បន្ទាយមានជ័យៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចុះ​ជួប​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់ ដែល​រង​ផលប៉ះពាល់​ដោយសារ​គ្រោះទឹកជំនន់​នៅ​ខេត្ត​បន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃទី​ ២១ ខែតុលា​ នេះ និង​ថ្ងៃស្អែក ខណៈ​ខេត្ត​ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ​មួយ​នេះ​ត្រូវ​បាន​ទឹកជំនន់​ជន់​លិច​ធ្ងន់ធ្ងរ​ជាងគេ និង​យូរ​ជាងគេ​។

លោក ហ៊ុន សែន បាន​ប្រកាស​នៅលើ Facebook Page របស់លោក​កាលពី​ម្សិលមិញ​ថា​៖ «​ខ្ញុំ​នឹង​បំពេញ​ការងារ​ ២ ​ថ្ងៃ​ នៅ​ខេត្ត​បន្ទាយមានជ័យ​គឺ​ថ្ងៃទី​ ២១ និង​ថ្ងៃទី​ ២២ ខែ តុលា ឆ្នាំ​ ២០២០ មុននឹង​ត្រឡប់​មក​ភ្នំពេញ​វិញ ដើម្បី​ដឹកនាំ​ការប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​ ២៣ ខែ តុលា ឆ្នាំ​ ២០២០​។ ខេត្ត​បន្ទាយមានជ័យ​ជា​ខេត្ត​មួយ​ដែល​រងគ្រោះ​ធ្ងន់​ជាងគេ​ និង​យូរ​ជាងគេ​ដែល​ចាំបាច់​ត្រូវ​ផ្តល់​អាទិភាព​សង្គ្រោះ​ផង និង​ស្តារឡើងវិញ​ក្រោយ​ទឹកជំនន់​ផង​»​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ចេញ​កាលពី​ម្សិលមិញ​បាន​ឱ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​ ២១ ខែតុលា ​នេះ ​លោកនាយក​រដ្ឋមន្ត្រី​នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​នៅ​ ២ ​ទីតាំង​ គឺ​នៅ​បរិវេណ​ចំណុច​ទីទួល​សុវត្ថិភាព​ផ្លូវជាតិ​លេខ​ ៥ ក្នុង​ភូមិ​បត់ត្រង់ ឃុំ​បត់​ត្រង់ និង​នៅ​ផ្សារ​ធំថ្មី បុរីជ័យ​II ក្នុង​ភូមិ​ចំការ​តាដោក ក្នុង​ឃុំ​ឫស្សីក្រោក ស្រុក​មង្គលបុរី​។

ចំណែក​នៅ​ព្រឹក​ថ្ងៃទី​ ២២ ខែតុលា លោក​ ហ៊ុន សែន ​នឹង​ជួប​សួរសុខទុក្ខ​ពលរដ្ឋ​នៅ​ ២ ​ទីតាំង​ផ្សេងទៀត គឺ​នៅ​បរិវេណ​ផ្សារហង្ស ស៊ីផា ក្នុង​ភូមិ​ផ្សារថ្មី ឃុំ​គំរូ ស្រុក​ថ្មពួក និង​ ១ ​កន្លែង​ទៀត​ នៅ​បរិវេណ​ខាងជើង​រង្វង់មូល​ផ្លូវជាតិ​លេខ​ ៥៨ ស្ថិតនៅ​ក្នុង​ភូមិ​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​។

