ភ្នំពេញៈ លោក​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហាញ​ឱ្យដឹងថា អ្នកសារព័ត៌មាន​ និង​ជន​ឱកាសនិយម​មួយ​ចំនួន​តូច​បាន​កំពុងតែ​ប្រើប្រាស់​ស្ថាប័ន​ព័ត៌មាន​ធ្វើ​សកម្មភាព​ទុច្ចរិត ដើរតួនាទី​ជា​ចៅក្រម​កាត់សេចក្តី និង​ការផ្សាយ​ព័ត៌មាន​បំភ្លៃ​ការពិត ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដែល​ជា​ការប្រាសចាក​ពី​វិជ្ជាជីវៈ​សារព័ត៌មាន​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ក្នុង​សារលិខិត​ ១ ​ច្បាប់​ ដែល​លោក​បាន​ផ្ញើ​ទៅដល់​អ្នកសារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ក្នុងឱកាស​ទិវា​នៃ​ពិធី​ជំនួប​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយ​នឹង​អ្នកសារព័ត៌មាន​កម្ពុជា​លើក​ទី​ ៥ ដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​ ១៤ ខែមករា ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​ដោយសារ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ រាជរដ្ឋាភិបាល​កម្ពុជា​មិនអាច​រៀបចំ​ពិធី​ជួបជុំគ្នា​បាន​ឡើយ​។

លោក​ ហ៊ុន សែន បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​ណែនាំ​ដល់​បងប្អូន​អ្នកសារព័ត៌មាន​ទាំងអស់​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​ការអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ និង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន និង​គោរព​តាម​គោលការណ៍ កុំ​បំពាន​សិទ្ធិ​អ្នកដទៃ កុំ​បំភ្លៃ​ការពិត​»​។

លោក​បាន​បញ្ជាក់ទៀត​ថា​៖ «​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​កន្លងទៅនេះ មាន​អ្នកសារព័ត៌មាន និង​ជន​ឱកាសនិយម​មួយចំនួន​តូច​បាននិង​កំពុង​ប្រើប្រាស់​ស្ថាប័ន​ព័ត៌មាន​ធ្វើ​សកម្មភាព ទុច្ចរិត​ជំរិត​ទារប្រាក់​ជា​ថ្នូរ​នឹង​ការមិន​ចុះផ្សាយ ឬ​លុប​ព័ត៌មាន​ក្លែងក្លាយ​បំភ្លៃ​ការពិត បំប៉ោង​សភាពការណ៍ ជេរប្រមាថ ញុះញង់ និង​បំពុល​បរិយាកាស​សង្គម​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដែល​ប្រាសចាក​ពី​វិជ្ជាជីវៈ​សារព័ត៌មាន​ដែល​ធ្វើឱ្យ​ខូច​តម្លៃ កិត្តិយស សេចក្តីថ្លៃថ្នូរ និង​កិត្យានុភាព​របស់​ស្ថាប័ន​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​ដែល​អនុវត្តបាន​ត្រឹមត្រូវ​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​»​។

លោក​ ហ៊ុន សែន បាន​ថ្លែងថា​៖ «​កន្លងមក ខ្ញុំ​បាន​លើកឡើង​ហើយ​ថា ជំងឺ​កូវីដ​ ១៩ ជា​ជំងឺឆ្លង​ដ៏​កាចសាហាវ ប៉ុន្តែ​ការផ្សព្វផ្សាយ​ព័ត៌មាន​បំពុល​សង្គម​គឺ​វា​កាច​សាហាវ ឆ្លង​លឿន​ជាង​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ ទៅទៀត ដែល​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​ចាត់​វិធានការ​ចាំបាច់​ដើម្បី​ការពារ​សេចក្តីសុខសាន្ត​របស់​ប្រជាជន និង​ការថែរក្សា​សុខសន្តិភាព ការអភិវឌ្ឍ​នៅ​កម្ពុជា​»​។

លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (​ស.ស.ស.ក​) ​ក៏បាន​សង្កេតឃើញ​មាន​ដូចគ្នា​ទៅនឹង​ការលើកឡើង​របស់​នាយក​រដ្ឋមន្ត្រី​ដែល​នៅតែមាន​ការប្រើប្រាស់​សារព័ត៌មាន​ទាំង​ផ្លូវការ ទាំង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​គឺ​នៅមាន​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​។

លោក​បាន​ថ្លែងប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​ម្សិលមិញ​ថា ក្នុង​ឆ្នាំ​ ២០២០ អង្គភាព​ខ្លះ​ដែលជា​បុគ្គល​ដែល​លេង​តាម​បណ្តាញ​សង្គម​បាន​ផ្សាយ​រឿង​ខុស​ដែល​ទទួល​ការបំភ្លឺ​មិនតិច​ជាង​ ៤ ​ដង​ទេ​ក្នុង​ ១ ​ឆ្នាំ ប៉ុន្តែ​ស្ថាប័ន​ខ្លះទៀត​មិនមែន​ផ្សាយ​ព័ត៌មាន​មិន​ពិត​ទេ តែ​ជាការ​ផ្សាយ​ព័ត៌មាន​បង្ខូច​បង្កាច់​ក្នុង​ន័យ​ញុះញង់ អុចអាល​ជាដើម​។

