។
លោក តែ មករា អាយុ ៣៩ ឆ្នាំអ្នករត់តុកតុក
ខ្ញុំកំពុងហូបនំបញ្ចុកពេលថ្ងៃត្រង់ ឮមិត្តភក្តិរត់ម៉ូតូឌុបនិយាយថាគេបាញ់សម្លាប់លោក កែម ឡី។ ខ្ញុំទើបតែហូបបាន ២ ម៉ាត់ ស្លុត លេបលែងចូល ពិបាកទប់ចិត្តមែនទែនព្រោះគាត់ជាមនុស្សល្អ។ គាត់និយាយអីចំៗគោលដៅបើនិយាយរឿងកាប់ព្រៃ គាត់ថាគេកាប់ព្រៃ។ ខ្ញុំនឹងទៅកន្លែងតម្កល់សាកសពគាត់។ វាមិនមែនរឿងជំពាក់លុយទេ។ ខ្ញុំជឿថាមានគេជួលមនុស្សឲ្យសម្លាប់គាត់។ ខ្ញុំអត់ជឿអ្នកដែលគេចាប់បានមានលុយ ៣ ពាន់ដុល្លារទេ។ ខ្ញុំគិតថារឿងនេះជារឿងនយោបាយច្រើនជាង៕
|
ព្រះតេជគុណ ចាន់ សម្ផស្ស អាយុ ២៤ ឆ្នាំ
អាត្មាធ្លាប់ស្តាប់គាត់វិភាគដែរ។ គាត់គឺដូចកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមហើយគាត់មានគំនិត និងឆន្ទៈស្នេហាជាតិ ជាតិនិយម។ អាត្មាឮព័ត៌មានហ្នឹងគិតថាយើងបាត់បង់បញ្ញវន្តម្នាក់ទៀតហើយ។ កម្របណ្តុះបណ្តាលបានមនុស្សល្អអ៊ីចឹងណាស់។ ការសម្លាប់គាត់គឺប្រៀបដូចកំណាព្យលោក គង្គ ប៊ុនឈឿន អំពីវប្បធម៌ក្ដិចត្រួយគឺអ្នកណាលេចធ្លោដឹងពីសង្គមច្រើនបន្តិចគេមិនឲ្យបានសុខទេ។ គួរឲ្យសោកស្តាយអ្នកមានគំនិតជាតិនិយម និងស្នេហាជាតិ។ ការសម្លាប់នេះហាក់ដូចជាការគំរាមអ្នកផ្សេងមិនឲ្យហ៊ាននិយាយ។ នៅស្រុកខ្មែរមានអ្នកចេះដឹងច្រើនតែមានឆន្ទៈជាតិនិយមអត់? គាត់មិនហ៊ាននិយាយទេ៕
|
លោក រតនា អាយុ ២៤ ឆ្នាំនិស្សិតច្បាប់
ម៉ោងប្រហែល ១១ ខ្ញុំដឹងព័ត៌មានហើយវាកើតឡើងនៅជិតផ្ទះរបស់ខ្ញុំតែខ្ញុំមិនបានទៅមើលទេព្រោះអ្នកនយោបាយខ្លាចក្រែងមានគេដាក់គ្រាប់បែកអីទៅ។ ខ្ញុំមានការសោកស្តាយ និងភ្ញាក់ផ្អើលពេលដឹងដំណឹងនេះ។ តែខ្ញុំគិតថាយើងកុំទាន់ជ្រួលច្របល់សូមបងប្អូនចាំមើលវិធានការរបស់រដ្ឋាភិបាលសិនថាអ្នកណានៅពីក្រោយខ្នងពិតប្រាកដ។ ជនសង្ស័យដែលគេចាប់បានខ្ញុំអត់ជឿ។ វាប្រៀបដូចជាគេលេងល្ខោនឲ្យយើងមើលអ៊ីចឹងគឺគេធ្វើឲ្យយើងអស់ចិត្តមួយភ្លែតសិន។ ត្រង់ថាម្ចាស់បំណុលមកសម្លាប់កូនបំណុលវាអត់សមហេតុផលបាត់ទៅហើយវាមិនដែលគាត់មានលុយទៅទិញកាំភ្លើងថ្លៃអ៊ីចឹងទេ។ ខ្ញុំគិតថាយើងពលរដ្ឋកុំទាន់បញ្ចេញកំហឹងភ្លាមៗតែមិនមែនមិនអើពើទេតែយើងត្រូវធ្វើតាមសន្តិវិធី។ ខ្ញុំសំណូមពរឲ្យបងប្អូនមានភាពស្ងប់ស្ងាត់។ ខ្ញុំជឿថាមនុស្សភាគច្រើនដឹងថារឿងហ្នឹងវាកើតឡើងដោយសារអីហើយ៕
|
ផាន់ ម៉ុន អាយុ ៤៦ ឆ្នាំអាជីវករលក់សាច់ជ្រូកនៅផ្សារកណ្តាល
សោកស្តាយនោះវាសោកស្តាយមែនទែនគាត់មានចំណេះដឹង។ អនាគតទៅអត់មានអ្នកដឹកនាំប្រទេសដែលចេះដឹងទេ។ ខ្ញុំឮព័ត៌មានតាមអ្នកលក់ តាមហ្វេសប៊ុកតែទៅដល់ផ្ទះខំបើកទូរទស្សន៍មើលតែអត់ឃើញផ្សាយ។ បើចាប់ឃាតករបានហើយម៉េចរកមេខ្លោងមិនឃើញ? អ៊ីចឹងមានតែឃាតករស៊ីឈ្នួល។ ខ្ញុំអត់ជឿសោះថាមុខមាត់លោក កែម ឡី ជំពាក់លុយគេបើគាត់ឲ្យលុយគេជំពាក់យើងជឿ។ ទើបតែឃើញគាត់ប៉ុន្មានថ្ងៃមុនសោះ។ គិតថាអស់ពីគាត់ទៅអត់មានអ្នកណាចេះដឹងទេមានតែអ្នកនាំថ្នាំញៀនចូល នាំម៉ា ហិតកាវ។ អនាគតទៅស្រុកខ្មែរសល់ប៉ុននេះ (កូនដៃ)។ ខ្ញុំក្តុកក្តួលសោកស្តាយណាស់អ្នកចេះដឹងមិនងាយរកបានទេ តស៊ូខំរៀនយូរណាស់អស់លុយច្រើនណាស់ទើបបានជាបណ្ឌិត៕
|
Contact PhnomPenh Post for full article
Post Media Co LtdThe Elements Condominium, Level 7
Hun Sen Boulevard
Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia
Telegram: 092 555 741
Email: webmasterpppost@gmail.com