យោងតាម​របាយការណ៍​បច្ចុប្បន្នភាព​ស្ដីពី​ផលប៉ះពាល់​ទឹកជំនន់​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​ទឹកជំនន់​បាន​បណ្ដាល​ឱ្យ​មនុស្ស​ ១៦ ​នាក់ ​លង់ទឹក​ស្លាប់ និង​ ១៦ ៥២០ ​នាក់​ទៀត ក្នុង​ចំណោម​មនុស្ស​ជាង ២០ ​ម៉ឺន​នាក់ ​ដែល​ទឹក​ជន់លិច​ផ្ទះសំបែង​ធ្ងន់ធ្ងរ​ត្រូវ​បាន​ជម្លៀសចេញ​ទៅកាន់​ទីទួល​សុវត្ថិភាព​។ ក្រៅពីនេះ​ទឹកជំនន់​បាន​ជន់លិច និង​ប៉ះពាល់​ដំណាំ​ស្រូវ​សរុប ៦២ ៣៣៤ ​ហិកតា ដំឡូងមី ៩ ៨៨០ ​ហិកតា ដំណាំ​រួមផ្សំ​ ៥៤៣ ​ហិកតា សាលារៀន​ ១៣៤ ​កន្លែង ​ត្រូវ​បិទទ្វារ​ជា​បណ្ដោះអាសន្ន ប៉ះពាល់​ដល់​ការសិក្សា​របស់​សិស្ស​ជាច្រើន​ពាន់​នាក់ លិច​វត្ត​អារាម​ចំនួន​ ៦០ ​កន្លែង សាលាឃុំ​ចំនួន​ ៥ មណ្ឌល​សុខភាព​ ៩ ​កន្លែង និង​លិច​កំណាត់​ផ្លូវ​ចំនួន​ ៧៤១ ​កន្លែង​មាន​ប្រវែង​ជិត ​៥០០ ​គ.ម​។

លោក​ លី សារី អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា នៅពេលនេះ​កម្ពស់​ទឹកស្ទឹង​មង្គលបុរី និង​ស្ទឹង​សេរីសោភណ​ព្រមទាំង​ប្រព័ន្ធ​ដៃអូរ​នានា​ពិសេស​អូរ​ជាប់​ព្រំដែន​កម្ពុជា-ថៃ ទឹក​នៅ​តែ​បន្ត​ហក់ឡើង​ជា​បន្តបន្ទាប់ បណ្ដាល​ឱ្យ​ជន់​លិច​ផ្លូវ និង​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ពាន់​ខ្នង​ដែល​រស់នៅ​តាម​ទី​ទំនាប​ជាប់​មាត់ទឹក​។

លោក​ថ្លែងថា​៖ «​ខេត្ត​បន្ទាយមានជ័យ​របស់​យើងខ្ញុំ​រង​ការជន់លិច​ធ្ងន់ធ្ងរ និង​យូរ​ជាងគេ ព្រោះ​ភូមិសាស្ត្រ​ខេត្ត​របស់​យើងខ្ញុំ​ស្ថិត​នៅ​តំបន់​ទី​ទំនាប ដែល​មិន​គ្រាន់តែ​ទទួលរង​នូវ​ឥទ្ធិពល​ពី​ជំនន់​ទឹកភ្លៀង​នៅក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​រង​ឥទ្ធិពល​នៃ​ជំនន់​ទឹកភ្លៀង​ពី​ប្រទេស​ថៃ​ថែមទៀត​»​។

បើ​តាម​លោក សារី នៅ​ថ្ងៃ​ម្សិលមិញ​ក្រុង​ប៉ោយប៉ែត​បាន​រង​ការជន់លិច​ខ្លាំងជាងគេ​ដោយសារ​ចរន្តទឹក​ដែល​ហូរ​ធ្លាក់​យ៉ាងគំហុក​ពី​ប្រទេស​ថៃ​តាម​អូរ​ព្រំដែន​បាន​ធ្វើឱ្យ​បាក់ធ្លាយ​ទំនប់​អូរខៃដន​ដែល​មាន​ផ្ទុក​បរិមាណ​ទឹក​ជាច្រើន​លាន​ម៉ែត្រគុប​ហូរ​ជន់លិច និង​ប៉ះពាល់​ភូមិឋាន​ប្រជាពលរដ្ឋ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​នៅក្នុង​ក្រុង​នេះ​ស្ទើរ​គ្រប់​ទីកន្លែង​។