លោក​ ហ៊ុយ វណ្ណៈ ថ្លែងថា​៖ «​ចំពោះ​យន្តការ​ប្រឆាំង​ទៅនឹង​ព័ត៌មាន​ក្លែងក្លាយ​នេះ​ទាំង​ប្រមុខ​រាជរដ្ឋាភិបាល​ទាំង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​គឺ​បង្កើត​នូវ​យន្តការ​ដើម្បី​ឆ្លើយតប​ក្នុង​ការដោះស្រាយ​នូវ​បញ្ហា​នេះ​»​។

ចំណែក​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ (​ខេមបូចា​) ​លោក ណុប វី បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ម្សិលមិញ​ដែរ​ថា ជំនួប​នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការអញ្ជើញ​អ្នកសារព័ត៌មាន​ទៅ​ស្តាប់​នូវ​អ្វីដែល​លោកនាយក​រដ្ឋមន្ត្រី​លើក​ឡើង​ទេ វា​មិនមាន​សកម្មភាព​ណាមួយ​ដែល​នាយករដ្ឋមន្ត្រី​ស្តាប់​យោបល់​ពី​អ្នក​សារព័ត៌មាន​វិញ គឺ​មិនមាន​ទេ​។

លោក ណុប វី បាន​ថ្លែង​ឲ្យ​ដឹងថា​៖ «​អ្វីដែល​យើង​ចង់ឃើញ​គឺ​សម្តេចនាយក​រដ្ឋមន្ត្រី​ស្តាប់​យោបល់​របស់​អ្នក​សារព័ត៌មាន​របស់​យើង​ដែល​បាន​ចូលរួម​ក្នុងជំនួប​នេះ​ឱ្យបាន​ច្រើនជាង​អ្វី​ដែលជា​វេទិកា​ដែល​​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​មកកាន់​អ្នកសារព័ត៌មាន​»​។

ជាមួយ​គ្នា​នេះ​ដែរ​លោក​ ណុប វី បាន​សង្កេតឃើញ អ្នកសារព័ត៌មាន​អនុវត្ត​តួនាទី​របស់​ពួកគាត់ គ្រាន់តែ​មាន​អ្នក​សារព័ត៌មាន​ខ្លះ​អនុវត្ត​ត្រឹមត្រូវ ហើយ​អ្នកសារព័ត៌មាន​ខ្លះ​​មិនទាន់​អនុវត្ត​តួនាទី​ប្រកប​ដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ​បាន​ពេញលេញ​នៅឡើយ​ទេ ដែល​ទាមទារ​ឱ្យមាន​ការរួម​គ្នា​ដើម្បី​ជួយ​ដល់​ការគាំទ្រ​ផ្នែក​ការបណ្តុះបណ្តាល​សមត្ថភាព និង​ក្រមសីលធម៌​បន្ថែមទៀត​។

ទន្ទឹម​នឹង​នេះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ធ្វើការ​កោតសរសើរ​ចំពោះ​ស្ថាប័ន​ព័ត៌មាន និង​អ្នក​សារព័ត៌មាន​ដែល​បាន​ខិតខំ​ផ្សព្វផ្សាយ​ព័ត៌មាន​ច្បាស់លាស់​ទាក់ទង​នឹង​ការវិវត្ត​នៃ​ជំងឺ​កូវីដ​១៩ និង​សភាពការណ៍​វិវត្ត​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដូចជា​នៅក្នុង​តំបន់ និង​លើ​សកលលោក​​ទាំងមូល​។

គួរបញ្ជាក់​ផងដែរ​ថា ការជួបជុំ​ដ៏ធំ​ប្រចាំឆ្នាំ​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​ជាមួយ​ស្ថាប័ន​ព័ត៌មាន​ជា​រៀងរាល់​ឆ្នាំ​កន្លងមកនេះ គឺ​ក្នុង​គោលបំណង​បង្កើន​សាមគ្គីភាព និង​ពង្រឹង​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល​ជាមួយ​ស្ថាប័ន​សារព័ត៌មាន ដើម្បី​លើកស្ទួយ​សិទ្ធិសេរីភាព​ខាង​ការបញ្ចេញមតិ សេរីភាព​ខាង​សារព័ត៌មាន​ដែល​គាំពារ​ដោយ​ច្បាប់​រដ្ឋ និង​ធានា​នូវ​សុខដុម​នីយកម្ម​នៅក្នុង​សង្គម ការថែរក្សា​សុខសន្តិភាព និង​ជំរុញ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​យូរអង្វែង​នៅក្នុង​ប្រទេស​កម្ពុជា​៕