
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ រូបថត SPM
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ក្នុងការធ្វើឱ្យជនមានពិការភាព និងក្រុមគ្រួសារមានគុណភាពជីវិតល្អ និងចូលរួមយ៉ាងសកម្មពេញលេញស្មើភាពគ្នាក្នុងសង្គមដែលមានការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរស្របពេលដែលមានជនពិការចំនួន ៦ ៦៥២ នាក់កំពុងត្រូវបានទទួលឱ្យចូលបម្រើការងារ។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីបែបនេះគឺធ្វើឡើងតាមរយៈសារលិខិតរបស់លោកសម្រាប់ទិវាជនមានពិការភាពកម្ពុជាលើកទី ២២ និងទិវាជនមានពិការភាពអន្តរជាតិលើកទី ៣៨ ថ្ងៃទី ៣ ខែឆ្នូឆ្នាំ ២០២០នេះ។
លោកបានបញ្ជាក់ថា បច្ចុប្បន្នជនមានពិការភាពត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋានដោយក្នុងឆ្នាំ ២០១៩ កន្លងទៅជនមានពិការភាពបានចូលបម្រើការងារក្នុងក្រសួងស្ថាប័នរដ្ឋចំនួន ៤០ ស្ថាប័នមានជនពិការភាពចំនួន ២ ៨៦០ នាក់ក្នុងនោះស្រ្តីពិការចំនួន ៧៨៩ នាក់ ជនពិការកម្រិតធ្ងន់ចំនួន ១ ៥៥៧ នាក់ ដែលគិតជាភាគរយមាន ១,៩៥ ភាគរយ។
លោកបានបន្តថា រីឯវិស័យឯកជនរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រក្នុងចំណោម ១០២ អង្គភាពត្រូវបានគេរកឃើញថា មានជនមានពិការភាពកំពុងបម្រើការចំនួន ៣ ៧៩២ នាក់។
បើបូកសរុបទាំងស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេសមានជនមានពិការភាព ៦ ៦៥២ នាក់កំពុងតែបម្រើការងារ។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «ទោះបីជាឆ្នាំនេះរាជរដ្ឋាភិបាលកម្ពុជាអាក់ខានមិនបានរៀបចំប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី ២២ និងអន្តរជាតិលើកទី ៣៨ យ៉ាងឱឡារិកទាំងនៅថ្នាក់ជាតិ និងក្រោមជាតិក្តី ក៏មានការចាត់តាំងឱ្យមានការចុះសួរសុខទុក្ខនៅតាមមជ្ឈមណ្ឌល និងទីតាំងរស់នៅរបស់បងប្អូនមានពិការភាពដែរ ព្រោះរាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់មានឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាព»។
រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តស្តីពីពិការភាព ២០១៩-២០២៣ ដោយបានគិតគូរយ៉ាងល្អិតល្អន់អំពីការដោះស្រាយជូនជនមានពិការភាព ដើម្បីបង្កើនការងារ និងសន្តិសុខសេដ្ឋកិច្ចក្នុងគោលដៅកាត់បន្ថយភាពក្រីក្រតាមរយៈការលើកកម្ពស់កំណើនការងារសមស្រប និងការពង្រឹងពង្រីកអាជីព និងមុខរបរដើម្បីបង្កើនជីវភាពរស់នៅឱ្យបានសមរម្យជូនជនមានពិការភាព។
លោក ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសុំស្នើទៅដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ពង្រឹងយន្តការសម្របសម្រួល ទប់ស្កាត់ដល់ការរើសអើង ការប្រមាថមាក់ងាយលើជនមានពិការភាព»។
លោកនាយករដ្ឋមន្រ្តីនៅតែអំពាវនាវទៅដល់គ្រប់ក្រសួងស្ថាប័នរដ្ឋត្រូវលើកទឹកចិត្តជនមានពិការភាព ដែលមានលក្ខណសម្បត្តិ និងសមត្ថភាពឱ្យបំពេញមុខងារ តួនាទីទទួលខុសត្រូវក្នុងមុខតំណែងឱ្យមានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង រាប់ទាំងការបម្រើការងារជាមន្រ្តីរាជការ កម្មករនិយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។
ក្នុងទិវាជនមានពិការភាពកម្ពុជាលើកទី ២២ និងទិវាជនមានពិការភាពអន្តរជាតិលើកទី ៣៨ នេះដែរ ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក៏បានអំពាវនាវទៅដល់ជនរួមជាតិទាំងអស់ឱ្យបន្តនូវការគាំទ្ររាល់សកម្មភាពរបស់រាជរដ្ឋាភិបាលសម្រាប់ជនមានពិការភាព ដើម្បីលុបបំបាត់នូវឧបសគ្គរារាំងឈានទៅទទួលបានឯករាជ្យបុគ្គលភាពជាម្ចាស់ការឱ្យបានរឹងមាំក្នុងទិសដៅសម្រេចបាននូវការលើកកម្ពស់ និងការការពារសិទ្ធិរបស់ជនមានពិការភាព។
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញនូវព្រះរាជសារនៅថ្ងៃម្សិលមិញថា៖ «សមិទ្ធផលធំៗបានសបញ្ជាក់អំពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលដើម្បីបម្រើឱ្យបុព្វហេតុដ៏ថ្លៃថ្លារបស់ជនមានពិការភាពកម្ពុជាដែលខ្ញុំព្រះករុណាខ្ញុំសូមធ្វើការលើកទឹកចិត្តដល់រាជរដ្ឋាភិបាលបន្ថែមទៀត ដើម្បីបន្តសកម្មភាពដ៏ល្អប្រពៃថ្លៃថ្លានេះ»។
ព្រះមហាក្សត្របានមានព្រះរាជបន្ទូលថា សុខុមាលភាពរបស់ជនមានពិការភាពត្រូវបានយកចិត្តទុកដាក់ និងក្លាយជាកម្មវត្ថុអាទិភាពក្នុងការធ្វើអន្តរាគមន៍ និងសង្គ្រោះបន្ទាន់ពីគ្រោះហានិភ័យប្រកបដោយសុវត្ថិភាព៕