ដើម្បី​ការពារ​សុវត្ថិភាព និង​ចៀសវាង​ការខូចខាត​ផ្លូវ​ធ្ងន់ធ្ងរ រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​កាលពី​ម្សិលមិញ​បាន​សម្រេច​ផ្អាក​ការធ្វើ​ចរាចរណ៍​រថយន្ត​ធុន​ធំ​ទាំងអស់​ជា​បណ្តោះអាសន្ន​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​ ៥ ចាប់ពី​ចំណុច​អាស្រម​លោកយាយ​ ម៉ៅ ទៅដល់​ផ្លូវបំបែក​កូនដំរី​ទៅ​ស្រុក​ម៉ាឡៃ និង​ផ្លូវលំ​នានា​ក្នុង​ភូមិសាស្ត្រ​ទីប្រជុំជន​ក្រុង​ប៉ោយប៉ែត​។

លោក ញឹម ភឿង នាយក​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ថា ដោយសារ​លំហូរ​ទឹក​ពី​ការបាក់​ទំនប់​អូរខៃដន​បាន​ធ្វើឱ្យ​ជន់លិច​កំណាត់​ផ្លូវជាតិ​លេខ​ ៥ ប្រវែង​ជាង​ ១ ​គីឡូម៉ែត្រ និង​មាន​ទឹកហូរ​កាត់​ខ្មួលខ្មាញ់​ដែល​សូម្បីតែ​ម៉ូតូ​ក៏​មិន​អាច​បើកបរ​ឆ្លងកាត់​នៅក្នុង​ចំណុច​ភូមិសាស្ត្រ​ខាងលើនេះ ដោយ​គ្មាន​ការឈរ​ចាំ​ជួយ​អន្តរាគមន៍​ពី​កម្លាំង​សមត្ថកិច្ច​បាន​ឡើយ​។ ជាមួយ​គ្នា​នេះ ផ្ទះ​ពលរដ្ឋ​ចំនួន ​២ ៨០០ ​គ្រួសារ​ ឬ​ស្មើ​ ៨ ៨០០ ​នាក់ ​នៅក្នុង​ក្រុង​នេះ​បាន​រង​ការជន់​លិច និង​ត្រូវ​ជម្លៀស​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព​។

លោក​ថ្លែងថា​៖ «​ដើម្បី​សុវត្ថិភាព និង​ចៀសវាង​ការខូចខាត​ផ្លូវ​ធ្ងន់ធ្ងរ យើង​ចាំបាច់​ត្រូវ​បិទ​កំណាត់​ផ្លូវជាតិ​លេខ​ ៥ ចាប់ពី​ចំណុច​អាស្រម​លោកយាយ​ម៉ៅ ទៅ​ដល់​ផ្លូវបំបែក​កូនដំរី​ទៅ​ស្រុក​ម៉ាឡៃ និង​ផ្លូវលំ​នានា​ក្នុង​ភូមិសាស្ត្រ​ទីប្រជុំជន​ក្រុង​ប៉ោយប៉ែត​ជា​បណ្ដោះអាសន្ន​សិន​»​។

ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​ដែល​បង្កឡើង​ដោយ​ជំនន់​ទឹកភ្លៀង អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​បាន​ប្រើប្រាស់​អស់​ពី​លទ្ធភាព​ទាំង​កម្លាំង និង​មធ្យោបាយ ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះទឹកជំនន់​ទៅកាន់​ទីទួល​សុវត្ថិភាព ព្រម​ទាំង​ផ្ដល់​ជំនួយ​សង្គ្រោះ​បឋម ដែល​រួមមាន ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ និង​សម្ភារ​ប្រើប្រាស់​មួយចំនួន​ទៀត​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​។

យោង​តាម​ការព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធាន​ទឹក​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ ភ្លៀង​នឹង​បន្ត​ធ្លាក់​រហូតដល់​ថ្ងៃទី​ ២៧ ខែ តុលា ឆ្នាំ​ ២០២០ ពិសេស​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន ដែល​នឹង​ធ្វើឱ្យ​កម្ពស់​ទឹក​នៅតាម​ដងទន្លេមេគង្គ​ហក់ឡើង​ជា​បន្តបន្ទាប់​ផងដែរ​៕